របាយការណ៍ស្រាវជ្រាវថ្មីមួយរបស់សមាគមសម័្ពន្ធអ្នកសារព័ត៌មានកម្ពុជា ឬហៅកាត់ថាខេមបូចាបង្ហាញអំពីការព្រួយបារម្ភរបស់អ្នកសារព័ត៌មាន សកម្មជន និងប្រជាពលរដ្ឋទូទៅចំពោះសេរីភាពនៃការបញ្ចេញមតិលើប្រព័ន្ធអ៊ីនធឺណិត ហើយពួកគេក៏បារម្ភអំពីការគំរាមកំហែងសិទ្ធិឌីជីថលដែលអាចប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។
របាយការណ៍ថ្មីនេះមានចំណងជើងថា «ផលប៉ះពាល់នៃការរឹតត្បិតសិទ្ធិឌីជីថលលើសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋសកម្មនៅលើអ៊ីនធឺណិត» ដែលត្រូវបានចងក្រងឡើងដោយការស្ទង់មតិក្នុងចំណោមអ្នកពាក់ព័ន្ធប្រមាណ ២០០នាក់ រួមមានអ្នកសារព័ត៌មាន សកម្មជន និងអ្នកការពារសិទ្ធិមនុស្ស ដោយក្នុងនោះមានចំនួន ៦នាក់ ដែលតំណាងឱ្យមន្ត្រីរដ្ឋាភិបាលក៏បានចូលរួមក្នុងការស្ទង់មតិនេះ។
បើតាមរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ អ្នកចូលរួមស្ទង់មតិយល់ឃើញថា សេរីភាពលើអ៊ីនធឺណិតនៅតែរឹតត្បិត ដោយសារតែការឃ្លាំមើលរបស់រដ្ឋាភិបាល និងក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតមកលើអ្នកសារព័ត៌មាន និងសកម្មជនសង្គម ក្នុងការសម្តែងមតិរបស់ពួកគេលើបណ្តាញទំនាក់ទំនងសង្គម។ ពួកគេទាំងនោះព្រួយបារម្ភខ្លាចរដ្ឋាភិបាលប្រើប្រាស់ច្បាប់ជាឧបករណ៍ ដើម្បីរឹតត្បិតសកម្មភាពលើបណ្តាញអ៊ីនធឺណិត ដោយបង្ហាញកង្វល់ជុំវិញផលប៉ះពាល់អវិជ្ជមានដែលអាចកើតមានមកលើសេរីភាពនៃការបញ្ចេញមតិ។
របាយការណ៍បញ្ជាក់ក្នុងន័យដើមថា៖ «អ្នកឆ្លើយសំណួរភាគច្រើនបានសម្តែងការបារម្ភអំពីការប្រើប្រាស់ឧបករណ៍ច្បាប់របស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់សកម្មភាពអ៊ីនធឺណិត និងផលប៉ះពាល់អវិជ្ជមានដែលអាចកើតមាននៃច្រកទ្វារអ៊ីនធឺណិតជាតិលើសេរីភាពនៃការបញ្ចេញមតិនៅលើអ៊ីនធឺណិត»។
ជិតពាក់កណ្តាល ឬស្មើនឹង ៤៥,៦% នៃអ្នកស្ទង់មតិបានឆ្លើយថា «យល់ស្របទាំងស្រុង» ចំពោះសេចក្តីថ្លែងការណ៍ដែលថា រដ្ឋាភិបាលចាត់វិធានការត្រួតពិនិត្យសេរីភាពនៃការបញ្ចេញមតិនៅលើអ៊ីនធឺណិត។ ចំណែក ៤៧,៤% មានការសង្ស័យនៃការប្រើប្រាស់ឧបករណ៍ច្បាប់ ដើម្បីរឹតបន្តឹងសកម្មភាពរបស់អ្នកសារព័ត៌មានតាមអ៊ីនធឺណិត។ នេះបើតាមរបាយការណ៍។
