ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រោះទឹក​ជំនន់​ដ៏​ប្រល័យ​នៅ​ឥណ្ឌូ​ណេស៊ី​ ជំរុញ​​ឲ្យ​មាន​ការ​គិតគូរ​ជាបន្ទាន់​លើ​ការសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មី នៅ​​រដ្ឋធានី​ថ្មី


បុរស​ម្នាក់​ដឹក​ម៉ាស៊ីន​បោកខោអាវ គ្រាដែល​លោក​ប្រមូល​របស់របរ​ខូចខាត​ក្នុង​តំបន់​ដែល​រងប៉ះពាល់​ដោយ​ទឹកជំនន់។ (REUTERS/Willy Kurniawan)
បុរស​ម្នាក់​ដឹក​ម៉ាស៊ីន​បោកខោអាវ គ្រាដែល​លោក​ប្រមូល​របស់របរ​ខូចខាត​ក្នុង​តំបន់​ដែល​រងប៉ះពាល់​ដោយ​ទឹកជំនន់។ (REUTERS/Willy Kurniawan)

គ្រោះ​ទឹកជំនន់​ដ៏​អាក្រក់​ក្នុង​រយៈ​ពេល៦​ឆ្នាំ គិតត្រឹម​សប្តាហ៍​មុន​នេះ​នៅ​រដ្ឋធានី​ហ្សាការតា​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​ បាន​សម្លាប់​មនុស្ស​យ៉ាងតិចណាស់​៦០នាក់​ហើយ។ ការណ៍​នេះ នាំ​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​គិតគូរ​កែលម្អ​វិធានការ​ទប់ស្កាត់​គ្រោះ​ទឹកជំនន់​មុន​ពេល​អាច​ផ្លាស់ប្តូរ​ទីតាំង​រដ្ឋធានី។

ភ្លៀង​ធ្លាក់​មិន​ឈប់ នៅ​ថ្ងៃទី៣១​ ខែធ្នូ​ និង​ថ្ងៃ​ទី១​ ខែមករា​ កន្លង​ទៅ​នេះ​បង្ក​ឱ្យ​មាន​ទឹកជំនន់​ជន់​លិច​ផ្លូវ ២៦៨ ខ្សែ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ ក្នុងនោះ​មាន​ផ្លូវ​១៥៨​ខ្សែ​ស្ថិត​នៅក្នុង​តំបន់​ដី​ទាប​ក្នុង​រដ្ឋធានី​ហ្សាការតា​ នេះ​បើ​យោង​តាម​ព័ត៌មាន​លើ​គេហទំព័រ​នៃ​សហព័ន្ធ​អន្តរ​ជាតិកាកបាទ​ក្រហម និងអឌ្ឍចន្ទ​ក្រហម​។ ប្រព័ន្ធ​លូ​ និង​ច្រាំង​ថ្ម​ដែល​ការពារ​ទឹកជំនន់​ក្នុង​រដ្ឋធានី មិន​ទាន់​អាច​ទប់ទល់​នឹង​កម្លាំងព្យុះ​នៅ​ឡើយ​ទេ នេះ​បើ​តាម​ក្រុម​សេដ្ឋវិទូ​អាស៊ី​អាគ្នេយ៍។

យោង​តាម​អត្ថបទ​លើ​គេហទំព័រ​សារព័ត៌មាន​ The Jakarta Post ​ថា កម្រិត​ទឹកភ្លៀង​ឡើង​ដល់​៣៧៧​មីលីម៉ែត្រ​នៅ​យប់​ថ្ងៃ​ទី៣១​ ខែធ្នូ​ ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​កំណត់ត្រា​សម្រាប់​ទីក្រុង​ហ្សាការតា នេះ​រាប់​ចាប់តាំងពី​ឆ្នាំ​២០០៧មក។ ទឹកភ្លៀង​បង្ក​ឱ្យ​មាន​ការបាក់ដី​ ធ្វើ​ឱ្យ​ប្រជាជន​ជាប់​ក្នុង​ផ្ទះ​ និង​បង្ខំ​ឱ្យ​ជម្លៀស​ប្រជាជន​ជាង​១៩.០០០នាក់​ នេះ​បើ​យោង​តាមការ​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុងស្រុក។ ​សហព័ន្ធ​កាកបាទ​ក្រហម​ បាន​កំណត់​ចំនួន​ប្រជាជន​ដែល​ភៀស​ខ្លួន​ថា មាន​ប្រមាណជា​៣១.២៣២​នាក់។

គ្រូ​បង្រៀន​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​អ្នកស្រី​ Paramita Supamijoto នៃ​សាកល​វិទ្យាល័យ​ Bina Nusantara ក្នុង​រដ្ឋធានី​ហ្សាការតា​ បាន​និយាយ​ថា៖

«យើង​មិន​អាច​សូម្បី​តែ​ចេញ​ក្រៅ​ផ្ទះ​ យើង​គិត​ថា យើង​ដូច​នៅ​កណ្តាល​ត្រពាំង​ដ៏​ធំ​អ៊ីចឹង»។

អ្នកស្រី Paramita Supamijoto ប្រាប់ VOAតាម​រយៈ​ទូរសព័្ទ​ថា​ កម្ពស់​ទឹក​ក្នុង​ផ្ទះ​ឡើង​ដល់​ជិត​៤០​សង់ទីម៉ែត្រ​ (៤តឹក)ធៀប​នឹង​ផ្ទៃបាត។ អ្នកស្រីបាន​បន្ត​ថា៖

«ហើយ​កម្ពស់​ទឹកជំនន់​នៅ​ក្រៅ​ផ្ទះ​វិញ​រឹតតែ​ខ្ពស់​ជាង​នេះ​ទៅ​ទៀត​ ខ្ញុំ​គិត​ថា​អាច​មាន​កម្ពស់​៥០ ឬ ៦០​ សង់ទី​ម៉ែត្រ​ ស្ទើរ​តែ​ត្រឹម​ចង្កេះ​មនុស្ស​ពេញ​វ័យ​ទៅ​ហើយ។ បន្ទាប់ពី​ទឹកស្រក​ វាបន្សល់​នូវភក់​ស្អុយ»។

សហព័ន្ធ​កាកបាទ​ក្រហម រាយការណ៍​ថា គ្រោះ​ទឹកជំនន់​នេះ​បណ្តា​ល​ឱ្យ​មាន​មនុស្ស​១០០​នាក់ រង​របួស។ ស្ថាប័ន​នេះ អំពាវនាវ​ឱ្យ​មាន​ការបរិច្ចាកគ​ចំណី​អាហារ​ ភួយ​មុង​ខ្នើយ​ កញ្ចប់​ជំនួយ​សម្រាប់​កុមារ ទឹកស្អាត​ និង​ថ្នាំ​សង្កូវ។ ផ្ទះ​មួយ​ចំនួន​ទឹកជន់​លិច​ដល់​ជាន់ទី​២។

លោក​ Rajiv Biswas ប្រធាន​ក្រុម​សេដ្ឋវិទូ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារIHS Markit ថ្លែង​ថា ប្រជាជន​១១លាន​នាក់​ក្នុង​ទីក្រុង​នេះ​ ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​កែលម្អ​ប្រព័ន្ធ​ការពារ​ទឹកជំនន់​ បើ​ទោះ​ជា​រដ្ឋាភិបាល​បាន​ធ្វើ​ច្រើន​ណាស់​មក​ហើយ​ក៏ដោយ។ កាលពី​ខែកក្កដា​ឆ្នាំមុន​ លោក​ប្រធានាធិបតី​ Joko Widodo បាន​ណែនាំ​ឱ្យ​សាងសង់​ច្រាំង​ថ្ម​ទប់​ទឹក​សមុទ្រ​ជុំវិញ​រដ្ឋធានី​ហ្សាការតា​ ដែល​ដី​ក្នុង​តំបន់​នោះ ភាគច្រើន​ស្ថិត​នៅ​ក្រោម​នីវ៉ូ​ទឹក​សមុទ្រ។

លោក​ Biswas បាន​និយាយ​ថា​ ក្រុម​មន្រ្តី​ទាំងអស់​ ត្រូវតែ​បង្ហាញ​ការប្តេជ្ញាចិត្ត​ក្នុង​កម្រិតថ្មី​មួយ។

