ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប ​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​គណបក្ស​នយោបាយ​ណា​ដែល​​​គំរាម​កំហែង​​អង្គ​បោះ​ឆ្នោត​ជ្រើស​តាំង​​សមាជិក​ព្រឹទ្ធ​សភា


ទីស្នាក់ការ​កណ្តាលគណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​ (គ.ជ.ប)​​ ថ្ងៃទី​៤ ខែកក្កដា​ ឆ្នាំ​ ២០២៣។ (ហ៊ុល រស្មី/វីអូអេ)​
ទីស្នាក់ការ​កណ្តាលគណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​ (គ.ជ.ប)​​ ថ្ងៃទី​៤ ខែកក្កដា​ ឆ្នាំ​ ២០២៣។ (ហ៊ុល រស្មី/វីអូអេ)​

ខណៈ​ការបោះ​ឆ្នោតជ្រើសតាំងសមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ កំពុង​ខិត​ជិតមក​ដល់​នោះ​ ​គណៈ​កម្មា​ធិការ​ជាតិរៀប​ចំការ​បោះឆ្នោត​(គ.ជ.ប) ​ព្រមាន​ចាត់​វិធានការ​ផ្លូវច្បាប់ ចំពោះគណបក្ស​នយោបាយណា​ដែលធ្វើ​សកម្ម​ភាព​គំរាមកំហែង បំភិត​បំភ័យ​ និង​លួងលោម​អង្គ​បោះឆ្នោត​ ដោយ​ហេតុថាសកម្មភាព​ទាំង​នោះជាការ​រំលោភ​សិទ្ធិ​សម្រេច​ចិត្ត​របស់​អ្នក​បោះឆ្នោត និង​ប៉ះពាល់​ការ​សម្ងាត់​ក្នុង​ដំណើរការ​បោះឆ្នោត​។ នេះបើ​តាម​សេច​ក្តី​ថ្លែង​ការណ៍​មួយចេញ​ផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​។

ការបោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​នឹង​ប្រព្រឹត្ត​ទៅនៅថ្ងៃទី​២៥ ខែកុម្ភៈ​ ឆ្នាំ២០២៤នេះ​ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​៤​ចូលរួម ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​កម្លាំងជាតិ​។

គ.ជ.ប មិនបាន​លើក​ឡើង​ចំឈ្មោះ​ គណបក្ស​មួយណា​ដែល​កំពុងធ្វើ​សកម្មភាព​បំភិតបំភ័យ​អង្គ​បោះឆ្នោត​នោះ​ទេ​ ប៉ុន្តែ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ចុះថ្ងៃទី​១៥ខែកុម្ភៈនេះ​ គ.ជ.ប​ បាន​ថ្លែង​ថា៖ ​«គណៈ​កម្មការ​ជាតិ​រៀប​ចំការ​បោះឆ្នោត(គ.ជ.ប) បាន​កត់សម្គាល់ឃើញថា ​ក្នុងរយៈ​ពេលនេះ ​មាន​គណ​បក្ស​នយោបាយ​មួយ ដែល​គ្មាន​បញ្ជី​បេក្ខ​ជន​ឈរឈ្មោះ​បោះឆ្នោត​បាន​ធ្វើ​សកម្មភាព​គំរាម​កំហែង ​សមាជិក​ក្រុមប្រឹក្សា​ឃុំសង្កាត់​របស់​ខ្លួន ជាអ្នក​បោះឆ្នោត​ឱ្យ​បោះ​ឆ្នោត​ជូន​គណបក្ស​នេះ ឬ​គណបក្ស​នោះ ដែលជា​ការ​រំលោភ​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​អ្នក​បោះឆ្នោត​ រំលោភ​ការសម្ងាត់​នៃការ​បោះឆ្នោត​ និងធ្វើ​ឱ្យ​បាត់​ទំនុកចិត្ត​លើការ​បោះ​ឆ្នោត»​។

