ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Netanyahu​ និយាយ​ថា​លោក​មាន​កាតព្វកិច្ច​​ប្រយ័ត្ន​ជាមុន​ចំពោះ​នុយ​ក្លេអ៊ែរ​​អ៊ីរ៉ង់


លោក​នាយក​រដ្ឋ​មន្រ្តី​អ៊ីស្រាអែល​ Benjamin Netanyahu បញ្ចេញ​កាយវិការ​ នៅ​ខណៈ​ដែល​លោក​ថ្លែង​ការ​នៅ​ក្នុង​សន្និសីទ​ស្តី​អំពី​គោល​នយោបាយ​ ជាមួយ​គណកម្មការ​កិច្ច​ការ​សាធារណៈ​អាមេរិក-អ៊ីស្រាអែល​ នៅ​រដ្ឋធានីវ៉ាស៊ីនតោន​ កាល​ពីថ្ងៃទី​២ ខែ​មីនា​ ឆ្នាំ២០១៥។
លោក​នាយក​រដ្ឋ​មន្រ្តី​អ៊ីស្រាអែល​ Benjamin Netanyahu បញ្ចេញ​កាយវិការ​ នៅ​ខណៈ​ដែល​លោក​ថ្លែង​ការ​នៅ​ក្នុង​សន្និសីទ​ស្តី​អំពី​គោល​នយោបាយ​ ជាមួយ​គណកម្មការ​កិច្ច​ការ​សាធារណៈ​អាមេរិក-អ៊ីស្រាអែល​ នៅ​រដ្ឋធានីវ៉ាស៊ីនតោន​ កាល​ពីថ្ងៃទី​២ ខែ​មីនា​ ឆ្នាំ២០១៥។

លោក​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​ Benjamin Netanyahu ​បាន​និយាយ​ថា​ស.រ.អា.​ ​និង​ប្រទេស​អ៊ីស្រាអែល​ (Israel) ​យល់​ស្រប​គ្នា​អំពី​សេចក្តី​ត្រូវ​ការ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​អ៊ីរ៉ង់ (Iran) គ្មាន​អាវុធ​បរមាណូ​ ក៏​ប៉ុន្តែមិន​យល់​ស្រ​បគ្នា​អំពី​វិធី​សាស្រ្ត​បែប​ណា​ដើម្បី​ឲ្យបាន​សម្រេចគោលដៅ​នោះ​ទេ។

ការ​អត្ថាធិប្បាយ​ទាំង​នេះ​ធ្វើ​ទ្បើង​កាល​ពី​ថ្ងៃ​ច័ន្ទ​ គឺ​មួយ​ថ្ងៃ​មុន​ពេល​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ (Israel) រូប​នេះ​មាន​ផែន​ការ​ថ្លែង​សុន្ទរកថា​មួយ​ទៅ​កាន់​សភា​ស.រ.អា.។ ការ​អញ្ជើញ​លោក ​Netanyahu ​ឲ្យ​ទៅ​និយាយឯ​សភា​ស.រ.អា.​ ​ជា​រឿង​ចម្រូង​ចម្រាស់​មួយ​នៅ​ក្នុង​ស.រ.អា.​ ​ពីព្រោះគ្មាន​ការ​ពិគ្រោះបែប​នេះ​កើត​ឡើង​ទេ​តាម​ទម្លាប់​ដែល​ធ្លាប់​បាន​ធ្វើ​ជាមួយ​សេតវិមាន ​ហើយ​នេះ​ក៏​គូស​បញ្ជាក់​ថា​ ការ​ទាក់ទង​គ្នា​រវាង​លោក Netanyahu​ និង​លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា មាន​ភាព​រអាក់​រអួល។

លោក​ Netanyahu ​និយាយ​ថា​ ការ​ខ្វែង​គំនិត​គ្នា​ជា​មួយ​ស.រ.អា.​នេះ​ កើត​ចេញមក​ពី​ទស្សនៈ​ប្លែក​គ្នា​ ពីព្រោះរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ព្រួយ​បារម្ភ​អំពី​សន្តិសុខ​ចំណែក​ឯ​អ៊ីស្រាអែល (Israel) ត្រូវ​តែ​ព្រួយ​បារម្ភ​អំពីការ​រស់រាន្ត​មាន​ជីវិត​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.​ John Kerry​ បាន​មាន​ប្រសាសន៍​ថា​ កិច្ច​ព្រម​ព្រៀង​ណាមួយ​ដែល​ស.រ.អា.​ ​ទទួល​យក​នឹង​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​«ជាពិសេស​ប្រទេស​អ៊ីស្រាអែល»​ មាន​សុវត្ថិភាព​ជាង​មុន។លោក​ស្រី Samantha Power ​ឯកអគ្គរដ្ឋទូតស.រ.អា.​ ប្រចាំ​អ.ស.ប.​បាន​មាន​ប្រសាសន៍​ថា ភាព​ជា​ដៃគូ​រវាង​ស.រ.អា.​ និង​ប្រទេស​អ៊ីស្រាអែល​ (Israel) «ឋិតនៅ​ពី​លើវិស័យ​នយោបាយ»​ហើយនឹង​«មាន​ភាព​បែបនេះ​ជានិច្ច»។

នៅ​ក្នុង​សុន្ទរកថា​មួយដែល​លោក​បានថ្លែង​កាល​ពី​ថ្ងៃ​ច័ន្ទ​ទៅ​កាន់​ក្រុម​អ្នកនិយាយ​បញ្ចុះបញ្ចូលលម្អៀង​ទៅ​ខាង​អ៊ីស្រាអែល​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ លោក ​Netanyahu ​បាន​និយាយ​ថា​ លោក​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ ដល់​ប្រទេសអ៊ីស្រាអែល​ ហើយ​ថា​លោក​មិន​ចង់​បញ្ចូល​ប្រទេស​អ៊ីស្រាអែល​ទៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​គ្នា​ដោយ​ប្រកាន់​គណបក្ស​ក្នុង​ស.រ.អា.​ ទេ។

លោក​ Netanyahu​ បាន​និយាយ​ថា​ លោក​គោរព​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ហើយ​ថា​ ទំនាក់​ទំនង​រវាង​អ៊ីស្រាអែល​និង​ស.រ.អា.​ នៅ​តែ​ខ្លាំង​តទៅ​ទៀត៕

XS
SM
MD
LG