ជំហាន​ធំ​បំផុត​ អាច​ជា​ការរក​ទីតាំង​ថ្មី​សម្រាប់​រដ្ឋធានី​នៃ​ប្រទេស​ប្រជុំ​កោះ​ដ៏​ធំ​នេះ​ គឺ​ប្តូរ​ទៅ​តំបន់​ Kalimantan ខាងកើត​ នៅ​លើ​កោះ​ Borneo វិញ។ លោក​ប្រធានាធិបតី​ បាន​ប្រកាស​ថា​ការប្តូរ​ទៅ​ទីតាំង​ថ្មី​នេះ នឹង​ធ្វើ​នៅ​ខែ​សីហា បន្ទាប់ពី​មាន​ការសិក្សា​អស់រយៈ​ពេល​៣​ឆ្នាំ។ ទីក្រុង​ថ្មី​នោះ មាន​កំពង់​ផែសមុទ្រ​ អាកាស​យានដ្ឋាន​ ហើយ​មាន​ប្រជាជន​មាន​ជីវភាព​មធ្យម​ និង​កម្រិត​យល់​ដឹង​ល្អ​រួចជា​ស្រេច។

លោក​ Biswas បាន​និយាយ​ថា​៖

«ខ្ញុំគិត​ថា​ មិនមែន​ដោយសារតែ​ហេតុផល​គ្រោះ​ទឹកជំនន់​នេះ​ ធ្វើ​ឱ្យ​មាន​ការងើប​តវ៉ា​ខាងនយោបាយ​នោះ​ទេ។ ប្រសិនបើ វា​ជា​រឿង​នយោបាយ​នោះ​ វា​អាច​ជា​រឿង​មាន​ប្រយោជន៍​ដល់​លោក​ប្រធានាធិបតី ដែល​កំពុង​ជំរុញ​ឱ្យ​កសាង​រដ្ឋធានី​ថ្មី​ដែល​មាន​ទីតាំង​ថ្មីនៅ​កោះ​មួយ​ផ្សេង​ទៀត ហើយ​ហេតុផល​មួយ​ទៀត​ គឺ​ការ​កសាង​ទីក្រុង​ថ្មី នៅ​ទីតាំងដែល​អាច​រងផល​ប៉ះពាល់​ដោយ​គ្រោះ​ទឹកជំនន់​ និង​គ្រោះ​ធម្មជាតិ​ផ្សេងៗ​តិចតួច​ជាង។

ក្រុម​អ្នកវិភាគ​ លើកឡើង​ដោយ​ប្រុងប្រយ័ត្ន​ថា​ ការផ្លាស់ប្តូរ​ទីក្រុង​ថ្មី​នេះ​ នឹង​ចំណាយ​ពេល​ច្រើន​ឆ្នាំ។ ក្នុង​ពេល​នេះ​ រដ្ឋធានីហ្សា​ការតា​ កំពុង​មាន​ប្រជាជន​ច្រើន​កុះករ​ស្រាប់​ និង​ជា​គោលដៅ​ភ្ញៀវ​ទេសចរ និង​ជា​មជ្ឈមណ្ឌល​របស់​រដ្ឋាភិបាល​រួច​ទៅ​ហើយ។

រដ្ឋធានី​ហ្សាការតា​ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ទីក្រុង​មាន​ខ្យល់​ពុល ហើយ​ប្រជាជន​រស់នៅកកកុញ​ ដោយ​ក្នុង​នោះ​ប្រជាជន​ជា​ច្រើន​គ្រួសារ​រស់​នៅ​ផ្ទះ​ជញ្ជាំង​ជាប់ៗ​គ្នា​តាម​បណ្តោយ​មាត់​ទន្លេ។

អ្នកស្រី​ Supamijoto និយាយ​ថា ផ្ទះសម្បែង​មិន​ត្រូវ​សង់​នៅក្នុង​តំបន់​ទឹក​ជំនន់​ទេ​ ហើយ​ប្រជាជន​ ត្រូវ​ឈប់​ចោល​សំរាមក្នុង​ទន្លេ។ អ្នកស្រី​ ផ្តល់​យោបល់​ថា ទន្លេ​គួរ​តែ​រក្សា​តាម​លក្ខណៈ​ធម្មជាតិ​របស់​វា។

លោក​ Biswas និយាយ​ថា ប្រព័ន្ធ​លូ​ក្នុង​ទីក្រុង​ តែងតែ​ស្ទះ​នៅ​ពេល​មាន​គ្រោះ​ទឹកជំនន់​ធំៗ។