គ.ជ.ប បញ្ជាក់​ត្រង់​មាត្រា​៧១ ​នៃច្បាប់​ស្តីពីការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ ដែលត្រូវ​យកមក​អនុវត្ត​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា ដោយ​ថា​«​គណបក្ស​នយោបាយ​ បេក្ខជន​ ឬ​អ្នកគាំទ្រ​ទាំងអស់​ មិន​ត្រូវធ្វើការ​គំរាមកំហែង​ បំភិត​បំភ័យ​ និងលួងលោម​ឱ្យបុគ្គល​ផ្តិតមេដៃ​ ឬ​ស្បថ​ ឬសន្យា​បោះឆ្នោត​ឱ្យ​គណ​បក្ស​ណាមួយ​ឡើយ»​។

លោក ហង្ស ពុទ្ធា​ អ្នកនាំពាក្យ​គ.ជ.ប.​និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​ជំនួប​សវនាការ​ជាមួយ​នឹង​ក្រុម​អ្នក​ដឹកនាំ​នយោបាយ​វ័យ​ក្មេង​កាលពី​ថ្ងៃទី​០១ តុលា ឆ្នាំ​២០១៩​នៅ​ការិយាល័យ​គ.ជ.ប. រាជធានីភ្នំពេញ។ (ទុំ ម្លិះ/VOA)
លោក ហង្ស ពុទ្ធា​ អ្នកនាំពាក្យ​គ.ជ.ប.​និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​ជំនួប​សវនាការ​ជាមួយ​នឹង​ក្រុម​អ្នក​ដឹកនាំ​នយោបាយ​វ័យ​ក្មេង​កាលពី​ថ្ងៃទី​០១ តុលា ឆ្នាំ​២០១៩​នៅ​ការិយាល័យ​គ.ជ.ប. រាជធានីភ្នំពេញ។ (ទុំ ម្លិះ/VOA)

អ្នក​នាំ​ពាក្យ​គ.ជ.ប​ លោក ​ហង្ស ពុទ្ធា ​ប្រាប់​វីអូអេ​ថា​ គ.ជ.បនេះ មិន​សំដៅ​ចំទៅ​លើ​គណបក្ស​ណាមួយ​នោះទេ ប៉ុន្តែ​ប្រសិន​បើ​គណបក្សដែលធ្វើ​សកម្មភាព​ខុស​ ត្រង់​មាត្រា​៧១​ គណបក្ស​នោះ​ត្រូវកែសម្រួល និង​បញ្ឈប់​សកម្ម​ភាព​ទាំង​នោះ​ជាបន្ទាន់ ដើម្បី​ចៀស​វាង​ការ​ចាត់​វិធាន​ការតាម​ផ្លូវច្បាប់​។

លោកថ្លែង​ថា​៖ ​«ការណ៍​ដែលកំ​ណត់​ថា​ដាក់ទោស​ទណ្ឌ​យ៉ាងណា គ.ជ.ប មាន​បំណង​ ឱ្យគ្រប់​គណ​បក្ស​នយោបាយ​ ទាំង​អ្នករំខាន​ការបោះឆ្នោត​ហ្នឹង​ឯង គឺ​ព្យាយាម ពិនិត្យឡើងវិញ​នូវ​ទិដ្ឋភាព​ច្បាប់​។ ហើយ​ប្រសិន​បើ​ជា​មាន​ពាក្យបណ្តឹង​ នោះ​នឹង​សិក្សា​អំពី​សកម្ម​ភាព​ដែលបាន​ធ្វើកន្លងមក​ កម្រិត​ប៉ះពាល់​កម្រិតណា​ ហើយ​ត្រូវផ្អែក ទៅ​លើមាត្រាណា​ដើម្បី​ដាក់ទោស​ទណ្ឌដល់​អ្នក​ដែលរំខាន ឬធ្វើ​ឱ្យប៉ះពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត​»។

ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ​ស៊ុន ចន្ធី គាំទ្រ​សេចក្តី​ថ្លែងការណ៍​របស់ស្ថាប័ន​គ.ជ.ប និង​អំពាវនាវ​ឱ្យគ.ជ.ប ចាត់​វិធានការ​ផ្លូវច្បាប់ ​ដល់​គណបក្សណា​ដែល​ធ្វើ សកម្មភាព​គំរាមកំហែង​អង្គ​បោះឆ្នោត​។

