ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ថ្មី​មួយ​ចោទប្រកាន់​មន្រ្តី​លីបេរីយ៉ា​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ


រូបភាព​ឯកសារ៖ លោក Varney Sherman​ (ឆ្វេង) និង​ប្រពន្ធ​ លោក​ស្រី Joyce (មុខ) មក​ដល់​កន្លែង​បន់​ស្រន់​នៅ​យប់​ចុង​ក្រោយ​នៃ​យុទ្ធនាការ​បោះ​ឆ្នោត​នៅ រដ្ឋធានី Monrovia ឆ្នាំ​២០០៥។ REUTERS/Jonathan Ernst
រូបភាព​ឯកសារ៖ លោក Varney Sherman​ (ឆ្វេង) និង​ប្រពន្ធ​ លោក​ស្រី Joyce (មុខ) មក​ដល់​កន្លែង​បន់​ស្រន់​នៅ​យប់​ចុង​ក្រោយ​នៃ​យុទ្ធនាការ​បោះ​ឆ្នោត​នៅ រដ្ឋធានី Monrovia ឆ្នាំ​២០០៥។ REUTERS/Jonathan Ernst

អង្គការ​ឃ្លាំមើល​អន្តរជាតិ Global Witness ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៏​បាន​បញ្ចេញ​របាយការណ៍​ថ្មី​មួយ​អំពី​ប្រទេស​លីបេរីយ៉ា​ ដែល​ស្ថិត​នៅ​តំបន់​អាហ្វ្រិក​ខាង​លិច​។ របាយការណ៍​នោះ​បាន​ធ្វើការ​ចោទប្រកាន់​ថា មាន​ការ​សូកប៉ាន់ និង​ការ​បង់​ប្រាក់​ដ៏​គួរ​សង្ស័យ​ជាង ៩៥០.០០០ដុល្លារ​ ​ទៅ​ឲ្យ​មន្ត្រី​លីបេរីយ៉ា​ដោយ​ក្រុមហ៊ុន​រ៉ែ Sable Mining ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស និង​មេធាវី​ជនជាតិ​លីបេរីយ៉ា​ គឺ​លោក Varney Sherman

យោង​តាម​របាយការណ៍​ ដែល​មាន​ចំណងជើង​ថា «អ្នក​បោក​បញ្ឆោត» ក្រុមហ៊ុន Sable ចង់​ទទួល​បាន​សិទ្ធិ​ធ្វើ​សម្បទាន​ដើម្បី​ជីក​រ៉ែ​ដែក​នៅ​ជួរ​ភ្នំ​ Wologizi ក្នុង​ប្រទេស​លីបេរីយ៉ា។

អង្គការ Global Witness បាន​ចេញ​របាយការណ៍​ថា លោក​មេធាវី​ Varney Sherman ដែល​លោក​ក៏​ជា​ប្រធាន​គណបក្ស​បង្រួបបង្រួម​ដែល​ជា​គណបក្ស​កាន់​អំណាច​របស់​លោកស្រី​ប្រធានាធិបតី Ellen Johnson Sirleaf ត្រូវ​បាន​គេ​ចោទប្រកាន់​ថា បាន​ប្រាប់​ទៅ​ក្រុមហ៊ុន Sable Mining ថា ដើម្បី​ទទួល​បាន​កិច្ចសន្យា ក្រុមហ៊ុន​នេះ​ត្រូវ​បង់​ប្រាក់​សំណូក​ទៅ​ឲ្យ​មន្ត្រី​ជាន់ខ្ពស់ ដើម្បី​ផ្លាស់​ប្តូរ​ច្បាប់​សម្បទាន​ដី​នៅ​ប្រទេស​លីបេរីយ៉ា​ជា​មុន​សិន។

លោក Sherman មិន​បាន​ផ្តល់​ការ​អធិប្បាយ​ភ្លាមៗ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ទេ។ ប៉ុន្តែ​មាន​ការ​រាយការណ៍​ថា លោក​បាន​ប្រាប់​ទៅ​កាសែត​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​ស្រុកថា របាយការណ៍​នោះ​មិន​ពិត​ទេ។

លោក Sherman ក៏​បាន​និយាយ​ថា លោក​និង​ក្រុមហ៊ុន​ច្បាប់​របស់​លោក​ត្រូវ​បាន​ច្បាប់​និង​រដ្ឋធម្មនុញ្ញ​ប្រទេស​លីបេរីយ៉ា​ហាមឃាត់​មិន​ឲ្យ​លាត​ត្រដាង​ពី​អ្វី​ដែល​បុគ្គល​នោះ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន Sable Mining ដល់​នរណា​ម្នាក់​នោះ​ទេ នៅ​ពេល​ដែល​បុគ្គល​នោះ​បម្រើការ​ជា​មេធាវី​ឲ្យ​ក្រុមហ៊ុន​នេះ​នៅក្នុង​ប្រទេស​លីបេរីយ៉ា​កាល​ពី​ឆ្នាំ២០១០។