អ្នកស្រី​ Supamijoto បាន​បន្តថា៖

«ការផ្លាស់​ទីតាំង​រដ្ឋធានី​ថ្មី​ គឺ​ជា​គំនិត​ល្អ​ ប៉ុន្តែ​វា​មិន​អាច​ផ្លាស់ប្តូរ​ក្នុង​រយៈ​ពេល២-៣​នាទី​បាន​ឡើយ​ ពីព្រោះ​រដ្ឋធានី​ហ្សាការតា​ ធ្លាប់​ជា​រដ្ឋធានី​អស់​រយៈកាល​ជា​យូរ​មក​ហើយ ម្យ៉ាងទៀត​ប្រជាជន​ស៊ាំ​នឹង​ការរស់​ទៅ​ទីនេះ​ស្រាប់​ទៅ​ហើយ។ អ៊ីចឹង​ ប្រសិន​បើ គេ​ចង់​ឱ្យ​ពួក​យើង​ផ្លាស់​ទៅរដ្ឋធានី​ថ្មី វា​នឹង​ត្រូវ​ឆ្លង​នីតិវិធី​ និង​បញ្ហា​ច្រើន​ណាស់​ យើង​មិន​អាច​ធានា​ថា រដ្ឋធានី​ថ្មី​នេះ​ នឹង​មាន​សុវត្ថិភាព​ពីគ្រោះ​ទឹកជំនន់​ និង​គ្រោះ​ធម្មជាតិ​ផ្សេងៗ​ឡើយ»។

អ្នកស្រី​ Marie Diron នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ Moody ផ្តល់​សេវា​ជូន​វិនិយោគិន​នៅ​ប្រទេស​សិង្ហបុរី​ និយាយ​ថា​ រដ្ឋធានី​ហ្សាការតា​ ធ្លាប់​រងគ្រោះ​ដោយ​ទឹកជំនន់​ជាញឹកញាប់ និង​ត្រូវ​ចំណាយ​ពេល​២-៣សប្តាហ៍​ដើម្បី​អាច​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​បាន។ គ្រោះទឹក​ជំនន់​កាលពី​ខែមករា​ ឆ្នាំ២០១៣​ បាន​សម្លាប់​មនុស្ស​ជាច្រើន​សិប​នាក់​ និង​បាន​បង្ក​ឱ្យ​លិចលង់​តំបន់​ទីប្រជុំជន​ពាណិជ្ជកម្ម​រដ្ឋធានី​ហ្សាការតា​នោះ​ផងដែរ។

អ្នកស្រី Marie Diron បាន​បន្ត​ថា៖

«ដំបូង​ យើង​នឹង​ផ្តើម​សង្កេត​លើ​ល្បឿន​នៃ​ការស្តារ​ឡើង​វិញ ថា​តើ​មាន​វិធានការ​បែបណា​ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ដោយ​គ្រោះទឹក​ជំនន់​នេះ»។

អ្នកស្រី​ Marie Diron រំពឹង​ថា​ប្រទេស​ឥណ្ឌូណេស៊ី​ នឹង​វិល​ទៅ​រក​ «ស្ថានភាព​ដែល​មាន​សកម្មភាព​សេដ្ឋកិច្ច​ធម្មតាវិញ» ក្នុង​រយៈ​ពេល​២-៣​សប្តាហ៍​ទៀត។ ប៉ុន្តែ​ប្រសិនបើ​ស្ថានភាព​សេដ្ឋកិច្ច​មិន​វិល​ទៅ​ស្ថានភាព​ធម្មតា​ទេ យើង​នឹង​បន្ត​សង្កេត​តាមដាន​ស្ថានភាព​ប្រទេស​ទាំ​ងមូល​តែម្តង។

សហព័ន្ធ​កាកបាទ​ក្រហម​បាន​ឲ្យ​ដឹង​ថា តាម​ការព្យាករណ៍​ឃើញ​ថា មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ អំឡុង​ពេល​១០ថ្ងៃ​ដើម​ខែមករា ដែល​នេះ នឹង​ធ្វើ​ឱ្យ​ «កម្រិត​ទឹក​នឹង​បន្ត​កើន​ឡើង»៕

ប្រែ​សម្រួល​ដោយ​លោក​ កោះ​ សុគន្ធី

វីដេអូថ្មីៗបំផុត

XS
SM
MD
LG