ស្ថាប័នជាតិរៀបចំការបោះឆ្នោត បានប្តេជ្ញាខិតខំបន្តដំណើររៀបចំការបោះឆ្នោតទៅតាមច្បាប់កំណត់ និងបានជំរុញឲ្យមន្ត្រីរបស់ខ្លួនរក្សាឲ្យបាននូវជំហរអព្យាក្រឹតទោះបីប្រឈមនឹងការរិះគន់ពីមន្ត្រីអង្គការសហប្រជាជាតិថា ការបោះឆ្នោតខែកក្កដាខាងមុខមិនមែនជាការបោះឆ្នោតពិតប្រាកដនោះឡើយ ដោយសារអវត្តមានគណបក្សប្រឆាំងដែលត្រូវតុលាការរំលាយចោល។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.បចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ បានបញ្ជាក់ឲ្យដឹងថាលោកប្រធានគ.ជ.ប ស៊ិក ប៊ុនហុក ដែលគេដឹងថាជាមន្ត្រីស្នូលមួយរូបរបស់បក្សកាន់អំណាចបានស្នើឲ្យក្រុមមន្ត្រីក្រោមឱវាទលោក ត្រូវមានសាមគ្គីផ្ទៃក្នុងល្អក្នុងរាជធានី ខេត្តនីមួយៗ ព្រោះកត្តាផ្ទៃក្នុងនេះហើយជា កត្តាកំណត់ជ័យជំនះ ឬបរាជ័យ។
លោក ស៊ិក ប៊ុនហុក ត្រូវបានស្រង់ប្រសាសន៍ក្នុងសេចក្តីប្រកាសនោះថា៖
«ខ្ញុំត្រូវការរបៀបធ្វើការមួយប្រៀបដូចជាឃ្មុំ ខ្ញុំមិនត្រូវការរបៀបធ្វើការដង្កូវទេ»។
លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ផងដែរថា គ.ជ.ប និងក្រសួងមហាផ្ទៃ នឹងចេញសេចក្តីណែនាំរួមមួយក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ស្តីពីកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ និង គ.ជ.ប គ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។
តាមកិច្ចសហប្រតិបត្តិការនោះ អភិបាលខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវផ្តល់កិច្ចសហការ គ.ជ.ប គ្រប់លំដាប់ថ្នាក់ ដើម្បីពិភាក្សា និងឯកភាពគ្នាកំណត់ទីតាំង រៀបចំកាលវិភាគប្រចាំសប្តាហ៍ ការប្រើប្រាស់ទីតាំង លំដាប់មុនក្រោយ សហការសម្របសម្រួល និងរៀបចំជាមួយគណបក្សនយោបាយ «ចាត់វិធានការទប់ស្កាត់ និងដោះស្រាយចំពោះការឃោសនាដែលផ្ទុយពីច្បាប់ សហការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយឲ្យបានល្អ»។
ក្នុងកិច្ចសហប្រតិការរវាង គ.ជ.ប និងក្រសួងមហាផ្ទៃដដែលនោះ ក៏តម្រូវឲ្យមន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ ត្រូវមានអព្យាក្រឹតភាពក្នុងសកម្មភាពការងារ និងត្រូវប្រកាន់ជំហរអព្យាក្រឹតឥតលម្អៀងក្នុងការបោះឆ្នោត។ ក្នុងនោះ ក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ដែលមិនស្ថិតក្នុងក្របខ័ណ្ឌមុខងារសាធារណៈ ក៏ត្រូវប្រកាន់ជំហរអព្យាក្រឹតឥតលម្អៀងក្នុងការអនុវត្តមុខងាររបស់ខ្លួនក្នុងដំណើរការបោះឆ្នោតផងដែរ។
គ.ជ.ប ក៏បានឲ្យដឹងថា យុទ្ធនាការឃោសនាបោះឆ្នោតនឹងប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។
ទោះណាជា គ.ជ.ប បានបង្ហាញពីការវិវត្តន៍វិជ្ជមានក្នុងដំណើររៀបចំការបោះឆ្នោតដោយមានការគ្រោងទុក និងផែនការត្រឹមត្រូវក្តី ក៏ដំណើរការបោះឆ្នោតនេះ នៅស្ថិតក្រោមការរិះគន់របស់អ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជា។
ថ្លែងក្នុងវេទិកាពិភាក្សាស្តីពីការទទួលស្គាល់លទ្ធផលបោះឆ្នោតពីអន្តរជាតិ បើអវត្តមានគណបក្សប្រឆាំងធំ របស់សំឡេងសង្គមស៊ីវិលរៀបចំដោយអង្គការឃ្លំាមើលការបោះឆ្នោត Comfrel កាលពីថ្ងៃ៣០ឧសភា លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមានប្រសាសន៍ថា ក្នុងស្ថានការណ៍នយោបាយបច្ចុប្បន្ន ដែលគ្មានវត្តមានគណបក្សសង្គ្រោះជាតិនោះ ការបោះឆ្នោតដែលកំពុងខិតចូលមកដល់នោះ នឹងក្លាយជាការបោះឆ្នោត «អត់មានន័យ»។
លោកបានបញ្ជាក់ថា៖
«ការបោះឆ្នោតនេះគឺបើនិយាយទៅបាទ វាអត់មានន័យ អត់មានន័យទាល់តែសោះបាទ ព្រោះការរៀបចំក្នុងកាលៈទេសៈបែបអីចឹង ក្រោយដែលបាទ មានការរំលាយបាទ គណបក្សមួយ និងចែកអាសនៈបាទ ទៅបុគ្គលដែល ប្រជាពលរដ្ឋមិនបានបោះឆ្នោតឲ្យនោះ គឺវាអធម្មនុញ្ញភាព និងអយុត្តិធម៌ខ្លាំងណាស់។ ម្ល៉ោះហើយគឺដែល ការរៀបចំ ការបោះឆ្នោតនេះ ចំពោះខ្ញុំ ហើយការបោះឆ្នោតនេះ ខុសពីការបោះឆ្នោតមុនៗ គឺវាអត់មានន័យអីទៅបាទ ព្រោះគ្រាន់ជាការបង្គ្រប់ ធ្វើឲ្យបង្គ្រប់កិច្ចបាទ»។
លោក ឡៅ ម៉ុងហៃ បានបន្តថា ប្រជារាស្ត្រខ្មែរ បានកំពុងបាត់សិទ្ធិខ្លួន ទៅក្នុងការក្តោបក្តាប់របស់គណបក្សនយោបាយមួយ៖
«ដោយសារអីគឺកាលណាគេនិយាយពីការបោះឆ្នោត គេនិយាយពីអំណាចរបស់ប្រជាពលរដ្ឋ ហើយនៅក្នុងរដ្ឋធម្មនុញ្ញគឺ អំណាចហ្នឹងគឺ ជារបស់ប្រជាពលរដ្ឋ ប្រជាពលរដ្ឋនៅការ ក្រោមការគាបសង្កត់ អត់ៗមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ បញ្ចេញអីហ្នឹងគឺ វាបាត់អាណែ អំណាចនេះទៅបាទ។ អំណាចវាអាស្រ័យនឹងសិទ្ធិសេរីភាពបាទ។ ចុះបើសិនជា មានការគាបសង្កត់ ជាបណ្តើរៗ ហូរហែមកចេះ។ អាហ្នឹងគឺ វាអស់អំណាចទៅ ហើយគឺការពិតជាក់ស្តែង អំណាចហ្នឹងវានៅក្នុងកណ្តាប់ដៃនៃគណបក្សមួយស្រេចទៅហើយបាទ»។
ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដានេះត្រូវបានក្រុមមន្ត្រីកម្ពុជា ក្រុមអង្គការសិទ្ធិមនុស្ស និងម្ចាស់សន្លឹកឆ្នោតផ្តល់ទស្សនៈខុសៗគ្នា បង្កឲ្យមានភាពចម្រូងចម្រាស។
ក្រុមមន្ត្រីគណបក្សកាន់អំណាចអះអាងថា ការបោះឆ្នោតលើកនេះបានធ្វើឡើងក្នុងបរិការសេរី ព្រោះមានគណបក្សជាច្រើនចូលរួម ទោះបីគ្មានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន ប្តឹងរំលាយចោលក៏ដោយ។ តែក្រុមមន្ត្រី និងមេដឹកនាំបក្សសង្គ្រោះជាតិបានបន្ទរតាមមន្ត្រីអង្គការសហប្រជាជាតិគឺអ្នកស្រីរ៉ូណា ស្មីត (Rhona Smith) ប្រេសិតពិសេសរបស់ អ.ស.ប.ថា ការបោះឆ្នោតខាងមុខជាការបោះឆ្នោតក្លែងក្លាយ នៅគ្រាដែលគណបក្សសង្គ្រោះជាតិមិនត្រូវបានគេអនុញ្ញាតឲ្យចូលរួមក្នុងការបោះឆ្នោត។ អ្នកស្រីស្មីតក៏អំពាវនាវដល់រដ្ឋាភិបាលទីក្រុងភ្នំពេញ ទម្លាក់ចោលបម្រាមដែលហាមក្រុមមន្ត្រីរបស់គណបក្សប្រឆាំងចំនួន១១៨រូប មិនឲ្យធ្វើនយោបាយផងដែរ។
រីឯអ្នកផ្តល់ការគាំទ្រគណបក្សសង្គ្រោះជាតិ បាននិយាយកាលពីពេលកន្លងមកថា ពួកគេមិនទៅបោះឆ្នោតនោះទេ បើគ្មានគណបក្សសង្គ្រោះជាតិ។ ពួកគេសម្តែងមតិព្រមៗគ្នាថាតើត្រូវបោះឲ្យអ្នកណា បើមានតែគណបក្សកាន់អំណាចចូលប្រកួត ដោយគ្មានគណបក្សប្រឆាំងដែលមានការគាំទ្រពីប្រជាពលរដ្ឋប្រហាក់ប្រហែលគ្នានោះ។
រដ្ឋាភិបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានបង្ហាញការ«សោកស្ដាយយ៉ាងខ្លាំង» ចំពោះការសម្រេចរបស់រដ្ឋាភិបាលកម្ពុជាដែលមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមនៅក្នុងការបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
លោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីទី១៧ ខែឧសភាកន្លងទៅថា៖ «ការសម្រេចរបស់រដ្ឋាភិបាលកម្ពុជានេះ បានរារាំងសិទ្ធិប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតរាប់លាននាក់ មិនឲ្យមានលទ្ធភាពបោះឆ្នោតឲ្យបេក្ខជនដែលខ្លួនពេញចិត្ត និងធ្វើឲ្យមានមន្ទិលសង្ស័យចំពោះសុចរិតភាពនៃដំណើរការបោះឆ្នោត»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប មានប្រសាសន៍ប្រាប់VOA នៅថ្ងៃសុក្រនេះថា សេចក្តីអធិប្បាយទាំងឡាយដែលថា ការបោះឆ្នោតខែកក្កដា អត់ន័យនោះ គឺមិនអាចបង្អាក់ដំណើរនៃការធ្វើតាមច្បាប់របស់គ.ជ.ប ដើម្បីធានាឲ្យមានការបោះឆ្នោតរយៈពេលប្រាំឆ្នាំម្តងនោះឡើយ។
«អត់ន័យ ