ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​ស្ដីពី​សញ្ជាតិ​ដ៏​ចម្រូងចម្រាស​ក្លាយ​ជា​ហិង្សា


រថយន្ត​ដឹក​អ្នក​ដំណើរ​មួយ​ឆេះ នៅ​ក្នុង​ពេល​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​វិសោធនកម្ម​លើ​ច្បាប់​សញ្ជាតិ​នៅ​ក្នុង​ក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។
រថយន្ត​ដឹក​អ្នក​ដំណើរ​មួយ​ឆេះ នៅ​ក្នុង​ពេល​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​វិសោធនកម្ម​លើ​ច្បាប់​សញ្ជាតិ​នៅ​ក្នុង​ក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។

ការ​តវ៉ា​នៅ​ក្នុង​ទីក្រុង​ញូវដេលី ដើម្បី​ប្រឆាំង​នឹង​ច្បាប់​ស្ដីពី​សញ្ជាតិ​ដ៏​ចម្រូងចម្រាស​មួយ​បាន​ក្លាយ​ជា​ហិង្សា​កាល​ពី​ថ្ងៃ​អាទិត្យ នៅ​ពេល​ដែល​ប៉ូលិស​បាន​ចូល​ទៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​មួយ​ និង​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ទៅ​លើ​ហ្វូង​និស្សិត​ដែល​ធ្វើ​ការ​តវ៉ា។

និស្សិត​នៅ​សាកលវិទ្យាល័យ Jamia Millia Islamia បាន​រាយការណ៍​ថា ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ទៅ​លើ​បណ្ណាល័យ​របស់​ពួកគេ និង​បាន​វាយ​និស្សិត​នឹង​ដំបង មុន​ពេល​បិទ​របង​សាកលវិទ្យាល័យ​នោះ​ទាំងអស់។ និស្សិត​យ៉ាង​ហោច​ណាស់​ជាង​២០​នាក់​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដេលី។

ក្រុម​និស្សិត​ដែល​រៀបចំ​ការ​តវ៉ា​នោះ​បាន​បន្ទោស​អ្នក​មក​ពី​ខាង​ក្រៅ​ដែល​បាន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​នោះ។ ពួកគេ​បាន​ថ្លែង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា ពួកគេ​គ្រាន់​តែ​ធ្វើ​ការ​តវ៉ា​ដោយ​សន្ដិវិធី​និង​អហិង្សា​ប៉ុណ្ណោះ។

កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ រថយន្ត​ក្រុង​ចំនួន​បី​គ្រឿង​នៅ​ក្នុង​ទីក្រុង​ញូវដេលី​បាន​ឆេះ។ ប៉ូលិស​និយាយ​ថា ប៉ូលិស​ចំនួន​៦​នាក់​បាន​រងរបួស​នៅ​ក្នុង​ហេតុការណ៍​នោះ។

ស្ថានីយ៍​រថភ្លើង​យ៉ាង​ហោច​ណាស់​ចំនួន​១៥​កន្លែង​នៅ​ក្នុង​ទីក្រុង​ដេលី បាន​បិទ​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយសារ​តែ​ការ​តវ៉ា​ហិង្សា។ ក្រុម​សកម្មជន​បាន​អំពាវនាវ​លើ​បណ្ដាញ​សង្គម Twitter ឲ្យ​ធ្វើការ​តវ៉ា​នៅ​ខាង​ក្រៅ​ប៉ុស្ដិ៍​ប៉ូលិស ដោយ​បាន​ចែក​រំលែក​ព័ត៌មាន​អំពី​វិធី​ធ្វើដំណើរ​ ខណៈ​មាន​ការ​បិទ​ផ្លូវ​ទៀត​ផង។ បាតុករ​រាប់​ពាន់​នាក់​បន្ថែម​ទៀត​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​តាម​ដងផ្លូវ​ដើម្បី​ធ្វើ​បាតុកម្ម​បន្ថែម​ទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG