ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សុខ ឥសាន​ ចាត់ទុក​ខ្លួន​ជា​«កូនទាហាន​ឈាន​មុខ‍»​របស់​គណបក្ស​ប្រជាជន


រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស​​ ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/VOA​)
រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស​​ ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/VOA​)

អស់​រយៈ​ពេលជិត​៤០​ឆ្នាំ បន្ទាប់​ពី​លោក​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល លោក សុខ ឥសាន មាន​ប្រសាសន៍​ថា លោក​ពេញ​ចិត្ត​នឹង​ស្មារតី​របស់​គណបក្ស​ដែល​លោក​បម្រើ ដូច​«ទាហាន​ឈាន​មុខ​ដ៏​ស្មោះ​ត្រង់​ម្នាក់»។ លោក​ជឿ​ថា កម្ពុជា​មិន​ត្រូវការ​ការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ទេ ហើយ​លោក​សង្ឃឹម​ថា ប្រជាជន​កម្ពុជា​នឹង​បន្ត​ការ​ជឿ​ទុក​ចិត្ត​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជា​រៀង​រហូត។

ខ្សែ​ជីវិត​របស់​លោក សុខ ឥសាន ​ដែល​បច្ចុប្បន្ន​ជា​សមាជិក​ព្រឹទ្ធសភា​ម្នាក់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​មួយ ក្នុង​ខែ​កញ្ញា ឆ្នាំ​១៩៧៩ នៅ​ពេល​លោក​បាន​ដើរ​តាម​ផ្លូវនៅ​រាជធានី​ភ្នំពេញ នា​ពេល​ព្រឹក​មួយ។

ពេល​នោះ​ គឺ​ក្រោយ​របប​ខ្មែរក្រហមបាន​ដួល​រលំ ដោយសារ​ការ​ឈ្លានពាន​របស់​កងទ័ព​វៀតណាម ដែល​បាន​ព្យាយាម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​កម្ពុជា។​ក្នុង​ដំណើរ​ស្វែង​រក​ម្តាយ​របស់​លោក​នៅ​រាជធានី​ភ្នំពេញ លោក សុខ ឥសាន ដែល​ជា​អតីត​គ្រូ​បង្រៀន ហើយ​កាល​នោះ​មាន​អាយុ​៣៣​ឆ្នាំ បាន​តស៊ូ​ធ្វើ​ដំណើរ​តាំងពី​តំបន់ជនបទ រហូត​មក​ដល់​រាជធានី​ភ្នំពេញ ដើម្បី​ស្វែង​រក​ម្តាយ​របស់​លោក ដោយ​ធ្វើដំណើរ​ទាំង​ថ្មើរជើង​និង​តាម​មធ្យោបាយ​ណា​ដែល​លោក​មាន ហើយ​ស្លៀក​ពាក់ខ្មៅ​ដែល​ខ្មែរ​ក្រហម​បាន​បង្គាប់​ឲ្យ​ប្រជាជន​ស្លៀក​ពាក់ ក្រោម​របប​កុម្មុយនិស្ត​មួយ​នេះ។ លោក សុខ ឥសាន​ បាន​ឲ្យ​ដឹង​ថា លោក​មាន​តែ​សម្លៀក​បំពាក់​មួយ​សម្រាប់​នេះ​ប៉ុណ្ណោះ។

នា​ពេល​នោះ លោក​បាន​ដើរ​កាត់​មុខ​ក្រសួង​មួយ​ដែល​កាល​នោះ​មាន​ឈ្មោះ​ថា​ក្រសួង​សេដ្ឋកិច្ច និង​ជីវភាព ហើយ​ត្រូវ​បាន​អ្នក​ជំនាញ​ការ​ជន​ជាតិ​វៀតណាម​ បាន​ហៅ​លោក​សួរ​នាំ រហូត​បាន​ធ្វើ​ការ​នៅ​ក្រសួង​មួយ​នោះ។ នៅ​ពេល​នោះ ប្រហែល​ជា​អ្នក​ជំនាញ​ការ​ជនជាតិ​វៀតណាម យល់​ថា លោក​ សុខ ឥសាន​ ជា​មនុស្ស​មាន​ចំណេះដឹង ដែល​ពួកគេ​ត្រូវការ​ចាំ​បាច់ ដើម្បី​ជួយ​រៀបចំ​រដ្ឋាភិបាល​ថ្មី​នៅ​កម្ពុជា ពីព្រោះ​ថា​ ខ្មែរ​ក្រហម​បាន​សម្លាប់​អ្នក​ចេះដឹង​នៅ​កម្ពុជា ក្រោម​របប​គ្រប់គ្រង​របស់​ខ្លួន។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ VOA ​កាល​ពី​ពេល​ថ្មីៗ​នេះ លោក សុខ ឥសាន មាន​ប្រសាសន៍​ថា៖

«វៀតណាម​គេ​ឃើញ​យើង​ដើរ។ ដើរ​ដូច​ខោអាវ​ប៉ុល ពត​អីចឹង។ គេ​សួរ​ថា​យើង​នៅ​ណា​មក​ពីណា។ ដឹង​ប្រវត្តិយើង​ថា​ យើង​មក​ពីក្រចេះ។ ស្រុក​កំណើត​នៅណា​ ពីមុន​ធ្វើ​អី? បាន​យើង​ប្រាប់ថា​ ធ្វើ​គ្រូ​បង្រៀន។ បាន​គេ​ថា​ធ្វើ​គ្រូ​បង្រៀន​មាន​ចំណេះ​ដឹង​ខ្លះ​ហើយ មក​រួម​ចំណែក​ កសាង​ប្រទេស​អី​ឡើង​វិញ»។

បន្ទាប់​មក​លោក​ក៏​បាន​ចូល​ធ្វើការ​នៅ​ក្រសួងនោះ ហើយ​ជីវិត​នយោបាយ​របស់​លោក​ក៏​បាន​ចាប់​ផ្តើម។ ក្នុង​ពេល​នោះ លោក​បាន​ធ្វើ​ការ​នៅ​ផ្នែក​ស្រង់​ស្ថិតិ ហើយ​បន្ទាប់​មក​លោក​ត្រូវ​បាន​ដំឡើង​តំណែង​ជា​អនុ​ប្រធាន​នាយកដ្ឋាន​ចាត់​តាំង និង​បៀវត្សរ៍​ពលកម្ម។ មួយ​ឆ្នាំ​បន្ទាប់​មក លោក​បាន​ចូលរួម​ជាមួយ​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ដែល​ជា​ឈ្មោះ​ដើម​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ធ្វើ​ការ​នៅ​ទីនោះ​ហើយ ដូច្នេះ​យើង​មិន​បាច់​គិត​ច្រើន​នោះ​ទេ គឺ​ចូល​តែ​ម្តង»។

ការ​ចូល​ជា​សមាជិក​បក្ស មិន​មែន​ជា​ការ​តម្រូវ​ឲ្យ​ត្រូវ​ធ្វើ​នោះទេ ក៏​ប៉ុន្តែ ​វា​ពិបាក​ក្នុង​ការ​ឡើង​កាន់​តំណែង​ខ្ពស់ៗ បើសិន​ជា​មិន​ចូល​ជា​សមាជិក​បក្ស​នោះ។

លោក សុខ ឥសាន ក្នុង​អំឡុង​ពេល​នោះ រីករាយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ថ្មី។ តាម​ការ​យល់​ឃើញ​របស់​លោក មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​នោះ​រួម​មាន​លោក ហ៊ុន សែន លោក ហេង​ សំរិន និង​លោក ជា​ ស៊ីម ដែល​អ្នក​ទាំង​នេះ​គឺជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម គឺជា​អ្នក​ជួយ​ស្រោចស្រង់​ជីវិត​របស់​លោក និង​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​ពី​សេចក្តី​ស្លាប់។ លោក សុខ​ ឥសាន មិន​បាន​លើក​ឡើង​អំពី​លោក ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​នៅ​ឆ្នាំ​១៩៨១ ក្រោយ​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ ដែល​ក្រោយ​មក​ លោក​បាន​ក្លាយ​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ មុន​ពេល​លោក​បាន​ទទួល​មរណភាព​កាលពី​ខែ​តុលា ឆ្នាំ​២០១៦ទេ។

រូបឯកសារ៖ លោក ជា ស៊ីម (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយ​ឆ្លើយ​ឆ្លងគ្នានៅក្នុងទិវាថ្ងៃ៧ មករា នៅទីស្នាក់ការបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៩៨។
រូបឯកសារ៖ លោក ជា ស៊ីម (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយ​ឆ្លើយ​ឆ្លងគ្នានៅក្នុងទិវាថ្ងៃ៧ មករា នៅទីស្នាក់ការបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៩៨។

នេះ​គឺជា​ផ្នត់​គំនិត​របស់​ប្រជាជន​កម្ពុជា​វ័យ​ចាស់ៗ​ភាគច្រើន ដែល​នៅ​តែ​ចង់ចាំ​ថា មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ ដែល​ជា​អ្នក​ជួយ​សង្គ្រោះ​ពួក​គេ​ពី​ពួក​ខ្មែរ​ក្រហម។

កើត​ក្នុង​ឆ្នាំ១៩៤៦ នៅ​ក្នុង​ខេត្ត​ស្វាយរៀង​ជាប់​នឹង​ព្រំដែន​វៀតណាម លោក សុខ ឥសាន មាន​ឱកាស​រៀន​សូត្រ​បាន​ខ្ពង់ខ្ពស់ ដោយ​លោក​បាន​ចូល​រៀន​នៅ​សាកលវិទ្យាល័យ និង​បាន​ធ្វើ​ជា​គ្រូបង្រៀន​ផង​ដែរ។ មុន​ឆ្នាំ​១៩៧៩ លោក​ជា​គ្រូ​បង្រៀន​នៅ​អនុវិទ្យាល័យ​មួយ​ក្នុង​ខេត្ត​ស្វាយរៀង។ បន្ទាប់​មក​លោក​បាន​ក្លាយ​ជា​នាយក​សាលា​វិទ្យាល័យ​មួយ​នៅស្រុក​កំណើត​របស់​លោក។

ក្នុង​ឆ្នាំ​១៩៧២ ក្នុង​របប​គ្រប់គ្រង​ដោយលោក​សេនា​ប្រមុខ លន់ នល់ ដែល​គាំទ្រ​ដោយ​អាមេរិក លោក សុខ ឥសាន បាន​មក​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ការ​សិក្សា​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ។

តែ​ជា​អកុសល កម្ពុជា​បាន​ធ្លាក់​ទៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ក្នុង​ខែ​មេសា ឆ្នាំ​១៩៧៥ ដែល​បង្ខំ​ឲ្យ​រូប​លោក ភរិយា កូន និង​គ្រួសារ​សាច់ថ្លៃ ត្រូវ​បណ្តេញ​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ​ទៅ​ជនបទ។ ពួក​គេ​មិន​ដឹង​ថា ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ខាង​ណា​ទេ។ ពួក​គេ​ចេះ​តែ​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​ឦសាន ហើយ​បាន​បន្ត​ធ្វើ​ដំណើរ​រហូត​ដល់​ខេត្ត​ក្រចេះ។

ជាសំណាង​មួយ​សម្រាប់​លោក សុខ ឥសាន ដោយសារ​លោក​មាន​ឪពុក​ក្មេក​ជា​អ្នក​បច្ចេកទេស ដែល​មាន​ជំនាញ​ក្នុង​កា​រផលិត​សម្ភារៈ​កសិកម្ម​ដែល​សំខាន់​សម្រាប់​របប​ខ្មែរ​ក្រហម ដូច្នេះ​ជីវិត​របស់​លោក និង​ក្រុម​គ្រួសារ​មិន​ប្រឈម​នឹង​ការ​សម្លាប់​នោះ​ទេ។

ក៏​ប៉ុន្តែ ​ខ្មែរ​ក្រហម​ក៏​មិន​ទុក​ឲ្យ​ក្រុម​គ្រួសារ​លោក​បាន​សុខ​ដែរ។ ឪពុក​បង្កើត​របស់​លោក​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​កង​កម្លាំង​ខ្មែរ​ក្រហម ខណៈ​មាន​ការ​វាយ​ប្រហារ​គ្នា​ក្នុង​ខែ​មករា ឆ្នាំ១៩៧៩។ លោក​ក៏​បាន​បាត់បង់​ប្អូនស្រី​ម្នាក់​ផង​ដែរ ដោយសារ​ការ​បរិភោគ​មិន​គ្រប់គ្រាន់។ លោក​បែក​ពីម្តាយ​ ហើយ​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើការងារ​ទាំង​បាក់​កម្លាំង។

ដោយសារ​តែ​បទពិសោធន៍​ជូរជត់​ទាំង​នេះ លោក សុខ ឥសាន យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​ជួយ​ជីវិត​របស់​លោក ហើយ​លោក​ត្រូវ​តែ​គាំទ្រ​គណបក្ស​នេះ​ដោយ​ស្មោះស្ម័គ្រ។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​រស់​ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា។ ហើយ​ការ​រស់​នៅ​របស់​យើង ដែល​ពីមុន​ជួប​ទុក្ខ​លំបាក បាន​រីក​ចម្រើន​ជា​បន្ត​បន្ទាប់ ដោយសារ​គណបក្ស​ប្រជាជន»។

ពី​មន្ត្រី​រាជការ​ទៅ​ជា​អ្នក​នាំពាក្យ​រដ្ឋាភិបាល

លោក សុខ ឥសាន បាន​ចំណាយ​ពេល​ជាង​១០​ឆ្នាំ ធ្វើ​ការ​ឲ្យ​រដ្ឋាភិបាល​នៅ​ក្រសួង​សេដ្ឋកិច្ច។ ក្រោយ​មក លោក​មាន​ឱកាស​ក្លាយ​ជា​អនុរដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល ដែល​កើត​ចេញ​ពី​ការ​បំបែក​ក្រសួង​សេដ្ឋកិច្ច និង​ជីវភាព។ លោក​ត្រូវ​ឈប់កាន់​តំណែង​មួយ​នេះ ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣។

កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ សេរីពហុ​បក្ស ក្រោយ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ហើយ​គណបក្ស​នយោបាយ​មួយ​ទៀត គឺ​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច បាន​ឈ្នះ​ការ​បោះឆ្នោត​លើក​ដំបូង​បង្អស់​របស់​កម្ពុជា ក្រោយ​របប​ខ្មែរ​ក្រហម។ ហេតុដូច្នេះ មន្ត្រី​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​កាន់​តំណែង​រដ្ឋាភិបាល​មុន​ការ​បោះឆ្នោត​នេះ ត្រូវ​ប្រគល់​តំណែង​របស់​ខ្លួន​ទៅ​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ឈ្នះ​ការ​បោះឆ្នោត។

ក្រោយ​ពី​ចាកចេញ​ពី​ការងារ​មួយ​នេះ លោក សុខ ឥសាន បាន​ទទួល​តំណែង​ជា​ទីប្រឹក្សា​ លោក ជា ស៊ីម អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ក្រោយ​មក​លោក​បាន​ទទួល​តំណែង​ជា​អគ្គនាយក​ទូរទស្សន៍ និង​វិទ្យុ​អប្សរា។ ក្នុង​ឆ្នាំ​២០០៨ លោក​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្រ្ត​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្រ្ត​មណ្ឌល​ព្រៃវែង។

កាល​ពី​ឆ្នាំ​២០១៨ លោក​បាន​ឈប់​ពីតំណែង​តំណាងរាស្រ្ត​ ដើម្បី​មក​ឈរ​ឈ្មោះ​ជា​បេក្ខជន​សមាជិក​ព្រឹទ្ធសភា​វិញ ហើយ​លោក​ក៏​បាន​ជាប់​ឆ្នោត​កាល​ពី​ខែកុម្ភៈ ខណៈ​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​នោះ មិន​មាន​វត្តមាន​គណបក្ស​ប្រឆាំង​ដ៏​ធំ គឺ​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ទេ។

ដោយសារ​ធ្លាប់​មាន​បទ​ពិសោធន៍​ជាង​១០​ឆ្នាំ​ទាក់ទង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ លោក សុខ ឥសាន ក៏​ត្រូវ​បាន​គណបក្ស​ជ្រើសរើស​រូប​លោក ឲ្យ​ធ្វើ​ជា​អ្នក​នាំពាក្យ​គណបក្ស កាល​ពី​ឆ្នាំ២០១៥។ តំណែង​មួយ​នេះ​ហើយ​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​លោក​កាន់​តែ​ត្រូវ​បាន​ស្គាល់​ក្នុង​ចំណោម​មហាជន ដោយ​សារ​លោក​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អ្នក​នាំពាក្យ​ដែល​តែង​តែ​លើក​ទូរសព្ទ​អ្នក​កាសែត និង​អាច​ឆ្លើយ​នឹង​សំណួរ​អ្នក​កាសែត​បាន​គ្រប់​ពេល។

ជា​អ្នក​នាំពាក្យ​ម្នាក់ លោក សុខ ឥសាន មាន​ប្រសាសន៍​ថា លោក​ត្រូវ​តែ​និយាយ​ការពារ​កម្មវិធី​នយោបាយ​របស់​គណបក្ស និង​ការពារ​សច្ចធម៌​របស់​គណបក្ស។

លោក​មាន​ប្រសាសន៍​ថា៖ «តែ​ខ្ញុំ​និយាយ​ការណ៍​ពិត​តើ។ កម្មវិធី​នយោបាយ​របស់​គណបក្ស​ល្អ ក៏​ប៉ុន្តែ​មន្រ្តី​របស់​គណបក្ស​១​ឬ​២​ធ្វើ​ខុស អាហ្នឹង​យើង​ត្រូវនិយាយ​ខុស​អាហ្នឹង។យើង​មិន​មែន​កាន់​ជើង​ណា មនុស្ស​ខូច​ហ្នឹង»។

លោក​ក៏​ឆ្លៀត​ពេល​ធ្វើ​យុទ្ធនាការ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដោយធ្វើ​ជា​វាគ្មិន​នៅក្នុង​កម្មវិធី​«សំឡេង​ការ​ពិត​ដើម្បី​ប្រជាជន» ដែល​ផ្សព្វផ្សាយ​តាម​ហ្វេសប៊ុក​ រយៈពេល​ពីរ​បីថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ផ្សព្វផ្សាយ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ទទួល​ទូរសព្ទ​ប្រជាពលរដ្ឋ​ដែល​តែង​តែ​លើកពី​ស្នាដៃ​របស់​គណបក្ស និង​រិះគន់​គណបក្ស​ប្រឆាំង។ កម្មវិធី​ ដែល​មាន​រយៈពេល​ពីរ​ម៉ោង​នេះ ត្រូវ​បាន​ផលិត​ឡើង​ដោយ​វិទ្យុ​បាយ័ន ដែល​គ្រប់គ្រង​ដោយ​កូនស្រី​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា។

លោក សុខ ឥសាន បាន​ឲ្យ​ដឹង​ថា លោក​ចាត់ទុក​ខ្លួន​លោក ជា​«‍​កូន​ទាហាន​ឈាន​មុខ» សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​លោក​ត្រូវ​ប្រឆាំង​តបត​នឹង​អ្នក​រិះគន់​ និង​គូ​សត្រូវ​របស់​រដ្ឋាភិបាល តាម​ការ​បង្គាប់​របស់​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់។

មេដឹកនាំ​ជាន់​ខ្ពស់​រូប​នោះ​ គឺ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បាន​គ្រប់គ្រង​ប្រទេស​អស់​រយៈពេល​ជាង​៣០ឆ្នាំ​មក​ហើយ ហើយ​ដែល​បាន​ប្រកាស​ថា លោក​នឹង​បន្ត​កាន់​តំណែង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​ទៀត។ លោក សុខ ឥសាន បាន​អះអាង​ថា នេះ​គឺជា​គោល​ដៅ​ដ៏​ត្រឹមត្រូវ​របស់​លោក​នាយករដ្ឋ​មន្ត្រី ដោយ​សារ​តែ​គោលនយោបាយ​ដ៏​ល្អ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក សុខ ឥសាន មាន​ប្រសាសន៍​ថា៖ «​នៅ​តែ​ដឹក​នាំ​ទៀត ផុតជំនាន់​នេះ ទៅជំនាន់​ក្រោយ គឺ​ជួរ​គណបក្ស​ប្រជាជន​ដឹកនាំ​ទៀត។ អាហ្នឹង​និរន្តរភាព»។

ទោះជា​យ៉ាង​ណា​ក្តី អ្នក​រិះគន់​មួយ​ចំនួន យល់​ខុស​ពី​នេះ ដោយ​អះអាង​ថា គណបក្ស​កាន់​អំណាច​បាន​ក្តោបក្តាប់​អំណាច ដោយ​ប្រើប្រាស់​យុទ្ធសាស្ត្រ​គំរាម​កំហែង ហើយ​ទង្វើ​នេះ​មិន​មាន​ប្រសិទ្ធភាព​ទេ ក្នុង​ការ​ដែល​ប្រទេស​ជាតិ​ត្រូវបាន​ដឹកនាំ​ក្នុង​រយៈពេល​ដ៏​យូរ​ដោយ​គណបក្ស​តែ​មួយ​នោះ។

ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​វាយ​ប្រហារ​លើ​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​ គឺ​គណបក្សសង្គ្រោះជាតិ ដោយ​បាន​ចាប់​ឃុំ​ខ្លួន​មេដឹកនាំ​គណបក្ស​នេះ ពី​បទ​ក្បត់ជាតិ និង​បាន​រំលាយ​គណបក្ស​នេះ​តាមរយៈ​សាលក្រម​តុលាការ​កំពូល កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ការ​បោះឆ្នោត​ថ្នាក់ជាតិ​អាណត្តិ​ទី​៦ នឹង​មាន​គណបក្សចំនួន​២០ ​ចូលរួម​ប្រកួត​ប្រជែង ក៏ប៉ុន្តែ​សមាគម​សិទ្ធិមនុស្ស​អន្តរជាតិ​ និង​អង្គការ​សហប្រជាជាតិ បាន​អះអាង​ថា ការ​បោះឆ្នោត​នេះ​នឹង​មិន​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌​នោះ​ទេ ដោយសារ​តែ​គ្មាន​ការ​ចូលរួម​ប្រកួត​ប្រជែង​ពី​គណបក្ស​សង្គ្រោះជាតិ។

លោក​ សុខ ឥសាន បាន​ច្រានចោល​ការ​លើក​ឡើង​នេះ ដោយ​អះអាង​ថា គណបក្ស​សង្គ្រោះជាតិ ត្រូវបាន​រំលាយ​ដោយខ្លួន​ឯង ពីព្រោះ​ថា​គណបក្ស​នេះ​សម្បូរ​ទៅ​ដោយ​ជន​ឧក្រិដ្ឋ។

លោក​មាន​ប្រសាសន៍​ថា៖ «ហើយ​អ្នក​ខ្លះ​គេ​យល់​ថា គណបក្ស​ប្រជាជន​ខ្លាច​ភ័យ​ចាញ់​ឆ្នោត​ហើយ បាន​រំលាយ​គេ។ មាន​ឭ​បញ្ហា​ហ្នឹង​ទេ? តែ​ត្រូវ​យល់​ថា មូល​ហេតុ​អី​បាន​គណបក្សប្រឆាំងហ្នឹង​ត្រូវ​រលាយ? ដោយ​សារ​តែ​អំពើ​ប្រព្រឹត្ត​ល្មើស​ច្បាប់​ខ្លួន​ឯង​ទេ។ មិន​មែន​ដោយ​សារ​គណបក្សប្រជាជនជា​អ្នក​រំលាយ​គាត់​ទេ គឺ​គាត់​ធ្វើ​ឲ្យ​ខ្លួន​រលាយ​ខ្លួន​ឯង»។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​យល់​ថា ទោះ​យ៉ាងណា​ក៏​ដោយ គណបក្ស​សង្រ្គោះ​ជាតិ​ហ្នឹង មិន​អាច​ប្រកួត​ប្រជែង​បាន​ទេ‍»។

លោក សុខ ឥសាន កំពុង​តែ​ស្ថិត​ក្នុង​តួនាទី​មួយ​ដ៏​សំខាន់ ដោយ​លោក​ត្រូវតែ​តស៊ូ​មតិ​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​កំពុង​មាន​លទ្ធិប្រជាធិបតេយ្យ​សេរីពហុ​បក្ស​ដ៏​រីក​ចម្រើន ខណៈ​ពេល​ដែល​លោកត្រូវតែ​វាយ​ប្រហារ​លើ​គណបក្ស​ណា​ ដែល​ហ៊ាន​ប្រកួត​ប្រជែង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​អំណាច។ លោក​បាន​អះអាង​ថា សមាជិក​នៃ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ គឺ​គណបក្ស​សង្គ្រោះជាតិ ​សម​នឹង​ជាប់​ឃុំ និង​រត់​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស។ ទោះជា​យ៉ាង​ណា​ក្តី លោក សុខ ឥសាន នៅ​តែ​មិន​យល់​ថា ទស្សនៈ​របស់​លោក​ មាន​លក្ខណៈ​ប្រទាយញប្រទុង​គ្នា​នោះ​ទេ។

លោក សុខ ឥសាន មាន​ប្រសាសន៍​ថា៖ ​«តែ​វា​ធម្មតា​តើ ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ សេរីពហុបក្ស គឺ​ថា​ដៃ​គូ​ភាគី​មិន​ចង់​ឲ្យ​ដៃ​គូប្រកួត​ហ្នឹង​ខ្លាំង​ទេ។ អ្នក​ណា​ក៏​ដូច​គ្នា​ដែរ គេក៏​គេ​ចង់​បំបែកគណបក្ស​ប្រជាជន ក៏​ប៉ុន្តែ​គេ​បំបែក​វា​អត់បាន»។

ទិដ្ឋភាពទូទៅ​នៃ​ការ​ឃោសនា​រកសំឡេង​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នាថ្ងៃ​ទី០៧ ខែ​កក្កដា ឆ្នាំ​២០១៨។ (គី ម៉េងលី/VOA)
ទិដ្ឋភាពទូទៅ​នៃ​ការ​ឃោសនា​រកសំឡេង​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នាថ្ងៃ​ទី០៧ ខែ​កក្កដា ឆ្នាំ​២០១៨។ (គី ម៉េងលី/VOA)

គណបក្ស​ចាស់​សម្រាប់​យុវជន​ជំនាន់​ថ្មី

បើ​ទោះ​ជា​លោក​លេច​មុខ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក លោក សុខ ឥសាន មិន​បាន​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​នោះ​ទេ ដោយ​លោក​យល់​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​បុរាណ មាន​សារប្រយោជន៍​សម្រាប់​រូប​លោក។

លោក​មាន​ប្រសាសន៍​ថា៖ «វា​អត់​មាន​ប្រយោជន៍​អី​សម្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​ទទួល​ព័ត៌មាន ខ្ញុំ​មិន​យក​តាម​ហ្វេសប៊ុក​ទេ។ ខ្ញុំ​អាន​កាសែត ស្តាប់​វិទ្យុ និង​មើល​ទូរទស្សន៍»។

លោក សុខ ឥសាន មិន​យល់​ពី​វប្បធម៌​នៃ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​តាម​ប្រព័ន្ធ​អ៊ីនធើណែត ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​បញ្ចេញ​ការ​យល់​ឃើញ​របស់​ពួកគេ ដោយ​សេរី ហើយ​និង​ចំអក​ឡកឡឺយ​ដល់​អ្នក​មាន​អំណាចទេ។

នៅ​ពេល​ធ្វើ​បទសម្ភាសន៍ លោក សុខ ឥសាន បាន​បង្ហាញ​អ្នក​សារព័ត៌មាន​ VOA ​នូវ​រូបភាព​មួយ​ចំនួន ដែល​រូបថត​របស់​លោក​ត្រូវ​បាន​កាត់​ត ដង​ខ្លួន​របស់​លោក​ជា​រូប​ត្រឡោក​ដូង ​ដៃ​ជា​ដៃ​សត្វ​ស្វា និង​លោក​ពាក់​មួក​មាន​ទង់​ជាតិ​វៀតណាម។ លោក​ចាត់​ទុក​ថា នេះ​ជា​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ហួស​ហេតុ។

លោក​មាន​ប្រសាសន៍​ថា៖ «អ្នក​លេង​ហ្វេសប៊ុក​ដាក់​រូប​ខ្ញុំ​អីចឹង សួរ​ថា​សិទ្ធិ​សេរីភាព​ទេ? វា​ប៉ះពាល់​សិទ្ធិ​សេរីភាព​ខ្ញុំ​ទេ? ទេ​ប៉ះពាល់»។ លោក​បញ្ជាក់​បន្ថែម​ថា៖ «ក៏​ប៉ុន្តែ​យើង​យល់​ថា ​អ្វី​ក៏​ដោយ ត្រូវ​មាន​ព្រំដែន មិន​អាច​សិទ្ធិ​សេរីភាព ឬ​ប្រជាធិបតេយ្យ ដោយ​អនាធិបតេយ្យ​បាន​ទេ។ វា​ត្រូវ​តែ​មាន​នីតិរដ្ឋ​ទៅ​ជាមួយ​គ្នា»។

កាលពី​ប៉ុន្មាន​ឆ្នាំមុន ការ​យល់​ឃើញ​បែប​នេះ​ក្នុង​ចំណោម​សមាជិក​នៃ​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ស្ទើរ​តែ​បាន​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៣។ គណបក្ស​ប្រឆាំង​នេះ បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក ដើម្បី​ធ្វើ​ជា​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ឃោសនា​ព័ត៌មាន​របស់​ខ្លួន ដែល​ត្រូវបាន​រឹត​បន្តឹង​ដោយ​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ដើម្បី​ផ្សព្វផ្សាយ​ទាក់ទាញ​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត។

ក៏ប៉ុន្តែ នា​បច្ចុប្បន្ន​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាប់ផ្តើម​ប្រើប្រាស់​យុទ្ធសាស្ត្រ​បណ្តាញ​សង្គម​នេះ។ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​ផ្សេងៗ​ទៀត កំពុង​ប្រើប្រាស់​ហ្វេសប៊ុក​យ៉ាង​សកម្ម ដើម្បី​ទាក់ទាញ​ការ​គាំទ្រ។ ស្របពេល​ជាមួយ​គ្នា​នោះ គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​រឹតបន្តឹង​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក ជា​ពិសេស​អ្នក​ដែល​ប្រើប្រាស់​ហ្វេសប៊ុក ដែលរិះគន់​រដ្ឋាភិបាល។ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បង្កើត​គណៈកម្មាធិការ​អន្តរ​ក្រសួង​មួយ រួមមាន​ក្រសួង​ព័ត៌មាន ក្រសួង​មហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​តាម​ដាន​ការ​បញ្ចេញ​មតិ​របស់​ប្រជាជន​កម្ពុជា​នៅ​លើ​ប្រព័ន្ធ​អ៊ិនធើណែត។

ប៉ុន្តែ​យុទ្ធសាស្ត្រ​បែប​នេះ ប្រហែល​ជា​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ដែល​និយម​ប្រើប្រាស់​បណ្តាញ​សង្គម។​

គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​យុទ្ធនាការ​នយោបាយ​ ដោយ​ភ្ជាប់​ជាមួយ​សារ​ថា«គណបក្ស​ផ្តល់​ជីវិត» ជាច្រើន​ទសវត្សរ៍​មក​ហើយ។ សារ​មួយ​នេះ សម្រាប់​ប្រជាជន​កម្ពុជា មាន​ន័យ​ថា ជីវិត​របស់​ពួកគេ​ជំពាក់មេដឹកនាំ​របស់​គណបក្ស​ប្រជាជនកម្ពុជា ដែល​បាន​បណ្តេញ​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៩ ហើយ​ពួកគេ​គួរ​តែ​បោះឆ្នោត​ឲ្យ​ជា​ការ​ដឹង​គុណ។

ក៏​ប៉ុន្តែ មិន​ដូច​លោក សុខ ឥសាន និង​ប្រជាជន​កម្ពុជា​ក្នុង​ជំនាន់​លោក ដែល​បាន​ឆ្លងកាត់​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​នោះ គំនិត​បែប​នេះ ប្រហែល​ជា​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ក្មេងៗ។

២ភាគ៣​នៃប្រជាជន​កម្ពុជា​ប្រមាណ​១៦លាន​នាក់ គឺ​មាន​អាយុ​ក្រោម​៣៥​ឆ្នាំ ដែល​ពួកគេ​មិន​បាន​ឆ្លង​កាត់​សម័យ​សង្រ្គាម និង​សម័យ​កាប់​សម្លាប់​ ប៉ុល ពត​ នោះ​ទេ។​ ពួក​គេ​បាន​ធំ​ដឹង​ក្តី​ក្នុង​សម័យ​ដែល​ពោរពេញ​ដោយ​ភាព​រីក​ចម្រើន និង​សេរីភាព​មួយ​កម្រិត ក្នុង​ការ​សិក្សា​ពី​ប្រទេស​ដទៃ​ជុំវិញ​ពិភព​លោក។ នេះ​គឺជា​ផ្នត់​គំនិត​មួយ ដែល​ផ្ទុយ​ស្រឡះ​ពី​បរិបទ​នយោបាយ​ឯកភាព​ក្រោយ​របប​ខ្មែរ​ក្រហម ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣ យុវជន​បាន​បង្កើត​ការ​គាំទ្រ​ដ៏​សំខាន់​មួយ​ដល់​គណបក្ស​សង្រ្គោះ​ជាតិ។ ពួកគេ​ជា​ច្រើន​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង ដោយសារ​ពួកគេមិន​ពេញ​ចិត្ត​នឹង​អំពើ​ពុករលួយ គ្រួសារ​និយម​និង​បក្ស​ពួកនិយម ហើយ​ពួកគេ​ចង់​ដឹង​ថា ការ​ផ្លាស់ប្តូរ​ក្រោម​រដ្ឋាភិបាល​ថ្មី នឹង​ទៅ​ជា​យ៉ាង​ណា។

ទោះជាយ៉ាងណា លោក សុខ ឥសាន មាន​សុទិដ្ឋិនិយម​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​នៅតែ​កាន់​តំណែង បើ​សិន​ជា​ប្រជាជន​កម្ពុជា​វ័យ​ក្មេង ស្តាប់​បង្គាប់​ឪពុក​ម្តាយ​ និង​ស្វែង​យល់​ដឹង​ពី​អ្នក​ដែល​បានអភិវឌ្ឍ​កម្ពុជា​ឲ្យ​បាន​រុងរឿង​ ដែល​ជា​ស្នាដៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​លោក សុខ ឥសាន យល់​ថា ជា​មាតាបិតា​ជាតិ។

លោក​មាន​ប្រសាសន៍​ថា៖ «ក្មេង​ជំនាន់​ក្រោយ ក៏​ត្រូវ​យល់​ថា យើង​ផឹក​ទឹក យើង​មើល​ប្រភព​ទឹក​មក​ពីណា​ដែរ។ យើង​ហូប​ផ្លែ​ស្វាយ យើង​ដឹង​ថា ​អ្នកណា អ្នក​ដាំ​ដើម​ស្វាយ​ដែរ។ អីចឹង​បាន​ជា​យើង​ខិតខំ​ធ្វើ​សតិ​អារម្មណ៍​នយោបាយ​ចំពោះ​ក្មួយៗ​យុវជន​នេះ»។

លោក​បញ្ជាក់​បន្ថែម​ថា៖ «ក្មេង​ជំនាន់​ក្រោយ គណបក្ស​ប្រជាជន​មាន​សមាជិក​៥លាន​៥សែន​នាក់ កូន​បាន​ប៉ុន្មាន? យើង​គិត​ទៅ មួយ​គ្រួសារ បាន​តែ​៣​នាក់ ក៏​វា​គ្រាន់​បើ​ដែរ។ ហើយ​យុវជន​នេះ ខ្ញុំ​យល់​ថា មិន​មែន​ដើរ​តាម​បក្ស​ប្រឆាំង​ទេ ដើរ​តាម​ម៉ែ​វា ឪ​វា​ទេ ពីព្រោះ​វា​កើត​ដោយ​សារ​ម៉ែឪវា។ វា​កើត​វា​រីក​ចម្រើន​ដោយសារ​ម៉ែ​ឪវា។ វា​បាន​រៀន បាន​សូត្រ​ដោយសារ​ម៉ែ​ឪ​វា»។

អស់​រយៈ​ពេលជិត​៤០​ឆ្នាំ បន្ទាប់​ពី​លោក​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល លោក សុខ ឥសាន មាន​ប្រសាសន៍​ថា លោក​ពេញ​ចិត្ត​នឹង​ស្មារតី​របស់​គណបក្ស​ដែល​លោក​បម្រើ ដូច​«ទាហាន​ឈាន​មុខ​ដ៏​ស្មោះ​ត្រង់​ម្នាក់»។ លោក​ជឿ​ថា កម្ពុជា​មិន​ត្រូវការ​ការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ទេ ហើយ​លោក​សង្ឃឹម​ថា ប្រជាជន​កម្ពុជា​នឹង​បន្ត​ការ​ជឿ​ទុក​ចិត្ត​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជា​រៀង​រហូត។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​យល់​ថា​ ដូច​ជា​ពិបាក​ក្នុង​ការ​ផ្លាស់​ប្តូរ​ជាមួយ​នឹង​គណបក្ស​ប្រជាជន ពីព្រោះ​គណបក្ស​ផ្សេង​ដែល​ឡើង​វាយ​ដណ្តើម​ខ្សែក្រវាត់​ពី​គណបក្ស​ប្រជាជន គឺ​មិន​មាន​កម្មវិធី​នយោបាយ​ត្រឹមត្រូវ​ដូច​គណបក្សប្រជាជន​ទេ»។ លោក​បញ្ជាក់​ថា៖ «អ្នកថ្មី(គណបក្ស​ថ្មី) ខ្ញុំ​យល់​ថា វា​ថ្មី​ទំនើប​មែន ក៏​ប៉ុន្តែ​វា​មិន​ទាន់​មាន​អត្ថន័យ​ជ្រៅជ្រះ ស៊ី​ជម្រៅ។ បើ​និយាយ​ពី​ស្ករវិញ វា​មិន​ទាន់​ផ្អែមឲ្យ​វា​ដូច​គណបក្ស​ប្រជាជន​ទេ»៕

XS
SM
MD
LG