នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានស្ថិតនៅក្នុងរដ្ឋធានីវ៉ាស៊ីតោនដើម្បីជួបប្រជុំជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដើម្បីស្វែងរកវិធានការណ៍នានា រារាំងការជឿនលឿនខាងយោធារបស់អ៊ីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ា។
ជំនួបរវាងមេដឹកនាំទាំងពីរធ្វើឡើងបន្ទាប់ពីលោក Trumpបានថ្លឹងថ្លែងថាតើត្រូវដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ១០១៥ ដែលមានបំណងទប់ស្កាត់ការអភិវឌ្ឍអាវុធរបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់ ជាកិច្ចព្រមព្រៀងមួយដែលលោក Netanyahu បានប្រឆាំងជាយូរមកហើយ ថាជាកិច្ចព្រមព្រៀងដែលគ្មានន័យគ្រប់គ្រាន់។ ក៏ប៉ុន្តែលោក Trump បានបរាជ័យក្នុងការទទួលបានការគាំទ្រពីប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀង មានដូចជាចក្រភពអង់គ្លេស អាល្លឺម៉ង់ សហភាពអ៊ឺរ៉ុប ចិន និងរុស្ស៊ីឲ្យធ្វើការចរចាលើកិច្ចព្រមព្រៀងនោះឡើងវិញ។
មុននឹងធ្វើដំណើរទៅរដ្ឋធានីវ៉ាស៊ីតោន លោក Netanyahuបានថ្លែងថា «ខ្ញុំមានបំណងពិភាក្សាអំពីបញ្ហានានាជាមួយនឹងលោក Trump ជាពិសេសភាពគឃ្លើនរបស់អ៊ីរ៉ង់ មានដូចជាមហិច្ឆតាផលិតនុយក្លេអ៊ែរ និងសកម្មភាពគឃ្លើនរបស់ពួកគេនៅក្នុងតំបន់មជ្ឈិមបូព៌ា ក៏ដូចជានៅតាមព្រំដែនរបស់យើងផងដែរ»។
ការកើនឡើងនៃវត្តមានកងកម្លាំងអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី ដែលជួយគាំទ្រដល់ប្រធានាធិបតី Bashar al-Assad គឺជាក្តីបារម្ភយ៉ាងខ្លាំងសម្រាប់លោក Netanyahu។ លោកបានរិះគន់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ពីការស្វែងរកការបោះទីតាំងជាអចិន្ត្រៃយ៍នៅក្នុងប្រទេសស៊ីរី។
លោក Michael Oren អនុរដ្ឋមន្ត្រីទទួលបន្ទុកគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល និងជាអតីតឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំរដ្ឋធានីវ៉ាស៊ីតោន កាលពីថ្ងៃអាទិត្យបានថ្លែងតាមស្ថានីយ៍ទូរទស្សន៍អ៊ីស្រាអែលថា «យើងចង់ដឹង ហើយយើងត្រូវតែដឹង ថាតើសហរដ្ឋអាមេរិកនឹងមានជំហរយ៉ាងណាប្រសិនបើយើងសម្រេចចិត្តថានឹងប្រឈមមុខជាមួយនឹងអ៊ីរ៉ង់នោះ»>