ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កិច្ច​ប្រឹងប្រែង​ថ្មី​ក្នុង​ការ​សង់​​បង្គន់​អនាម័យ​នៅ​តាម​​តំបន់​ជនបទ​ក្នុង​​ប្រទេស​​កម្ពុជា​


លោក​ Cordell​ Jacks​ ជា​នាយក​នៃ​កម្មវិធី​ទឹក​និង​អនាម័យ​របស់​អង្គការ​ IDE​ ឈរ​ក្បែរ​បង្គន់​ EZ​ Latrine​។

ភ្នំពេញ៖​ នៅ​ប្រទេស​កម្ពុជា​ កិច្ចខិតខំ​ប្រឹងប្រែង​ថ្មី​មួយ​ កំពុង​ផ្តោត​ទៅ​លើ​ការ​ពង្រឹង​ឲ្យ​មាន​អនាម័យ​និង​សុខភាព​ នៅ​តាម​តំបន់​ជនបទ​ ដោយ​ផ្តល់​បង្គន់​តាម​ផ្ទះនិមួយៗ។​ ការ​សង់​បង្គន់​តាម​របៀប​ថ្មី​និង​មិន​ធម្មតា​នេះ​ ហាក់​ដូច​ជា​បាន​ទទួល​លទ្ធផលពិត​ប្រាកដ។

បង្គន់​ ជា​វត្ថុ​សាមញ្ញ​តែ​ចាំបាច់​ណាស់។​ តំបន់​ជនបទ​ភាគ​ច្រើន​នៅ​ប្រទេស​កម្ពុជា​ មាន​ការ​ខ្វះខាត​បង្គន់​ប្រើប្រាស់។​ កាល​ពី​ ៥​ ឆ្នាំ​មុន​ នៅ​តំបន់​ជនបទ​កម្ពុជា​ ក្នុង​ចំណោម​ពលរដ្ឋ​ ៧​នាក់​ មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ ដែល​មាន​បង្គន់​ប្រើប្រាស់។

ដូច​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន​ទៀត​ដែរ ការ​ខ្វះ​បង្គន់​ប្រើប្រាស់​ បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា​ចំណាយ​ប្រាក់​យ៉ាង​ច្រើន។​ នៅ​សហគមន៍​ជនបទ​ ដែល​ចំនួន​ប្រជាពលរដ្ឋ​៧៥​%រស់នៅ​ គ្រួសារ​ជា​ច្រើន​គ្មាន​បង្គន់​អនាម័យ​ប្រើប្រាស់​ទេ​ ហើយ​ពួកគេ​បន្ទោរបង់តាម​ទីវាល។

ជា​លទ្ធផល​គឺ​ មាន​លាមក​មនុស្ស​នៅ​ពាស​វាល​ពាស​កាល​ដែល​គេ​មិន​បាន​ដាក់​ថ្នាំ​សម្លាប់​មេរោគ​ ហើយ​ដែល​អាច​ចម្លង​ជម្ងឺ​ និង​បណ្តាល​ឲ្យ​ស្លាប់។​ ការ​ខ្វះ​បង្គន់​ប្រើប្រាស់​ ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ មាន​អត្រា​មរណៈ​របស់​កុមារ​ខ្ពស់​បំផុត​នៅ​ទ្វីប​អាស៊ី។​ ហើយ​ធនាគារ​ពិភពលោក​ឲ្យ​ដឹង​ថា​ ការ​ខ្វះ​បង្គន់​ប្រើប្រាស់​ បណ្តាល​ឲ្យ​ប្រទេស​កម្ពុជា​ ចំណាយ​ប្រាក់​ ៤៥០​លាន​ដុល្លារ​ ទៅ​លើ​ការ​ថែទាំ​សុខភាព​ក្នុង​មួយ​ឆ្នាំៗ។

វេជ្ជបណ្ឌិត​ជា​ សំណាង​ ជា​នាយក​មន្ទីរ​សុខភាព​ជនបទ​នៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ។​ ដោយ​មាន​ជំនួយ​ពី​អ្នក​ផ្តល់​អំណោយ​អន្តរជាតិ​នោះ​ ការិយាល័យ​របស់​លោក​មាន​គោលដៅ​ផ្តល់​បង្គន់​ទៅ​ឲ្យ​ផ្ទះ​ចំនួន​៣០%​នៅ​ក្នុង​ជនបទ​ ឬ​ សំរាប់​ផ្ទះ​៧សែន​ ២ម៉ឺន​ខ្នង​ នៅ​មុន​ដំណាច់​ឆ្នាំ​ ២០១៥​ ចាប់​ពី​ចំនួន​៥​ សែន​ក្នុង​ពេល​ឥឡូវ​នេះ។

រដ្ឋាភិបាល​ប្រើ​ទូរទស្សន៍​ដើម្បី​ផ្សព្វផ្សាយ​ និង​ក្រុម​ការងារ​ត្រូវ​បាន​បញ្ជូន​ទៅ​តាម​ភូមិ​ ដើម្បី​ពន្យល់​ណែនាំ​អំពី​ផល​ប្រយោជន៍​នៃ​ការ​ប្រើប្រាស់​បង្គន់។​ លោក​វេជ្ជបណ្ឌិត​ សំណាង​ មាន​ប្រសាសន៍​ថា​ កម្មវិធី​នោះ​សង្កត់​ធ្ងន់​ទៅ​លើ​សារ​ចំនួន​បី។

«សារ​ទី​មួយ​ គឺ​សង់​បង្គន់​និង​ប្រើ​បង្គន់​ដោយ​ធនធាន​ផ្ទាល់​របស់​ពួកគេ។​ សារ​ទី​ពីរ​ គឺ​ការ​លាង​សំអាត​ដៃ​ ដោយ​ប្រើ​សាប៊ូ​ក្រោយ​ពី​បន្ទោរបង់​និង​មុន​ពេល​បរិភោគ​អាហារ។​ សារ​ទី​បី​គឺ​ យើង​និយាយ​អំពី​ការ​ហូប​ទឹក​ស្អាត​នៅ​តាម​ផ្ទះ​ និង​ការស្តុក​ទឹក​ឲ្យ​មាន​សុវត្ថិភាព​នៅ​តាម​ផ្ទះ»។

អង្គការ​សប្បុរស​អភិវឌ្ឍន៍​កសិកម្ម​មួយ​ ឈ្មោះ​សហគ្រាស​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​កម្ពុជា​ ហៅ​កាត់​ថា​ IDE​ បាន​ចូលរួម​កិច្ចខិតខំ​ប្រឹងប្រែង​នោះ​ ហើយ​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​រក​ឃើញ​វិធី​មួយ​ ដើម្បី​ឲ្យ​គ្រួសារ​នានា​សង់​បង្គន់​អនាម័យ​នោះ​ ហើយ​ត្រូវ​ចំណាយ​ប្រាក់​ដោយ​ខ្លួន​ឯង។

កម្មវិធី​នោះ​ហាក់​ដូច​ជា​ពិបាក​នឹង​ជឿ​ថា​ មាន​ដំណើរ​ការ​ណាស់​នៅ​ក្នុង​ប្រទេស​មួយដែល​ភាព​ក្រីក្រ​នៅ​មាន​គ្រប់​ទី​កន្លែង​នោះ។​ ក៏​ប៉ុន្តែ​លោក​ Cordell​ Jacks​ ជា​នាយក​នៃ​កម្មវិធី​ទឹក​និង​អនាម័យ​របស់​អង្គការ​ IDE​ មាន​ប្រសាសន៍​ថា​ កម្មវិធី​នោះ​មាន​ដំណើរ​ការ​ ដោយ​សារ​តែ​បង្គន់​ EZ​ Latrine​ ដែល​ងាយ​ស្រួល​សង់​ឡើង​នេះ។

ដោយ​ដឹង​ថា​ ការ​ចំណាយ​ច្រើន​បំផុត​ក្នុង​ការ​សង់​បង្គន់​ ត្រូវ​ចំណាយ​ទៅ​លើ​ស៊ីម៉ង់​នោះ​ អង្គការ​ IDE​ ច្នៃ​ស៊ីម៉ង់​មួយ​ ដោយ​លាយអង្កាម​នៅ​ក្នុង​ស៊ីម៉ង់​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ។​ ហើយ​ការ​កែច្នៃ​ឥដ្ឋ​រឹង​ដែល​ជា​គ្រឹះ​នៃ​បង្គន់​នោះ​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ ក្នុង​ការ​សង់​បង្គន់​ទាំង​នោះ។

អង្គការ​ IDE​ បាន​បណ្តុះ​បណ្តាល​សហគ្រិន​ក្នុង​តំបន់​ ជាពិសេស​អ្នក​ដែល​ផលិត​ផលិតផល​ស៊ីម៉ង់​ស្រាប់​ ឲ្យ​ចេះ​ផលិត​ និង​លក់​បង្គន់​ទាំងនោះ។

«អ្នក​ផលិត​បង្គន់​ នឹង​ដឹក​បង្គន់​ទាំងនោះ​តាម​រថយន្ត​ដឹក​ទំនិញ​របស់​ពួកគេ​ទៅ​កាន់​ភូមិនានា​ និង​ទីផ្សារ​ ហើយ​ណែនាំ​អ្នកស្រុក​អំពី​ការ​ប្រើ​បង្គន់​ដែល​មាន​អនាម័យ​ត្រឹមត្រូវ​ ហើយ​នឹង​លក់​បង្គន់​ទាំងនោះ​ ពី​ផ្ទះ​មួយ​ទៅ​មួយ​ ឬ​នៅ​ឯ​ការ​ប្រជុំ​តាម​ភូមិ»។

តម្លៃ​បង្គន់​នោះ​មួយ​ គឺ​ ៣៥​ ដុល្លារ​ ប្រៀបធៀប​ទៅ​នឹង​តម្លៃ​ដល់​ទៅ​២០០ដុល្លារ​ បើសិនជា​គ្រួសារ​មួយ​ព្យាយាម​ទិញ​សម្ភារៈ​ ហើយ​សង់​បង្គន់​មួយ​តាមរបៀប​ដែល​ធ្លាប់​ធ្វើ​មក​ហើយ​នោះ។​ សហគ្រិន​ទទួល​ប្រាក់​ចំណេញ​ប្រមាណ​ជា​ ៥​ដុល្លារ​សម្រាប់​ការ​លក់​បង្គន់​មួយ​ ហើយ​គ្មាន​ប្រាក់​ជំនួយ​ឧបត្ថម្ភ​ពី​លើ​នេះ​ទេ។​ ការ​សង់​បង្គន់​នេះ​ គឺ​មាន​ភាព​ងាយស្រួល​និង​មាន​ល្បឿន​លឿន។

«គ្រួសារ​ដែល​ទិញ​បង្គន់​នោះ​ នឹង​ជីក​រណ្តៅ​ ដាក់​កង​អណ្តូង​ ដាក់​ផ្គុំ​បង្គន់​នោះ​ ហើយ​ដាក់​គ្រោង​បង្គន់​នោះ​ រី​ឯ​ការដាក់​គ្រោង​ពិសេស​ថែម​ពី​លើ​ទៀត​ គឺ​ស្រេច​លើ​លទ្ធភាព​របស់​គ្រួសារ​នោះ។​ ហើយ​កិច្ចការ​ទាំង​អស់​នេះ​ ចំណាយ​ពេល​តែ​មួយថ្ងៃ​ប៉ុណ្ណោះ។​ វា​គឺ​ជា​បង្គន់​បដិវត្តន៍​មួយ​យ៉ាង​ពិត​ប្រាកដ​ ក្នុង​ឋានៈ​ជា​ឧស្សាកម្ម​មួយ​នៅ​ប្រទេសកម្ពុជា​នេះ»។

អង្គការ​ IDE​ បាន​ណែនាំ​បង្ហាញ​ បង្គន់​EZ ​ដែល​បាន​ឈ្នះ​រង្វាន់​ច្នៃប្រឌិត​អន្តរជាតិនៅឆ្នាំ​នេះ​ ដល់​ខេត្ត​ចំនួន​ពីរ​កាលពី​ខែ​ធ្នូ​មុន។​ បង្គន់​ចំនួន​៦ពាន់​ ត្រូវ​បានលក់​ដាច់​ ហើយ​អង្គការ​ IDE​ បាន​ទទួល​ការ​ទាក់ទង​ជា​ប្រចាំ​ពី​អ្នក​ដែល​នឹង​ក្លាយទៅ​ជា​សហគ្រិន​ ដែល​ចង់​លក់​បង្គន់​ទាំងនោះ។

ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ធ្វើការ​ជាមួយ​អង្គការ​ IDE ​ដើម្បី​យក​បង្គន់​ EZ ​ទៅ​កាន់​ខេត្ត​នានា។​លោកវេជ្ជ​បណ្ឌិត​សំណាង​ មាន​ប្រសាសន៍​ថា​ ដើម្បី​ធានា​ថា​ ផ្ទះ​និមួយៗ​នឹង​មាន​ បង្គន់​១០០%​នៅ​ឆ្នាំ​២០២៥​នោះ​ គឺ​គេ​ត្រូវការ​បង្គន់​បន្ថែម​សម្រាប់​ផ្ទះចំនួន​២​លាន​ខ្នង​ ថែម​ទៀត។​ ក៏​ប៉ុន្តែ​ សូម្បី​តែ​បង្គន់​EZ ​នេះ​ ក៏​ជន​ក្រីក្រ​បំផុត​របស់​ប្រទេស​កម្ពុជា​មិន​អាច​មាន​លទ្ធភាព​ទិញ​បាន​ដែរ។

លោក​សំណាង​ មាន​ប្រសាសន៍​ទៀត​ថា​ ក្រសួង​នឹង​ជួយ​សង់​បង្គន់​ដោយ​មិន​ចាំ​បាច់​ប្រើ​ទឹក​ដល់​គ្រួសារ​ដែល​ក្រីក្រដូច​នេះ​ ដែល​ត្រូវ​ចំណាយ​ប្រាក់​តែ​ពីរ​ ឬ​បី​ដុល្លារ​ប៉ុណ្ណោះ។

«ដូច្នេះ​យើង​នឹង​ធ្វើការ​ជាមួយ​ពួកគេ។​ យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​ពួកគេ​យល់​ថា​ ការ​បន្ទោរបង់​នៅ​ក្នុង​បង្គន់​អនាម័យ​ត្រឹមត្រូវ​ គឺ​មាន​ប្រយោជន៍​ អាច​ឲ្យ​ពួកគេ​សន្សំប្រាក់កាស​បាន។​ ដូច្នេះ​ យើង​អនុញ្ញាត្តិ​ឲ្យ​ពួកគេ​សង់​បង្គន់​ ដែល​មិន​ចាំ​បាច់​ចាក់ទឹក។​ ហើយ​តាម​រយៈ​ការ​ចាប់ផ្តើម​សង់​បង្គន់​នោះ​ បើ​ពួកគេ​យល់​ថា​ បង្គន់​មាន​ប្រយោជន៍​សម្រាប់​គ្រួសារ​របស់​ពួកគេ​ នោះ​យើង​នឹង​អាច​ធ្វើ​ការ​ជាមួយ​ពួកគេ​ក្នុង​ពេល​អនាគត​ ដើម្បី​ពង្រឹង​កម្មវិធី​បង្គន់​អនាម័យ​របស់​ពួកគេ​បាន»។

អង្គការ​IDE ​ បាន​ចាប់ផ្តើម​កម្មវិធី​សាកល្បង​មួយ​ ដើម្បី​ជួយ​ពលរដ្ឋ​ក្រីក្រ​បំផុត​ឲ្យ​អាច​ទិញ​បង្គន់​មួយ។​ គ្រួសារ​បង់​លុយ​បណ្តាក់​ខែ​ ១ដុល្លារ​ក្នុង​មួយ​ខែ​ ហើយ​ក្នុង​មួយ​ខែៗ​ ភ្នាក់ងារ​នឹង​សង់​បង្គន់​មួយ​ទៀត។​ ទៅ​អនាគត​ មនុស្ស​គ្រប់​គ្នា​នឹង​មាន​បង្គន់​ប្រើប្រាស់។​ លោក​ Jacks ​ថ្លែង​ថា​ ថ្វី​បើ​កម្មវិធី​នេះ​ថ្មី​ក៏​ដោយ​ ក៏​កម្មវិធី​នេះ​ មាន​ដំណើរការ​ទៅ​មុខ​ ហើយ​ជួយ​ដល់​សហគមន៍​ជនបទ​របស់​ប្រទេស​កម្ពុជា​ដោយ​សន្សឹមៗ​ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ និង​ពង្រឹង​ប្រាក់​ចំណូល​ ដោយ​ការ​សង់​បង្គន់​អនាម័យ​នេះ៕

ប្រែ​សម្រួល​ដោយ​លី ម៉ូរីវ៉ាន់

XS
SM
MD
LG