បណ្តុំអង្គការការពារអ្នកកាសែតទាំងជាតិនិងអន្តរជាតិចំនួន៥ នៅថ្ងៃពុធនេះ បានហៅការបន្តឃុំខ្លួនអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូបគឺលោក អ៊ួន ឈិន និងលោក យាង សុធារិន ថាជាទង្វើ«ដ៏ឃោរឃៅ និងមិនសមហេតុផល» ដែលផ្ទុយពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធានាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសថ្លែងការណ៍រួមគ្នារបស់ក្រុមអង្គការទាំងនេះ ដែល VOA ទើបទទួលបាន។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) គណៈកម្មាធិការការពារអ្នកកាសែត (Committee to Protect Journalists) សម្ព័ន្ធសារព័ត៌មានអាស៊ីអាគ្នេយ៍ (Southeast Asia Press Alliance) មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (Cambodian Center for Independent Media) និងក្លឹបអ្នកកាសែតបរទេសនៅកម្ពុជា (Overseas Press Club of Cambodia) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ពួកគេថា ការចោទប្រកាន់អតីតអ្នកសារព័ត៌មានទាំងពីរនាក់ពីបទចារកម្ម ដែលអាចឲ្យពួកគេទាំងពីរប្រឈមមុខនឹងការជាប់ពន្ធនាគារពី៧ទៅ១៥ឆ្នាំនោះ គឺជាការចោទប្រកាន់មិនសមស្របទាល់តែសោះ ហើយការណ៍នេះ ទាក់ទិនយ៉ាងច្បាស់ក្រឡែតទៅនឹងការយាយីនិងការបំភិតបំភ័យខាងផ្លូវច្បាប់របស់រដ្ឋាភិបាលទៅលើវិទ្យុអាស៊ីសេរី ដែលអ្នកទាំងពីរធ្លាប់ធ្វើការឲ្យនោះ។
ដូច្នេះ អង្គការសារព័ត៌មានទាំង៥ បានអំពាវនាវឲ្យមានការដោះលែងអ្នកទាំងពីរគឺលោក អ៊ួន ឈិន និង លោក យាង សុធារិន ជាបន្ទាន់ ហើយក៏ជំរុញឲ្យអ្នកសារព័ត៌មាននិងអ្នកគាំទ្រផ្សេងទៀត តាមដានការវិវត្តន៍នានា លើសំណុំរឿងក្តីរបស់អតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីរនាក់នេះផងដែរ ជាពិសេសតាមបណ្តាញសង្គម facebook.com/FreeJournalistsKH៕