សមាជិកសភាសហរដ្ឋអាមេរិកមានការខ្វែងគំនិតគ្នាលើជំហានបន្ទាប់ ដែលត្រូវការចាំបាច់ដើម្បីដោះស្រាយបញ្ហាប្រឈមមិនដែលមានពីមុនមកផ្នែកសេដ្ឋកិច្ច ដែលបណ្ដាលមកពីវិបត្តិជំងឺកូវីដ១៩។
សំណើកញ្ចប់ថវិកា ៣ លានលានដុល្លារ ដែលរដ្ឋសភាគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យបានអនុម័តកាលពីសប្ដាហ៍មុន នឹងគ្មានឱកាសទទួលបានការអនុម័តពីព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ មុនថ្ងៃឈប់សម្រាកទិវារំឮកគុណ Memorial Day នោះទេ។ ការចរចាកន្លងមកលើសំណើថវិកានេះបានបង្ហាញឲ្យឃើញនូវសញ្ញាវិជ្ជមានខ្លះៗ។
មេដឹកនាំគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភា លោក Mitch McConnell បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា៖ «យើងចាំបាច់ត្រូវវាយតម្លៃលើអ្វីដែលយើងបានធ្វើរួចហើយ។ មើលលើអ្វីដែលដំណើរការ និងអ្វីដែលមិនដំណើរការ ហើយយើងនឹងពិភាក្សាអំពីមធ្យោបាយឆ្ពោះទៅមុខនៅពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ»។
ទោះបីជារដ្ឋភាគច្រើននៅក្នុងសហរដ្ឋអាមេរិកបានចាប់ផ្ដើមបើកឡើងវិញជាដំណាក់កាលក៏ដោយ ក៏គណបក្សប្រជាធិបតេយ្យបានព្រមានថា វិបត្តិជំងឺកូវីដ១៩ នេះនៅមិនទាន់ចប់នៅឡើយទេ។
មេដឹកនាំគណបក្សប្រជាធិបតេយ្យនៃព្រឹទ្ធសភា លោក Chuck Schumer បានប្រាប់អ្នកកាសែតកាលពីថ្ងៃអង្គារម្សិលមិញថា៖ «គណបក្សសាធារណរដ្ឋមានប្រវត្តិមើលស្រាលលើវិបត្តិនេះ និងលើថវិកាដែលត្រូវការដើម្បីដោះស្រាយវិបត្តិនេះ»៕