ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ​ប្រកាស​បង្កើត​គណបក្ស​នយោបាយ


ស្ថាបនិក​​និង​តំណាង​បក្ស​ ហើយ​និង​យុវជន​​នៃ​«គណបក្ស​​ប្រជាធិបតេយ្យ​មូលដ្ឋាន‍»​​បង្ហាញ​មុខ​​ក្រោយ​​​ពី​ការ​​បោះឆ្នោត​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី២ ​ខែសីហា ឆ្នាំ២០១៥ នៅ​ឯ​គេហដ្ឋាន​​មួយ​​ស្ថិត​​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ​​​ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)
ស្ថាបនិក​​និង​តំណាង​បក្ស​ ហើយ​និង​យុវជន​​នៃ​«គណបក្ស​​ប្រជាធិបតេយ្យ​មូលដ្ឋាន‍»​​បង្ហាញ​មុខ​​ក្រោយ​​​ពី​ការ​​បោះឆ្នោត​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី២ ​ខែសីហា ឆ្នាំ២០១៥ នៅ​ឯ​គេហដ្ឋាន​​មួយ​​ស្ថិត​​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ​​​ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)

លោក​ ​ហ៊ុន សែន​ នៅថ្ងៃ​ច័ន្ទនេះ​ បាន​ប្រកាស​​ជាថី្ម​​ថា​ លោក​មិន​ស្ថិត​​នៅ​ពី​ក្រោយ​ខ្នង​​ការ​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​​នេះ​ទេ។​

ក្រុម​ស្ថាបនិក​នៃ​បណ្តាញ​សង្គម‍​«ខ្មែរ​ដើម្បី​ខ្មែរ‍»​កាល​ថ្ងៃ​អាទិត្យ​នេះ​ បាន​ប្រកាស​ជា​ផ្លូវការ​ពីការ​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ក្នុង​គោល​បំណង​ផ្លាស់ប្តូរ​បែបផែន​នៃ​ការ​ដឹកនាំ​ប្រទេស​កម្ពុជា​ដែល​ញាំញី​ដោយ​អំពើ​ពុក​រលួយ​ និង​អយុត្តិធម៌​សង្គម។​

អ្នក​បង្កើត​បណ្តាញ​សង្គម​«ខ្មែរ​ដើម្បី​ខ្មែរ»​បាន​ហៅ​ការ​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នេះថា ​ជា​ចលនា​ថ្មី​មួយ​ក្នុង​ការ​កសាង​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​សារ​ប្រទេសក្រីក្រ​មួយ​នេះ​ បាន​ហែល​ឆ្លង​បញ្ហា​ប្រឈម​ជាច្រើន​ក្នុង​ការ​កសាង​លទិ្ធ​ប្រជា​ធិបតេយ្យ។​ ពួក​គេ​ថ្លែង​ថា អ្នក​នយោបាយ​ខ្មែរ​នៅ​តែ​មាន​ចរិត​និយម​អំណាច​ប្រមូល​ផ្តុំ​ទាំង​ក្នុង​ការ​ដឹកនាំ​រដ្ឋ​ ក៏​ដូច​ជា​ការ​ដឹកនាំ​គណបក្ស​នយោបាយ។​

បញ្ហា​នេះបាន​អូស​បន្លាយ​យូរ​ឆ្នាំ​មក​ហើយ​ ពោល​គឺ​គិត​ចាប់​តាំង​ពី​ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថលេខា​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង ​កាល​ពី​ថ្ងៃទី​២៣ ​ខែ​តុលា​ឆ្នាំ​១៩៩១​ ដែល​ជា​កិច្ច​ព្រមព្រៀងបញ្ចប់​ជម្លោះ​នយោបាយ​ក្នុង​ស្រុក​ដ៏​រ៉ាំរ៉ៃ​នោះ។​

លោក ​សាម អ៊ីន​ សមាជិក​ស្ថាបនិក​បណ្តាញ​សង្គម​«ខ្មែរ​ដើម្បី​ខ្មែរ»​មាន​ប្រសាសន៍​ថា​ ប្រទេស​កម្ពុជា​ត្រូវ​តែ​ទទួល​បាន​របៀប​គ្រប់គ្រង​ដឹក​នាំ​នយោបាយ​មួយ​ថ្មី​ ដែល​មាន​ការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ​ ក្នុង​ការ​សម្រេច​ចិត្ត​ ជ្រើស​រើស​មេ​ដឹកនាំ​របស់​ពួក​គេផ្ទាល់​ពី​ថ្នាក់​ឃុំ​ ថ្នាក់​ស្រុក​ ថ្នាក់​ខេត្ត​រហូត​ដល់​ថ្នាក់​ជាតិ​ ដោយ​មិន​ផ្តេកផ្តួល​ទៅលើ​តែការ​សម្រេច​របស់​មេ​គណបក្ស​នយោបាយ។​

លោក​បញ្ជាក់​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​ទទួល​បាន​វប្បធម៌​នយោបាយ​ថ្មី​គឺ​វប្បធម៌​គោរព​គ្នា​ទៅ​វិញ​មក​ក្នុង​ការ​ប្រកួត​ប្រជែង​ផ្នែក​នយោបាយ។ ​លោក​បាន​ពន្យល់​អំពី​វប្បធម៌​នយោបាយ​ផ្សេងគ្នា​រវាង​គណ​បក្សកាន់​អំណាច ​និង​គណបក្ស​ប្រឆាំង​ ហើយ​នឹង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នេះ។ លោក​និយាយ​ថា៖​

«គាត់​មាន​វប្បធម៌​នយោបាយ​ពីរ​ធំៗ​ ​ទីមួយ​គឺ​វប្បធម៌​នយោបាយ​មាក់​ងាយ​ ប្រមាថ​ ហើយ​និង​លាប​ពណ៌។​ ម្ខាង​ទៀត​គឺ​គាត់​សម្លាប់​ សម្លុត​ ហើយ​គំរាម។​ អញ្ចឹង​យើង​ចង់​បង្កើត​វប្បធម៌​នយោបាយ​មួយ​ថ្មី​ គឺ​វប្បធម៌​នយោបាយ​នៃ​ក្តី​សង្ឃឹម​ នៃ​ក្តី​ស្រឡាញ់​ នៃ​ការ​គោរព​គ្នា​ នៃ​ការ​អត់​ឱន​ ដើម្បី​បន្សាប​អា​នយោបាយ​អាក្រក់ៗ​របស់​ពួក​គាត់​នោះ​ចេញ»។​

លោក​សាម អ៊ីន​ អតីត​នាយក​ប្រតិបត្តិ«អង្គការ​ជីវិត​ថ្លៃថ្នូរ»​មាន​ប្រសាសន៍​បន្ថែម​ថា​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នេះ​នឹង​បណ្តុះ​អ្នក​ដឹកនាំឲ្យ​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ ដោយ​ផ្អែក​ទៅ​លើ​សមត្ថភាព​ជាជាង​ការ​យកចិត្ត​យក​ថ្លើមមេ​គណបក្សដើម្បី​បាន​តំណែង​ បុណ្យ​សក្តិ ដូច​អ្វី​ដែល​បាន​កើត​មាន​ក្នុង​ប្រព័ន្ធ​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​នេះ។​

«ដោយ​ឡែក​របៀប​ធ្វើ​នយោបាយ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​គឺ​យើង​បណ្តុះ​អ្នក​ដឹកនាំ​ជា​ច្រើន​ នៅ​តាម​មូលដ្ឋាន​ភូមិ​ ឃុំ​ ស្រុក ​ខេត្ត​ ដើម្បី​ឲ្យ​ពួក​គាត់​យល់​ ក្លាយ​ខ្លួន​ជា​អ្នក​ដឹកនាំ​ល្អ។ ​គាត់​យល់​ដឹង​ពី​បញ្ហា​ប្រឈម​ក្នុង​មូលដ្ឋាន។​ គាត់​ចេះ​អនុវត្ត​ផែនការ​ក្នុង​មូលដ្ឋាន​ និង​គាត់​ចេះ​អនុវត្ត​ផែន​ការ​ទាំង​នោះ​ដើម្បី​បម្រើ​ប្រជា​ពលរដ្ឋ​ផ្ទាល់​ មិន​បាច់​ឲ្យ​គាត់​យក​ចិត្ត​ពី​អ្នក​ខាង​លើ​ទេ​ ​ព្រោះ​គាត់​ត្រូវ​មាន​ អា​គេ​ហៅ​ថា​ សីលធម៌​ល្អ។​ គាត់​ត្រូវ​មាន​សមត្ថ​ភាព​ដើម្បី​រួម​ចំណែក​បម្រើ​ប្រជា​ពលរដ្ឋ​ផ្ទាល់»។​

​ឯកសារ​គោល​អំពី​លក្ខខណ្ឌ​នៃ​ការ​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នេះ​ ​មាន​ការ​រៀបរាប់បង្ហាញ​អំពី​គោល​នយោបាយ​សង្ខេប​ស្តី​ពី​ការ​អភិវឌ្ឍ​ឃុំ​ និង​សង្កាត់។​ ចំណុច​សំខាន់ៗនៅ​ក្នុង​គោល​នយោបាយ​ទាំង​១១​ចំណុច​នេះ​ រួមមាន​គោល​នយោបាយ​ដើម្បី​ប្រជា​ពលរដ្ឋ​ទទួល​បាន​ទុន​ ទឹក​ ទីផ្សារ​ និង​ជំនាញ​បច្ចេកទេស​កសិកម្ម​ គោល​នយោបាយ​ទាក់​ទង​នឹង​សេវា​សុខាភិបាល​របស់​មជ្ឈមណ្ឌល​សុខភាព​ឃុំ ​សង្កាត់​ និង​គោល​នយោបាយ​គាំទ្រ​ចាស់​ជរា​ ជន​ពិការ​ និង​ជន​ងាយ​រងគ្រោះ​តាម​មូលដ្ឋាន។​

ទោះបី​ជា​យ៉ាងណា​ក៏​ដោយ​ អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​ធំៗ​ពីរ​បាន​សម្តែងការ​គាំទ្រ​ចំពោះ​ការ​បង្កើត​គណបក្សប្រជា​ធិបតេយ្យ​មូល​ដ្ឋាន​ ដែល​ទំនង​ជា​មិន​មែន​ជា​ការ​គំរាម​កំហែង​ដល់​ការទាក់ទាញអ្នក​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ធំៗ​ទាំងពីរ​នេះ​ទេ។​

លោក​សុខ ឦសាន្ត​ អ្នក​នាំពាក្យ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ថា​ គណបក្សប្រជាជន​កម្ពុជា​ស្វាគមន៍​ចំពោះ​គូ​ប្រជែង​ថ្មី​ ហើយ​លោក​ក៏​បាន​ច្រាន​ចោល​ការ​រិះគន់​ទាំង​អម្បាលមាណ​របស់អ្នក​បង្កើត​គណបក្ស​ថ្មី​ថ្មោង​នេះ​ដែរ។​

«ទោះបី​សមាសភាព​យ៉ាងណា​ក៏ដោយ​ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់​តែ​មាន​ គេ​ហៅ​ថា ​ក្តី​រីករាយ​នឹង​ធ្វើ​ការ​ប្រកួត​ប្រជែង​ជាមួយ​អ្នក​ខ្លាំង​ ដើម្បី​ឲ្យ​ជ័យ​ជម្នះ​ហ្នឹងមាន​អត្ថន័យ។​ បើ​យើង​ប្រកួត​ជាមួយ​អ្នក​ខ្សោយ​ ដល់​ឈ្នះ​ទៅ​ វាដូច​ជា​មិន​សូវ​មាន​ន័យ​ទេ»។​

រី​ឯ​លោក ​យ៉ែម បុញ្ញឫទ្ធិ ​អ្នក​នាំពាក្យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សម្តែងការ​ស្វាគមន៍​ផង​ដែរ​ចំពោះ​ការ​ចាប់​បដិសន្ធិ​នៃ​គណបក្ស​ថ្មី​នេះ​ តែ​លោក​មាន​ការ​ងឿង​ឆ្ងល់​អំពី​ការ​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះទេ​ កន្លង​មក។​ លោក​និយាយ​ថា ​គណបក្ស​ថ្មី​នេះ​នឹងមិន​ប៉ះពាល់​ដល់​ការ​គាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។​

«យើង​អត់​គិត​ដូច្នោះ​ទេ។​ គណបក្ស​សង្គ្រោះ​ជាតិ​យើង​យល់ថា​ ​នេះ​ជា​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ។​ យើង​គោរព​ក្នុង​ការ​បង្កើត​គណបក្ស​នយោបាយ។​ ក៏​ប៉ុន្តែ​ជា​ការ​កត់​សម្គាល់​ រាល់​ពេល​ជិត​មាន​ការ​បោះ​ឆ្នោត​ តែង​តែ​មាន​ការ​បង្កើត​គណបក្ស។​ ដល់​ពេល​បោះ​ឆ្នោត​ហើយ​ គណបក្ស​មួយ​ចំនួន​ធំ​គឺ​នាំ​គ្នា​ដេក​តែ​ម្តង គ្មាន​សកម្មភាព​ទាំងអស់។​ យើង​ចេះ​តែ​ឆ្ងល់​ តើ​ហេតុ​អ្វី​ក៏​មាន​សកម្មភាព​តែ​ពេល​បោះ​ឆ្នោត?​ ហើយ​ក្រោយ​បោះ​ឆ្នោត​គ្មាន​សកម្ម​ភាព?»​

ដោយ​ឡែក​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៅថ្ងៃ​ច័ន្ទនេះ​ បាន​ប្រកាស​សារ​ជាថី្ម​ទៀត​ថា​ លោក​មិន​ស្ថិតនៅ​ពី​ក្រោយ​ខ្នងការ​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាននេះ​ទេ។​

«រួច​ឥឡូវ​ឃើញ​គេ​បង្កើត​គណបក្ស។ ​គណបក្ស​ណា​ក៏​ហ៊ុន​ សែន​បង្កើត​ដែរ! ​ឥឡូវនេះ​ វា​ទៅ​ជាឆ្កួត​អស់​អញ្ចឹង​ទៅ!​ អា​គណបក្ស​គេ​បង្កើត​ពី​ម្សិល​ គេ​ថា ​ហ៊ុន សែន​បង្កើតដែរ»។​

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ សមាជិក​ និង​អ្នក​គាំទ្រ​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​លោក ​យ៉េង វីរៈ ​ជា​ប្រធាន​គណបក្ស​ លោក ​សាម ស៊ុនឌឿន ​អតីត​អ្នក​តំណាងរាស្រ្ត​ជា​អនុប្រធាន​ ចំណែក​ឯ​លោក​ សាម អ៊ីន ​ជា​អគ្គលេខា​គណបក្ស។​ ពួក​គេ​ក៏​បាន​ជ្រើស​រើស​តំណាង​យុវជន​គណបក្ស​ និង​អ្នក​តំណាង​គណបក្ស​មក​ពី​ឃុំ​ចំនួន​១០​ ក្នុង​ខេត្ត​កំពង់ស្ពឺ​ កំពត​ តាកែវ​ និង​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ស្វែង​រកសមាជិក​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​៤.០០០​នាក់​ សម្រាប់​ការ​ចុះ​បញ្ជី​គណបក្ស​ជា​ផ្លូវ​ការ​នៅ​ក្រសួង​មហា​ផ្ទៃ។​

លោក​ យ៉េង វីរៈ ​ធ្លាប់​ត្រូវ​បាន​តុលាការកាត់​ទោស​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០០៥​ ក្នុង​សំណុំ​រឿង​បង្ខូច​កេរ្តិ៍​ឈ្មោះ​រាជរដ្ឋាភិបាល​កម្ពុជា បន្ទាប់​ពី​រាជរដ្ឋាភិបាលបាន​ចុះ​សន្ធិសញ្ញា​បន្ថែម​លើ​បញ្ហា​ព្រំដែនជាមួយ​ប្រទេស​វៀតណាម​នាឆ្នាំ​នោះ។​ ក្រោយ​ពី​ការដោះ​លែង​ឲ្យ​មាន​សេរី​ភាព​វិញ​ តាមរយៈ​ការ​សម្រេចឲ្យ​នៅ​ក្រៅ​ឃុំ លោក​ យ៉េង វីរៈ​ រក្សា​ភាព​ស្ងៀម​ស្ងាត់​មិន​និយាយ​រិះគន់​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG