ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ឥណ្ឌា​និយាយ​ថា​ខ្លួន​បាន​​ផលិត​វ៉ាក់សាំង​កូរីដ១៩​របស់​ក្រុមហ៊ុន​ AstraZeneca រាប់​លាន​ដូស


រូប​ឯកសារ៖ អ្នក​ស្រាវជ្រាវ​ម្នាក់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​មន្ទីរពិសោធន៍​របស់​ ​Serum Institute of India ​នៅ​ក្នុង​ទី​ក្រុង Pune របស់​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២០។
រូប​ឯកសារ៖ អ្នក​ស្រាវជ្រាវ​ម្នាក់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​មន្ទីរពិសោធន៍​របស់​ ​Serum Institute of India ​នៅ​ក្នុង​ទី​ក្រុង Pune របស់​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២០។

មាន​សុទិដ្ឋិនិយម​កើនឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​អំពី​ការ​ទទួល​បាន​វ៉ាក់សាំង​ជំងឺកូរីដ១៩​នាពេល​អនាគត​បន្ទាប់ពី​ក្រុមហ៊ុន​ឱសថអង់គ្លេស​ AstraZeneca​ បាន​ប្រកាស​នៅ​សប្តាហ៍​នេះ​ថា​ការ​ធ្វើតេស្ត​វ៉ាក់សាំង​របស់ខ្លួន​បាន​បង្ហាញ​ថា​វាមាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​ការពារ​ការ​ឆ្លង​ជំងឺ។​

ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ឥណ្ឌា​គឺ ​Serum Institute of India​ ដែល​មាន​កិច្ច​ព្រមព្រៀង​ទទួល​សិទ្ធិ​ពី​ក្រុមហ៊ុន​AstraZeneca​ដើម្បី​ផលិត​វ៉ាក់សាំង​នេះ​បាន​និយាយ​ថា​ខ្លួន​បាន​ផលិត​ត្រៀម​ថ្នាំ​ចំនួន​៤០​លាន​ដូស​រួច​ហើយ។​

បន្ទាប់​ពី​ការ​ប្រកាស​របស់​ក្រុមហ៊ុន ​AstraZeneca​ ដែល​ថា​ការ​សាកល្បង​ព្យាបាល​បង្ហាញ​ថា​ ថ្នាំ​របស់​ខ្លួន​អាច​មាន​ប្រសិទ្ធភាព​រហូត​ដល់​៩០% នោះលោក​ Adar Poonawalla នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Serum Institute of India​ បាន​និយាយ​ថា​ដំបូង​ខ្លួន​នឹង​ផ្តោត​លើ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​ប្រជាជន​ឥណ្ឌា​ប្រសិន​បើ​ទទួល​បាន​ការ​យល់ព្រម។​

​ប្រទេស​ឥណ្ឌា​ដែល​រងផល​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ទី​២​លើ​ពិភពលោក​ដោយសារ​ជំងឺ​រាតត្បាត​នេះរក្សា​ក្តី​សង្ឃឹម​ថា​ខ្លួន​នឹង​ទទួល​បាន​វ៉ាក់សាំង​នេះ​យ៉ាង​ឆាប់រហ័ស។​

រដ្ឋមន្ត្រី​សុខាភិបាល​ឥណ្ឌា​ថា​ប្រទេស​នេះគ្រោង​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​២៥០​លាន​នាក់​ត្រឹម​ខែ​កក្កដា​ឆ្នាំ ២០២១។

មក​ទល់ពេល​នេះ មិន​មាន​វ៉ាក់សាំងកូវីដ១៩ណា​មួយ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ​ប៉ុន្តែ​ក្រុមហ៊ុន​ចំនួន​៣​គឺ​ Pfizer, Moderna ​និង ​AstraZeneca​ ថ្មីៗ​នេះ​បាន​ទទួល​ជោគជ័យ​ក្នុងការ​សាកល្បង​ការ​ពារការ​ការ​ឆ្លង​មេរោគដោយ​ប្រើ​ថ្នាំចាក់​បង្ការ៕

XS
SM
MD
LG