គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានព្រមានចាត់វិធានការផ្លូវច្បាប់លើគណបក្សនយោបាយណា ដែលមិនគោរពច្បាប់បោះឆ្នោត ក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដាខាងមុខ។ នេះបើតាមសារដែល គ.ជ.ប.បញ្ជូនទៅកាន់អ្នកប្រើប្រាស់ទូរស័ព្ទ។
សារដែលត្រូវបានបញ្ជូនជាស្វ័យប្រវត្តិទៅកាន់អ្នកប្រើប្រាស់ទូរស័ព្ទស្ទើរគ្រប់ប្រព័ន្ធ និងទូទាំងប្រទេសនាថ្ងៃសុក្រនេះ បញ្ជាក់ក្នុងន័យដើមថា៖
«ឯកឧត្តម ស៊ិក ប៊ុនហុក (ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត) បានមានប្រសាសន៍ថា គ.ជ.ប.នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះគណបក្សនយោបាយណាដែលមិនគោរពច្បាប់»។
ការបញ្ជូនសារតាមទូរស័ព្ទបែបនេះ ត្រូវបានលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. អះអាងថា ជាការក្រើនរំឭកដល់គណបក្សនយោបាយទាំងអស់ឲ្យអនុវត្តតាមច្បាប់ ខណៈដែលមានគណបក្សនយោបាយមួយចំនួនបាននិងកំពុងប្រព្រឹត្តខុស និងគណបក្សនយោបាយមួយចំនួនទៀត បានទទួលរងពិន័យរួចរាល់។ លោកបន្ថែមថា គណបក្សនយោបាយខ្លះបានជេរប្រមាថគណបក្សនយោបាយផ្សេងៗ ខ្លះទៀតបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិគណបក្សផ្សេង និងមួយចំនួនមិនព្រមទទួលយកសេចក្តីសម្រេចរបស់គ.ជ.ប.ជាដើម។
លោកបញ្ជាក់ថា៖
«យើងលើកជាគោលការណ៍រួម ហើយក៏ជាការក្រើនរំឭកបន្ថែមទៀតដែរ ដោយសារយើងឃើញថា សេចក្តីពន្យល់របស់គ.ជ.ប.ខ្លះ មានគណបក្សខ្លះលោកនៅតែអត់ទទួលយកចំណុចហ្នឹង ឧទាហរណ៍ដូចជាបញ្ហាធិច(√)អីជាដើម។ វិធានការសម្រាប់គ.ជ.ប.មានតែបីទេ គ.ជ.ប.គ្មានពន្ធនាគារសម្រាប់ដាក់អ្នកប្រព្រឹត្តល្មើសច្បាប់ទេ។ ទី១គឺការព្រមានជាលាយលក្ខណ៍អក្សរហ្នឹង។ ហើយទី២ការដាក់ឲ្យបង់ពិន័យជាប្រាក់ និងទី៣ អាចនឹងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬក៏ព្យួរសិទ្ធិបោះឆ្នោត»។
បើទោះជាលោក ហង្ស ពុទ្ធា មិនសំដៅចំឈ្មោះគណបក្សនយោបាយណាមួយ តែគេឃើញថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោក ខឹម វាសនា កាលពីដើមខែកក្កដា បានស្នើទៅ គ.ជ.ប.សុំឲ្យធ្វើវិសោធនកម្មចំណុចមួយចំនួននៃបទបញ្ជា និងនីតិវិធីសម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដោយបានទាមទារឲ្យគូសសញ្ញាធិក (√)លើប្រអប់គាំទ្រគណបក្សនយោបាយ បន្ទាប់ពី គ.ជ.ប. បានអនុញ្ញាតឲ្យអ្នកបោះឆ្នោតគូសសញ្ញាគាំទ្រច្រើនប្រភេទ។ ប៉ុន្តែកាលពីថ្ងៃទី១៥ កក្កដា គ.ជ.ប.បានចេញលិខិតមួយដោយអះអាងថា ខ្លួនមិនអាចធ្វើវិសោធនកម្មតាមការស្នើរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានឡើយ ដោយគ.ជ.ប.បញ្ជាក់ថា លក្ខខណ្ឌដែលគ.ជ.ប.បានកំណត់ «មិនប៉ះពាល់ដល់ការសម្ងាត់នៃការបោះឆ្នោត» នោះទេ។
លោក ចិន ថុន អគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យសុំមិនធ្វើអត្ថាធិប្បាយដោយប្រាប់ថា លោកមិនទាន់បានដឹងពីសារព្រមានរបស់គ.ជ.ប.នៅឡើយ។ ទោះយ៉ាងណា លោកថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅតែកាន់ជំហរទាមទារឲ្យមានការកំណត់យកសញ្ញាធិច(√)ប្រើប្រាស់ក្នុងការបោះឆ្នោត។
លោកបញ្ជាក់ថា៖
«និយាយរួមជំហររបស់យើង គឺយើងនៅតែទាមទារឲ្យគូសសញ្ញាធិច(√) និងសញ្ញាប្រហាក់ប្រហែលក្នុងប្រអប់បួនជ្រុងទ្រវែងតូចតែដដែលហ្នឹង។ ហើយសម្រាប់គ.ជ.ប. គេឆ្លើយថា ម៉េច ចាំមើលខ្ញុំមើលសិន។ ខ្ញុំមិនទាន់បានតាមដានព័ត៌មានហ្នឹងផង»។
ខណៈយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយកំពុងប្រព្រឹត្តទៅនៅទូទាំងប្រទេស គេឃើញមានការផ្សព្វផ្សាយពីសកម្មភាពរបស់មន្រ្តីគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះណែនាំឲ្យប្រជាពលរដ្ឋគូសលើប្រអប់លេខរៀងគណបក្សរបស់ខ្លួន និងករណីខ្លះទៀតមានការប្រើប្រាស់រថយន្តពាក់ស្លាកលេខនគរបាល និងខេមរភូមិន្ទ ដោយបិទស្លាកសញ្ញាគណបក្សជាដើម។ ក្រៅពីនោះ ក្នុងវេទិការសាធារណៈមួយកាលពីខែមិថុនាកន្លងទៅ គេឃើញលោក ទៀ បាញ់ ដែលជារដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាមេទ័ពធំមួយរូប បានប្រាប់ឲ្យនាយទាហាន និងពលទាហាន ព្រមទាំងក្រុមគ្រួសាររបស់ពួកគេបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាទៀតផង។
លោក ហង្ស ពុទ្ធា ប្រាប់ VOA បន្ថែមថា គណបក្សនយោបាយអាចបង្រៀនសកម្មជន ឬសមាជិករបស់ខ្លួនគូសលើសន្លឹកឆ្នោត ប៉ុន្តែលោកមិនបានបញ្ជាក់ពីសកម្មភាពនៃការបង្រៀនប្រជាពលរដ្ឋទូទៅគូសសន្លឹកឆ្នោតនោះទេ។ ទោះយ៉ាងណា លោកថា ការបង្ខំ ឬគំរាមកំហែងប្រជាពលរដ្ឋឲ្យគូសលើសន្លឹកឆ្នោតគំរូណាមួយគឺជាសកម្មភាពខុសច្បាប់។
លោកមានប្រសាសន៍ថា៖
«ការបង្រៀនសកម្មជនរបស់ខ្លួន ឬក៏ខ្ញុំនិយាយត្រឹមក្របខណ្ឌសកម្មជនរបស់ខ្លួន មិនមែនជាការខុសច្បាប់ទេ។ ប៉ុន្តែបើសិនជាការទៅបង្ខំ គំរាមកំហែងឲ្យប្រជាពលរដ្ឋត្រូវតែគូសអ្វីដែលខ្លួនចង់បាន អាហ្នឹងគឺជាអំពើខុសច្បាប់»។
យ៉ាងណាក៏ដោយ លោក ហង្ស ពុទ្ធា បញ្ជាក់ថា គ.ជ.ប.នឹងចាត់វិធានការលើអំពើល្មើសច្បាប់ទាំងឡាយណា ដែលមានពាក្យបណ្តឹងប៉ុណ្ណោះ។
លោក កន សាវាង្ស មន្រ្តីសម្របសម្រួលផ្នែកអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លើកឡើងថា លោកគាំទ្រលើការចាត់វិធានការផ្លូវច្បាប់លើគណបក្សនយោបាយដែលប្រព្រឹត្តល្មើស។ លោកបន្ថែមថា គ.ជ.ប. ក៏ត្រូវចាត់វិធានការដោយស្មើភាពលើគ្រប់គណបក្សនយោបាយទាំងអស់ ដោយមិនចាំបាច់មានបណ្តឹង ដូចករណីពាក់ព័ន្ធនឹងការប្រកាសធ្វើពហិការមិនទៅបោះឆ្នោតជាដើម។
លោកបញ្ជាក់ថា៖
«កន្លងមក ដែលអ្នកកាសែតចេះតែសួរខ្ញុំទាក់ទងរឿងអ្នកដែលធ្វើ Campaign (យុទ្ធនាការ) "ទៅ" ឬ"មិនទៅ"អីអីចឹង ហើយអ្នកដែលលើក Campaign (យុទ្ធនាការ)ថា "មិនទៅ"ហ្នឹងគឺជារឿងខុសច្បាប់។ ខ្ញុំឃើញ គ.ជ.ប.លោកចាត់ការតែម្តង។ អីចឹងអាករណីដែលយើងឃើញថា វាខុសឆ្គងហ្នឹងក៏វាដូចគ្នាដែរ។ ធ្វើម៉េច គ.ជ.ប.គួរគិតថាជាដែនកំណត់របស់ស្ថាប័នគ.ជ.ប.។ អីចឹងជាយោបល់ខ្ញុំ ចំណុចណាដែលយើងមើលឃើញថា វាមិនត្រឹមត្រូវ ឬក៏ជាចំណុចមួយដែលវាអាចធ្វើឲ្យប៉ះពាល់ដល់នីតិវិធីច្បាប់ អាហ្នឹង គ.ជ.ប. គួរតែធ្វើរឿងកិច្ចការងារអស់ហ្នឹង»។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦កាន់តែខិតជិតចូលមកដល់ ដោយមិនមានវត្តមានគណបក្សសង្គ្រោះជាតិ ក្រោយគណបក្សនេះត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។ លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង និងក្រុមជំទាស់ផ្សេងទៀត ដែលកំពុងរស់នៅនិរទ្ទេសខ្លួនឯបរទេស កំពុងធ្វើយុទ្ធនាការប្រឆំាងនឹងការបោះឆ្នោត ដោយមានទាំងការបង្ហោះសារផ្សេងៗលើបណ្តាញសង្គមរបស់ខ្លួន អំពាវនាវឲ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោត។
ទំព័រ និងគណនីហ្វេសប៊ុកមួយចំនួនទៀត ដែលបង្កើតដោយក្រុមអ្នកមិនគាំទ្ររដ្ឋាភិបាលកម្ពុជា តែងបង្ហោះសារភ្ជាប់នឹងរូបភាពផ្សេងៗ បង្ហាញពីការមិនទៅបោះឆ្នោត។
សម្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ តែងអំពាវនាវស្ទើររាល់ថ្ងៃតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត និងបោះឲ្យគណបក្សប្រជាជនកម្ពុជារបស់លោក ដែលដឹកនាំប្រទេសជាង៤០ឆ្នាំមកហើយនោះ ដើម្បីបន្តការអភិវឌ្ឍ រក្សាសន្តិភាព និងជៀសផុតនូវសង្គ្រាម។
ដូចគ្នានោះដែរ ទាំងមន្រ្តីរដ្ឋាភិបាលកម្ពុជា និងអ្នកគាំទ្រលោក ហ៊ុន សែន ក៏បានបង្ហោះសារភ្ជាប់នឹងការលើកឡើងថា នាំគ្នាទៅបោះឆ្នោត និងខ្លះបង្ហោះសារថា បោះឲ្យគណបក្សប្រជាជនកម្ពុជា។
យ៉ាងណាក៏ដោយ យុទ្ធនាការអំពាវនាវឲ្យពលរដ្ឋកុំទៅបោះឆ្នោតត្រូវបានរដ្ឋាភិបាលចោទប្រកាន់ថា ជាសកម្មភាពល្មើសច្បាប់ និងមានចេតនាទុច្ចរិត រារាំងពលរដ្ឋមិនឲ្យទៅបោះឆ្នោត។
ចំណែកគ.ជ.ប. ដែលអះអាងថា ខ្លួនជាស្ថាប័នជាតិរៀបចំការបោះឆ្នោតដោយឯករាជ្យ និងមិនលម្អៀងនោះ ក៏បានស្នើឲ្យក្រសួងមហាផ្ទៃចាត់វិធានការផ្លូវច្បាប់ចំពោះការអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពហិការមិនចូលរួមការបោះឆ្នោត ដោយលើកឡើងថា ការអំពាវនាវនោះ ជាសកម្មភាពធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ៕