លោក Sherman បាន​មាន​ប្រសាសន៍​ថា «ក្រម​សីលធម៌​ការងារ​របស់​ពួក​យើង​និង​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​លីបេរីយ៉ា​ហាម​ប្រាម​ពួក​យើង​មិន​ឲ្យ​លាតត្រដាង​អ្វី​មួយ​នោះ​ទេ ហើយ​យើង​ត្រូវ​ប្រតិបត្តិ​តាម​ក្រមសីលធម៌​នោះ​ ទោះ​បី​ជា​យើង​ត្រូវ​គេ​យក​ទៅ​ចង​ព្យួរ​ក​ក៏​ដោយ»។

អង្គការ Global Witness ការពារ​របាយការណ៍​របស់​ខ្លួន

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​លោក Jonathan Gant អ្នកដឹកនាំ​យុទ្ធនាការ​ជាន់ខ្ពស់​របស់​អង្គការ Global Witness នៅ​ប្រទេស​លីបេរីយ៉ា បាន​មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​ប្រកាន់​ជំហរ​របស់​ខ្លួន​នៅ​ក្នុង​របាយការណ៍​នោះ។

លោក​បាន​ថ្លែង​ថា «យើង​មាន​ភស្តុតាង​បញ្ជាក់​ថា ពិត​ជា​មាន​ការ​បង់​ប្រាក់​ពិត​ប្រាកដ​មែន។ យើង​មាន​ភស្តុតាង​បង្ហាញ​ថា គោលបំណង​នៃ​ការ​បង់​ប្រាក់​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ឲ្យ​មាន​ការ​កែ​ប្រែ​ច្បាប់​ជាមុន​សិន មុន​នឹង​ទទួល​បាន​កិច្ចព្រមព្រៀងជីក​រ៉ែ​ដែក។ ហើយ​នោះ​គឺ​ជា​ដំបូន្មាន​របស់​លោក Sherman ឲ្យ​ទៅ​ក្រុមហ៊ុន​នោះ ក្នុង​នាម​លោក​ជា​មេធាវី​របស់​ក្រុមហ៊ុននោះ​ ដែល​ថា ក្រុមហ៊ុន​នោះ​គួរ​តែ​ធ្វើ​ឲ្យ​មាន​ការ​កែប្រែ​ច្បាប់​ជា​មុន​សិន​ ដើម្បី​ទទួល​បាន​កិច្ចសន្យា»។

លោក Gant បាន​និយាយ​ថា របាយការណ៍​នោះគឺ​ជា​កម្រង​ភស្តុតាង​ ដោយ​ផ្អែក​លើ​អ៊ីម៉ែល​ដែល​បាន​បែក​ធ្លាយ​ពី​ក្រុមហ៊ុន​នោះ និង​ពី​មេធាវី​របស់​ក្រុមហ៊ុន​នោះដោយ​ផ្ទាល់​ ដែល​មាន​ភ្ជាប់​ជាមួយ​នូវ​បញ្ជី​បង្ហាញ​ពី​ការ​ផ្តល់​ប្រាក់​សំណូក និង​ការ​បង់​ប្រាក់​ផង​ដែរ។

លោក​ Gant បាន​បន្ត​ថា នៅ​មុន​ពេល​បោះពុម្ព​ផ្សាយ​របាយការណ៍​នោះ អង្គការ Global Witness បាន​ទាក់ទង​ទៅ​លោក Sherman ពីរ​ទៅ​បី​ដង​ដែរ​ ប៉ុន្តែ​លោក Sherman តែង​តែ​បដិសេធ​មិន​ព្រម​ផ្តល់​ការ​អត្ថាធិប្បាយ​អ្វី​ពាក់ព័ន្ធ​នឹង​បញ្ហា​សូកប៉ាន់​នោះ​ទេ។

របាយការណ៍​នោះ​ក៏​រាយ​នាម​មន្ត្រី​ផង​ដែរ​

របាយការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា មន្រ្តី​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា ​ទទួល​សំណូក​ រួមមាន​ ប្រធាន​សភា​នៃ​ប្រទេស​លីបេរីយ៉ា គឺ​លោក Alex Tyler ក្នុង​ទឹកប្រាក់​ចំនួន ៧៥.០០០ដុល្លារ​ជា «ថ្លៃ​ប្រឹក្សា​យោបល់» និងលោក Richard Tolbert ប្រធាន​គណៈកម្មាធិការ​វិនិយោគ​ជាតិ ក្នុង​ទឹកប្រាក់​ចំនួន ៥០.០០០ដុល្លារ​ជា «ថ្លៃ​ប្រឹក្សា​យោបល់​» ដូចគ្នា។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ សេដ្ឋកិច្ច និង​កិច្ចការ​ច្បាប់​ គឺ​លោក Morris Saytumah ដែល​ឥឡូវ​នេះ​លោក​ជា​សមាជិក​ព្រឹទ្ធសភា ក៏​ត្រូវ​បាន​ចោទប្រកាន់​ថា​ បាន​ទទួល​បាន ប្រាក់​ចំនួន ៥០.០០០ដុល្លារ​ជា «ថ្លៃ​ប្រឹក្សា​យោបល់​» និង​លោក Willie Belleh ប្រធាន​គណៈកម្មាធិការ​ផ្គត់ផ្គង់​សាធារណៈ​និង​សម្បទាន ក៏​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ទទួល​ប្រាក់​ចំនួន ១០.០០០ដុល្លារ​ជា «ថ្លៃ​ប្រឹក្សា​យោបល់» ផង​ដែរ។

ទឹក​ប្រាក់​ច្រើន​បំផុត​ត្រូវ​បាន​ផ្តល់​ឲ្យ​ជន​ពីរ​នាក់​ ដែល​មាន​ឈ្មោះ​នៅ​ក្នុង​របាយការណ៍​នោះ​ថា «Bigboy ០១» និង «Bigboy ០២» ដោយ​ម្នាក់ៗ​ទទួល​បាន​ប្រាក់​ចំនួន ២៥០.០០០ដុល្លារ ដោយ​មិន​មាន​ការ​បញ្ជាក់​ពី​ហេតុផល​នៅ​ពី​ក្រោយ​ការ​បង់​ប្រាក់​នោះ​ទេ។

លោក Gant បាន​និយាយ​ថា អង្គការ Global Witness ដឹង​ថា ពិត​ជា​មាន​ការ​បង់ប្រាក់​ប្រាកដ​មែន ប៉ុន្តែ​អង្គការ​នេះ​មិន​អាច​និយាយ​ថា ជន​ទាំង​ពីរ​នាក់​នោះ​ជា​នរណា​បាន​ទេ។

លោក​បាន​ថ្លែង​ថា «យើង​មិន​បាន​ដាក់​ឈ្មោះ​ជន​ទាំង​ពីរ​នាក់​នោះ​ទេ យើង​គ្រាន់​តែ​ដាក់​ឈ្មោះ​តាម​ដែល​មាន​នៅ​លើ​បញ្ជី​បង់​ប្រាក់​នោះ​តែ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ហៅ​ថា «Bigboy ០១ និង Bigboy ០២» ដោយសារ​តែ​ពេល​ឥឡូវ​នេះ យើង​មិន​ទាន់​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បង្ហាញ​ថា ជន​ទាំង​ពីរ​នាក់​នោះ​ជា​នរណា​ឲ្យ​ពិត​ប្រាកដ។ ប៉ុន្តែ​យើង​ដឹង​ថា ពិត​ជា​មាន​ការ​បង់​ប្រាក់​ទៅ​ឲ្យ​ជន​ទាំង​ពីរ​នាក់​នោះ​ប្រាកដ​មែន»។

លោក​បាន​និយាយ​ថា អង្គការ Global Witness កំពុង​តែ​ពិនិត្យ​មើល​ភស្តុតាង​របស់​ខ្លួន​ដើម្បី​មើល​ថា​តើ ឈ្មោះ​របស់​បុគ្គល​ទាំង​ពីរ​នាក់​នោះ​អាច​ចុះ​ផ្សាយ​បាន​ឬ​យ៉ាង​ណា។

លោក​ស្រី​ប្រធានាធិបតី លីបេរីយ៉ា Johnson Sirleaf ថ្លែង​សុន្ទរកថា​ទៅ​កាន់​គណៈប្រតិភូ​ក្នុង​ពេល​បើក​សន្និសីទ​គណៈរដ្ឋមន្ត្រី​នៃ​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ​ (WTO)​ លើក​ទី​១០ នៅ​ក្រុង​ ណៃរ៉ូប៊ី ប្រទេស​គែនយ៉ា ថ្ងៃ​អង្គារ ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥។ (AP Photo/Sayyid Azim)
លោក​ស្រី​ប្រធានាធិបតី លីបេរីយ៉ា Johnson Sirleaf ថ្លែង​សុន្ទរកថា​ទៅ​កាន់​គណៈប្រតិភូ​ក្នុង​ពេល​បើក​សន្និសីទ​គណៈរដ្ឋមន្ត្រី​នៃ​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ​ (WTO)​ លើក​ទី​១០ នៅ​ក្រុង​ ណៃរ៉ូប៊ី ប្រទេស​គែនយ៉ា ថ្ងៃ​អង្គារ ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥។ (AP Photo/Sayyid Azim)

កូន​ប្រុស​របស់​លោក​ស្រី​ប្រធានាធិបតី​ស្ថិត​ក្នុង​ចំណោម​ឈ្មោះ​ទាំង​នោះ

របាយការណ៍​នោះ​ក៏​បាន​ចោទប្រកាន់​ថា កូនប្រុស​របស់​លោកស្រី​ប្រធានាធិបតី Sirleaf ​ គឺ​លោក Fombah Sirleaf ដែល​ជា​ប្រធាន​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​របស់​ប្រទេស​លីបេរីយ៉ា ក៏​ទទួល​បាន​ប្រាក់​ចំនួន ៧.៥៩៨ដុល្លារ សម្រាប់​ដំណើរ​បរបាញ់​សត្វ​ទៅ​កាន់​តំបន់​អាហ្វ្រិក​ខាង​ត្បូង ពី​ក្រុមហ៊ុន Sable ផង​ដែរ»។

បុគ្គល​ដទៃ​ទៀត​ដែល​ត្រូវ​បាន​រាយ​នាម​នៅ​ក្នុង​របាយការណ៍​នោះ ក៏​រួម​មាន​សមាជិក​ព្រឹទ្ធសភា គឺ​លោក Sumo Kupee និង​លោក Cletus Wotorson ដែល​ម្នាក់ៗ​ត្រូវ​ចោទ​ប្រកាន់​ថា បាន​ទទួល​ប្រាក់​ចំនួន ៥.០០០ដុល្លារ​ជា «ថ្លៃ​ប្រឹក្សា​យោបល់»។

មន្រ្តី​យ៉ាង​ហោច​ណាស់​បី​នាក់​បាន​ច្រានចោល​ការ​ចោទប្រកាន់​នេះ​

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា លោក Tolbert លោក Belleh លោក Kupee និង​លោក Wotorsonបាន​បដិសេធ​ថា​មិន​បាន​ទទួល​ប្រាក់​សំណូក​ពី​ក្រុមហ៊ុន Sable ទេ។

រដ្ឋាភិបាល​លីបេរីយ៉ា​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ស្នើ​អង្គការ Global Witness ឲ្យ​បង្ហាញ​ភស្តុតាង​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​របាយការណ៍​នោះ។

រដ្ឋាភិបាល​អះអាង​ថា​នឹង​ស៊ើបអង្កេត​និង​កាត់​ទោស

លោក Eugene Nagbe រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​បាន​មាន​ប្រសាសន៍​ថា រាល់​ការ​ចោទប្រកាន់​នៅ​ក្នុង​របាយការណ៍​នោះ​បង្ហាញ​ពី​រូបភាព​អាក្រក់​របស់​ប្រទេស​លីបេរីយ៉ា​ ហើយ​រដ្ឋាភិបាល​ចង់​ធ្វើការ​ស៊ើបអង្កេត និង​ចាប់​បុគ្គល​ដែល​រក​ឃើញ​ថា មាន​កំហុស​មក​ដាក់​ទោស។

លោក Gant បាន​និយាយ​ថា អង្គការ Global Witness បាន​សរសេរ​លិខិត​ទៅ​កាន់​រដ្ឋាភិបាល​ប្រទេស​លីបេរីយ៉ា​ នៅ​មុន​ពេល​បោះពុម្ព​ផ្សាយ​របាយការណ៍​នោះ និង​មាន​ផែនការ​សហការ​ជាមួយ​នឹង​សហការ​នឹង​រដ្ឋាភិបាល​យ៉ាង​ពេញលេញ​ថែម​ទៀត​ផង។

លោក​បាន​បន្ត​ថា ​អង្គការ​របស់​លោក​មាន​ជំនឿ​ជឿជាក់​ថា រដ្ឋាភិបាល​លីបេរីយ៉ា​នឹង​ធ្វើការ​ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​ទៅ​លើ​ក្រុមហ៊ុន Sable ទៅ​លើ​លោក Sherman និង​ទៅ​លើ​មន្រ្តី​លីបេរីយ៉ា​ដែល​ត្រូវ​បាន​រាយ​នាម​នៅ​ក្នុង​របាយការណ៍​នោះ។

លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «ប្រសិន​បើ​រក​ឃើញ​ថា ពួកគេ​ពិត​ជា​បាន​បំពាន​ច្បាប់ មន្រ្តី​រដ្ឋាភិបាល​លីបេរីយ៉ា​គួរ​តែ​ត្រូវ​ដកចេញ​ពី​តំណែង និង​យក​មក​កាត់​ទោស ស្រប​ពេល​ដែល​លោក Sherman គួរ​តែ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​គណៈ​មេធាវី និង​ប្រឈម​នឹង​បទចោទប្រកាន់​ផ្នែក​ព្រហ្មទណ្ឌ»៕

ប្រែសម្រួល​ដោយ ស៊ូ រ៉ូហ្សានិច

XS
SM
MD
LG