ជាថ្មីម្តងទៀត លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នាថ្ងៃពុធនេះ បានគំរាមចាប់ឃុំខ្លួនមេដឹកនាំគណបក្សប្រឆំាងគឺលោកកឹម សុខា ចំពោះការមិនចូលបំភ្លឺនៅតុលាការក្រុងភ្នំពេញពីបទជាប់សង្ស័យថា លោកមានពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទជាមួយនារីកាត់សក់ម្នាក់។
ការលើកឡើងរបស់លោកហ៊ុន សែនដ៏មានឥទិ្ធពលនេះធ្វើឡើងមិនប៉ុន្មានថ្ងៃទេក្រោយពេលដែលលោកកឹម សុខា ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិបានផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខ មួយដល់បណ្តាញសារព័ត៌មានអង់គ្លេសមួយដែលមានឈ្មោះថា Reuters អំពីការវិវត្តនយោបាយចុងក្រោយនឹងការដែលលោកបង្ខាំងខ្លួនឯងនៅក្នុងទីស្នាក់ការរបស់គណបក្សជំទាស់ ដើម្បីគេចពីការចាប់ខ្លួន។
លោកកឹម សុខាបានប្រាប់បណ្តាញសារព័ត៌មាន Reuters ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យកន្លងទៅ តាមន័យដើមថា៖ «អ្វីដែលលោក(ហ៊ុន សែន)ខ្លាចបំផុតនោះគឺការបរាជ័យក្នុងពេលបោះឆ្នោត។ យុទ្ធសាស្ត្ររបស់គាត់គឺដកថ្នាក់ដឹកនាំរបស់គណបក្សប្រឆាំង។ អញ្ចឹងពេលនេះគាត់កំពុងតែផ្តោតមកលើរូបខ្ញុំ»។
ថ្លែងក្នុងពិធីរំឭកខួបឆ្នាំទី៦៥នៃការបង្កើតស្ថាប័នគយ និងរដ្ឋាករ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធនេះ លោកហ៊ុន សែនបានព្រមានលោកកឹម សុខាថា «កុំព្រហើន» ចំពោះការចោទថា លោកខ្លាច និងមានបំណងយារយីគណបក្សជំទាស់នោះ។
ដោយមិនបញ្ចេញឈ្មោះលោកកឹម សុខាក្នុងទីសារធារណៈ លោកហ៊ុន សែនថ្លែងថា៖ «ខ្ញុំសុំផ្តាំហ្អា! ខ្ញុំមើល Reuters គេថា លោកហ៊ុន សែនភ័យ! នែ៎ហ្អាអ្នកនៅកន្លែងបួនជ្រុង ហ្អា ចេញមុខ ចេញមក។ មិនទាន់ដល់ម៉ោងទេ។ លោកឯងថា លោកហ៊ុន សែនភ័យខ្លាចចាញ់ឆ្នោត តែសុំផ្តាំទៅលោកឯង បើជាប់គុក គ្មានថ្ងៃចេញរួចទេ សូមប្រាប់ឱ្យហើយ។ អាគុក! កុំព្រហើនហ្អា!»។
កាលពីដើម្បីខែមិថុនាកន្លងទៅ អាជ្ញាធរកម្ពុជាបានព្យាយាមចាប់នាំខ្លួនលោកកឹម សុខា ប្រធានស្តីទីគណបក្សជំទាស់នេះម្តងរួមមកហើយចំពោះការមិនចូលបំភ្លឺពីបទជាប់សង្ស័យថា មានរឿងអាស្រូវស្នេហាលួចលាក់ជាមួយនារីកាត់សក់ម្នាក់ឈ្មោះខុម ចាន់តារ៉ាទី។ ការណ៍នេះធ្វើឲ្យរូបលោកសម្រេចស្នាក់នៅក្នុងទីស្តីការគណបក្សខ្លួនដើម្បីសុវត្ថិភាព។ ទោះជាយ៉ាងនេះក៏ដោយ តុលាការក្រុងភ្នំពេញបានចេញដីកាកោះហៅលោកកឹម សុខាជាបន្តបន្ទាប់ បង្គាប់ឲ្យលោកចូលបំភ្លឺបណ្តឹងបរិហារកេរ្តិ៍ និងការប្រព្រឹត្តអំពើសញ្ចារកម្ម បើទោះជាលោកនៅមានអភិយឯកសិទ្ធិជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមនៅឡើយនោះ។
ការចេញដីកានាំខ្លួនលោកកឹម សុខា ប្រធានស្តីទីគណបក្សជំទាស់ធ្វើឡើងមិនប៉ុន្មានខែបន្ទាប់ពីលោកសម រង្ស៊ី ប្រធានគណបក្សជំទាស់ដែលជាដៃគូដ៏ធំរបស់គណបក្សកាន់អំណាច ត្រូវបានអាជ្ញាធរកម្ពុជាប្រកាសតាមចាប់ខ្លួនពីបទបរិហារ និងបង្ខូចកេរិ៍្តឈ្មោះលោកហោ ណាំហុងនិងបទចោទប្រកាន់ជាច្រើនផ្សេងទៀត។ សព្វថ្ងៃនេះ ប្រធានគណបក្សជំទាស់នេះកំពុងស្ថិត នៅនិរទ្ទេសខ្លួនឯបរទេស។
ថ្លែងទៅកាន់អ្នកចូលរួមនាព្រឹកថ្ងៃពុធនេះ លោកហ៊ុន សែនបានថ្លែងការពារចំណាត់ការនេះ តុលាការកម្ពុជា ដោយថា លោកគ្មានអាទិភាពលូកដៃចូលក្នុងការអនុវត្តច្បាប់កម្ពុជាបាននោះទេ។ លោកបន្តថា ការចាប់ខ្លួនលោកកឹម សុខា និងអាចធ្វើឡើងនាពេលណាមួយខាងមុខ បើទោះជាមានបាតុកម្មប្រឆំាងនឹងការចាប់ខ្លួនរូបលោកនោះក៏ដោយ។
«ប៉ុន្តែបើទោះលោកឯងមិនចេញក៏គង់មានថ្ងៃណាមួយគេយកដែរ ហើយកុំគំរាមធ្វើបាតុកម្ម។ សុំទោសនិយាយគ្នាឲ្យច្បាស់ឱ្យហើយ។ កុំគំរាមធ្វើបាតុកម្ម។ បន្លាជួសបន្លាហ្នឹងអាចកើតមានហើយគេធ្វើតែមួយប្រឹប វាចប់សេចក្តីហើយ! សូមកុំនឹកស្មានថា រួចខ្លួនឱ្យសោះ! អាហ្នឹងខ្ញុំសូមប្រាប់ឱ្យហើយ។ ជួនកាលគេកំពុងតែត្រជាក់ចិត្ត ទៅចាក់គេឲ្យទៀត។ អត់ទេណា! ប្រយ័ត្នតែតុលាការចេញបញ្ជា ដល់ម៉ោងហ៊ុន សែននឹងទៅបញ្ជាខ្លួនឯងណា៎»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ ក៏បានគំរាមផងដែរ មិនឲ្យស្ថានទូតនានាលូកដៃចូលក្នុងកិច្ចការតុលាការកម្ពុជាទេ។
លោកកែម ឡី អ្នកវិភាគសង្គម បានហៅការគំរាមចាប់ខ្លួនថ្នាក់ដឹកនាំគណបក្សជំទាស់ថា ជា«ការរំលោភអំណាច»ដោយគណបក្សកាន់អំណាច ហើយថា ប្រសិនបើមានការចាប់ខ្លួនណាមែននោះ រដ្ឋាភិបាលកម្ពុជានឹងអាចរងសម្ពាធធ្ងន់ធ្ងរពីអង្គការជំនួយ និងប្រទេសម្ចាស់ជំនួយ។
«ខ្ញុំគិតថា អ្នកដែលចាប់ខ្លួនគេទៅវិញទេដែលជាអ្នកដែលត្រូវរងសម្ពាធពីគេ និងរងសម្ពាធពីសង្គម ពីព្រោះស្នេហាហ្នឹងវាពិតក៏ដោយ មិនពិតក៏ដោយ វាកើតឡើងភាគច្រើនទៅលើបុរសខ្មែរ។ សំណួរសួរថា៖ តើមានថ្ងៃក្រោយ តើមានអ្នកណានឹងទៅចាត់ការរឿងហ្នឹងអញ្ចឹងៗទេ? ហើយករណីអញ្ចឹងៗ វាតែងតែកើតឡើងចំពោះសិល្បករ កើតឡើងចំពោះមន្ត្រីរដ្ឋាភិបាល ហើយថ្មីៗហ្នឹងគឺកើតឡើងចំពោះមន្ត្រីយើងនៅប្រទេសកូរ៉េ។ អានេះឧទាហរណ៍ថា អញ្ចឹង។យើង ហេតុអីបានជាយើងមិនចាត់វិធានការ ហើយនៅពេលគណបក្សប្រឆាំង យើងចាត់វិធានការ? អាហ្នឹងបង្ហាញនិងសម្តែងនូវភាពមិនស្មើភាពគ្នាចំពោះមុខច្បាប់»។
VOA មិនអាចទាក់ទងមន្ត្រីធំៗនៃគណបក្សជំទាស់ដើម្បីសុំការអធិបាយបាននោះទេ នាថ្ងៃពុធនេះ ដោយមន្ត្រីភាគច្រើនកំពុងស្ថិតនៅប្រទេសហ្វីលីពីន ជាទីដែលគណបក្សជំទាស់កំពុងជួបប្រជុំគ្នា។
មកដល់ពេលនេះ មានក្រុមមន្ត្រីគណបក្សជំទាស់និងសកម្មជនរបស់គណបក្សនេះយ៉ាងហោចណាស់១៧រូបត្រូវបានចាប់ឃុំខ្លួន រួមទាំងអ្នកតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំងចំនួនពីររូបគឺលោកអ៊ុំ សំអាន និងលោកហុង សុខហួរដែលកំពុងស្ថិតក្នុងមន្ទីរឃុំឃាំងទាំងនៅមានអភ័យឯកសិទ្ធិជាអ្នកតំណាងរាស្ត្រ។ អ្នកទាំងពីរត្រូវតុលាការក្រុងភ្នំពេញសម្រេចដាក់ឃុំឃាំងក្នុងពន្ធនាគារ បន្ទាប់ពីពួកគេបានបកស្រាយអំពីបញ្ហាផែនទី និងបញ្ហាព្រំដែនកម្ពុជាវៀតណាម ដែលរដ្ឋាភិបាលយល់ថា អាចបង្កចលាចលក្នុងសង្គម និងអរិភាពរវាងប្រទេសកម្ពុជា និងវៀតណាម។
ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយបណ្តាញព័ត៌មាន Reuters លោកកឹម សុខាក៏បានបញ្ជាក់ពីក្តីបារម្ភរបស់លោកទាក់ទិននឹងសេរីភាព និងយុត្តិធម៌នៅក្នុងការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខផងដែរ។
ចំពោះបញ្ហាបោះឆ្នោតនេះផងដែរ លោកហ៊ុន សែនបានបញ្ជាក់សារជាថ្មីនាថ្ងៃពុធថា រដ្ឋាភិបាលរបស់លោកបានរៀបចំកញ្ចប់ថវិកាដើម្បីរៀបចំការបោះឆ្នោតនាពេលខាងមុខ បើទោះជាមិនមានជំនួយពីបរទេសក៏ដោយ៕