ក្រុមអ្នកធ្វើការរាប់ពាន់នាក់ បានធ្វើបាតុកម្មតវ៉ាកាលពីថ្ងៃអង្គារ ប្រឆាំងនឹងច្បាប់ថ្មីដែលមានភាពចម្រូងចម្រាស ដែលអ្នករិះគន់សម្តែងក្តីបារម្ភថា នឹងជួយដល់អ្នកវិនិយោគដោយរំលោភលើសិទ្ធិការងារ និងបរិស្ថាន។
សកម្មជនការងារ និងអ្នកបរិស្ថានជាច្រើននាក់ បានបង្កើតសម្ព័ន្ធភាពមួយ ប្រឆាំងទៅនឹងច្បាប់ថ្មីនេះ ដែលត្រូវបានអនុម័តដោយរដ្ឋសភាកាលពីល្ងាចថ្ងៃចន្ទ បន្ទាប់ពីត្រូវបានផ្សព្វផ្សាយលើកតម្កើងដោយរដ្ឋាភិបាលរួចមក ថាជាគន្លឹះសម្រាប់ការទាក់ទាញការវិនិយោគមកក្នុងប្រទេសនោះ។
អង្គការការពារសិទ្ធិមនុស្ស Amnesty International បានហៅច្បាប់ថ្មីនេះ ថាជាមហន្តរាយសម្រាប់កម្មករ ដោយនិយាយថា ច្បាប់នេះ នឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពនិងសន្តិសុខការងារ។
លោក Phelim Kine (ហ្វីលឹម ខាញ) មន្ត្រីនៃក្រុមបរិស្ថាន Mighty Earth លើកឡើងថា ច្បាប់ថ្មីនេះ នឹងធ្វើឲ្យការ «កាប់បំផ្លាញព្រៃឈើដែលមិនអាចគ្រប់គ្រងបាននោះ» ក្លាយទៅជារឿងស្របច្បាប់។
រដ្ឋាភិបាលប្រទេសឥណ្ឌូណេស៊ីសង្ឃឹមថា ច្បាប់ថ្មីនេះ ដែលមានបំណងកាត់បន្ថយអំពើពុករលួយក្រោមតុ ដោយការធ្វើវិសោធនកម្មច្បាប់មួយចំនួនដែលមានស្រាប់ហើយដែលគ្របដណ្តប់លើការយកពន្ធ និងគោលនយោបាយបរិស្ថាន និងការងារនោះ នឹងជួយឲ្យមានការទាក់ទាញវិនិយោគទុនបរទេសមកក្នុងប្រទេសឥណ្ឌូណេស៊ី។
ទោះបីជាការអនុវត្តពេលខ្លះមានភាពមិនស្មើគ្នាក៏ដោយ ក៏ប្រទេសឥណ្ឌូណេស៊ីមានច្បាប់ការងារមួយដែលមានភាពតឹងតែង ជាពិសេសពាក់ព័ន្ធជាមួយក្រុមហ៊ុនបរទេស។
ក្រុមអ្នកប្រឆាំងតវ៉ា បានធ្វើការជួបជុំគ្នាក្នុងរដ្ឋធានី និងនៅតាមមជ្ឈមណ្ឌលសំខាន់ៗជាច្រើនកន្លែងទៀតនៅក្នុងប្រទេសប្រជុំកោះមួយនេះ៕