នាយកប្រតិបត្តិនៃសមាគមខេមបូចា លោក ណុប វី ប្រាប់វីអូអេថា ប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ននេះកំពុងប្រើប្រាស់ប្រព័ន្ធឌីជីថល និងអ៊ីនធឺណិតក្នុងការផ្សព្វផ្សាយព័ត៌មាន និងមាតិការបស់ខ្លួន។ ដូច្នេះលោកថា កាលណាមានការព្រួយបារម្ភពីការរឹតត្បិតនៅលើប្រព័ន្ធអ៊ីនធឺណិត នោះវានឹងបង្កជាផលអវិជ្ជមានទៅដល់ការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយរបស់ប្រជាពលរដ្ឋទូទៅ។
ពាក់ព័ន្ធនឹងអនុក្រឹត្យស្តីពីច្រកទា្វរអ៊ីនធឺណិតជាតិដែលរដ្ឋាភិបាលបានបង្កើតឡើងកាលពីឆ្នាំ ២០២១ លោក ណុប វី មើលឃើញថា មានចំណុចគួរឱ្យព្រួយបារម្ភជាច្រើន ជាពិសេសសិទ្ធិរបស់ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត ដែលពួកគេអាចតាមដានឃ្លាំមើលសកម្មភាពនៃការប្រើប្រាស់អ៊ីនធឺណិតរបស់អ្នកប្រើប្រាស់។
លោកថ្លែងថា៖ «កាលណានិយាយអំពីអ្នកប្រើប្រាស់ មានន័យថា អ្នកសារព័ត៌មានក៏ជាអ្នកប្រើប្រាស់អ៊ីនធឺណិតដែរ។ កាលណាគាត់ឃ្លាំមើល គាត់តាមដានអ៊ីចឹងវាធ្វើឱ្យមានការព្រួយបារម្ភអំពីការឈ្លបតាមដានយកព័ត៌មានអីផ្សេងៗ អ៊ីចឹងដែលវាប៉ះពាល់ទៅដល់អ្នកសារព័ត៌មាន។ មួយវិញទៀតការដែលមានសិទ្ធិទៅបញ្ចប់ ឬផ្អាកការផ្សព្វផ្សាយព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក៏ជាចំណុចមួយចែងនៅក្នុងខ្លឹមសារអនុក្រឹត្យស្តីពីច្រកទា្វរអ៊ីនធឺណិតជាតិដែរ»។
លោក ណុប វី ក៏ជំរុញឱ្យមានការពិភាក្សាបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធ និងរដ្ឋាភិបាល ដើម្បីឱ្យមានការពន្យល់ច្បាស់លាស់ពីអនុក្រឹត្យស្តីពីច្រកទា្វរអ៊ីនធឺណិតជាតិនេះ ដោយសារតែអាចប៉ះពាល់ទៅដល់លំហសេរីភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ។
អនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិត្រូវបានដាក់ចេញកាលពីឆ្នាំ ២០២១ ហើយចាប់តាំងពីការដាក់ចេញនូវអនុក្រឹត្យនេះមក អង្គការក្រៅរដ្ឋាភិបាលនានាដែលធ្វើការក្នុងវិស័យសិទ្ធិមនុស្ស អង្គការគាំពារផ្នែកបណ្តាញផ្សព្វផ្សាយព័ត៌មានក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណិត អ្នកតាមដានសង្គម និងអ្នកប្រើប្រាស់អ៊ីនធឺណិតមួយចំនួនបានបង្ហាញមន្ទិលនិងក្តីកង្វល់ផ្សេងៗ ពាក់ព័ន្ធនឹងប្រសិទ្ធភាពនិងវិសាលភាពនៃការអនុវត្តអនុក្រឹត្យនេះ។ អនុក្រឹត្យនោះបានបញ្ជាក់ថា ការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិមានគោលបំណងសម្របសម្រួល និងគ្រប់គ្រងការតភ្ជាប់បណ្ដាញអ៊ីនធឺណិត ដើម្បីពង្រឹងប្រសិទ្ធភាពនិងការកៀរគរចំណូលជាតិ ការពារសន្តិសុខជាតិ និងការថែរក្សារបៀបរៀបរយសណ្ដាប់ធ្នាប់សង្គម សីលធម៌ វប្បធម៌ និងទំនៀមទម្លាប់តែប៉ុណ្ណោះ។
នៅមុនការបោះឆ្នោតជាតិឆ្នាំ ២០២៣ រដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យអ្នកផ្គត់ផ្គង់សេវាអ៊ីនធឺណិតក្នុងប្រទេសកម្ពុជារាំងខ្ទប់គេហទំព័រសារព័ត៌មានមួយចំនួន ក្នុងនោះមានសារព័ត៌មានអាស៊ីសេរី The Cambodia Daily និងគេហទំព័រកំណត់ត្រា ដែលជាបណ្តុំព័ត៌មានរបស់សារព័ត៌មានវីអូឌី ដែលត្រូវបានរដ្ឋាភិបាលបិទដំណើរការកាលពីឆ្នាំមុន។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក សូ វិសុទ្ធី និងលោក លីវ សុផាណារិទ្ធ បាននៅឡើយទេ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ចោទជាសំណួរទៅកាន់អ្នកធ្វើរបាយការណ៍ និងអ្នកព្រួយបារម្ភ ពាក់ព័ន្ធនឹងសេរីភាពអ៊ីនធឺណិតនៅកម្ពុជាថាតើពួកគេចង់បានសេរីភាពបែបណា។ លោកបានលើកឡើងអំពី «សេរីភាពបែបអាណាធិបតេយ្យ» «គ្មានការទទួលខុសត្រូវ» និងមិនស្របទៅតាមក្របខណ្ឌច្បាប់ និងសីលធម៌។
លោកបញ្ជាក់ថា៖ «បើនរណាប្រព្រឹត្តខុសច្បាប់ ច្បាប់នឹងមានវិធានការ បើបំពានអ្នកដទៃ អ្នកដែលរងការបំពាននោះ គេច្បាស់ជាការពារខ្លួនតាមផ្លូវច្បាប់។ ប៉ុន្តែប្រសិនបើចង់បានសេរីភាពមួយដែលប្រកបដោយការទទួលខុសត្រូវ ប្រកបដោយក្រមសីលធម៌ និងគោរពសិទ្ធិអ្នកដទៃ គោរពច្បាប់របស់ប្រទេស នោះសេរីភាពបញ្ចេញមតិបែបនេះ ពិតជាមានគ្រប់គ្រាន់ និងយ៉ាងទូលំទូលាយបំផុតនៅក្នុងប្រទេសកម្ពុជាយើង»។
របាយការណ៍ដែលសិក្សាដោយសមាគមខេមបូចាក៏បានផ្តល់អនុសាសន៍មួយចំនួនដល់រដ្ឋាភិបាល ក្នុងនោះស្នើឱ្យរដ្ឋាភិបាលលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយ និងគោរពវិជ្ជាជីវៈអ្នកសារព័ត៌មាន ខណៈជំរុញឱ្យមានយន្តការជាក់លាក់ ដើម្បីស៊ើបអង្កេត និងការពារទិន្នន័យឯកជនភាពដែលទទួលបានដោយវិស័យឯកជន។ របាយការណ៍ខេមបូចាក៏ស្នើឱ្យបង្កើតអាជ្ញាធរដែលគ្រប់គ្រងការផ្សព្វផ្សាយឯករាជ្យមួយ ព្រមទាំងអប់រំសាធារណៈឱ្យយល់ដឹងពីការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
អង្គការ Freedom House ដែលជាស្ថាប័នឃ្លាំមើលស្ថានភាពសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យនៅទូទាំងសកលលោកបានវាយតម្លៃថាប្រទេសកម្ពុជាមិនសេរី (Not Free) ដែលទទួលបានពិន្ទុ ២៤/១០០ ដំណាលពេលមានការគាបសង្កត់លើក្រុមអ្នកនយោបាយជំទាស់ ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងដំណើរការមិនទៅមុខនៃប្រព័ន្ធប្រជាធិបតេយ្យសេរីនៅក្នុងប្រទេស។ នេះបើតាមរបាយការណ៍ដែលចេញផ្សាយកាលពីឆ្នាំ ២០២៣៕
វេទិកាបញ្ចេញមតិ