ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ HRW ជំរុញ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​ការទារ​បំណុល​ពី​អ្នក​ជំពាក់​កម្ចី​មីក្រូ​ហិរញ្ញវត្ថុ​ក្នុង​គ្រា​វិបត្តិ​កូវីដ១៩


រូបឯកសារ៖ ពលរដ្ឋ​ខ្មែរ​រាប់​លុយ​រៀល ដែល​ជា​រូបិយប័ណ្ណ​ជាតិ នៅ​ឯ​តូប​ដូរ​លុយ​ក្នុង​ស្រុក​មួយ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ២០១៦។ (វីអូអេ)
រូបឯកសារ៖ ពលរដ្ឋ​ខ្មែរ​រាប់​លុយ​រៀល ដែល​ជា​រូបិយប័ណ្ណ​ជាតិ នៅ​ឯ​តូប​ដូរ​លុយ​ក្នុង​ស្រុក​មួយ​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ២០១៦។ (វីអូអេ)

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​ការទារ​បំណុល​ពី​អ្នក​ជំពាក់​កម្ចី​មីក្រូ​ហិរញ្ញ​វត្ថុ​ក្នុង​គ្រា​វិបត្តិ​កូវីដ១៩ ក្រោយពី​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ និង​ធនាគារ​អេស៊ីលីដា បាន​បញ្ចេញ​ប្រតិកម្ម​តប​ទៅ​នឹង​របាយ​ការណ៍«ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌ​ក»។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch​ នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​ធនាគារ​ជាតិ​កម្ពុជា ​ចាត់​វិធាន​ការ​ផ្អាក​ការ​ទារបំណុល​ពី​អ្នក​ជំពាក់​ប្រាក់ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ ​និង​ធនាគារ​ដែល​គ្មាន​លទ្ធភាព​សង​បំណុល ​ដោយសារ​រង​ផល​ប៉ះពាល់​នៃ​ជំងឺ​ឆ្លង​រាលដាល​ជា​សកល​កូវីដ១៩។​

ការ​ទាមទារ​របស់​អង្គការ​សិទ្ធិ​មនុស្ស​ ដែល​មាន​ទីស្នាក់ការ​ធំ​នៅ​សហ​រដ្ឋ​អាមេរិក​នេះ​ធ្វើ​ឡើង ក្រោយ​ពីស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​ និង​ធនាគារ​អេស៊ីលីដា​បាន​បញ្ចេញ​ប្រតិកម្ម​តប​ទៅ​នឹង​របាយ​ការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣​ ដោយ​បាន​ហៅ​របាយ​ការណ៍​នោះ​ថា​ «មាន​ចរិត​ញុះញង់»​ និង​«ទុក​ចិត្ត​មិន​បាន»​ជាដើម។​

កាល​ពី​ចុង​ខែ​មិថុនា ​អង្គការ​សង្គម​ស៊ីវិល​ទាំង​៣គឺ​អង្គការ​លីកាដូ ​អង្គការ​សង់ត្រាល់​ និង​សម្ព័ន្ធ​សហជីព​កម្ពុជាបាន​ចេញ​ផ្សាយ​របាយ​ការណ៍​ថ្មី​ដែល​មាន​ចំណង​ជើង​ថា​«ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌ​ក»​ ដោយ​រកឃើញ​ថា​ ​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ បាន​ជំពាក់​បំណុល​គេ​ច្រើន​លើស​លប់ ដែល​អាច​នាំ​ឲ្យ​ពួក​គេ​ជាច្រើន​ត្រូវ​បង្ខំ​ចិត្ត​លក់​ដី ​ផ្ទះ​សម្បែង និង​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន និង​ខ្ចី​គេ​បន្ថែម​ទៀតដើម្បី​សង​បំណុល​មីក្រូ​ហិរញ្ញ​វត្ថុ។​

លោក Phil Robertson ​នាយក​រង​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​ HRW បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍ចុះ​ថ្ងៃ​ទី​១៤ ​ខែ​កក្កដា ​នេះ​ថា៖​

«ប្រជាជន​កម្ពជា​ជាច្រើន ​ខ្លាច​បាត់បង់​ដី​ធ្លី​របស់​ពួកគេ ខ្លាំង​ជាង​ការ​ខ្លាច​ឆ្លង​វីរុស​កូរ៉ូណា ដោយសារ​តែ​ពួកគេ​មិន​អាចសង​បំណុល​ដែល​ជំពាក់​គេ ហើយ​រដ្ឋាភិបាល​បាន​ធ្វើ​ការងារ​តិចតួចដើម្បី​ជួយ​ពួក​គេ»។

លោក​បន្ថែម​ថា​ ​រដ្ឋាភិបាល​កម្ពុជា​ គួរ​តែ​បញ្ជា​ឲ្យ​មាន​ការ​ផ្អាក​ការ​សង​បំណុល និង​ការ​ប្រាក់​ជា​បន្ទាន់​សម្រាប់​អ្នក​ដែល​រងគ្រោះ​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ហើយ​ចាត់វិធាន​ការ​លើ​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ណា​ដែល​មិន​ធ្វើ​តាម​បទ​បញ្ជា​នោះ។​

កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ​ស្បែកជើង ​និង​សម្ភារៈ​ធ្វើ​ដំណើរ​ជាង​១៥​ម៉ឺន​នាក់​ បាន​បាត់​បង់​ការងារ​ធ្វើ​ ដោយសារ​រោងចក្រ​បិទ​ទ្វារ​ ឬ​ ផ្អាក​ដំណើរការ​ផលិត​កម្ម ក្នុង​គ្រា​កូវីដ១៩៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG