ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ថ្មី​មួយ​ចាត់​ទុក​​សូម៉ាលី​និង​កូរ៉េ​ខាង​ជើងជា​ប្រទេស​ពុក​រលួយ​បំផុត​ក្នុង​ពិភពលោក


សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​លើ​អំពើ​ពុករលួយ​ឆ្នាំ​២០១៥។
សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​លើ​អំពើ​ពុករលួយ​ឆ្នាំ​២០១៥។

របាយការណ៍​ថ្មី​មួយ​ចាត់​ទុកប្រទេស​សូម៉ាលី កូរ៉េ​ខាង​ជើង ​និង​អាហ្វហ្គានីស្ថាន ​ជា​ប្រទេស​ពុក​រលួយ​បំផុត​ក្នុង​ពិភពលោក។ អង្គការ​តម្លាភាព​អន្តរជាតិ​បាន​ចេញ​សេចក្តី​រាយការណ៍​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ​នៅ​ថ្ងៃ​ពុធ​នេះ​ ដោយ​ពឹង​ផ្អែក​ទៅ​លើ​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​មតិ​របស់​អ្នក​ជំនាញ​ពី​ជុំ​វិញ​ពិភពលោក ដើម្បី​វាស់​ស្ទង់​កម្រិត​ពុក​រលួយ​ក្នុង​វិស័យ​សាធារណៈ។

ពិន្ទុ​ទាប​មាន​ន័យ​ថា ​មាន​អំពើ​ពុក​រលួយ​ច្រើន ហើយ​របាយការណ៍​នៅ​ឆ្នាំ​នេះ​បាន​ផ្តល់​ឲ្យ​ប្រទេស​សូម៉ាលី ​និង​ កូរ៉េ​ខាង​ជើង​៨​ពិន្ទុ​ដូច​គ្នា ចំណែក​ប្រទេសអាហ្វហ្គានីស្ថាន​វិញ បាន​ទទួល​ពិន្ទុ​១១។ គ្មាន​ប្រទេស​ណា​បាន​ទទួល​ពិន្ទុ​១០០​ទេ ប៉ុន្តែ​មាន​ប្រទេស​មួយ​ចំនួន​ដែល​បាន​ទទួល​ពិន្ទុ​ច្រើន។ ប្រទេស​ដាណឺម៉ាក​បាន​ទទួល​ពិន្ទុ​៩១ ហើយ​ប្រទេស​ហ្វាំងឡង់​និង​ស៊ុយអែត​ បាន​ទទួល​ពិន្ទុ ៩០​ ដូចគ្នា។

ប្រទេស​កម្ពុជា​បាន​ទទួល​ពិន្ទុ​ដូច​នៅ​ឆ្នាំ​២០១៤​ដែរ គឺ​ពិន្ទុ២១។ ​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១៥០ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៦៨ ដែល​អង្គការ​នេះ​បាន​ធ្វើ​ការ​សិក្សា។ ចំណាត់​ថ្នាក់​របស់​កម្ពុជា​នេះ ស្មើ​គ្នា​នឹង​ចំណាត់​ថ្នាក់​នៃ​កម្រិត​ពុករលួយ​នៅ​ប្រទេស​ប៊ូរុនឌី និង​ស៊ីមបាវ៉េ​ក្នុង​ទ្វីប​អាហ្វ្រិក។ ចំណាត់​ថ្នាក់​ប្រចាំ​ឆ្នាំ២០១៥​នេះ ធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​នៅ​ក្រោម​ប្រទេស​មីយ៉ាន់ម៉ា​ទៅទៀត ដែល​កាល​ពី​ឆ្នាំ​កន្លង​ទៅ ប្រទេស​ទាំង​ពីរ​នេះ​មានកម្រិត​ស្មើគ្នា។

កម្ពុជា​ស្ថិត​នៅ​លើ​ប្រទេស​តែ​១៦​ប៉ុណ្ណោះ ក្នុង​តារាង​ចំណាត់​ថ្នាក់​អំពើ​ពុករលួយ​ប្រចាំ​ឆ្នាំ​២០១៥​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ដែល​មាន​ទីស្នាក់ការ​ធំ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​នោះ។

យោង​តាម​អង្គការ​ដដែល​នេះ អំពើពុករលួយ​ដែល​កាន់តែ​អាក្រក់​នៅ​កម្ពុជា​នេះ គឺ​ដោយសារ​តែ​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​រឹតត្បិត​លើអង្គការ​សង្គម​ស៊ីវិល៕

XS
SM
MD
LG