បើតាមរបាយការណ៍ថ្មីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមដំណាច់ឆ្នាំ ២០២៣ បំណុលសាធារណៈក្រៅប្រទេសដែលរដ្ឋាភិបាលកម្ពុជាជំពាក់ដៃគូបរទេស បានកើនឡើងប្រមាណ ១១.១៩ ពាន់លានដុល្លារអាមេរិក។
បើធៀបនឹងឆ្នាំ ២០២២ បំណុលបរទេសនេះបានកើនឡើងជាង ១ពាន់លានដុល្លារអាមេរិក ឬស្មើនឹងជាង ១០%។
បើតាមរបាយការណ៍ស្តីពីស្ថិតិបំណុលសាធារណៈកម្ពុជា ចុះថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ កាលពីឆ្នាំ ២០២២ បំណុលសាធារណៈក្រៅប្រទេសមានប្រមាណ ៩.៩៧០ លានដុល្លារអាមេរិក។ បំណុលដែលកម្ពុជាខ្ចីក្នុងក្របខណ្ឌទ្វេភាគីមានជាង៧ពាន់លានដុល្លារ ឬស្មើនឹង ៦៤% នៃបំណុលសរុប ខណៈបំណុលពហុភាគីមានប្រហែល ៤ពាន់លានដុល្លារ ឬស្មើនឹងប្រមាណ ៣៦%។
ប្រទេសចិនដែលជាសម្ពន្ធមិត្តដែកថែប របស់កម្ពុជានៅតែជាម្ចាស់បំណុលធំជាងគេនៃបំណុលសាធារណៈក្រៅប្រទេសដែលមានចំនួនសរុបជាង ៤ពាន់លានដុល្លារ ដែលស្មើនឹង ៣៧% នៃបំណុលសរុបក្រៅប្រទេស។
ក្នុងបំណុលក្រៅប្រទេសជាទ្វេភាគី ប្រទេសជប៉ុនមានចំនួន ១.២០០ លានដុល្លារអាមេរិក ស្មើនឹង ១១% ប្រទេសកូរ៉េមាន ៥៧៥លានដុល្លារអាមេរិក ស្មើនឹង ៥% និងប្រទេសបារាំងមានចំនួន ៥៣៣លានដុល្លារអាមេរិក ស្មើនឹងជិត ៥%។ ចំណែកបំណុលពហុភាគី កម្ពុជាជំពាក់ធនាគារអភិវឌ្ឍន៍អាស៊ីចំនួន ២១% ធនាគារពិភពលោក ១២% និងពហុភាគីផ្សេងទៀត ៣%។ នេះបើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ធ្លាប់លើកឡើងកាលពីកន្លងទៅថា កម្ពុជាមិនខ្ចីលុយបរទេសរហូតដល់វ័ណ្ឌកឡើយ ហើយថា កម្ពុជាមានហេតុផលនៅក្នុងការខ្ចី ដើម្បីបម្រើប្រយោជន៍ជាតិ។
លោក ហ៊ុន ម៉ាណែត ថ្លែងកាលពីខែវិច្ឆិកា ឆ្នាំមុនថា៖ «ហើយយើងក៏មិនខ្ចីបំណុលគ្មានហេតុផលរហូតទៅដល់ជំពាក់វ័ណ្ឌកដូចគេថានោះទេ។ គ្មានប្រទេសណាលើពិភពលោកតិចបំផុតដែលថាគ្មានបំណុល ហើយប្រទេសដែលមានបំណុលក៏ប្រទេសខ្លះត្រូវចេញបំណុលខ្ចីទៅលើប្រជាពលរដ្ឋខ្លួនឯងដែរ»។
បើតាមលោក ហ៊ុន ម៉ាណែត កម្ពុជាខ្ចីលុយបរទេស ដើម្បីវិយោគទៅលើហេដ្ឋារចនាសម្ពន្ធសម្រាប់ប្រយោជន៍ជាតិ និងថាកម្ពុជាក៏មិនខ្ចីទាំងអស់ដែរ ដោយសារតែប្រើការវិនិយោគតាមទម្រង់ BOT (Build Operate Transfer) គឺកសាង ប្រតិបត្តិនិងផ្ទេរ។
ការវិនិយោគបែបនេះត្រូវបានប្រើប្រាស់នៅកម្ពុជា ដោយក្រុមហ៊ុនចិន ក្នុងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ភ្នំពេញ បាវិត និងព្រលានយន្តហោះខេត្តសៀមរាបជាដើម។
អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិ លោក សេង វណ្ណលី ប្រាប់វីអូអេថា ជារឿងធម្មតាដែលបំណុលសាធារណៈក្រៅប្រទេសដែលកម្ពុជាខ្ចីកើនឡើង ដោយសារតែរដ្ឋាភិបាលនៅមានលទ្ធភាពនៅក្នុងការខ្ចី ដើម្បីអនុវត្តគម្រោង។ ទោះជាយ៉ាងណាក្តី លោកមានការព្រួយបារម្ភពាក់ព័ន្ធនឹងកម្ចីទ្វេភាគីជាងកម្ចីពហុភាគី ដោយសារតែកម្ចីទ្វេភាគីមានភាពងាយស្រួលដែលមិនសូវមានតម្លាភាព និងគណនេយ្យភាពនោះទេ។
លោកបញ្ជាក់ថា៖ «ប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ពីកម្ចីរបស់រដ្ឋាភិបាលពីស្ថាប័នពហុភាគីជាងទ្វេភាគី ហេតុផល គឺដោយសារពហុភាគីមានការត្រួតពិនិត្យ ហើយក៏ដូចជាមានការគ្រប់គ្រងប្រាក់បំណុលមានភាពល្អប្រសើរជាងប្រាក់កម្ចីទ្វេភាគីដែលខ្វះតម្លាភាព ហើយការចាត់ចែងយើងឃើញហើយថាមានផលប្រយោជន៍ផ្សេងៗគ្នា ផ្តល់ផលប្រយោជន៍ផ្សេងៗគ្នា។អ្ន កដែលទទួលបានសម្បទានឬក៏អ្នកដែលមានឥទ្ធិពលក្នុងសង្គមទទួលបានផលប្រយោជន៍ច្រើនជាង ហើយពេលខ្លះមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់ប្រជាសហគមន៍របស់ខ្លួន»។
បើតាមអ្នកវិភាគរូបនេះ ប្រជាពលរដ្ឋកម្ពុជាត្រូវតែត្រួតពិនិត្យទៅលើការចាត់ចែងថវិការបស់រដ្ឋាភិបាលទៅលើកម្ចីចិន ដោយសារតែកម្ចីរបស់ចិនមានភាពងាយស្រួល។
លោកថ្លែងថា៖ «យើងគួរតែព្រួយបារម្ភដោយសារតែលក្ខន្តិកៈនៃការផ្តល់កម្ចីរបស់ចិនមានភាពងាយស្រួល មិនស្មុគស្មាញហើយយើងឃើញថាកម្ចីរបស់ចិនមួយចំនួនធំភាគច្រើនរដ្ឋាភិបាលប្រើប្រាស់នៅក្នុងទិសដៅពេលខ្លះវាមិនបានផ្តល់ផលចំណេញដល់សេដ្ឋកិច្ច។ ផ្ទុយទៅវិញ ការចំណាយមួយចំនួនវាមានអារម្មណ៍ថាវាខាតបង់ អាត្រង់ចំណុចត្រង់នេះដែលវាធ្វើឱ្យមានការរិះគន់ពីមជ្ឈដ្ឋានសាធារណៈ»។
កាលពីខែកក្កដា ឆ្នាំ ២០១៩ ការស្រាវជ្រាវមួយធ្វើដោយវិទ្យាស្ថាន Kiel Institute មានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ បង្ហាញថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាជំពាក់បំណុលប្រទេសចិនច្រើនបំផុតលំដាប់ទី ៦ ក្នុងចំណោម ៥០ ប្រទេស ដែលលើកយកមកសិក្សាទូទាំងពិភពលោក។ របាយការណ៍ដដែលបានបង្ហាញកង្វល់អំពីកំណើនយ៉ាងលឿននៃអត្រាបំណុលដែលប្រទេសទាំងនោះជំពាក់ចិន ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះទាំងមានហានិភ័យ ការប្រាក់ខ្ពស់ និងកង្វះតម្លាភាព។
បើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច បំណុលសាធារណៈរបស់កម្ពុជាបច្ចុប្បន្ននេះស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន«ចីរភាព»និង«ហានិភ័យកម្រិតទាប»ដដែល បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី។ របាយការណ៍ដដែលបន្ថែមថាការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺដោយអាស្រ័យកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំដែលមានជាអាទិ៍៖ ក្របខណ្ឌគតិយុត្ត គោលនយោបាយ យុទ្ធសាស្ត្រ និងនីតិវិធីប្រតិបត្តិការគ្រប់ជ្រុងជ្រោយ សមត្ថភាពស្ថាប័ននិងធនធានមនុស្សគ្រប់គ្រាន់ និងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគនិងតាមដានហានិភ័យបំណុល។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ ប្រាប់វីអូអេថា រាល់កម្ចីរបស់កម្ពុជាគឺតែងតែភ្ជាប់មកជាមួយគម្រោង និងថាលទ្ធផលគឺសម្រេចបានទៅតាមផែនការនិងសមស្របជាមួយទឹកប្រាក់ដែលកម្ពុជាបានខ្ចី។
លោកថ្លែងថា៖ «បើសិនណាកម្ពុជាមិនខ្ចី កម្ពុជាដើរយឺត កម្ពុជាមិនមានឧត្តមភាព។ ប្រៀបធៀបឧត្តមភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសជិតខាង ប្រទេសក្នុងតំបន់យើងទេ។ ហើយប្រទេសកម្ពុជាប្រាកដជាមិនអាចមានឱកាសទាក់ទាញ វិនិយោគិនបរទេស ទាក់ទាញទេសចរណ៍ ហើយនិងមិនអាចអភិវឌ្ឍសមត្ថភាពរបស់ខ្លួនក្នុងការបំឡែងខ្លួនឬក៏បង្កើននូវការអភិវឌ្ឍសេដ្ឋកិច្ចបានទេ»។
បើតាមលោក ហុង វណ្ណៈ កម្ចីរបស់ចិនបានជួយដល់កម្ពុជាច្រើននៅក្នុងការអភិវឌ្ឍប្រទេស តាមរយៈហេដ្ឋារចនាសម្ពន្ធ ដែលធ្វើឱ្យមានភាពងាយស្រួលដល់ការដឹកជញ្ជូននិងការធ្វើដំណើរផ្សេងៗ។
គួរបញ្ជាក់ថាសម្រាប់ឆ្នាំ ២០២៤ នេះ រដ្ឋាភិបាលកម្ពុជាគ្រោងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ប្រមាណ ២.៣០០ លានដុល្លារអាមេរិក ដើម្បីយកមកទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិ។ នេះបើតាមសេចក្តីព្រាងច្បាប់ថវិកាជាតិ ដែលរដ្ឋាភិបាលបានអនុម័ត កាលពីឆ្នាំមុន៕
វេទិកាបញ្ចេញមតិ