ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប​ប្រកាស​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​នៅ​ខែ​កញ្ញា


រូបឯកសារ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចាប់ផ្ដើមថ្ងៃដំបូង នៃការចុះឈ្មោះបោះឆ្នោត«សាកល្បង» នៅ ឃុំ សង្កាត់ ដែលបានជ្រើសរើស ក្នុងខេត្តរាជធានីទាំង២៥។
រូបឯកសារ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចាប់ផ្ដើមថ្ងៃដំបូង នៃការចុះឈ្មោះបោះឆ្នោត«សាកល្បង» នៅ ឃុំ សង្កាត់ ដែលបានជ្រើសរើស ក្នុងខេត្តរាជធានីទាំង២៥។

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ ដែល​កើត​ចេញ​ពី​កិច្ច​ព្រមព្រៀង​នៃ​គណបក្ស​នយោបាយ​ធំៗ​ពីរ​នៅ​ក្នុង​សភា​ បាន​ប្រកាស​ឲ្យដឹង​ជាផ្លូវ​ការ​អំពី​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​អ្នក​បោះឆ្នោត​ចំនួន​៩លាន​នាក់ ​ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​០១​ ខែកញ្ញា​ ដល់​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦។

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ ដែល​កើត​ចេញ​ពី​កិច្ច​ព្រមព្រៀង​នៃ​គណបក្ស​នយោបាយ​ធំៗ​ពីរ​នៅ​ក្នុង​សភា​ បាន​ប្រកាស​ឲ្យដឹង​ជាផ្លូវ​ការ​អំពី​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​អ្នក​បោះឆ្នោត​ចំនួន​៩លាន​នាក់ ​ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​០១​ ខែកញ្ញា​ ដល់​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦។​ នេះ​បើយោង​ទៅតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប​ ចុះថ្ងៃ​ទី១៨​ ខែកក្កដា​ និង​ចេញ​ផ្សាយ​ជា​សាធារណៈ​លើ​គេហទំព័រ​របស់​ គ.ជ.ប​ នា​ព្រឹក​ថ្ងៃសុក្រ​នេះ។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចុះហត្ថលេខា​ដោយ​ លោក​ ស៊ិក​ ប៊ុនហុក​ ប្រធាន​ គ.ជ.ប​ ឲ្យ​ដឹង​ថា​ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ ដែល​ត្រូវ​រៀបចំ​បញ្ជី​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ​នោះ​ នឹង​ធ្វើឡើង​នៅ​តាម​សាលាឃុំ​ សង្កាត់​ និង​នៅ​តាម​ភូមិ​មួយ​ចំនួន​ក្នុង​ឃុំ​ សង្កាត់​ ដែល​បើក​ធ្វើការ​ជា​រៀង​រាល់​ថ្ងៃ​ គិត​ទាំង​ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ។​

ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​មាន​លំនៅដ្ឋាន​ ឬ ​និង​ទីសំណាក់​ច្រើន​ជាង​មួយ​កន្លែង​ក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា​ ត្រូវ​ជ្រើសរើស​យក​កន្លែង​តែ​មួយ​គត់​ ដែល​ជា​ទីតាំង​នៃ​ជីវភាព​រស់នៅ​របស់​ខ្លួន​ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នោះ​បន្ត​ថា​ ប្រជាពលរដ្ឋ​ ព្រះសង្ឃ​ ឬ​បុព្វជិត​សាសនា​ កម្មករ​ និយោជិត​ សិស្ស​ និសិ្សត​ មន្ត្រី​រាជការ​ស៊ីវិល​ នាយ​ ឬ​ពល​នៃ​កងយោធពល​ខេមរ​ភូមិន្ទ​ និង​កង​នគរបាល​ជាតិ​ ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ឃុំ​ សង្កាត់​ណាមួយ​សុទ្ធ​តែ​អាច​សុំ​ចុះ​ឈ្មោះ​បោះឆ្នោត​ នៅ​ក្នុង​ឃុំ​ សង្កាត់​នោះ​បាន។​

ការ​ប្រកាស​ឲ្យដឹង​ពី​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ​បាន​ធ្វើឡើង​ នៅ​ស្រប​ពេល​ដែល​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ ត្រូវគេ​ដឹង​ថា នៅ​មិន​ទាន់​ចុះថមថយ​នៅឡើយ​ ខណៈ​ដែល​មន្ត្រី​ និង​សកម្មជន​នៃ​គណបក្ស​ប្រឆាំង​បាន​បន្ត​ជាប់​នៅក្នុង​ពន្ធនាគារ។

រូបឯកសារ៖ ​អ្នកបោះឆ្នោត​មួយ​រូប​នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​សាលាបឋមសិក្សា​ព្រះនរោត្តម​នៅ​រាជធានី​ភ្នំពេញ​ចូល​រួម​បោះឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី២ កាល​ពី​ថ្ងៃព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។ (ស៊ុយ ហ៊ាមខេមរា/VOA)
រូបឯកសារ៖ ​អ្នកបោះឆ្នោត​មួយ​រូប​នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​សាលាបឋមសិក្សា​ព្រះនរោត្តម​នៅ​រាជធានី​ភ្នំពេញ​ចូល​រួម​បោះឆ្នោត​ជ្រើស​រើសក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី២ កាល​ពី​ថ្ងៃព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។ (ស៊ុយ ហ៊ាមខេមរា/VOA)

លើស​ពីនេះ​ទៅ​ទៀត​ មន្ត្រី​សិទ្ធិមនុស្ស​ជាន់​ខ្ពស់​បួន​រូប​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ និង​អគ្គលេខាធិការ​រង​ គ.ជ.ប ​មួយ​រូប ក៏​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ ដោយ​សារ​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​សំណុំរឿង​ស្នេហា​លួចលាក់​ដែល​គេ​នៅ​សង្ស័យ​ថា​ ជា​របស់​លោក កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​នារីម្នាក់​ឈ្មោះ​ ខុម ចាន់តារ៉ាទី​ ហៅស្រី​មុំ។​

ថ្វីដ្បិត​ស្ថានការណ៍​នយោបាយ​នៅ​បន្ត​មាន​ភាព​តានតឹង​បែប​នេះ​ក្តី​ លោក​ ហង្ស​ ពុទ្ធា​ អ្នក​នាំ​ពាក្យ​ គ.ជ.ប​ បាន​ប្រាប់​ វីអូអេ​ ថា​ ការ​ចុះ​ឈ្មោះ​ឆ្នោត​ នឹង​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក​ ហើយ​ថា​វិបតិ្ត​នយោបាយ​សព្វថ្ងៃ​នេះ​ នឹង​មិន​បង្អាក់​ដល់​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដ៏​មាន​សារៈសំខាន់​នេះ​ទេ។​

«ច្បាប់​បោះ​ឆ្នោត​ថ្មី ​គឺ​ជា​ច្បាប់​ដែល​មាន​ការ​ព្រមព្រៀង​រវាង​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ នៅ​ក្នុង​សភា។​ អីចឹង​ ឥស្សរជន​នយោបាយ​ទាំង​នោះ​ លោក​បាន​គិត​គូ​ហើយ​ជា​ស្រេច​នូវ​ការ​បោះឆ្នោត​នេះ។​ មានន័យ​ថា​ ទោះបី​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​ណា​ក៏ដោយ​ អវត្តមាន​មន្ត្រីរូប​ណាក៏​ដោយ​ ក៏​ច្បាប់​តម្រូវ​ឲ្យ​មាន​យន្តការ​មួយ​ដើម្បីរៀបចំ​ការ​បោះឆ្នោត​ឲ្យ​បាន​ តាម​អណត្តិ​ដែល​កំណត់»។

លោក​ ហង្ស​ ពុទ្ធា​ អះអាង​ថា​ ការ​ចុះ​ឈ្មោះ​នេះ​ នឹង​ដំណើរ​ការ​ទៅ​ដោយ​គ្មាន​ការ​រាំងស្ទះ​នោះ​ទេ​ បើទោះបី​ជា​មាន​ការ​យឺតយ៉ាវ​ចំពោះ​ការ​ផ្តល់​សម្ភារៈ​ពី​ប្រទេស​ ដែល​បាន​សន្យា​ជួយ​ដល់​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ក្តី។​ លោក​ថា​ ចំនួន​ឈ្មោះ​ ដែល​ចុះ​បញ្ជីអាច​នឹង​មាន​ ប្រមាណ​ជា​ជាង​៩លាននាក់។​ លោក​បញ្ជាក់​បន្ថែម​ថា​ គ.ជ.ប​ នឹង​បង្កើន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ តាមរយៈ​ការ​បិទ​ផ្សាយ​បណ្ណ​ប្រកាស​នៅ​តាម​ទី​សាធារណៈ​នានា​ និង​តាម​វីឌីអូ​ស្ព៉ត​ជាដើម។

អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ នៅ​ក្នុងប្រទេស​កម្ពុជា​ បាន​ចាត់​ទុក​ថា​ ពេល​វេលា​ដែល​គ.ជ.ប​ កំណត់​គឺ​គ្រប់​គ្រាន់​ សម្រាប់​ដំណើរការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​នេះ​ ក៏​ប៉ុន្តែ​ស្ថានការណ៍​នយោបាយ​ដែល​នៅ​តែ​ល្អក់កករ​ អាច​បង្ក​ជា​ក្តីបារម្ភ​មួយ​ដល់​ដំណើរការ​នេះ។

លោក​ សំ​ គន្ធាមី​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅកាត់​ថា​ និកហ្វិក​ បាន​ប្រាប់​វីអូអេ​ថា​ លោក​មាន​ក្តី​បារម្ភ​ចំពោះ​ស្ថានភាព​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​នៅ​មិន​ទាន់​មាន​ភាព​ស្ងប់ស្ងាត់​។

លោក​ថា​ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​អាច​ដំណើរការ​ទៅ​បាន​ល្អ​ ប្រសិន​បើ​បរិយាកាស​នយោបាយ​វិល​មក​រក​សភាព​ធម្មតា​ ដោយ​គ្មាន​ការ​ចាប់ចង​ និង​ឃុំ​សកម្មជន​នយោបាយ​ ឬ​ករណី​ឃាតកម្ម​ថ្មី​បន្ថែម​ទៀត។​

«ទាក់​ទង​នឹង​បរិយាកាស​ នយោបាយ​ផង​ព្រោះ​អី​ ដល់​ចាប់​ផ្តើម ចុះ​ឈ្មោះ​បោះឆ្នោត​ ហើយ​បរិយាកាស​នយោបាយ​ហ្នឹង​ ខ្ញុំ​សង្ឃឹម​ថា​ កុំ​ឲ្យ​មាន​ការ​ឃាតកម្ម​ មាន​ការ​ចាប់​ខ្លួន​ចាប់​អ្វី​ទៅ​ ឲ្យ​បរិយាកាស​នយោបាយ​ស្ងប់​ស្ងាត់​ទៅ​ ប្រជាពលរដ្ឋ​គាត់​មិន​មាន​ការ​ភ័យ​ខ្លាច​ ​មិន​មាន​ការ​អ្វី​ គាត់​អញ្ជើញ​មក​ចុះ​បោះឆ្នោត​ឲ្យ​បាន​ឆាប់​ៗ​ រួសរាន់​ឲ្យបាន​គ្រប់​ៗ​គ្នា​ណ៎ា​បាទ»។​

លោក​បាន​បន្ត​បញ្ជាក់​ថា​ អង្គការ​របស់​លោក​នឹង​ពង្រីក​ចំនួន​អ្នក​សង្កេតការណ៍​ឃ្លាំ​មើល​ការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​នេះ​ ហើយនឹង​ចូលរួម​បង្កើន​ការ​ផ្សព្វផ្សាយ ​និង​អប់រំ​អំពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ។​

រូបឯកសារ៖ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជួយ​ជាមួយ​មន្ត្រី​ទូត​របស់​សហគមន៍​អឺរ៉ុប​និង​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥​ កន្លង​ទៅ​នេះ។ (នៅ វណ្ណារិន/VOA)
រូបឯកសារ៖ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ជួយ​ជាមួយ​មន្ត្រី​ទូត​របស់​សហគមន៍​អឺរ៉ុប​និង​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៥​ កន្លង​ទៅ​នេះ។ (នៅ វណ្ណារិន/VOA)

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ការ​ប្រកាស​ពី​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ​ បាន​កើត​ឡើង​នៅ​ចំ​ថ្ងៃ​នៃ​ខួប​ពីរ​ឆ្នាំ​នៃ​ការ​ចុះ​កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី២២ ​ខែកក្កដា​ ឆ្នាំ២០១៤។​ កិច្ច​ព្រមព្រៀង​នយោបាយ​នេះ​ បាន​បញ្ចប់​ភាព​ទាល់​ច្រក​ផ្នែក​នយោបាយ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​ ក្រោយ​ការ​បោះឆ្នោតនា​ឆ្នាំ២០១៣។​ កិច្ច​ព្រមព្រៀង​នយោបាយ​ដដែល​នេះ​ ក៏​បាន​នាំ​គណបក្ស​ទាំង​ពីរ​ឲ្យបង្កើត​ស្ថាប័ន​ គ.ជ.ប​ ថ្មី​នេះ។​

លោក​ស្រី​ មូរ​ សុខ​ហួរ ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ និង​អ្នក​សារព័ត៌មាន​នៅឯ​ទីស្នាក់​ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​ ស្ថិត​ក្នុង​ខណ្ឌ​មានជ័យ​ កាលពី​ព្រឹក​ថ្ងៃ​សុក្រនេះ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ផ្តោត​ជា​សំខាន់​លើ​ការ​បោះ​ឆ្នោត​ ដែល​បាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ចុះ​ជាមួយ​គណបក្ស​ប្រជាជន​ ក្នុង​ការ​ប្រជែង​គ្នា​ឡើង​កាន់​អំណាច​នា​ពេល​ខាងមុខ។

លោកស្រី​ថ្លែងថា​ ការ​បោះឆ្នោត​នេះ​គឺជា​កត្តា​សំខាន់​ដែល​មិន​អាច​ខ្វះ​បាន​ សម្រាប់​ប្រទេស​ដែល​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ការ​ដឹកនាំ​ប្រទេស។​

«លទ្ធិប្រជា​ធិបតេយ្យ​ឈរ​លើ​ការ​បោះឆ្នោត​ ដោយ​សេរី​ និង​យុត្តិធម៌​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ជំហរ​ច្បាស់​លាស់​នៅ​ក្នុង​ការ​ត្រៀម​ខ្លួន​ចូលរួម​ប្រកួត​ ដោយ​ចាប់​ផ្តើម​ឲ្យ​មានបរិយាកាស​នយោបាយ​មួយ​ ដែល​គ្មាន​អំពើ​ហិង្សា​ គ្មាន​ការ​គំរាម​កំហែង​ ហើយ​ និង​គ្មាន​ការ​ចាប់​ចង»។

លោក​ស្រី​បន្ថែម​ថា​ ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ មិន​មែន​គ្រាន់​តែ​ជា​ការ​ចង់​បាន​របស់​គណបក្ស​នយោបាយ​នោះ​ទេ​ តែ​ប្រទេស​ធំៗ​ ដូច​ជា​សហគមន៍​អឺរ៉ុប​ និង​ ប្រទេស​ជប៉ុន​ ក៏បាន​ផ្តល់​តម្លៃ​ដល់​ការ​បោះឆ្នោត​នេះ​ដែរ​ ដោយ​ប្រទេស​ទាំងអស់​នេះ​ បាន​ដាក់​ទុន​ថវិកា ដើម្បី​ឲ្យ​មាន​ការ​ចាប់​ផ្តើម​នូវ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។​

នៅ​ក្នុង​ការ​បោះឆ្នោត​ដែល​រៀបចំ​ឡើង​កាលពី​ឆ្នាំ២០១៣​ គណបក្ស​ប្រឆាំង​ទទួល​បាន​អាសនៈ​ចំនួន៥៥​ ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ទទួល​បាន​អាសនៈ​ចំនួន៦៨​នៅ​រដ្ឋសភា​ជាតិ។​

ក្រុម​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រឆាំង​ បាន​បដិសេធ​មិន​ទទួល​ស្គាល់​ចំនួន​អាសនៈ​ ដោយ​ពួកគេ​គិត​ថា​ មាន​ការ​គៃ​បន្លំ​នៅ​ក្នុង​ការ​បោះឆ្នោត​ ដែល​មិនបាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈរាស្ត្រ​ពិត​ប្រាកដ។​ ប៉ុន្តែ​ក្រោម​ការ​សម្របសម្រួល​ផ្នែក​នយោបាយ​នៃ​គណបក្ស​ទាំងពីរ​ ក្រុម​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រឆាំង​បាន​ព្រម​ទទួល​យក​អាសនៈ​របស់​ខ្លួន​ និង​បាន​បញ្ចប់​បាតុកម្មស្រែក​តាម​ដងផ្លូវ​ ដែល​បាន​ធ្វើឲ្យ​នយោបាយ​ជាប់​គាំង​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG