ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សិក្សា​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា​ ស្ត្រី​ក្នុង​វិស័យ​សារព័ត៌មាន​បាន​រង​ការ​បំពាន​ផ្លូវ​ភេទ


រូបឯកសារ៖ អ្នកនាង Ana Salvá អ្នក​រាយការណ៍​ក្រៅ​ក្រប​ខ័ណ្ឌ​ជនជាតិ​អេស្ប៉ាញ​ម្នាក់​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា និង​សម្ភាស​ស្ត្រី​ខ្មែរ​អំពី​អំពើ​ហិង្សា​យេនឌ័រ។ ថ្មីៗ​នេះ អ្នកនាង​បាន​សរសេរ​អត្ថបទ​របាយការណ៍​មួយ​ស្តី​អំពី​ឧក្រិដ្ឋកម្ម​នៃ​ការ​បង្ខំ​ឲ្យ​រៀបការ និង​ការ​មាន​ផ្ទៃ​ពោះ​ទាំង​បង្ខំ នៅ​ក្រោម​របប​ខ្មែរ​ក្រហម​ដែល​ត្រូវបាន​ចុះ​ផ្សាយ​ដោយ​ the Diplomat។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ Ana Salvá)
រូបឯកសារ៖ អ្នកនាង Ana Salvá អ្នក​រាយការណ៍​ក្រៅ​ក្រប​ខ័ណ្ឌ​ជនជាតិ​អេស្ប៉ាញ​ម្នាក់​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា និង​សម្ភាស​ស្ត្រី​ខ្មែរ​អំពី​អំពើ​ហិង្សា​យេនឌ័រ។ ថ្មីៗ​នេះ អ្នកនាង​បាន​សរសេរ​អត្ថបទ​របាយការណ៍​មួយ​ស្តី​អំពី​ឧក្រិដ្ឋកម្ម​នៃ​ការ​បង្ខំ​ឲ្យ​រៀបការ និង​ការ​មាន​ផ្ទៃ​ពោះ​ទាំង​បង្ខំ នៅ​ក្រោម​របប​ខ្មែរ​ក្រហម​ដែល​ត្រូវបាន​ចុះ​ផ្សាយ​ដោយ​ the Diplomat។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ Ana Salvá)

ការ​ប្រើ​ពាក្យ​ពេចន៍​​និយាយ​លេង​សើច​ចំពោះ​បញ្ហា​​​ផ្លូវ​ភេទ​​នៅ​ចំពោះ​មុខ​បុគ្គលិក​ស្រ្តី​ក្នុង​កន្លែង​ធ្វើការ​ នៅតែ​ជា​បញ្ហា​​ដែល​មាន​​ជាទូទៅ​ក្នុង​សង្គម​កម្ពុជា។​ អ្នក​ធ្វើ​ការ​ដើម្បី​លើក​ស្ទួយ​សិទ្ធិស្រ្តី​យល់​ថា​ ការណ៍​នេះ​មិន​ត្រូវ​កើត​មាន​តទៅទៀតឡើយ។

ប្រទេស​កម្ពុជា​ក្រៅ​ពី​មាន​ការ​រឹត​បន្តឹង​សេរីភាព​សារ​ព័ត៌មាន​ដែល​បាន​កើន​ដល់​កម្រិត​តាន​តឹង​ចាប់​ពី​ឆ្នាំ​២០១៧​មក ​ប្រទេស​ដែល​ស្ថិត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​ក៏មានគន្លាត​រវាង​អ្នក​រាយ​ការណ៍​ព័ត៌មានជា​ស្ត្រី និង​បុរស ​និង​ការ​រំលោភ​បំពាន​ខាងផ្លូវ​ភេទ​លើ​ស្ត្រី​នៅ​ក្នុង​វិស័យ​សារ​ព័ត៌មាន។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​ថ្មី​មួយ​ចេញ​ផ្សាយ​ដោយ​បណ្តាញ​បណ្តុះ​បណ្តាល​ព័ត៌មាន​អាស៊ី​អាគ្នេយ៍​នៃ​អង្គការ​ Fojo ​និង​តាម​ការ​បញ្ជាក់​របស់​អ្នក​ឃ្លាំមើល​ស្ថាន​ភាព​សារ​ព័ត៌មាន​នៅ​ប្រទេស​កម្ពុជា។​

របាយ​ការណ៍​ស្តីពី​ស្ត្រី ​និង​វិស័យ​សារ​ព័ត៌មាន​នៅ​កម្ពុជា​ ដែល​ត្រូវ​បាន​គេ​ចែក​ចាយ​នៅ​ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​សារ​ព័ត៌មាន​នាដើម​ខែ​ឧសភា នៅ​រាជធានីភ្នំ​ពេញ​ ​បាន​ពណ៌នា​ដោយ​សង្ខេប​អំពី​ការ​បង្រ្កាប​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ដោយ​លើក​ឡើងថា​ ទោះ​បី​ជា​មាន​សេរីភាព​ក្នុង​ការ​រិះគន់ ​ក៏​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ត្រូវ​បាន​បែក​ខ្ញែក​ ខណៈ​សារ​ព័ត៌មាន​ដែល​រិះគន់​រដ្ឋាភិបាល​បាន​រង​សម្ពាធ​យ៉ាង​ខ្លាំងក្លា។​

នៅ​មុន​ការ​ឈាន​មក​ដល់​នៃ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ សម្ពាធ​នេះ​បាន​ឈាន​មក​ដល់​ចំណុច​មួយ​ថ្មី​ទៀត ​ពោល​គឺ​កាសែត​ជា​ភាសា​អង់គ្លេស The Cambodia Daily​ ត្រូវ​បង្ខំ​ឲ្យ​បិទ​ ​បន្ទាប់​ពី​អាជ្ញាធរ​បាន​រក​ឃើញ​ថា​ កាសែត​នេះ​មិន​បាន​បង់​ពន្ធ​ចំនួន​ជាង​៦​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ហើយ​កាសែត​នេះ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។​ ស្ថានីយ​វិទ្យុ​ឯកជន​ចំនួន​១៩​ ដែល​ផ្សាយ​បន្ត​កម្ម​វិធី​ព័ត៌មានរបស់វិ​ទ្យុ​វី​អូអេ​ អាស៊ី​សេរី ​និង​វីអូឌី ​ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ​ដោយ​លើក​ហេតុ​ផល​ថា ​ មិន​បាន​ផ្តល់ដំណឹង​ដល់​ក្រសួង​ព័ត៌មាន​អំពី​ការ​លក់​ម៉ោង​ផ្សាយ​ និង​អំពី​ថ្លៃ​ឈ្នួល​ម៉ោង​ផ្សាយ។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​បណ្តាញ​បណ្តុះ​បណ្តាល​ព័ត៌មានអាស៊ី​អាគ្នេយ៍​នៃ​អង្គការ ​Fojo។​

របាយ​ការណ៍​រៀប​រាប់​ទៀត​ថា​ ស្រប​គ្នា​នេះ ​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ ​ដែល​ផ្តល់​ជំនួយ​ដោយ​សហ​រដ្ឋ​អាមេរិក​ក៏​ត្រូវ​បង្ខំ​បិទ​ដំណើរ​ការ​ ហើយ​បុគ្គលិក​បរទេស​របស់​អង្គការ​នេះ​ត្រូវ​បាន​បញ្ជា​ឲ្យ​ចាក​ចេញ​ពី​កម្ពុជា​«ក្រោម​បទ​ចោទ​ប្រកាន់​ពី​ការ​ពាក់ព័ន្ធ​រឿង​រួម​គំនិត​ផ្តួល​រំលំ​រដ្ឋាភិបាល»។​

សម្ពាធ​លើ​វិស័យ​សារ​ព័ត៌មាន ​ជាពិសេស​ស្ថាប័ន​ព័ត៌មាន​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​គឺ​ជា​រឿង​មួយ​ តែ​សម្ពាធ​លើ​ស្រ្តី​ក្នុង​វិស័យ​សារព័ត៌មាន​ក៏​ជា​រឿង​មួយ​ដែល​អ្នក​ជំនាញ​ខាងសារ​ព័ត៌​មាន​មិន​បាន​មើល​រំលង​នោះ​ឡើយ។ ​សម្ពាធ​ទាំង​នោះ​ រួម​មាន​បញ្ហា​គ្រួសារ ​និង​កាយ​វិការ​បៀត​បៀន​ខាង​ផ្លូវ​ភេទនៅកន្លែង​ធ្វើ​ការ។ ​

របាយ​ការណ៍​ស្តី​ពីស្ត្រី​ និង​វិស័យ​សារ​ព័ត៌មាន​នៅ​កម្ពុជា​របស់​បណ្តាញ​បណ្តុះ​បណ្តាល​ព័ត៌មានអាស៊ី​អាគ្នេយ៍​នៃ​អង្គការ​ Fojo ​បាន​បង្ហាញ​ពី​គំហើញ​នៃ​សម្ពាធ​មក​លើ​ស្ត្រី​ក្នុង​វិស័យ​សារ​ព័ត៌មាន​នេះ​ ​តាម​រយៈ​ពេល​កិច្ច​ពិភាក្សា​ជា​ក្រុម។​

របាយ​ការណ៍​នោះត្រូវ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ក្រុម​កិច្ច​ពិភាក្សា​ ជា​រឿយៗ​លើក​ឡើង​ថា ​សម្ពាធ​ពី​ក្រុម​គ្រួសារ​គឺ​ជា​ផ្នែក​មួយ​ដែល​ខ្លួន​ប្រឈម​បន្ថែម​ពី​លើ​ការ​គំរាម​កំហែង ​និង​ហានិភ័យ​ផ្សេងៗ»។​

របាយ​ការណ៍​នោះបាន​បន្ត​ថា​ ខណៈ​ពេល​ដែល​បុរស​ទាំង​អស់​បាន​និយាយ​ថា​ គាត់​បាន​ទទួល​ការ​គាំទ្រ​ពី​ក្រុម​គ្រួសារ​នោះ​ ស្រ្តី​ជា​ច្រើន​បាន​និយាយ​ថា​ ​ក្រុម​គ្រួសារ​របស់​គាត់​បាន​ជំរុញ​ឲ្យ​ពួក​គាត់​បោះបង់ ​ឬ​កាត់​បន្ថយ​ការងារ​របស់​គាត់ ​ឬ​ក៏​រក​ការងារ​ណា​ដែល​មិន​សូវ​ប្រឈម​មុខ​នឹង​ហា​និភ័យ។​ ទោះ​ជា​យ៉ាង​នេះ​ក្តី​មិន​មែន​ស្រ្តី​ទាំង​អស់​សុទ្ធ​តែ​ស្ថិត​ក្នុង​ស្ថានភាព​ដូច​គ្នា​ទាំង​អស់​នោះ​ទេ។ ​អ្នក​សារព័ត៌​មាន​ជា​ស្រ្តី​មួយ​ចំនួន​បាន​និយាយ​ថា​ ឪពុក​របស់​គាត់​គាំទ្រ​គាត់​ពេញ​ទំហឹង ​ហើយ​អ្នក​ផ្សេង​ទៀត​ប្រាប់​ថា ​ក្រុម​គ្រួសារ​របស់​គាត់​បាន​ផ្លាស់​ប្តូរ​ឥរិយាបថ​មក​គាំទ្រ​គាត់​វិញ​ បន្ទាប់​ពី​មើល​ឃើញ​សារៈ​សំខាន់​នៃ​ការងារ​របស់​គាត់។​

ទំនាស់​គ្រួសារ​ និង​ការ​រើស​អើង​ខាង​នយោបាយ​បាន​កើត​ឡើង​ទៅ​លើ​ស្ត្រី​មួយ​ចំនួន​ដែល​បាន​ផ្តល់​សេវា​សាធារណៈ​តាម​វិស័យ​សារ​ព័ត៌មាន។​

របាយ​ការណ៍នោះសរសេរ​តាម​ន័យ​ដើម​ថា៖​

«អ្នក​ចូល​រួម​ពីរ​នាក់​បាន​និយាយ​ថា​ ស្វាមី​របស់​គាត់​ចង់​ដាក់​ពាក្យសុំ​លែង​លះ​គាត់​ដោយ​សារ​តែ​ភាព​មមាញឹក​ក្នុង​ការងារ​របស់​គាត់។ ​អ្នក​ចូលរួម​ម្នាក់​ទៀត​បាន​ប្រាប់​ថា​ គាត់​ត្រូវ​បាន​ក្រុម​គ្រួសារ​របស់​គាត់​ដែល​ជិត​ស្និទ្ធ​នឹង​គណបក្ស​កាន់​អំណាច​បណ្តេញ​ចេញ​ពីផ្ទះ​ ចាប់​តាំង​ពី​ពេល​ដែល​គាត់​ធ្វើ​ការនៅ​ស្ថាប័ន​សារ​ព័ត៌មាន​ឯករាជ្យ​មួយ​ ដោយចោទ​ថា ​គាត់​ធ្វើ​ការ​ឲ្យ​ស្ថាប័ន​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង»។​

អ្នក​ចូលរួម​ជាច្រើន​ដែល​បាន​ទទួល​របាយ​ការណ៍​ថ្មីនេះបាន​និយាយ​ថា​ ការ​ប្រើ​ប្រាស់​ភាសា​ចំអក​ឡក​លើយ​អំពី​បញ្ហា​ផ្លូវភេទ​ ដែល​អាច​រាប់​ថា​ ជា​ការ​បៀត​បៀនផ្លូវ​ភេទ​ជា​សម្ពាធ​មួយ​ផ្សេង​ទៀត​ទៅ​លើ​ស្ត្រី។ ​ពួក​គេ​និយាយ​ថា​ ទង្វើ​អសីលធម៌​ទាំង​នេះនៅ​បន្ត​កើត​មាន​ទៅ​លើ​ស្ត្រី​ នៅ​កន្លែង​ធ្វើ​ការ​ ​ទាំងនៅ​អង្គភាព​សារ​ព័ត៌មាន​ ឬ​អង្គភាព​ធ្វើ​ការ​ក្នុង​វិស័យ​ផ្សេង​ទៀត។​

អ្នក​ស្រី​ធីតា​ ឃឹះ​ នាយិកា​ប្រតិបត្តិ​អង្គការ​ SILAKA ​បាន​ថ្លែង​ប្រាប់​អ្នក​ចូលរួម​ការ​ប្រារព្ធ​ទិវា​សេរីភាព​សារ​ព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៨​ថា ​ស្ទើរ​តែ​៨៥​ភាគរយ​នៃ​ការ​និយាយ​លែង​សើច​របស់​បុរស​ចំពោះ​ស្រ្តី​ គឺ​សំដៅ​ទៅលើ​បញ្ហា​ផ្លូវ​ភេទ។ ​អ្នកស្រី​ថា​ ការណ៍​នេះ​មិន​មែន​កើត​ឡើង​តែ​ក្នុង​ចំណោម​សាមញ្ញ​ជន​ធម្មតា​ទេ​ តែ​វាក៏​បាន​កើត​ឡើង​នៅ​ក្នុង​ចំណោម​ថ្នាក់​ដឹក​នាំ​ផង​ដែរ។​

អ្នកស្រី​ថ្លែងថា៖

«នេះ​គឺ​ជា​រឿង​មួយ​ដែល​ជា​បញ្ហា​ដ៏ធំ​នៅ​ក្នុង​សង្គម​របស់​យើង។​ ខ្ញុំ​សង្កេត​ឃើញ​មិនមែន​គ្រាន់​តែ​នៅ​ក្នុង​សង្គម​ធម្មតា​ទេ​ តាំង​តែ​ពី​ថ្នាក់​ដឹកនាំ​ក៏​មាន​ចេញ​សំឡេង​ ចេញ​អីចឹង​ដែរ ​ដោយសារ​នៅ​ក្នុង​សង្គម​យើង​ពុំ​ទាន់​យល់​អំពី​ថា​ អ្វី​ទៅ​ហៅថា​ sexual harassment​ [ការ​បៀត​បៀនផ្លូវ​ភេទ]។ ​ហើយ​យើង​ក៏អត់​មាន​ច្បាប់ដែល​ដាក់​នៅ​ក្នុង​ ដែល​ដាក់​កំណត់​ទៅ​លើ​រឿង sexual harassment ​ហើយ​រឿង​នេះ​កាន់​តែ​មាន​សម្ពាធ​ខ្លាំង​ឡើង​ទៅ​លើ​ស្រ្តី​ ដែល​ធ្វើ​ការងារ​នៅ​ផ្នែក​សារ​ព័ត៌មាន»។​

អ្នក​ស្រី​បាន​បញ្ជាក់បន្ថែម​ថា​ គឺ​រឿងរ៉ាវ​ទាំង​នេះ​ហើយ​ដែល​បាន​ញំាង​ឲ្យ​ឪពុក​ម្តាយ​ជាច្រើន​ស្ទាក់​ស្ទើរ​ចិត្តក្នុង​ការ​អនុញ្ញាត​ឲ្យ​កូន​ស្រី​ខ្លួន​មក​បំពេញ​ការងារ។​

«នេះ​គឺ​ជា​បញ្ហា​មួយ​ធំ​ ប៉ុន្តែ​ខ្ញុំ​សូម​និយាយ​ថា​ យើង​មាន​ការ​រីក​ចម្រើន។​ យើង​មាន​ស្ត្រី​ក្មេងៗ​របស់​យើង​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​មាន​មោទនភាព​ ក៏​ប៉ុន្តែ​យើង​ក៏​ត្រូវ​ការ​កែ​តម្រូវ​ច្រើន​ទៅនឹង​របៀប​គិត​ របៀប​លេង​សើច​របស់​យើង​ឲ្យ​ក្រៅ​ ក្រៅឲ្យ​ខុសអំពី​ការណ៍​ដែល​បៀត​បៀន​ផ្លូវភេទ​ ដែល​ធ្វើ​ឲ្យ​ស្រ្តី​មាន​ការ​អៀន​ខ្មាស។ ​ហើយ​យើង​ត្រូវ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ​នៅ​ក្នុង​វិជ្ជាជីវៈ​អស់​នេះ»។​

ការ​ស្រាវជ្រាវ​របស់​បណ្តាញ​បណ្តុះ​បណ្តាល​ព័ត៌មាន​អាស៊ី​អាគ្នេយ៍​នៃ​អង្គការ ​Fojo ​ ​បាន​រក​ឃើញ​ថា​ មាន​ស្ត្រី​តែ​បួន​នាក់​ និង​បុរស​ពីរ​នាក់​ដែល​ចូលរួម​ការ​ស្ទង់មតិ​ បាន​និយាយ​ថា​ គា ត់​ធ្លាប់​ត្រូវ​បាន​គេ​បៀត​បៀន​ផ្លូវ​ភេទ​ក្នុង​ពេល​បំពេញ​ការងារ។​ ទោះ​ជា​យ៉ាងនេះ​ក៏​ដោយ​ ក្រុម​ពិភាក្សា​ជា​ស្ត្រី​បាន​លើក​ឡើង​នូវ​ទិន្នន័យ​ជា​ច្រើន​ទាក់​ទងទៅ​នឹង​ការ​បៀត​បៀនភេទ​ជា​ច្រើន​ករណី​ រួម​ទាំង​ការ​និយាយ​ស្តី​មិន​សម​រម្យ​ ​បញ្ឆិត​បញ្ឆៀង​ ត្រូវ​ថ្នាក់​លើ​ប៉ះពាល់​ ឬ​ស្ទាប​អង្អែល​ ត្រូវ​ចៅ​ហ្វាយ​នាយ​ញ៉ែ​តាម​ទូរសព្ទ​ និង​២ករណី​ទៀត​គឺ​បុគ្គលិក​បុរស​មើល​រឿង​អាស​អាភាស​នៅ​ក្នុង​ការិយាល័យ។​

របាយ​ការណ៍​របស់បណ្តាញ​បណ្តុះ​បណ្តាល​ព័ត៌មាន​អាស៊ី​អាគ្នេយ៍​នៃ​អង្គការ​ Fojo​ ​ត្រូវ​បាន​សរសេរ​តាម​ន័យ​ដើម​ថា៖​

«អត្រា​នៃ​ករណី​បៀតបៀន​ផ្លូវភេទ​នៅ​ក្នុង​ការិយាល័យ​មាន​កម្រិត​ខ្ពស់​ជាង​នៅ​ប្រទេស​វៀតណាម។ ​នៅ​មាន​ករណី​បៀតបៀន​ផ្លូវ​ភេទ​ក្នុងពេល​បំពេញ​ការងារ​នៅ​ក្រៅ​ការិយាល័យ​ រួម​មាន​ទាំង​ចេតនា​រៀបចំ​ជួប​សម្ភាស​ក្រៅ​ម៉ោង​ធ្វើ​ការ​ និង​ត្រូវ​មន្ត្រី​ជាន់​ខ្ពស់​បន្លំ​ប៉ះពាល់​ខ្លួន​ប្រាណ។ ​អ្នក​សារ​ព័ត៌​មាន​ស្ត្រី​វ័យ​ក្មេង​មួយ​ចំនួន​និយាយ​ថា​ បុរស​ជាច្រើន​មិន​ហ៊ាន​រំខាន​គាត់​ទេ​ ដោយ​សារ​គាត់ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជាស្ត្រី​ខ្លាំង»។​

លោក ​ណុប វី​ នាយក​ស្តី​ទី​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​ថ្លែង​ថា​ ស្ថាប័ន​របស់​លោក​បាន​រៀបចំ​ឲ្យ​មាន​គោល​នយោបាយ​ស្តីពី​យេន​ឌ័រ​ និង​បាន​បញ្ជ្រាប​ចំណុច​រសើប​នានា​ដែល​កើត​មាន​ក្នុង​បញ្ហា​យេនឌ័រ​ទៅ​ក្នុងក្រម​សីលធម៌​ សម្រាប់​អ្នក​សារ​ព័ត៌មានក្នុង​ស្ថាប័ន​លោក​ និង​អ្នក​កាសែត​ឯ​ទៀត​ អនុវត្ត​តាម​នៅ​កន្លែង​ធ្វើ​ការ​របស់​ពួក​គេ។ ​អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រូប​នេះ​បាន​ថ្លែង​បន្ត​ថា​ ចំនួន​ស្រ្តី​ដែល​ចូល​រួម​ក្នុង​វិស័យ​សារ​ព័ត៌មាន​គឺ​នៅ​មាន​ចំនួន​តិច​នៅ​ឡើយ​ ដូច​អ្វី​ដែល​បណ្តាញ​បណ្តុះ​បណ្តាល​ព័ត៌មានអាស៊ី​អាគ្នេយ៍នៃ​អង្គការ​ Fojo ​បាន​រក​ឃើញ។​

ចំពោះ​លោក​ បញ្ហា​និទណ្ឌភាព​ចំពោះ​ជន​ដែល​វាយ​ប្រហារ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​រនាំង​មួយ​ ដែល​បាន​ទាញ​ស្រ្តី​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​អាជីព​អ្នក​សារ​ព័ត៌មាន​បន្ថែម​លើ​បញ្ហា​នៃ​សុវត្ថិភាព​នៅ​កន្លែង​ធ្វើ​ការ​ ក៏​ដូច​ជា​ទីតាំង​នៃ​ការ​ប្រមូល​ព័ត៌មាន។​

«ការ​បញ្ចប់​វប្បធម៌​និទណ្ឌភាព​តាម​រយៈ​ការ​ចាប់​ជន​ល្មើស​យក​មក​ផ្តន្ទា​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់​ ចំពោះ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​អ្នក​ធ្វើ​ការ​ក្នុង​ផ្នែកប្រព័ន្ធ​ផ្សព្វផ្សាយ​ គឺ​ជា​ជំហាន​ថ្មី​មួយ​នៃ​ការ​លើក​ទឹកចិត្ត​ច្រើន​ឡើង​ថែម​ទៀត​ នៅ​ក្នុង​ការ​ផ្តល់​ឱកាស​ ឬមួយ​ក៏​អនុញ្ញាត​ឲ្យ​ស្រ្តី​កាន់​តែ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ឡើង​ នៅ​ក្នុង​ការ​ធ្វើ​ការ​ខាង​ផ្នែក​វិស័យ​សារ​ព័ត៌មាន​ ជា​ពិសេស​ធ្វើ​ការ​នៅ​ក្នុង​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ»។​

របាយ​ការណ៍​របស់​បណ្តាញ​បណ្តុះ​បណ្តាល​ព័ត៌មានអាស៊ី​អាគ្នេយ៍​នៃ​អង្គការ​ Fojo​ បាន​បញ្ជាក់​ឲ្យដឹង​ថា​ ចំនួន​បុរស​មាន​ច្រើន​លើស​លប់​ជាង​ស្ត្រី​ធ្វើការ​ក្នុង​វិស័យ​សារ​ព័ត៌មាន​នៅ​ប្រទេស​កម្ពុជា។ ​ទោះបី​ការ​ស្ទាបស្ទង់​មតិ​ត្រូវ​បាន​ចែកចាយ​ និង​គ្រប​ដណ្តប់​តែ​ជាង​១០​ភាគរយ​នៃ​កម្លាំង​ការងារ​សរុប​ក៏ដោយ​ ក៏​ការ​ស្ទាបស្ទង់​មតិ​នេះ​មាន​ចំនួន​បុរស​ស្ទើរ​តែ​ពីរ​ដងនៃ​ចំនួន​ស្ត្រីបាន​ឆ្លើយ​តប។ ភាគ​ច្រើន​ (៥២,៣៨ភាគរយ)​នៃ​អ្នក​ឆ្លើយ​តប​ជា​បុរស​បាន​ប៉ាន់​ស្មាន​ថា​ មាន​ស្ត្រី​តែ​ប្រមាណ​២៥​ភាគរយ​ ឬក៏​តិច​ជាង​នេះ​ នៅ​ក្នុង​វិស័យ​ការងារ​របស់​ខ្លួន​ ហើយ​ជាង​៤៨​ភាគរយ​នៃ​ស្ត្រី​ឆ្លើយ​ដូច​គ្នា។ ​មាន​តែ​១៩​ភាគ​រយ​នៃ​បុរស និង​ជាង​១៤​ភាគរយ​នៃស្ត្រី​ដែល​បាន​និយាយ​ថា​ ជាង​ពាក់​កណ្តាល​នៃ​មិត្ត​រួម​ការងារ​របស់​ពួក​គេ​ជា​ស្ត្រី៕

XS
SM
MD
LG