សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬហៅកាត់ថាខេមបូចា នៅតែបន្តរកឃើញករណីគំរាមកំហែងលើអ្នកសារព័ត៌មានកើតមានឡើងក្នុងឆ្នាំ ២០២៣ បើទោះបីជាចំនួននេះបានថយចុះបន្តិច ធៀបនឹងឆ្នាំ ២០២២។ ប៉ុន្តែការបំពានហិង្សាលើអ្នកសារព័ត៌មាននៅតែកើនឡើងដដែល។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ ២០២៣ របស់ខេមបូចា ចេញផ្សាយកាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤។
ក្នុងរបាយការណ៍ស្តីពី «ស្ថានភាពសារព័ត៌មាននៅក្នុងកម្ពុជាឆ្នាំ ២០២៣» ខេមបូចាបានកត់ត្រាករណីបៀតបៀនចំនួន ៣២ ករណី លើអ្នកកាសែតប្រមាណ ៥៩ នាក់ ក្នុងនោះ ៦ នាក់ជាអ្នកកាសែតស្ត្រី។ យ៉ាងហោចណាស់អ្នកកាសែត ៥ នាក់ត្រូវបានប្តឹង និងចោទប្រកាន់ ដែលបណ្តាលឱ្យមានការជាប់ពន្ធនាគារ ឬឃុំខ្លួន ហើយលទ្ធផលនេះ មិនត្រឹមតែប៉ះពាល់ដល់អ្នកសារព័ត៌មានដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់កម្រិតលើទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយទាំងមូលផងដែរ។
ខេមបូចាបញ្ជាក់ក្នុងរបាយការណ៍ថា៖ «បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២ ការគំរាមកំហែងផ្នែកច្បាប់បានកើនឡើង ១១៤% ដែលបង្កឱ្យមានការព្រួយបារម្ភអំពីលំហសេរីភាពសារព័ត៌មាននៅក្នុងប្រទេស ហើយរបាយការណ៍ក៏បានបង្ហាញពីករណីនៃការបំភិតបំភ័យផ្នែកច្បាប់ចំនួន ១៥ ប្រឆាំងនឹងអ្នកសារព័ត៌មានក្នុងឆ្នាំ ២០២៣ ដែលកើនឡើងទ្វេដងនៃចំនួនដែលបានកត់ត្រាក្នុងឆ្នាំ ២០២២ ដែលរួមមានបណ្តឹង ការគំរាមកំហែងផ្នែកច្បាប់ និងការកោះហៅជាដើម»។
នាយកប្រតិបត្តិខេមបូចា លោក ណុប វី ប្រាប់វីអូអេថា នៅពេលដែលមានការយាយីទៅលើអ្នកសារព័ត៌មាន វាបានបង្កជាផលប៉ះពាល់ជាច្រើនទៅលើការអនុវត្តការងាររបស់ពួកគេ និងការសរសេរអត្ថបទសម្រាប់បោះពុម្ពដែលជាផ្នែកមួយសំខាន់ដល់ការរួមចំណែកការអភិវឌ្ឍ និងតម្លាភាពសង្គម។ លោកបន្តថា ការណ៍នេះក៏ជះឥទ្ធិពលមួយចំនួនផងដែរដល់ការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានព័ត៌មានមួយដែលគ្រប់ជ្រុងជ្រាយ។
លោកថ្លែងថា៖ «មួយវិញទៀត វាក៏នឹងធ្វើឱ្យមានផលប៉ះពាល់ទៅដល់សិទ្ធិជាសំខាន់មួយរបស់ប្រជាពលរដ្ឋគឺសិទ្ធិទទួលបានព័ត៌មាន នៅពេលដែលអ្នកសារព័ត៌មានមិនមានពេលវេលា មិនមានសមត្ថភាព ឬលទ្ធភាពគ្រប់គ្រាន់នៅក្នុងសរសេរព័ត៌មានស៊ីជម្រៅ ព័ត៌មានដែលមានគុណភាពជួយទៅដល់សង្គមហ្នឹង ធ្វើឱ្យប្រជាពលរដ្ឋក៏មិនអាចទទួលបានព័ត៌មានអំពីទិដ្ឋភាពផ្សេងៗនៅក្នុងសង្គមហ្នឹងឱ្យបានពេញលេញ ឱ្យបានគ្រប់ជ្រុងជ្រាយ»។
លោក ណុប វី ជំរុញឱ្យរដ្ឋាភិបាលជួយស្វែងរកយុត្តិធម៌ទៅដល់អ្នកសារព័ត៌មានក្នុងករណីពួកគេទទួលរងការយាយី និងគំរាមកំហែងណាមួយ ក៏ដូចជាបញ្ចប់និទណ្ឌភាពដែលកើតមានឡើងចំពោះអ្នកសារព័ត៌មានកន្លងមក។
លោក អ៊ុង ថំាវំាង អាយុ ៥៧ ឆ្នាំ ចាងហ្វាងសារព័ត៌មានខ្មែរជាយដែនក្នុងខេត្តបន្ទាយមានជ័យ ដែលត្រូវបានស្រង់សម្តីក្នុងរបាយការណ៍របស់ខេមបូចា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា លោកត្រូវបានតុលាការខេត្តបន្ទាយមានជ័យឃុំខ្លួនភា្លមៗ បន្ទាប់ពីលោកបានចុះផ្សាយអត្ថបទទាក់ទងនឹងអំពើពុករលួយដែលបានកើតឡើងនៅស្ថាប័នពីរគឺមន្ទីរពេទ្យក្រុងប៉ោយប៉ែត និងពន្ធដារខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២២។ លោកបន្ថែមថា ការចាប់ខ្លួនលោកដាក់ពន្ធនាគារអស់រយៈពេលជិត ៣ ខែនេះ គឺមិនបានប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មានឱ្យត្រឹមត្រូវនោះទេ។
លោកថ្លែងថា៖ «នេះជាសកម្មភាពមួយដែលល្មើសនឹងច្បាប់ស្តីពីរបបសារព័ត៌មាន ទោះបីជាក្នុងករណីហ្នឹងក៏ដោយ យើងយល់ឃើញថា ស្ថាប័នច្បាប់គួរតែសិក្សាអំពីរបបសារព័ត៌មានមុននឹងធ្វើបាបអ្នកសារព័តមាន។ កុំលើកឡើងអីក៏ចោទអ្នកព័ត៌មានតាមមាត្រារបស់ខ្លួនដែលមាន ៤៩៤ និង៤៩៥ ពីបទញុះញង់ រឿងហ្នឹងគឺយើងទទួលយកអត់បានទេ»។
លោកក៏ស្នើសុំទៅរដ្ឋាភិបាលឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញមកលើអ្នកសារព័ត៌មាន ហើយត្រួតពិនិត្យលើច្បាប់ស្តីពីរបបសារព័ត៌មាន ដោយយកវាមកប្រើប្រាស់ឱ្យបានត្រឹមត្រូវផងដែរ។
របាយការណ៍របស់ខេមបូចាបញ្ជាក់ទៀតថា ការកាត់ទោសព្រហ្មទណ្ឌគួរតែមិនត្រូវបានប្រើប្រឆាំងនឹងអ្នកសារព័ត៌មាន ប៉ុន្តែការគំរាមកំហែងតាមសកម្មភាពផ្លូវច្បាប់បានក្លាយជារឿងធម្មតាទៅហើយដោយវាអាចនាំឱ្យមានការបំបិទសំឡេងរបស់អ្នកសារព័ត៌មាននិងធ្វើឱ្យមានការដាក់ពិរុទ្ធលើខ្លួនឯង។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ ប្រាប់វីអូអេថា តាមទិន្នន័យរបស់ក្រសួងព័ត៌មាន ក្នុងឆ្នាំ ២០២៣ អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាននៅកម្ពុជាបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងពេញលេញពីគ្រប់ទិសទីទូទាំងប្រទេស។ លោកបន្តថា ការយកចិត្តទុកដាក់ចំពោះសកម្មភាព និងស្ថានភាពអ្នកសារព័ត៌មានពីសំណាក់អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន ក៏ដូចជាស្ថាប័នផ្សេងទៀតនៅកម្ពុជា ជាកិច្ចការចាំបាច់ដែលត្រូវធ្វើទាំងអស់គ្នា ដើម្បីរួមចំណែកលើកស្ទួយអាជីពសារព័ត៌មាន និងតម្លៃវិជ្ជាជីវៈ។
លោកថ្លែងថា៖ «អ្នកសារព័ត៌មានចំនួនប្រមាណមួយម៉ឺននាក់ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយទាំងប្រពៃណី និងទំនើបចំនួនជាងពីរពាន់ បាននឹងកំពុងអនុវត្តការងារចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ទាំងអស់ ក៏ដូចជាធ្វើសេចក្ដីរាយការណ៍ព័ត៌មាននានាបានដោយសេរី គ្រប់ពេលវេលា ដោយសុវត្ថិភាព តាមវិជ្ជាជីវៈខ្លួនដោយតម្លាភាព ហើយទទួលបានការទុកចិត្ត និងការគាំទ្រពីសាធារណជនទូទៅគ្រប់មជ្ឈដ្ឋានទាំងអស់»។
ប៉ុន្តែរដ្ឋាភិបាលកម្ពុជាធ្លាប់បញ្ជាក់កាលពីកន្លងទៅថា សិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជាតែងតែត្រូវបានលើកកម្ពស់ដោយរដ្ឋាភិបាលគ្រប់អាណតិ្ត។
កាលពីចុងឆ្នាំ ២០២៣ ក្នុងវេទិកានិពន្ធនាយកលើកទី ២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងថា សមិទ្ធផល និងជោគជ័យរបស់រដ្ឋាភិបាលរហូតមកដល់ពេលនេះ គឺបានមកពីការចូលរួមពីអ្នកសារព័ត៌មានក្នុងភាពជាដៃគូជាមួយរដ្ឋាភិបាល។ លោកបន្តថារដ្ឋាភិបាលតែងតែលើកកម្ពស់សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ព្រមទាំងលើកទឹកចិត្តឱ្យមានការកសាងសមត្ថភាពបន្ថែមទៀតក្នុងវិស័យសារព័ត៌មាន ក៏ដូចជាការពង្រឹងវិជ្ជាជីវៈ និងក្រមសីលធម៌ផងដែរ។
ក្នុងរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃពុធ សមាគមខេមបូចាក៏បានអំពាវនាវដល់រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ចៀសវាងការចោទប្រកាន់ពីបទឧក្រិដ្ឋប្រឆាំងនឹងអ្នកសារព័ត៌មាន បញ្ចប់និទណ្ឌភាពដោយការស៊ើបអង្កេត កាត់ទោស និងដោះស្រាយករណីហិង្សាលើអ្នកសារព័ត៌មានភ្លាមៗ ទម្លាក់ចោលការចោទប្រកាន់ដែលគ្មានមូលដ្ឋាន ហើយពិនិត្យឡើងវិញនូវការផ្តន្ទាទោសព្រហ្មទណ្ឌប្រឆាំងនឹងអ្នកសារព័ត៌មាន ធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ដើម្បីឱ្យស្របតាមស្តង់ដារសេរីភាពនៃការបញ្ចេញមតិអន្តរជាតិ និងលុបចោលប្រកាសរបស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលដកហូតអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយដោយគ្មានដំណើរការនីតិវិធីតុលាការ។
គួរបញ្ជាក់ថា អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Border) បានចាត់ថ្នាក់កម្ពុជានៅលំដាប់លេខរៀងទី ១៤៧ ក្នុងចំណោម ១៨០ ប្រទេស នៅឆ្នាំ ២០២៣ ដែលមានន័យថាបន្តសិ្ថតក្នុងស្ថានភាពអាក្រក់ ដោយសារការកើនឡើងនៃការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ៕
វេទិកាបញ្ចេញមតិ