លោក ស៊ុន ចន្ធី​ សហស្ថាបនិក​និង​ប្រធាន​គណបក្ស​កម្លាំង​ជាតិ ចូលរួមក្នុងកម្មវិធីមួយរបស់គណបក្ស កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (Facebook/National Power Party)
លោក ស៊ុន ចន្ធី​ សហស្ថាបនិក​និង​ប្រធាន​គណបក្ស​កម្លាំង​ជាតិ ចូលរួមក្នុងកម្មវិធីមួយរបស់គណបក្ស កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (Facebook/National Power Party)

លោកប្រាប់​វីអូអេ​ថា៖ ​«​សូម​អំពាវ​នាវ​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត​ត្រូវតែ​មានវិធាន​ការ​ផ្លូវច្បាប់​ឱ្យ​បានត្រឹមត្រូវ ​ប្រសិន​បើគណបក្ស​នយោបាយ​មួយ​នោះ​ នៅ​តែ​បន្តសកម្មភាព​បែប​ហ្នឹង​តទៅ​ទៀត​»។

ប្រធាន​គណបក្សដែល​ទើប​តែ​បង្កើត​ថ្មី​មួយ​នេះ អះអាង​ថា​គណបក្ស​កម្លាំងជាតិ មិនបាន​ធ្វើ​សកម្មភាព​ចាប់បង្ខំ​ ឬ​អូសទាញ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ដែលជា​អង្គបោះឆ្នោត​នោះទេ។

លោកថា​គណបក្ស​គ្រាន់តែ​អំពាវ​នាវ​ឱ្យអង្គ​បោះឆ្នោត​ បោះឆ្នោត​គាំទ្រ​គណបក្ស កម្លាំង​ជាតិ ​ស្របទៅ​តាម​ច្បាប់​តែប៉ុណ្ណោះ សម្រាប់ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ នាខែ​កុម្ភៈនេះ​។

លោកបន្តថា៖ «​នៅក្នុង​ដំណាក់ការនៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត យើងមានសិទ្ធិ គណបក្ស​នយោបាយ​ដែល​ចូលរួម​ការ​បោះឆ្នោតមានសិទ្ធិ ធ្វើសេចក្តី​អំពាវនាវ​ឱ្យ អង្គបោះឆ្នោត​មេត្តា​ពិចារណា​បោះឆ្នោត​ឱ្យ​គណ​បក្ស​នយោបាយ​ណាមួយ ដែលខ្លួន​ពេលចិត្ត​ ជាពិសេស​បោះឆ្នោត​ឱ្យ​អង្គ​បោះឆ្នោត ​បោះឆ្នោត​ឱ្យ​គណបក្ស​កម្លាំង​ជាតិ។ ​នេះជាគោលការណ៍​ស្របច្បាប់ ស្ថិតក្នុង​ដំណាក់​កាលនៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​»។

អគ្គលេខា​ធិការ​គណបក្ស​ភ្លើង​ទៀន លោក ​លី សុធារ៉ាយុត្តិ ប្រាប់​វីអូអេ​ថា ទាំង​គណបក្ស​ភ្លើងទៀន និង​គណ​បក្ស​ឆន្ទៈ​ខ្មែរ ​ដែលជា​គណបក្ស​សម្ព័ន្ធភាព តែងតែគោរពតាមច្បាប់​ជានិច្ច​។

លោកបន្តថា ​គណបក្ស​ភ្លើងទៀន ​ជារឿយៗ ផ្តល់​សិទ្ធិដល់អង្គបោះឆ្នោត​ជាង​២ពាន់​នាក់ ​ដែលជា​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ជាប់​ឆ្នោត​ឆ្នាំ​២០២២ ​ឱ្យ​ពិចារណាដោយខ្លួនឯង ក្នុងការបោះឆ្នោត​ព្រឹទ្ធសភា​នា​ពេល​ខាងមុខ​។

លោក​ថ្លែងថា៖ ​«​យើងមិនដែល​ប្រើប្រាស់​មធ្យោបាយ​គំរាមកំហែង ឬ​បំភិត​បំភ័យ​លើអង្គបោះឆ្នោត​ ឬក៏ជំរុញ ឬបង្ខំ​ឱ្យអង្គបោះឆ្នោត​របស់យើង​ បោះ​ឆ្នោត​ឱ្យ​គណបក្សនេះ ឱ្យ​គណបក្ស​នោះទេ​។ ផ្ទុយ​ទៅវិញ​ យើងជឿ​ជាក់ថា​ អង្គ​បោះ​ឆ្នោត​របស់​យើង​ទាំង​២១៩៨​រូប​ ពិត​ជា​គាំទ្រ និង​បោះឆ្នោត​ជូន​បេក្ខជន​របស់យើង​នៅក្នុង គណបក្ស​ឆន្ទៈ​ខ្មែរ​»​។

លោក ​លី សុធារ៉ាយុត្តិ ​បានស្នើ​ទៅ​ក្រសួង​មហាផ្ទៃ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ឱ្យ​ពន្លឿន​ការ​ជាប់​គាំងកា​រ​ផ្លាស់ប្តូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាង​៣០​នាក់ ​ដែល​ជា​អង្គបោះ​ឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន​។ លោកថាបើ​គណបក្ស​ភ្លើងទៀន​បាត់បង់ អង្គបោះឆ្នោត​ជាង​៣០នាក់នេះ គឺនឹងប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោតព្រឹទ្ធសភា​។

ដោយឡែក​ គណបក្ស​ភ្លើងទៀន ​ធ្លាប់​បាន​ចេញ​សេចក្តីថ្លែង​ការណ៍មួយ ​កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ​ដោយ​អំពាវ​នាវទៅ​ស្ថាប័ន​គ.ជ.ប ​ចាត់​វិធាន​ការ ​ទប់ស្កាត់​ចំពោះ​សកម្មភាព​មិនប្រក្រតី​គ្រប់ទម្រង់​មកលើ​អង្គ​បោះឆ្នោត​របស់​គណបក្ស​ភ្លើងទៀន​។

សេចក្តីថ្លែង​ការណ៍​របស់​គណបក្ស​ភ្លើងទៀន​នោះ​ បញ្ជាក់​ថា៖ ​«​គណបក្សភ្លើងទៀន ក្នុងពេល​ថ្មីៗនេះ ​បាន​ទទួល​ព័ត៌មាន​ពីសមាជិក​ក្រុមប្រឹក្សា​ឃុំសង្កាត់​ជាប់ឆ្នោត​របស់ គណបក្ស​ដែលជា​អង្គ​បោះឆ្នោត​ថា អាជ្ញាធរ​មូល​ដ្ឋាន​រាជធានី-ខេត្ត​មួយចំនួន​បានអញ្ជើញ​ពួកគាត់​ទៅជួប​ ហើយ​និយាយ​លួង​លោម​បញ្ចុះ​បញ្ជូល​ឱ្យអង្គ​បោះឆ្នោត​របស់​គណបក្ស​ភ្លើងទៀន​ បោះឆ្នោត​ជូនគណបក្ស​ដទៃ ជាថ្នូរនឹង​ថវិកាមួយ​ចំនួន»។

ទីស្នាក់ការ​កណ្តាល​គណបក្សភ្លើង​ទៀន​ នៅ​ក្នុង​ខណ្ឌសែន​សុខ រាជធានី ភ្នំពេញ​ ថ្ងៃទី​៣ ខែកក្កដា​ ឆ្នាំ​២០២៣។​ (ហ៊ុល រស្មី/វីអូអេ)​
ទីស្នាក់ការ​កណ្តាល​គណបក្សភ្លើង​ទៀន​ នៅ​ក្នុង​ខណ្ឌសែន​សុខ រាជធានី ភ្នំពេញ​ ថ្ងៃទី​៣ ខែកក្កដា​ ឆ្នាំ​២០២៣។​ (ហ៊ុល រស្មី/វីអូអេ)​

គណ​បក្ស​ប្រឆាំង​មួយ​នេះ ចាត់ទុក​ថា សកម្មភាពរបស់​អាជ្ញាធរ​ ជា​ការ​រំលោភ​សិទ្ធិ​បោះឆ្នោត ​ដែល​បំពាន​ទៅ​លើ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និងធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នាពេល​ខាងមុខ​នេះ ​ដោយ​នឹង​មិនឆ្លុះ​បញ្ចាំង​ពីភាព​សេរី​ ត្រឹមត្រូវ និង​យុត្តិធម៌​ឡើយ​។

គណ​បក្ស​ភ្លើងទៀ​ន អំនាវ​ទៅ​អាជ្ញាធរមូល​ដ្ឋាន​ ឱ្យ​បញ្ឈប់​រាល់​សកម្មភាព​បំភិត​បំភ័យ​ និង​លួង​លោម​ទិញ​ទឹក​ចិត្ត​អង្គបោះឆ្នោត​របស់ខ្លួន ដើម្បី​ធានាបរិយាកាលល្អ ​សម្រាប់ ដំណើរ​ការ​បោះ​ឆ្នោត​។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ ប្រាប់វីអូអេថា ​បើ​គណបក្ស​ភ្លើងទៀន ប្រឈម​បញ្ហា​ដូច​ការ​លើកឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​មែន​នោះ គឺ​គណបក្ស​គួរ​មាន​ភ័ស្តុតាង និង​ប្តឹងទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដើម្បី​ចាត់ការ​តាម​នីតិ​វិធីច្បាប់។​ ប៉ុន្តែ​លោក ​ចាត់ទុកថា សេចក្តី​ថ្លែងការណ៍​នេះ ក៏អាច​បង្ក​ផលប៉ះពាល់​ជាអវិជ្ជមាន​លើ​កិត្តិយស និងសេចក្តីថ្លៃ​ថ្នូរ​របស់​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ​។

លោកថា៖ «​ការលើកឡើងបែបទម្រង់ ចោទប្រកាន់​ ដាក់បន្ទុកទម្លាក់កំហុស គួរមាន​ភ័ស្តុតាងឱ្យបាន​ច្បាស់​លាស់ ហើយ​តាម​គោលការណ៍ច្បាប់ បើសិនជាមាន បញ្ហា បែបហ្នឹងមែន ខ្ញុំគិតថាគួរ​ធ្វើបណ្តឹង​ទៅតាម​អាជ្ញាធរ​ដែល​មាន​សមត្ថកិច្ច ឬ អង្គ[ភាព​]ណាដែល​មាន​សមត្ថកិច្ចលើកិច្ចការងារហ្នឹង ហើយគួរ​ធ្វើ​របាយការណ៍​ឱ្យ បានច្បាស់លាស់​ជាលក្ខណៈវិទ្យាសាស្ត្រ​ កុំប្រើតែក្រដាសមួយ​សន្លឹក​ ដើម្បីធ្វើ​សមរភូមិ​នយោបាយ​ក្នុងចំណោម​សាធារណៈមតិ​»។ ​

​បើតាមគ.ជ.ប យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​មានរ​យៈ​ពេល​១៤ថ្ងៃ​ ដែល​បាន​ចាប់​ផ្តើម​តាំងពីថ្ងៃទី១០​ខែ​កុម្ភៈហើយ​នឹងបិទ​បញ្ចប់ទៅ​នៅថ្ងៃ​ទី​២៣ ខែកុម្ភៈ​ខាង​មុខនេះ។ នៅ​ថ្ងៃ​បោះ​ឆ្នោត​ គឺ​ថ្ងៃទី​២៥ខែកុម្ភៈ​ ​អង្គ​បោះឆ្នោត​សរុប ចំនួន១១ ​៧៤៧នាក់ ដែល​ជា​តំណាង​រាស្ត្រ​ក្នុង​តំណែង និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ទាំង​អស់ក្នុងតំណែង នឹង​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ ចំនួន​សរុប​ ៦២​អាសនៈ​៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG