ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​សុខាភិបាល​អាមេរិក​ជំរុញ​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ពេល​ដែល​វ៉ាក់សាំង​ជិត​មក​ដល់


បុរស​ម្នាក់​រត់កាត់​​ផ្ទាំង​កញ្ចក់​មួយ ដែល​មាន​បង្ហាញ​រូប​មនុស្ស​ពាក់​ម៉ាស់ ដើម្បី​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្រុង Lewiston រដ្ឋ Maine ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។
បុរស​ម្នាក់​រត់កាត់​​ផ្ទាំង​កញ្ចក់​មួយ ដែល​មាន​បង្ហាញ​រូប​មនុស្ស​ពាក់​ម៉ាស់ ដើម្បី​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្រុង Lewiston រដ្ឋ Maine ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

អ្នក​ជំនាញ​កំពូល​ផ្នែក​ជំងឺ​កូវីដ១៩ របស់​សហរដ្ឋអាមេរិក ២ រូប បាន​ធានា​ដល់​ពលរដ្ឋ​អាមេរិកាំង​កាល​ពី​ថ្ងៃអាទិត្យ​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​នឹង​មាន​ក្នុង​ពេល​ឆាប់ៗ​នេះ ប៉ុន្តែ​ពួកគេ​បាន​ព្រមាន​ថា ការណ៍​ដែល​មិន​ប្រុងប្រយ័ត្ន​ជាមុន​ក្នុង​ការ​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​នេះ មុន​ពេល​ដែល​មាន​វ៉ាក់សាំង អាច​នឹង​បង្ក​ឲ្យ​មាន​មហន្តរាយ។

លោក​ឧត្តមនាវីឯក Brett Giroir ប្រធាន​ផ្នែក​ធ្វើ​តេស្ត​ជំងឺ​កូវីដ១៩ នៅ​សេតវិមាន បាន​បញ្ជាក់​ថា វ៉ាក់សាំង​ចំនួន​ពីរ ដែល​ឥឡូវ​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ទីភ្នាក់ងារ​ម្ហូបអាហារ​និង​ឱសថ គឺ​ជា «វ៉ាក់សាំង​សង្គ្រោះ​ជីវិត»។ លោក​បាន​បន្ថែម​ថា «វ៉ាក់សាំង​ទាំង​នេះ​នឹង​ជួយ​បញ្ចប់​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩»។

ប៉ុន្តែ​លោក​បាន​ថ្លែង​ថា៖ «រហូត​ដល់​ពេល​ដែល​គេ​អាច​ចែកចាយ​វ៉ាក់សាំង​បាន​ទូលំទូលាយ ពលរដ្ឋ​អាមេរិកាំង​ត្រូវ​ធ្វើ​កិច្ចការ​ដែល​ត្រឹមត្រូវ ដូចជា​ពាក់ម៉ាស់ និង​មិន​ត្រូវ​ទៅ​កន្លែង​ខាង​ក្នុង​អាគារ​ណា​ដែល​មាន​មនុស្ស​ច្រើន​កុះករ​ជាដើម»។

លោក​វេជ្ជបណ្ឌិត Anthony Fauci ដែល​ជា​អ្នក​ជំនាញ​កំពូល​ផ្នែក​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី «This Week» របស់​ទូរទស្សន៍ ABC ថា «ជំនួយ​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ» ហើយ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​វគ្គ​ដំបូង​ប្រហែល​ជា​មាន​នៅ​ត្រឹម​ពាក់​កណ្ដាល​ខែ​ធ្នូ។

លោកFauci អំពាវនាវ​ឲ្យ​មន្ត្រី​ថ្នាក់​រដ្ឋ និង​ថ្នាក់​ក្រុង​ទាំងអស់ «បិទ​បារ ប៉ុន្តែ​បន្ដ​បើក​សាលារៀន» ដើម្បី​រក្សា «កម្រិត​នៃ​ការ​ឆ្លង​តាម​សហគមន៍​ឲ្យ​នៅ​ទាប»។

ការ​វាយតម្លៃ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង នៅ​ពេល​ដែល​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​សហរដ្ឋ​អាមេរិក​កើន​ដល់​ជាង ១៣ លាន​ករណី​កាល​ពី​ថ្ងៃ​សុក្រ គឺ​ក្នុង​រយៈពេល​ត្រឹមតែ ៦ ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​ករណី​ឆ្លង​នេះ​កើន​ដល់​ចំនួន ១២ លាន​ករណី។

ជំងឺ​កូវីដ១៩ នេះ បាន​ឆក់​យក​ជីវិត​ពលរដ្ឋ​អាមេរិក​ជាង ២៦៦.០០០ នាក់ ដែល​ច្រើន​ជាង​ប្រទេស​ណាៗ​ទាំងអស់​នៅ​លើ​ពិភពលោក។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins។

អ្នក​ឆ្លង​ជំងឺ​នេះ​ជាង ៩១.០០០ នាក់ ឥឡូវ​នេះ​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​ជា​ចំនួន​មួយ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក ហើយ​អ្នក​ជំងឺ​ជាង ១៨.០០០ នាក់​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​ព្យាបាល​ដិតដល់​បន្ទាន់៕

XS
SM
MD
LG