ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ការទូត​សហភាព​អ៊ឺរ៉ុប​ជំរុញ​ឲ្យ​ធ្វើការ​យ៉ាងជិតស្និត​លើ​កិច្ចព្រមព្រៀង​កម្មវិធីនុយ​ក្លេអ៊ែរ​អ៊ីរ៉ង់


រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​ប្រទេស​អង់គ្លេស​ Boris Johnson​ ចូល​រួ​ម​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយរដមន្រ្តី​ក្រសួង​ការបរទេស​បារាំង Le Drian និង​លោក Sigmar Gabriel នៃ​ប្រទេស​អាល្លឺម៉ង់និង​ប្រធានផ្នែក​គោលនយោបាយ​បរទេស​នៃ​សហភាព​អឺរ៉ុប Federica Mogherini ក្នុង​ទីក្រុង​ប្រ៊ុចសែល​កាលពី​ថ្ងៃទី​១១ មករា ២០១៨។

លោកស្រី Federica Mogherini នាយក​គោលនយោបាយ​ការបរទេស​នៃ​សហភាព​អ៊ឺរ៉ុប បាន​ថ្លែង​ថា កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តី​ពី​កម្មវិធី​អាវុធនុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ កំពុង​តែ​ដំណើរការ ​ហើយ​ទោះ​ជា​មាន​ការ​បារម្ភ​ពី​ការវិវត្ត​នៃ​ការ​ផលិតកាំជ្រួញ​ម៉ីស៊ីល​ផ្លោង​ឆ្លងទ្វីប​របស់​អ៊ីរ៉ង់​ និង​សកម្មភាព​ផ្សេងៗ​ទៀត​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​នោះ​ក៏ដោយ ក៏បញ្ហា​ទាំងនោះ​ គួរ​តែ​ត្រូវ​បាន​ដោះស្រាយ​ដាច់​ដោយ​ឡែក​ពី​គ្នា។

លោកស្រី​បាន​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​កិច្ចប្រជុំ​នៅក្នុង​ទីក្រុង​ប្រ៊ុចសែល​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្ស៊ិលម៉ិញ​ ជាមួយ​នឹង​ក្រុម​រដ្ឋមន្រ្តី​ការបរទេស​មក​ពី​ចក្រភព​អង់គ្លេស​ បារាំង​ អាល្លឺម៉ង់​ និងអ៊ីរ៉ង់​ ដើម្បី​ពិភាក្សា​លើ​កិច្ចព្រមព្រៀង​ឆ្នាំ២០១៥​ ដែល​បាន​ដាក់​កំហិត​ទៅលើ​កម្មវិធី​អាវុធនុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ ដើម្បី​ឲ្យ​ប្រទេស​នេះ​អាច​រួច​ចេញ​ពី​ការ​ដាក់ទណ្ឌកម្ម​ផ្នែកហរិញ្ញវត្ថុ​ ស្របពេល​មាន​ការបារម្ភ​ថា​ប្រទេស​នេះ​កំពុង​តែ​ផលិត​អាវុធនុយក្លេអ៊ែរ​នៅ​ឡើយ។

ប្រទេសអ៊ីរ៉ង់​បន្ត​អះអាង​ថា​កម្មវិធី​អាវុធនុយក្លេអ៊ែរ​របស់​ខ្លួន​គឺ​សម្រាប់​ប្រើប្រាស់​ដោយ​សន្តិវិធី​តែ​ប៉ុណ្ណោះ។ រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​លោកMohammad Javad Zarif​ មិនមាន​វត្តមាន​ជាមួយ​នឹង​អ្នក​ការទូត​ផ្សេង​ទៀត​ទេ​ នៅពេល​ដែល​ពួកគេ​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​នោះ​ ប៉ុន្តែ​កាល​ពី​ថ្ងៃពុធ​លោក​បាន​បង្ហាញ​ពី​ការគាំទ្រ​កិច្ចព្រមព្រៀង​នោះ​ និង​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ពី​ការ​អនុវត្ត​គោលនយោបាយ​មហន្តរាយ​នានា។

លោកស្រី Mogherini បាន​ថ្លែង​បន្ត​ថា​ កិច្ចព្រមព្រៀង​នេះ​បាន​ផ្តល់​ឲ្យ​មាន​កិច្ចសហ​ប្រតិបត្តិការ​យ៉ាងជ្រាលជ្រៅ​ និង​ការសន្ទនា​ជាមួយ​នឹង​អ៊ីរ៉ង់​ពាក់ព័ន្ធ​នឹង​បញ្ហា​នានា ដូច​ដែល​លោកស្រី​បានប​ញ្ជាក់​ពី​ភាព​ចាំបាច់​ដើម្បី​បន្ត​ភាពជោគជ័យ​របស់​ខ្លួន៕

XS
SM
MD
LG