ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សភា​កម្ពុជា​ផ្អាក​ជាថ្មី​បន្ទាប់​ពី​ប្រជុំ​បាន​បី​ថ្ងៃ​


លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន អង្គុយ​នៅ​ក្នុង​សាលប្រជុំ​រដ្ឋសភា​ជាតិ​ជាមួយ​នឹង​តំណាងរាស្ត្រ​ផ្សេង​ទៀត​ពី​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៣។
រដ្ឋសភា​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​សម្រេចនិង​អនុម័ត​សេចក្តី​ព្រាងច្បាប់​មួយ​និង​ពិធីសារ​ស្តី​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​វៀតណាម​មួយ​ ខណៈ​ពេល​ដែល​លោក​សម​ រង្ស៊ី​ ប្រធាន​គណ​បក្សសង្គ្រោះ​ជាតិបាន​ទូល​ថ្វាយ​ព្រះ​មហា​ក្សត្រ​ថា​រដ្ឋសភា​ពេល​សព្វ​ថ្ងៃ​នេះមិន​តំណាង​ឲ្យ​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​នោះ​ទេ។​

​នៅ​ក្នុង​កិច្ច​ប្រជុំនេះ​សមា​ជិក​សភា​សរុប​ចំនួន​៦៤​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អនុម័ត​ដោយ​លើក​ដៃ​នូវ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ផ្លូវ​ថ្នល់​ និង​អនុម័ត​យល់​ព្រមលើ​ពិធី​សារ​ស្តី​ពី​វិសោធនកម្ម​លើ​កិច្ច​ព្រម​ព្រៀងកម្ពុជា​និង​វៀត​ណាមស្តី​ពី​ការ​ជំរុញ​ និង​ការ​ការពារ​វិនិយោគដោយ​មាន​ការ​ពិភាក្សា​តិច​តួច​តែ​ប៉ុណ្ណោះ។

លោក​ហេង សំរិន​ប្រធាន​សភា​បាន​ស្នើ​ទៅ​អង្គ​សភា​ថា៖​ «សូម​អង្គ​សភា​សម្រេច​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​មូល»។

ក្នុង​កិច្ច​ប្រជុំ​រយៈ​ពេល​ជាង៤ម៉ោង​មាន​ការ​ពិភាក្សា​ដេញ​ដោល​ ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​ស្រាយ​បំភ្លឺ​ និង​រិះគន់​ខ្លះ​ពី​សំណាក់​សមាជិក​សភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល។​

គេ​ឃើញ​មាន​ការ​រិះគន់​ធ្ងន់​ខ្លះៗ​បាន​កើត​មាន​ឡើងក្នុង​កិច្ច​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ផ្លូវ​ថ្នល់។​ ខណៈ​ដែល​មាន​តែ​សមាជិក​របស់​គណបក្ស​ប្រជាជនបាន​ចំណាយ​ពេល​ប្រហែង​ជាង​កន្លះ​ម៉ោង​ប៉ុណ្ណោះក្នុង​ការ​លើក​ដៃ​អនុម័ត​យល់​ព្រមលើ​ពិធី​សារ​ស្តីពី​វិសោធនកម្ម​លើ​កិច្ច​ព្រម​ព្រៀងកម្ពុជា​និង​វៀត​ណាមស្តីពីការ​ជំរុញ​និង​ការ​ការពារ​វិនិយោគ។

លោក​ ​ឈាង​ វុន​សមាជិក​សភា​គណ​បក្ស​ប្រជាជន​កម្ពុជាដែលសកម្ម​ជាង​គេ​ក្នុង​ការ​ដេញដោល​និង​រិះ​គន់​មន្ត្រី​រដ្ឋាភិបាល​ទាក់​ទង​នឹង​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ផ្លូវ​ថ្នល់។​

លោក​បាន​ចោទ​សួរ​ថា៖ «ជម្រាប​ជូន​ឧត្តម​រដ្ឋមន្ត្រី​ថា​ច្បាប់​គេ​ធ្វើ​ឡើង​ដើម្បី​ចាប់​បង្ខំ​ឲ្យ​អនុវត្ត។ ​ចឹង​បាន​គេ​តាក់​តែង​ទោសប្បញ្ញត្តិ​ហើយ​បើ​យើង​នៅ​តែ​បន្ត​អប់រំ​ សម្រុះ​សម្រួល​ហ្នឹង​យើង​ដោះស្រាយ​មិនចេញ​ទេ។​ ការ​សម្រុះ​សម្រួល​ហ្នឹង​អនុញ្ញាត​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច​ពុក​រលួយ​តែម្តង»។

ទោះបីជាយ៉ាង​ណា​ក្តី​លោក​សម​ រង្សី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃ​ពុធ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ថ្វាយ​ព្រះមហាក្សត្រ​កម្ពុជាសម្តេច​ព្រះ​បរមនាថ ​នរោត្តម សីហមុនី។ ក្នុង​លិខិត​នោះ​លោក​សម រង្ស៊ី ​ចាត់​ទុក​សភា​ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា​នេះ​មិន​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​មូលនោះ​ទេ។ ប៉ុន្តែ​គឺជា​សភា​ដែល​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​តែ​ប៉ុណ្ណោះ។

ទោះជា​យ៉ាងណាលោកជាម​ យៀបតំណាងរាស្ត្រ​គណ​បក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា​ការ​ប្រជុំ​សភាធ្វើ​ឡើង​ត្រឹម​ត្រូវ​និង​ស្រប​តាម​រដ្ឋធម្មនុញ្ញ​បើ​ទោះជា​សមាជិក​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពហិការ​កិច្ច​ប្រជុំសភា​នេះ​ក៏ដោយ។​

​«សមាជិក​ប្រសិន​បើ​មាន​ចូល​រួម​ពី​៦២​នាក់​ឡើង​ទៅ​គឺ​អាច​ដឹក​នាំ​អង្គ​ប្រជុំ​ទៅ​បាន។ ​រហូត​មក​ទល់​ពេល​នេះ​យើង​បាន​អនុម័ត​ច្បាប់​ជាង​១០​មក​ហើយ។​ វាជា​ធម្ម​តា​របស់​រដ្ឋសភា​ដែល​គោរព​តាម​រដ្ឋធម្មនុញ្ញ​ច្បាប់​របស់​រដ្ឋ។ អត់​មាន​អ្វី​ដែល​យើ​ង​ធ្វើ​ខុស​ច្បាប់​អ្វី​នោះទេ»។​

រដ្ឋសភា​កម្ពុជា​បាន​សម្រេចផ្អាក​សម័យ​ប្រជុំ​របស់​ខ្លួន​បន្ទាប់​ពី​បាន​បើក​កិច្ច​ប្រជុំ​រយៈ​ពេល​៣​ថ្ងៃ​ជាប់​គ្នា​តាំង​តែ​ពី​ថ្ងៃ​អង្គារ​ទី១​ខែមេសា​រួច​មក៕
XS
SM
MD
LG