ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

សកម្មជន​បក្ស​ប្រឆាំង​ចង់​ចូល​រួម​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ដោយ​រង់ចាំ​ដំណោះ​ស្រាយ​ពី​ថ្នាក់​ដឹកនាំ​បក្ស


រូបឯកសារ៖ កញ្ញា ​ស៊ិន ចាន់​​ពៅ​រ៉ូហ្សេត ចៅសង្កាត់រង​ទី​ពីរ​នៃ​សង្កាត់​​អូចារ​នៃ​គណបក្ស​សង្រ្គោះជាតិ​ខេត្តបាត់ដំបង​ ផ្ដល់​បទសម្ភាសន៍​ជាមួយ​VOA​ កំឡុង​ពេល​ចូលរួមរួម​សិក្ខាសាលា​ចលនា​ស្រ្តី​នៅ​ទី​ស្នាក់ការ​បក្ស​សង្រ្គោះជាតិ​ នៅ​ភ្នំពេញ ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។ (ឡេង ឡែន/វីអូអេ)

ខណៈ​ការ​បោះឆ្នោតក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ខិត​ជិត​ចូល​មក​ដល់ គឺ​នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​ ២០​២២ សកម្មជន​ថ្នាក់​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បង្ហាញមតិ​ចម្រុះ​គ្នា​ចំពោះ​ការ​ចូល​រួម​សកម្មភាព​ក្នុង​ឆាក​នយោបាយ​ឡើង​វិញ។ ពួកគេ​កំពុង​រង់ចាំ​ដំណោះ​ស្រាយ​មួយ​ពី​ថ្នាក់​ដឹកនាំ​របស់​ពួកគេ ដែលកំពុង​ជាប់​បណ្តឹង​តុលាការ និង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។

ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ​ ២០១៧ សកម្មជន​បក្ស​ប្រឆាំង​នៅ​ថ្នាក់​ក្រោម​ដែល​ជា​មូលដ្ឋាន​រឹងមាំ​មួយ​របស់​បក្ស​ជាង ​៥ ​ពាន់​នាក់​បាន​បាត់​បង់​តំណែង។

ក្នុង​ចំណោម​នោះ ក៏​មាន​កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូហ្សេត អាយុ​ ២៦ ​ឆ្នាំ ជា​អតីត​ចៅ​សង្កាត់​អូចារ ក្នុង​ខេត្ត​បាត់​ដំបង។ កញ្ញា​ដែល​បាន​ចូលរួម​ជាមួយ​គណបក្ស​សម​រង្ស៊ី​ តាំង​ពី​អាយុ​ ១៦ ​ឆ្នាំ លើក​ឡើង​ថា ​ប្រសិន​បើ​មិន​មាន​គណ​បក្ស​សង្គ្រោះ​ជាតិចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នោះ​ទេ កញ្ញា​បដិ​សេធ​មិន​ចូលរួម​សកម្មភាព​នយោបាយ​ដាច់​ខាត។

កញ្ញា​ប្រាប់​ VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ «ប៉ុន្តែ​សម្រាប់​ខ្ញុំ​ការ​ពិចារណា​ចូលរួមឬ​មិន​ចូលរួម​សម្រាប់​ពេល​នេះ ​គឺ​ខ្ញុំ​នៅ​តែ​មាន​ជំនឿ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រឡប់​មក​វិញ ហើយ​បើ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ បើ​គ្មាន​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ធ្វើ​វិញ​ទេ គឺ​ខ្ញុំ​ដាច់​ខាត​ខ្ញុំ​ជា​ពលរដ្ឋ​ធម្មតា»។

អតីត​ចៅ​សង្កាត់​ដែល​បាត់​បង់​តំណែង ហើយ​ត្រូវ​បាន​បែង​ចែក​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ដឹង​ទៀត​ថា ​កញ្ញា​មិន​ជំទាស់​ការ​បង្កើត​គណបក្ស​ដទៃ​ទៀត​ពី​សំណាក់​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ហើយ​សង្ឃឹម​ថា ​គណបក្ស​ទាំង​នោះ​ផ្តោត​លើ​ការ​បម្រើ​ប្រជាពលរដ្ឋ មិន​មែន​គ្រាន់​តែ​ជា​គ្រឿង​លម្អ​លទ្ធិ​ប្រជា​ធិប​តេយ្យ។

កញ្ញា​បន្ថែម​ថា៖ «ខ្ញុំ​ក៏​គាំទ្រ​ដែរ​ឲ្យ​តែ​គេ​បម្រើ​ប្រជា​ពលរដ្ឋ គិត​គួរ​ពី​ប្រយោជន៍​ប្រទេស​ជាតិ​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បើ​គ្រាន់​តែ​ទៅ​សុំ​សិទ្ធិ​បង្កើត​គណ​បក្ស​គ្រាន់​តែ​លម្អ​សួន លម្អ​ឲ្យ​គណបក្ស​កាន់​អំណាច​ទេ​នេះ គឺ​ខ្ញុំ​ក៏​ដូច​ជាពលរដ្ឋដទៃ​ទៀត​ក៏​មិន​គាំទ្រ​ដែរ»។​

កញ្ញា រ៉ូហ្សេត បន្ថែម​ថា​ កញ្ញា​ចង់​ឃើញ​គណបក្ស​នយោ​បាយ​មាន​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិ ដោយ​ពុំ​មានការ​រើស​អើង ការ​បង្ខិតបង្ខំ និង​ការ​រឹតត្បិត​ផ្សេងៗ ក៏​ដូចជា​ការ​អនុញ្ញាត​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​វិល​ត្រឡប់​មក​វិញ ដើម្បី​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​និង​យុត្តិធម៌។

អតីត​ចៅ​សង្កាត់​រូប​នេះ​ ក៏​បាន​ឲ្យ​ដឹង​ថា ​សព្វ​ថ្ងៃ​នេះ កញ្ញា​នៅ​រង​ការ​តាមដាន​និង​ធ្វើ​ទុក្ខម្នេញ​តាម​រយៈ​ការ​ចោទ​ប្រកាន់​ផ្សេងៗពី​អាជ្ញាធរ ដែល​នាំ​ឲ្យ​កញ្ញា​មាន​ការ​លំបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទ​ង​ទូទៅ​និង​ការ​ប្រកប​មុខរបរ​ផ្សេងៗ។

រូបឯកសារ៖ លោក​ កឹម​ សុខា​ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិដ៏ទៃទៀត​ នៅក្នុង​ក្បួន​យុទ្ធនា​ការ​ឃោសនា​រក​សំលេងឆ្នោត ថ្ងៃ​ដំបូងរបស់គណបក្ស​សង្គ្រោះជាតិ​ នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/វីអូអេ)
រូបឯកសារ៖ លោក​ កឹម​ សុខា​ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិដ៏ទៃទៀត​ នៅក្នុង​ក្បួន​យុទ្ធនា​ការ​ឃោសនា​រក​សំលេងឆ្នោត ថ្ងៃ​ដំបូងរបស់គណបក្ស​សង្គ្រោះជាតិ​ នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/វីអូអេ)

ចំណែក​លោក ឌឹម សារឿន អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា​ លោក​មាន​បំណង​ចង់​ចូលរួម​ជាមួយគណបក្ស​នយោបាយ​ណា​ដែល​ខ្លួនលោក​ពេញ​ចិត្ត។ លោក​បន្ត​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​វិល​ត្រឡប់​មក​វិញ​ទេ លោក​នឹង​ជ្រើស​រើស​ចូលរួម​ជាមួយ​គណ​បក្ស​ថ្មី។

លោក​ប្រាប់ ​VOA ​ថា៖ «ការ​វិលត្រឡប់​មក​គណ​បក្ស​សង្គ្រោះ​ជាតិ​ជា​រឿង​មួយ​ដោយ​ឡែក។ រឿង​ទីពីរ​ បើ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​វិល​ត្រឡប់​មក​ទេ ខ្ញុំ​មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​ជ្រើស​រើស​គណបក្ស​ណា​មួយ​ដែល​ខ្ញុំ​ពេញ​ចិត្ត»។​

លោកបន្ថែម​ថា ក៏​អាច​មាន​លទ្ធភាព​ដែល​លោក​នឹងចូល​រួម​ជាមួយ​គណបក្ស​ថ្មី​បង្កើត​ឡើង​ ដោយ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​ទទួល​បាន​នីតិសម្បទា​នយោបាយ​ឡើង​វិញ​ផង​ដែរ។

លោក ឌឹម សារឿន ដែល​បាន​ចូល​ប្រឡូក​ក្នុង​ឆាកនយោ​បាយ​តាំង​ពី ​១៩៩៥ ​មក​ បាន​បញ្ជាក់​ប្រាប់​VOA ថា​ លោក​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ៣៣ ​ថ្ងៃ ក្រោម​បទ​ចោទ​ប្រកាន់ ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍» ហើយ​លោក​ថា លោក​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​នៅ​ឡើយ។

ចំណែក​អ្នកស្រី ម៉ាន់ ចំប៉ា ត្រូវ​បាន​បោះ​ឆ្នោត​ឲ្យ​ជាប់​ជា​មេឃុំលាង​ដៃ ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្រុក​អង្គរ​ធំ ខេត្ត​សៀមរាប កាល​ពី​ខែ​មិថុនា ឆ្នាំ​ ២០១៧។ ប៉ុន្តែ​អ្នកស្រី​បាន​កាន់​តំណែង​នេះ​បាន​រយៈ​ពេល​តែ ៣ ខែ​កន្លះ​ប៉ុណ្ណោះ ហើយក៏​បាត់​បង់​តំណែង​នេះ នៅ​ពេលតុលាការ​កំពូល​បាន​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ។

បន្ទាប់​មក អ្នកស្រី​បាន​ឈប់​ពី​នយោបាយ​អស់​រយៈ​ពេល​ជាង ​៣ ឆ្នាំ​មក​នេះ មក​ប្រកប​របរ​ជា​កសិករ​វិញ ហើយ​មិន​មាន​បំណង​ចូលរួម​ជាមួយគណ​បក្ស​ដែល​បង្កើត​ឡើង​ដោយ​អតីត​សមាជិក​ជាន់​ខ្ពស់​របស់​បក្ស​ប្រឆាំង​ឡើយ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ជាប់​កំពុង​រក​ស៊ី​ផង​ ដូច​ជា​អត់​បាន​គិត​រឿង​នយោបាយ រឿង​អី​ទៀត​ផង។ តែ​បើ​អាច​មាន​ឱកាស ​ខ្ញុំ​អត់​បោះ​បង់​ចោល​ទេ»។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​មិន​មាន​លទ្ធ​ភាព​នោះ​សម្រាប់​ការ​វិលត្រឡប់​មក​វិញ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​សារ​តែ​មេដឹក​នាំ​គណ​បក្ស​នេះ​កំពុង​ប្រឈម​នឹង​ទោស​ទណ្ឌ​ផ្លូវ​ច្បាប់។

លោក​បញ្ជាក់​ថា៖ «ដូច្នេះ​កុំ​ឲ្យ​សង្ឃឹម​ថា​ ខ្មោច​អតីត​បក្ស​ប្រឆាំង​ហ្នឹង​រស់​ឡើង​វិញ។ វា​ទៅ​ជា​រលួយ​ឆ្អឹង​អស់​ទៅ​ហើយ​ហ្នឹង។ មិន​ត្រឹម​តែ​ឆ្អិន​ទេ រលួយ​សាច់​ រលួយ​ឆ្អឹង​អស់​ទៅ​ហើយ។ អញ្ចឹង​ការ​ដែល​រង់​ចាំ​ការ​រស់​ឡើង​វិញ​ ឬ​ការ​វិល​ត្រឡប់​របស់​ទណ្ឌិត​រត់​ចោល​ស្រុក​ត្រឡប់​ចូល​ស្រុក​វិញ ​វា​អត់​មាន​នោះ​ទេ។ ទណ្ឌិត​គឺ​មាន​ផ្លូវ​តែ​មួយ​ទេ កាល​ណា​ឃើញ​ក្បាល​កន្លែង​ណា ​គឺ​ចាប់​វាយ​ខ្នោះ​កន្លែង​ហ្នឹង បញ្ចូល​គុក​កន្លែង​ហ្នឹង។ អត់​មាន​ទៅ​សណ្ឋាគារ​ទេ អា​នេះ​ទៅ​ពន្ធនាគារ»។

រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ខាងក្រៅ​រដ្ឋសភា​ក្នុង​ទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ខាងក្រៅ​រដ្ឋសភា​ក្នុង​ទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក​ សុខ ឥសាន ដែល​ជា​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​មក​ពី​បក្ស​កាន់​អំណាច ​បន្ត​ថា ​អតីត​មន្រ្តី​ថ្នាក់​មូលដ្ឋាន​គួរ​ជ្រើស​ចូល​រួម​ជាមួយ​នឹង​គណ​បក្ស​តូចៗ​បង្កើត​ឡើង​ដោយ​អតីត​សមាជិក​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សិទ្ធិធ្វើ​នយោបាយ​ឡើយ​វិញ។

លោក​បន្ថែម​ថា៖ «យល់​ល្អ​ គាត់​ឈប់​ធ្វើ​សកម្មភាព​បម្រើ​ឲ្យ​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ ដែល​ក្បាល​ម៉ាស៊ីន​នៅ​ក្រៅ​ប្រទេស។​ អាហ្នឹង​ទី​មួយ។ ទី​ពីរ ​គាត់​នៅ​មាន​សិទ្ធិ​នយោបាយ​ អញ្ចឹង​គាត់​អាច​ចូល​គណ​បក្ស​ណា​មួយ​ដែល​ស្រប​ច្បាប់ ដែល​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​មហាផ្ទៃ​ ស្រប​ច្បាប់​អាហ្នឹង​គាត់​ចូល​បាន។ តែ​បើ​ធ្វើ​សកម្មភាព​គាំទ្រ​អតីត​បក្ស​ប្រឆាំង​ អាហ្នឹង​គឺ​មាន​តែ​ផ្លូវ​មួយ​ទេ គឺ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ហើយ​ត្រូវ​សមត្ថកិច្ច​គេ​ចាត់​វិធាន​ការ​ចាប់​បញ្ចូល​គុក ដូច​អា​ដែង​មេ​វា​អញ្ចឹង»។

លោក ​មាស​ នី អ្នក​វិភាគ​សង្គម​និង​នយោបាយ​បាន​ថ្លែង​ប្រាប់​ VOA ​ថា​ រឿង​សំខាន់​គឺ​អាស្រ័យ​លើ​ការ​សម្រេច​របស់គណ​បក្ស​សង្គ្រោះ​ជាតិថា​ ត្រូវ​រង់​ចាំ​ឬ​ចូលរួមក្នុង​បរិបទ​នយោបាយ​ថ្មី​ ក្នុង​ទម្រង់ ឬ​មធ្យោបាយ​ណា​មួយ នៅ​ពេល​អនាគត​ខាង​មុខ។

លោក​បន្ថែម​ថា ​ការ​បន្ត​ឃ្លាំមើល​លើ​សកម្មភាព​របស់​អតីត​មន្ត្រី​ពី​គណបក្ស​ប្រឆាំង ​គឺ​ជា​ផ្នែក​មួយនៃ​យន្ត​ការ​ប្រជា​ការពារ ដែល​ត្រូវ​បាន ​«បង្កើត​ឡើង​នៅ​ក្នុង​រូបភាព​មួយ​ ដើម្បី​ធ្វើ​ការ​តាម​ដានលើ​គណ​បក្ស​ណា​ដែល​មិន​មែន​ជា​គណបក្ស​កាន់​អំណាច»។

គួរ​បញ្ជាក់​ថា ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ថ្ងៃ​ទី​ ៤ ​ខែ​មិថុនា​ ឆ្នាំ​ ២០១៧​ គណបក្ស​សង្គ្រោះ​ជាតិ​ដណ្ដើម​បាន​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន ​៥០០៧​ និង​ទទួល​បាន​តំណែង​ជា​មេ​ឃុំ​ចៅ​សង្កាត់​ចំនួន​ ៤៨៩ ​ក្នុង​ចំណោម​ ១.៦៤៦​ ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស។ គណបក្ស​ប្រឆាំង​នេះទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ជាង​ ៣​ លាន​នាក់៕

XS
SM
MD
LG