ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​បាតុកម្ម​នៅ​អ៊ីរ៉ង់​ជួយ​គាំទ្រ​ដល់​ការ​ប្រជែង​អំណាច​នៅ​ភូមិភាគ​មជ្ឈិម​បូព៌ា​តាម​របៀប​ណា?


និស្សិត​អ៊ីរ៉ង់​រត់​គេច​ពី​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​អំឡុង​បាតុកម្ម​មួយ​នៅ​ក្នុង​សាកល​វិទ្យាល័យ​ University of Tehran ដោយសារ​កំហឹង​ចំពោះ​បញ្ហា​សេដ្ឋកិច្ចក្នុង​រដ្ឋធានី​តេហេរ៉ង់កាលពី​ថ្ងៃទី​៣០ ធ្នូ​​ ២០១៧។
និស្សិត​អ៊ីរ៉ង់​រត់​គេច​ពី​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​អំឡុង​បាតុកម្ម​មួយ​នៅ​ក្នុង​សាកល​វិទ្យាល័យ​ University of Tehran ដោយសារ​កំហឹង​ចំពោះ​បញ្ហា​សេដ្ឋកិច្ចក្នុង​រដ្ឋធានី​តេហេរ៉ង់កាលពី​ថ្ងៃទី​៣០ ធ្នូ​​ ២០១៧។

មនុស្ស​ច្រើន​ជាង ២០ នាក់ ត្រូវ​បាន​សម្លាប់ និង ៤៥០ នាក់​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​តាំង​ពី​មាន​ចលនា​តវ៉ា​មួយ​បាន​កើត​ឡើង​នៅ​តាម​ទីក្រុង​នានា​នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ង់ កាល​ពី​ចុងខែ ធ្នូ ឆ្នាំ ២០១៧ មក។ អ្នក​វិភាគ​នានា​បាន​និយាយ​ថា ប្រសិនបើ​ការ​តវ៉ា​នេះ​នៅ​តែ​បន្ត វា​មិន​ត្រឹម​តែ​ប៉ះ​ពាល់​ចំពោះ​តែ​ប្រទេស​អ៊ីរ៉ង់​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ប៉ះពាល់​ដល់​ភូមិភាគ​មជ្ឈិម​បូព៌ា​ទាំង​មូល​ទៀត​ផង។

លោក Arash Azizi អ្នកស្រាវជ្រាវ​នៃ​សាកល​វិទ្យាល័យ New York ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​ស្រុក​កំណើត​របស់​លោក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ បាន​និយាយ​ថា៖ «ខ្ញុំ​មាន​សង្ឃឹម​ខ្លះៗ។ យើង​មើល​ឃើញពី​ការ​ក្រោក​ឈរ​ឡើង​របស់​ក្រុម​មនុស្ស​ដែល​ត្រូវ​គេ​ជិះជាន់»។

លោក​បាន​បន្ថែម​ថា៖ «ប៉ុន្តែ​ខ្ញុំ​មាន​ការ​បារម្ភ​ច្រើន​ជាង​មាន​ក្ដី​សង្ឃឹម»។បាតុកម្ម​ដោយ​សន្តិវិធី​ភាគ​ច្រើន​អាច​ក្លាយ​ជា​ការ​ប៉ះ​ទង្គិច​គ្នា​ហើយ​គូ​ប្រជែង​របស់​ប្រទេស​អ៊ីរ៉ង់​កំពុង​តែ​ចាំ​មើល​ឲ្យ​រដ្ឋ​មួយ​នេះ​ចុះ​ខ្សោយ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Reza Marashi ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុម​ប្រឹក្សា​ជាតិ​អ៊ីរ៉ង់​អាមេរិកាំង (National Iranian American Council)។

បាតុកម្ម​ដោយ​សន្តិវិធី​ភាគ​ច្រើន​អាច​ក្លាយ​ជា​ការ​ប៉ះ​ទង្គិច​គ្នា​ហើយ​គូ​ប្រជែង​របស់​ប្រទេស​អ៊ីរ៉ង់​កំពុង​តែ​ចាំ​មើល​ឲ្យ​រដ្ឋ​មួយ​នេះ​ចុះ​ខ្សោយ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Reza Marashi ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុម​ប្រឹក្សា​ជាតិ​អ៊ីរ៉ង់​អាមេរិកាំង (National Iranian American Council)។

លោក Reza Marashiបាន​និយាយ​ថា ក្រុម​បាតុករ​កំពុង​ទាមទារ​ឲ្យ​បញ្ចប់ «ការ​គ្រប់គ្រង​មិន​ត្រឹមត្រូវ អំពើ​បក្ខ​ពួក​និយម និង​អំពើ​ពុករលួយ» ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ពួកគេ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដួល​រលំ។

ខុស​ពី​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​កាល​ពី​ឆ្នាំ ២០០៩ ប្រឆាំង​នឹង​ការ​បោះ​ឆ្នោត​ដែល​គេ​យល់​ថា​មិន​ស្រប​ច្បាប់​នោះ ចលនា​បាតុកម្ម​លើក​នេះ​គឺ​មិន​មាន​អ្នក​ដឹកនាំ​ច្បាស់លាស់​នោះ​ទេ ហើយ​ជា​ទូទៅ ក្រុម​សកម្មជន​ដែល​ធ្លាប់​និយាយ​ឥត​សំចៃ​មាត់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ បែរ​ជា​សម្ងំ​នៅ​ស្ងៀមទៅ​វិញ។

បាតុកម្ម​ក្នុង​ឆ្នាំ ២០០៩ កើតឡើង​អស់​រយៈពេល​ជា​ច្រើន​ខែ ប៉ុន្តែ​នៅ​ទីបំផុត​ត្រូវ​បាន​បង្ក្រាប​ដោយ​កងកម្លាំង​សន្តិសុខ។ មនុស្ស​ជាច្រើន​ពាន់​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​និង​ជាច្រើន​នាក់​ទៀត​ត្រូវ​បាន​សម្លាប់ ហើយ​លទ្ធផល​បោះឆ្នោត​បាន​ត្រូវ​គេ​ទទួល​ស្គាល់។

លោក Reza Marashi បាន​និយាយ​ថា បាតុកម្ម​នា​ពេល​ថ្មីៗ​នេះ​បាន​ទាក់ទាញ​ហ្វូង​មនុស្ស​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​បាន​ធ្វើ​ឡើង​នៅ​តាម​ទីក្រុង និង​ទីប្រជុំជន​ជា​ច្រើន។

ការ​ប្រកួត​ប្រជែង​រវាង​អ៊ីរ៉ង់​និង​អារ៉ាប៊ីសាអ៊ូឌីត

ប្រទេស​អ៊ីរ៉ង់​ត្រូវ​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​សង្គ្រាម​ជាមួយ​នឹង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដែល​បង្ក​ឡើង​ដោយ​ប្រទេស​មហាអំណាច ក្នុង​ប្រទេស​ស៊ីរី និង​យេមែន ក៏​ដូច​ជា​ជាប់​ពាក់ព័ន្ធ​នឹង​ក្នុង​ការ​ផ្តល់​ជំនួយ​ជា​ថវិកា​ដល់​ក្រុម Hezbollah ដែល​ជា​ក្រុម​យោធា​របស់​ប្រទេស​លីបង់ និង​ជា​សត្រូវ​ស៊ី​សាច់​ហុត​ឈាម​របស់​អ៊ីស្រាអែល។ ប្រទេស​អ៊ីរ៉ង់​ក៏​ជា​តួ​អង្គ​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ផង​ដែរ ហើយ​នយោបាយ​ផ្ទៃក្នុង​របស់​អ៊ីរ៉ង់​អាច​នឹង​មាន​ផល​ប៉ះពាល់​ដល់​តំបន់​មជ្ឈិម​បូព៌ា​ស្ទើរ​តែ​ទាំង​មូល។

ក្នុង​ចំណោម​ការ​ឈឺចាប់​ទាំង​ឡាយ​របស់​ក្រុម​បាតុករ​អ៊ីរ៉ង់ ការ​ឈឺចាប់​មួយ​គឺ​ថា ថវិកា​ជា​ច្រើន​លើស​លុប​ត្រូវ​បាន​បញ្ជូន​ចេញ​ទៅ​ក្រៅ​ប្រទេស ខណៈ​ពេល​ដែល​ប្រជាជន​កំពុងតែ​អត់​ឃ្លាន​នៅ​ក្នុង​ប្រទេស។

កាលពី​ពីរ​ឆ្នាំ​មុន ភាព​តានតឹង​រវាង​ប្រទេស​អ៊ីរ៉ង់ និង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បាន​ផ្ទុះ​ឡើង ហើយ​មន្ត្រី​រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ចោទ​ប្រកាន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស​ថា​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​តវ៉ា​ទាំង​នោះ។

លោក Mark Fitzpatrick នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ IISS ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា៖ «នេះ​គឺ​ជា​ការ​អះអាង​ភ្លីភ្លើ ដោយ​គ្មាន​ការ​ពិត​ជា​មូលដ្ឋាន។ វា​គួរ​ឲ្យ​ចង់​សើច​ណាស់ ដោយសារ​តែ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​មាន​ឥទ្ធិពល​តិច​តួច​ប៉ុណ្ណោះ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។»

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​បាតុករ​អ៊ីរ៉ង់​ក៏​បាន​ចាប់ផ្ដើម​ទាមទារ​ឲ្យ​មាន​ការ​ដួល​រលំ​រដ្ឋាភិបាល​របស់​ពួកគេ ដូចជា​ស្រែក​ថា៖ «ស្លាប់​ទៅ​មេដឹកនាំ​ផ្ដាច់ការ!» និង​«បព្វជិត​គួរ​តែ​ចេញ​ឲ្យ​បាត់​ទៅ!» ជា​ដើម។ ក្នុង​ចំណោម​គូប្រជែង​សំខាន់ៗ​របស់​អ៊ីរ៉ង់ ករណី​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ទស្សន៍ទាយ ឬ​ប្រហែល​ជា​ការ​រំពឹង​ទុក​ដែល​ថា រដ្ឋាភិបាល​អ៊ីរ៉ង់​នឹង​ដួល​រលំ។

សម្រាប់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​វិញ ចំណុច​នេះ​អាច​មាន​ន័យ​ថា​នឹង​មាន​ការ​ផ្លាស់ប្ដូរ​អំណាច​ក្នុង​តំបន់​មជ្ឈិម​បូព៌ា ដោយ​ធ្វើ​ឲ្យ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ក្នុង​តំបន់ ស្រប​ពេល​ដែល​ឥទ្ធិពល និង​សមត្ថភាព​របស់​ប្រទេស​អ៊ីរ៉ង់​នៅ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នៅ​ក្នុង​តំបន់​បាន​ថយ​ចុះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Khaled Almaeena អ្នក​វិភាគ​នយោបាយ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អារ៉ាប៊ីសាអ៊ូឌីត​ក្នុង​ទីក្រុង Jeddah ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

លោក​បាន​និយាយ​ថា៖ «ប្រទេស​អ៊ីរ៉ង់​បាន​លូកដៃ​ចូល​ក្នុង​កិច្ចការ​របស់​ប្រទេស​ផ្សេងៗ​ទៀត​អស់​រយៈពេល​ជា​យូរ​មក​ហើយ»។

ការ​គំរាម​កំហែង​នៃ​អំពើ​ហិង្សា​សម្រាប់​អនាគត​មិន​ជាក់លាក់​មួយ

ប្រសិនបើ​អតីតកាល​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​អនាគត​កាល នោះ​ការ​តវ៉ា​ទាំង​នេះ​ទំនង​ជា​អាច​ឈាន​ទៅ​រក​ការ​បង្ក្រាប​ដោយ​ប្រើ​អំពើ​ហិង្សា​ប្រសិនបើ​ការ​តវ៉ា​ទាំង​នេះ​នៅ​តែ​បន្ត​ធ្វើ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Arash Azizi នៃ​សាកល​វិទ្យាល័យ New York University។ ស្រប​ពេល​ដែល​ក្រុម​បាតុករ​កាន់តែ​ច្រើន​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​ដែល​អាច​ប៉ះពាល់​ដល់​រូបរាង​កាយ​របស់​ពួកគេ​ដើម្បី​ឲ្យ​សម្រេច​បាន​នូវ​គោល​បំណង​របស់​ពួកគេ​នោះ គេ​នៅ​មិន​ទាន់​ឃើញ​ជម្រើស​ផ្សេង​ណា​មួយ​លេច​ឡើង​ជំនួស​ឲ្យ​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​ទេ។

លោក​បាន​និយាយ​ថា៖ «អ្នក​ខ្លះ​បាន​និយាយ​ថា ប្រសិនបើ​យើង​ចង់​ផ្ដួល​រំលំ​ប្រទេស​អ៊ីរ៉ង់ ដែល​ជា​សាធារណរដ្ឋ​ឥស្លាម​មួយ​នេះ ខ្ញុំ​នឹង​ចូលរួម​មុនគេ។ ប៉ុន្តែ​តើ​នឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់​ពី​នេះ?»

អំពើ​ហិង្សា​នៅ​តាម​ដង​ផ្លូវ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ក៏​អាចបង្ក​ឲ្យ​មាន​ការ​កើនឡើង​នៃ​ការ​ប៉ះទង្គិច​គ្នា​នៅ​ផ្នែក​ផ្សេងៗ​ទៀត​ក្នុង​តំបន់​មជ្ឈិម​បូព៌ា។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Josepha Ivanka Wessels អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​មួយ​រូប​នៃ​សាកលវិទ្យាល័យ Lund ក្នុង​ប្រទេស​ស៊ុយអែត។

អ្នកស្រី​បាន​សរសេរ​នៅ​ក្នុង​ព្រឹត្តិបត្រ The Conversation ដែល​ជា​ព្រឹត្តិបត្រ​ស្រាវជ្រាវ​មួយ យ៉ាង​ដូច្នេះ​ថា៖ «ការ​បង្ហូរ​ឈាម​ដ៏​ធំ​ដែល​ធ្វើ​ឡើង​ក្រោម​ដៃ​របស់​រដ្ឋ​អាច​នឹង​កើត​ឡើង ហើយ​ប្រសិនបើ​វា​កើតឡើង​មែន ឥទ្ធិពល​នៃ​បញ្ហា​ដែល​កើត​ឡើង​ជា​បន្តបន្ទាប់​អាច​បង្កើត​ឲ្យ​មាន​ស្ថានការណ៍​ងាយ​នឹង​ផ្ទុះ​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា ដែល​ជា​តំបន់​ពោរពេញ​ដោយ​ចលាចល​និង​គ្រោះថ្នាក់​រួច​ទៅ​ហើយ‍»។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ប្រជាពលរដ្ឋ​អ៊ីរ៉ង់​ភាគ​ច្រើន​មាន​ក្ដី​សង្ឃឹម​ថា ការ​តវ៉ា​ទាំង​នេះ​នឹង​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ពិត​ប្រាកដ​តាម​គ្រប់​មធ្យោបាយ​ទាំង​អស់។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Arash Azizi។

លោក​បាន​និយាយ​ថា៖ «ប្រជាពលរដ្ឋ​អ៊ីរ៉ង់​ចោទ​ជា​សំណួរ​ថា តើ​ពួកគេ​នឹង​បន្ត​រក្សា​ទុក​របប​ដឹកនាំ​ដ៏​ចម្លែក​នេះ​រហូត​ដល់​ពេល​ណា ដោយហេតុ​ថា​របប​នេះ​បាន​ជញ្ជក់​ឈាម និង​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​ដើម្បី​បន្ត​ដង្ហើម​រស់នៅ​របស់​ខ្លួន​នោះ»។

ការ​ផ្លាស់ប្តូរ​ពិត​ប្រាកដ​មែន​ទេ?

ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani ដែល​ជា​ទូទៅ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​អ្នក​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជ្រើសរើស​តាម​រយៈ​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ បាន​ចេញ​មុខ​និយាយ​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​បង្ហាញ​ការ​ឈឺចាប់​របស់​ពួកគេ ប៉ុន្តែ​មិន​សូវ​បាន​ផ្ដល់​តម្លៃ​ដល់​ចលនា​បាតុកម្ម​នោះ​ទេ។

លោក​បាន​ប្រាប់​សមាជិក​រដ្ឋសភា​អ៊ីរ៉ង់​កាលពី​ដើមខែ​មករា​ថា៖ «ប្រទេស​ជាតិ​ដ៏​អស្ចារ្យ​របស់​យើង​ធ្លាប់​បាន​ឆ្លង​កាត់​ព្រឹត្តិការណ៍​ស្រដៀង​គ្នា​នេះ​ជា​ច្រើន​ដង​ច្រើន​សារ​រួច​មក​ហើយ និង​បាន​ដោះស្រាយ​ជាមួយ​នឹង​ហេតុការណ៍​ទាំង​នោះ​បាន​យ៉ាង​ងាយ​ស្រួល។ ដូច្នេះ ការ​ធ្វើ​បាតុកម្ម​របស់​ប្រជាពលរដ្ឋ​អ៊ីរ៉ង់​លើក​នេះ​គឺ​ជា​រឿង​ដែល​អាច​ដោះស្រាយ​បាន​យ៉ាង​ងាយ​ស្រួល»។

មេដឹកនាំ​អ៊ីរ៉ង់​ដទៃ​ទៀត​បាន​សង្កត់​ធ្ងន់​ថា ទោស​ប្រហារ​ជីវិត​នឹង​ត្រូវ​អនុវត្ត​ចំពោះ​មនុស្ស​មួយ​ចំនួន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​នេះ។

អ្នកវិភាគ​មួយ​ចំនួន​បាន​និយាយ​ថា ប្រសិនបើ​ក្រុម​អ្នក​តវ៉ា​មិន​ត្រូវ​បាន​បង្អាក់​ដោយ​ការ​គំរាម​កំហែង​បែប​នេះ និង​កង្វះ​ការ​ដឹកនាំ​បែប​ផ្សេង​នោះ​ទេ នោះ​ទោះបីជា​ការ​តវ៉ា​នេះ​នៅតែ​បន្ត​ធ្វើ​ទៅ​មុខ​ក៏​ដោយ ក៏​វា​មិន​មាន​លទ្ធផល​អ្វី​ភ្លាមៗ​នោះ​ដែរ។

លោក Mark Fitzpatrick បាន​និយាយ​ថា៖ «របប​ដឹកនាំ​របស់​អ៊ីរ៉ង់​នា​ពេល​បច្ចុប្បន្ន​នេះ​គ្រប់គ្រង​ទាំង​ស្រុង​លើ​កងកម្លាំង​សន្តិសុខ ប្រព័ន្ធ​តុលាការ បណ្តាញ​ទំនាក់ទំនង និង​ប្រភព​អំណាច​ផ្សេង​ៗទៀត។ កន្លង​មក របប​ដឹកនាំ​នេះ​ត្រូវ​បាន​បង្វឹក​ឡើង​វិញ​ឲ្យ​អនុវត្ត​អំណាច​ទាំងអស់​នេះ ប៉ុន្តែ​របប​នេះ​នឹង​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ធ្វើ​ដូច្នេះ​ឡើយ ប្រសិនបើ​ការ​តវ៉ា​ទាំង​នោះ​រីក​ដុះដាល​រហូត​ដល់​ចំណុច​មួយ​ដែល​ពួកគេ​អាច​យល់​ថា​ជា​ការ​គំរាម​កំហែង​ដល់​ការ​គ្រប់គ្រង​អំណាច​របស់​របប​នេះ»។

លោក Reza Marashi នៃ​ក្រុម​ប្រឹក្សា​ជាតិ​អ៊ីរ៉ង់​អាមេរិកាំង បាន​និយាយ​ថា នៅ​ក្នុង​បរិបទ​នៃ​ការ​តស៊ូ​ផ្ទៃ​ក្នុង​រយៈពេល​វែង​របស់​ប្រទេស​អ៊ីរ៉ង់​ដើម្បី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ ការ​តវ៉ា​ទាំង​នេះ​មាន​សារៈសំខាន់​ណាស់។

លោក​បាន​បន្ថែម​ថា៖ «ប្រជាពលរដ្ឋ​អ៊ីរ៉ង់​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ មិន​មែន​ដើម្បី​បដិវត្តន៍​នោះ​ទេ‍»៕

ប្រែ​សម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG