ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​រដ្ឋសភា​អាមេរិក​ថា លោក Netanyahu នឹង​ធ្វើ​សុន្ទរកថា​ទៅ​កាន់​សភា​សហរដ្ឋ​អាមេរិក​«ឆាប់ៗនេះ»


រូបឯកសារ៖ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ថ្លែងនៅក្នុង​សន្និសីទ​សារព័ត៌មានមួយ នៅ​ទីក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។
រូបឯកសារ៖ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ថ្លែងនៅក្នុង​សន្និសីទ​សារព័ត៌មានមួយ នៅ​ទីក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu នឹង​ថ្លែង​សុន្ទរកថា​នៅពេល​ឆាប់ៗនេះ ​នៅ​សភា​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​ប្រធាន​រដ្ឋសភា​ខាង​គណបក្ស​សា ធារណរដ្ឋ​លោក Mike Johnson ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ នៅពេល​ដែល​សង្គ្រាម​បន្ត​ឡើង​រវាង​អ៊ីស្រាអែល​និង​ពួក​ជន​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក Johnson ថ្លែងថា៖ «យើង​នៅពេលឆាប់ៗ​នេះ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ទទួល​នាយក​រដ្ឋមន្ត្រី Netanyahu នៅឯ​វិមាន​សភាអាមេរិក ​សម្រាប់​សម័យ​ប្រជុំ​រួមមួយ​របស់​សភា។ លោក​បាន​បន្ថែម​ទៀត​ថា ​ដំណើរ​ទស្សនកិច្ច​នេះនឹង​កត់សម្គាល់​នូវ​ «ការ​បង្ហាញ​ការគាំទ្រ​ដ៏​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​អ៊ីស្រាអែល»។

ការអញ្ជើញ​នេះ​កើត​មាន​ឡើង ​បន្ទាប់ពី​ដំណើរ​ថយក្រោយ​ទ្វេដង​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​អ៊ីស្រាអែល​នៅ​សប្តាហ៍​នេះ ​គឺការទទួល​ស្គាល់​ដោយ​ប្រទេស​នៅ​អឺរ៉ុបចំនួន​បីដល់​រដ្ឋ​ប៉ាឡេស្ទីន​ និង​ការប្រកាស​របស់​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែលនឹង​ស្វះ​ស្វែងរក​ដីការ​ចាប់ខ្លួន​លោក Netanyahu និង​ពួក​មេដឹកនាំ​ហាម៉ាស់​អំពី​ការចោទ​ប្រកាន់​ឧក្រិដ្ឋកម្ម​សង្គ្រាម​ក្នុង​ជម្លោះ​នៃ​តំបន់​ហ្កាហ្សា។

សហរដ្ឋ​អាមេរិក​ជា​អ្នក​គាំទ្រ​មិន​ងាករេ​ដល់​អ៊ីស្រាអែល​នៅ​ក្នុង​សង្គ្រាម​របស់​ខ្លួន​ ដែល​បណ្តាល​មកពី​ការវាយ​ប្រហារ​ឆ្លង​កាត់​ព្រំដែន​ដ៏​រន្ធត់​នៅ​ថ្ងៃ​ទី ៧ ខែ​តុលា ឆ្នាំ​២០២៣ ​ដោយ​ពួក​ជន​សកម្ម​ប្រយុទ្ធ​ហាម៉ាស់។

ក៏ប៉ុន្តែ លោក​ប្រធានាធិបតី Joe Biden ខាង​គណបក្ស​ប្រជាធិបតេយ្យ​ បាន​បង្កើន​ការ​ដាក់​សម្ពាធ​លើ​លោក Netanyahu ឱ្យ​បង្អន់កិច្ចប្រតិបត្តិការ​របស់​លោក ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ នៅពេល​ដែល​មាន​ការ​កើនឡើង​នូវ​ចំនួន​ស្លាប់​របស់​ជន​ស៊ីវិល ​ហើយ​បាន​គំរាម​កំហែង​បញ្ឈប់​ការផ្គត់ផ្គង់​អាវុធ​ ជា​គោលនយោបាយ​មួយ​ ដែល​ជំទាស់​ប្រឆាំង​ដោយ​គណបក្ស​សាធារណរដ្ឋ។

សេតវិមាន​បាន​សម្តែង​នូវ​ការខកចិត្ត​ជាមួយ​អ៊ីស្រាអែល​ អំពី​កិច្ចប្រតិបត្តិការ​របស់​ខ្លួន​នៅ​ទីក្រុង Rafah នៃ​តំបន់​ហ្កាហ្សា​ ជា​ទីកន្លែង​ដែល​មនុស្ស​ជាង​១លាន​នាក់​កំពុង​ជ្រក​ពួន។

សង្គ្រាម​ដ៏​បង្ហូរឈាម​បំផុត​នៅ​តំបន់​ហ្កាហ្សា​បាន​ផ្ទុះឡើង​ បន្ទាប់ពី​ការវាយ​ប្រហារ​មិន​ធ្លាប់​មាន​កាលពីពេល​មុន​របស់​ក្រុម​ហាម៉ាស់​ទៅក្នុង​ប្រទេស​អ៊ីស្រាអែលកាលពី​ថ្ងៃ​ទី​៧ ខែ​តុលា​ ដែល​បាន​សម្លាប់​មនុស្ស​ជាង​ ១.១៧០នាក់ ​ដែល​ភាគ​ច្រើន​ជា​ជន​ស៊ីវិល៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG