ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឲ្យ​មេដឹកនាំ​នានា​លើ​ពិភពលោក​គិតគូរ​រឿង​អាកាសធាតុ


លោក Antonio Guterres ថ្លែង​នៅ​ក្នុង​ពិធី​បើក​សន្និសីទ​ស្តី​ពី​អាកាសធាតុ COP24 ១៨ ​នៅ​ក្នុង​ក្រុង Katowice ប្រទេស​ប៉ូឡូញ កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។
លោក Antonio Guterres ថ្លែង​នៅ​ក្នុង​ពិធី​បើក​សន្និសីទ​ស្តី​ពី​អាកាសធាតុ COP24 ១៨ ​នៅ​ក្នុង​ក្រុង Katowice ប្រទេស​ប៉ូឡូញ កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។

នៅ​ថ្ងៃ​ចន្ទ​នេះ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​បើក​កិច្ច​ប្រជុំ​ស្ដី​ពី​អាកាសធាតុ​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ ដោយ​ធ្វើ​ការ​អំពាវនាវ​ដល់​មេដឹកនាំ​នានា​នៅ​លើ​ពិភពលោក​ឲ្យ​គិតគូរ​ឲ្យ​បាន​ហ្មត់ចត់​ចំពោះ​ការ​គំរាមកំហែង​នៃ​ការ​ឡើង​កម្ដៅ​ផែនដី និង​ចាត់​វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​ដើម្បី​ជៀស​មិន​ឲ្យ​មាន​ការ​កើន​ឡើង​ដ៏​មហន្តរាយ​នៃ​សីតុណ្ហភាព​មុន​ពេល​បំណាច់​សតវត្សរ៍​នេះ។

លោក Guterres ចាត់ទុក​ការ​ប្រែប្រួល​អាកាសធាតុ​ថា​ជា​បញ្ហា​ដ៏​សំខាន់​បំផុត​ដែល​ពិភពលោក​កំពុង​ប្រឈម​នា​ពេល​បច្ចុប្បន្ន​នេះ។

លោក Gutteress បាន​ថ្លែង​ទៅ​កាន់​អ្នក​តំណាង​នានា​មក​ពី​ប្រទេស​ជិត ២ រយ ដែល​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​ស្ដី​ពី​អាកាសធាតុ​នៅ​ក្នុង​ទីក្រុង Katowice ប្រទេស​ប៉ូឡូញ យ៉ាង​ដូច្នេះ​ថា៖ «ទោះបីជា​យើង​ឃើញ​មាន​ផល​ប៉ះពាល់​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​ដោយសារ​អាកាសធាតុ​នៅ​ទូទាំង​ពិភពលោក​ក៏​ដោយ ក៏​យើង​នៅ​មិន​ទាន់​ចាត់​វិធានការ​ឲ្យ​បាន​គ្រប់គ្រាន់ ឬ​ឲ្យ​បាន​ទាន់​ពេល​វេលា ដើម្បី​រារាំង​ការ​បំផ្លិចបំផ្លាញ​ដ៏​មហន្តរាយ​ដោយសារ​អាកាសធាតុ​នេះ​នៅ​ឡើយ​ទេ»។

លោក Guterres បាន​បន្ទោស​ប្រទេស​មួយ​ចំនួន ជា​ពិសេស​ប្រទេស​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ថា​មិន​បាន​ចាត់​វិធានការ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោល​បំណង​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដី​ពី​អាកាសធាតុ។ កិច្ច​ព្រមព្រៀង​អាកាសធាតុ​ឆ្នាំ ២០១៥ នេះ បាន​កំណត់​គោលដៅ​ក្នុង​ការ​រក្សា​ការ​កើន​ឡើង​កម្ដៅ​ផែនដី​ឲ្យ​នៅ​ទាប​ជាង ២ អង្សា​សេ គឺ​ឲ្យ​បាន ១,៥ អង្សា​សេ​នៅ​ត្រឹម​បំណាច់​សតវត្សរ៍​នេះ។

សន្និសីទ​ស្ដី​ពី​អាកាសធាតុ​រយៈពេល ២ សប្ដាហ៍ នៅ​ក្នុង​ប្រទេស​ប៉ូឡូញ​នេះ ត្រូវ​គេ​រំពឹង​ថា​នឹង​ផ្ដោត​លើ​វិធី​ដែល​រដ្ឋាភិបាល​អាច​រាយការណ៍​អំពី​កិច្ច​ប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​រក្សា​ការ​កើន​ឡើង​កម្ដៅ​ផែន​ដី​ឲ្យ​បាន​នៅ​ត្រឹម​គោលដៅ​កំណត់​ដោយ​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ឆ្នាំ ២០១៥៕

XS
SM
MD
LG