លោកប្រធានាធិបតី Donald Trump បានធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាមួយក្នុងសេតវិមាននៅថ្ងៃអង្គារ ស្តីពីការបង្កើតទំនាក់ទំនងជាផ្លូវការរវាងប្រទេសអ៊ីស្រាអែល និងប្រទេសក្នុងពិភពអារ៉ាប់ ដែលរួមមានអេមីរ៉ាតអារ៉ាប់រួម និងប្រទេសបារ៉ែន។
លោក Trump បានថ្លែងថា៖ «មេដឹកនាំដ៏មានចក្ខុវិស័យទាំងនេះនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិភាពដំបូងបំផុតចំនួនពីររវាងអ៊ីស្រាអែល និងរដ្ឋអារ៉ាប់ នៅក្នុងរយៈពេលជាង២៥ឆ្នាំមកនេះ។ នៅក្នុងប្រវត្តិសាស្ត្រទាំងមូលរបស់អ៊ីស្រាអែល គេធ្លាប់សម្រេចបានកិច្ចព្រមព្រៀងបែបនេះតែពីរដងប៉ុណ្ណោះ ហើយនៅពេលនេះយើងសម្រេចបានកិច្ចព្រមព្រៀងចំនួនពីរក្នុងរយៈពេលតែមួយខែ»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu រដ្ឋមន្ត្រីការបរទេសអេមីរ៉ាតអារ៉ាប់រួមលោក Abdullah bin Zayed និងរដ្ឋមន្ត្រីការបរទេសបារ៉ែនលោកAbdullatif bin Rashid al Zayani បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលមានឈ្មោះថា «កិច្ចព្រមព្រៀងAbraham» ដែលសម្រេចបានកាលពីថ្ងៃទី១៣ខែសីហា។
ក្រោមកិច្ចព្រមព្រៀង Abraham នេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Netanyahu យល់ព្រមបញ្ឈប់នូវគម្រោងទន្ទ្រានយកផ្នែកខ្លះនៃតំបន់ West Bank ទៅក្នុងការគ្រប់គ្រងរបស់អ៊ីស្រាអែល។ ប៉ុន្តែអ្នកសង្កេតការណ៍មួយចំនួនថា កិច្ចព្រមព្រៀងនេះជាសញ្ញាបន្ថែមថា មានការផ្លាស់ប្តូរឥទ្ធិពលក្នុងតំបន់មជ្ឈិមបូព៌ា ដោយមានប្រទេសជាច្រើនក្នុងពិភពអារ៉ាប់កំពុងខិតទៅរកភាពជិតស្និទ្ធជាមួយប្រទេសអ៊ីស្រាអែល ដោយទុកចោលប៉ាឡេស្ទីនឲ្យនៅតែឯង។
រដ្ឋបាលលោកត្រាំបានជួយជ្រោមជ្រែងឲ្យមានកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល អេមីរ៉ាតអារ៉ាប់រួម និងបារ៉ែន ដោយចាត់ទុកថា នេះជាជោគជ័យក្នុងគោលនយោបាយការបរទេសដ៏សំខាន់សម្រាប់សហរដ្ឋអាមេរិក នៅពេលដែលការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅសល់តែ២ខែទៀតប៉ុណ្ណោះ គឺនៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខនេះ។
លោក Joe Biden ដែលជាគូប្រជែងខាងគណបក្សប្រជាធិបតេយ្យរបស់លោក Trump នៅក្នុងការបោះឆ្នោតប្រធានាធិបតីខាងមុខ បានឆ្លើយតបនឹងសំណួររបស់វីអូអេនាពេលថ្មីៗនេះថា លោកគាំទ្រឲ្យប្រទេសកាន់តែច្រើនបង្កើតទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ប៉ុន្តែលោកថា លោកជឿថា «អ៊ីស្រាអែលត្រូវត្រៀមខ្លួនធ្វើការឆ្ពោះទៅសម្រេចឲ្យបាននូវដំណោះស្រាយសន្តិភាពពីររដ្ឋពិតប្រាកដមួយ» ជាមួយនឹងប៉ាឡេស្ទីន៕