ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​កំពុង​មាន​បដិវត្តន៍​ទាមទារ​ការ​រៀបចំ​សង្គម​​ថ្មី​ របៀប​ដឹកនាំ​ថ្មី​តាម​ទំនោរ​ពលរដ្ឋ

  • សុខ ខេមរា

លោក​បណ្ឌិត ឡៅ ម៉ុងហៃ នៅក្នុង​បន្ទប់​ផ្សាយ​របស់​វីអូអេ​នៅក្នុង​រាជធានី​ភ្នំពេញ។
អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​អះអាង​ថា ប្រទេស​កម្ពុជា​កំពុង​មាន​បដិវត្តន៍​ដ៏​ល្អ​មួយ​ឆ្ពោះ​ទៅ​កាន់ការ​ជឿនលឿន ដោយ​លោក​បាន​ស្នើ​ឲ្យ​អ្នកនយោបាយ​រៀបចំ​របៀប​ដឹកនាំ​ប្រទេស​ឲ្យ​សម​ស្រប​តាម​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ។ នេះ​ជា​ការអះអាង​របស់​លោក ឡៅ ម៉ុងហៃ នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី៣ ខែមេសា ឆ្នាំ២០១៤​នេះ។

លោក​ថ្លែង​ថា ប្រជា​ពលរដ្ឋ​បច្ចុប្បន្ន​មាន​ការយល់ដឹង​ច្រើន​អំពី​សិទ្ធិ​សេរីភាព​របស់​ខ្លួន ចេះ​តវ៉ា​ទាមទារ និង​ចង់​ចូលរួម​ក្នុង​ការដឹកនាំ​ប្រទេស​សម្រេច​កិច្ចការ​ប្រទេស​ជាមួយ​មេដឹកនាំ។ លោក​ថ្លែង​ថា​នេះ​ជា​ឱកាស​មួយ​សម្រាប់​ការ​ធ្វើ​ឲ្យ ប្រទេស​រីក​ចម្រើន ប្រសិន​បើ​អ្នក​នយោបាយ​សុខចិត្ត​ព្រមព្រៀង​គ្នា​ចំពោះ​ទំនោរ​ថ្មី​នេះ។

«ដូច្នេះ​ផ្នត់​គំនិត​អ្នក​ដឹកនាំ​ក៏​ត្រូវ​ដូរ យន្តការ​ក៏​ត្រូវ​ដូរ របៀប​ដឹកនាំ​ក៏​ត្រូវ​ដូរ​ឲ្យ​ទាន់​ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការ​ចង់បាន​របស់​ប្រជា​ពលរដ្ឋ​ឲ្យបាន​ច្រើន​ជា​អតិប្បរិមា»។

លោក​បាន​បញ្ជាក់​ដែរ​ថា​ពេល​ខ្លះ ការផ្លាស់​ប្តូរ​អ្នក​ដឹកនាំ​មិន​ចាំ​បាច់​ធ្វើ​ដោយ ការដាក់​សម្ពាធ​ទេ តែ​អ្នកដឹកនាំ​ខ្លួន​ឯង​អាច​ផ្លាស់ប្តូរ​ខ្លួន​ឯង យល់​ពីឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ ហើយ​សុខចិត្ត​ធ្វើ​តាម​ការទាមទារ​របស់​ប្រជា​ពលរដ្ឋ ដូចជា​មេដឹកនាំ ជាច្រើន​ក្នុង​ពិភពលោក​ដែល​បាន​ចុះ​ចេញ​ពី​តំណែង ហើយ​គេ​ធ្វើ​ច្បាប់​ទម្លាប់ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​អំពើ​ហិង្សា​រវាង​ប្រជា​ពលរដ្ឋ​និង​ប្រជា​ពលរដ្ឋ៕
XS
SM
MD
LG