អង្គការសុខភាពពិភពលោក WHO បានចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ការព្យាបាលថ្មីដោយប្រើថ្នាំលេប ដែលអាចព្យាបាលអ្នកជំងឺរបេងរ៉ាំរ៉ៃបានយ៉ាងមានប្រសិទ្ធភាព។ ថ្ងៃទី២៤ខែមីនាខាងមុខនេះ គឺជាទិវាជំងឺរបេងពិភពលោក ហើយអង្គការ WHO បានអំពាវនាវឲ្យលុបបំបាត់ជំងឺរបេងឲ្យបានទាំងស្រុងត្រឹមឆ្នាំ២០៣០។
ជំងឺរបេងបានកើតញាំញីលើមនុស្សអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ និងកំពុងបន្តកើតឡើងនាពេលបច្ចុប្បន្ន។ ជំងឺរបេងឬហៅកាត់ថា TB គឺជាជំងឺឆ្លងសម្លាប់មនុស្សយ៉ាងប្រល័យនៅទូទាំងពិភពលោក។ ជំងឺនេះបានសម្លាប់ជីវិតមនុស្សជិត ៤៥០០នាក់ក្នុងមួយថ្ងៃ ហើយជារៀងរាល់ឆ្នាំ មនុស្សប្រមាណជិត១០លាននាក់បានឆ្លងជំងឺនេះ។ ទោះណាជាស្ថិតិនេះជាព័ត៌មានដ៏ក្រៀមក្រំក៏ដោយ ក៏មានការវិវត្តជាច្រើនត្រូវបានធ្វើឡើងនៅក្នុងការធ្វើរោគវិនិច្ឆ័យ ការទប់ស្កាត់ និងការព្យាបាលជំងឺនេះ។
អង្គការសុខភាពពិភពលោកព្រមានអំពីការកើនឡើងហានិភ័យ ដោយសារមានការលេចឡើងនូវជំងឺរបេងរ៉ាំរ៉ៃដែលស៊ាំនឹងថ្នាំ។ ការព្យាបាលជំងឺរបេងនាពេលថ្មីៗនេះតាមរយៈការចាក់ថ្នាំដែលមានការឈឺចាប់ និងត្រូវប្រើរយៈពេលពីរឆ្នាំ បានបង្កឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរជាច្រើន។ អង្គការសុខភាពពិភពលោកសង្ឃឹមថា កម្មវិធីព្យាបាលថ្មីតាមរយៈការលេបថ្នាំ ដែលត្រូវបានដាក់ឲ្យប្រើប្រាស់នេះនឹងមានប្រសិទ្ធភាពកាន់តែខ្លាំងនៅក្នុងការគ្រប់គ្រងការរីករាលដាលជំងឺរបេង។
លោកស្រី Tereza Kasaeva នាយិកាកម្មវិធីប្រយុទ្ធប្រឆាំងជំងឺរបេងសកលលោកនៃអង្គការសុខភាពពិភពលោកបានប្រាប់ VOA ថា ការព្យាបាលថ្មីដោយការលេបថ្នាំដែលអង្គការសុខភាពពិភពលោកកំពុងណែនាំឲ្យប្រើប្រាស់នេះ មានផលវិបាកតិចតួចបំផុត។
លោកស្រី Kasaeva បានថ្លែងថា៖ «ពិតណាស់ ការព្យាបាលថ្មីនេះមានភាពងាយស្រួលជាងមុន ហើយអ្នកជំងឺមិនចាំបាច់ត្រូវមកជួបគ្រូពេទ្យដើម្បីចាក់ថ្នាំជាប្រចាំទេ។ តាមរយៈទិន្នន័យដែលទទួលបាន យើងដឹងច្បាស់ថា ការព្យាបាលថ្មីដោយការលេបថ្នាំនេះនឹងទទួលបានប្រសិទ្ធភាពខ្ពស់បំផុត»។
រដ្ឋាភិបាលប្រទេសអាហ្រ្វិកខាងត្បូងបានប្រកាសថា ខ្លួនមានផែនការដាក់ឲ្យប្រើប្រាស់វិធីព្យាបាលថ្មីដោយការលេបថ្នាំនេះ។
លោកស្រី Kasaeva បានថ្លែងបន្តថា ថ្លៃព្យាបាលតាមរយៈការលេបថ្នាំនេះមានតម្លៃប្រមាណ ២០០០ដុល្លារ ដែលជាការព្យាបាលមួយមានតម្លៃថ្លៃសម្រាប់អ្នកជំងឺរស់នៅតាមបណ្តាប្រទេសមានចំណូលទាប។ លោកស្រីបានបន្ថែមថា ប្រទេសអាហ្វ្រិកខាងត្បូងកំពុងចរចាជាមួយក្រុមហ៊ុនផលិតឱសថនានាដើម្បីបញ្ចុះតម្លៃព្យាបាលឲ្យនៅត្រឹម៤០០ដុល្លារ។
អង្គការសុខភាពពិភពលោកបានឲ្យដឹងទៀតថា ប្រទេសអាហ្វ្រិកខាងត្បូងគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង២០ដែលមានការឆ្លងរាលដាលជំងឺរបេងធ្ងន់ធ្ងរបំផុត។ ប្រទេសផ្សេងទៀតមានដូចជាប្រទេសរុស្ស៊ី ចិន ឥណ្ឌា នីហ្សេរីយ៉ា ប៉ាគីស្ថាន និងវៀតណាម៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា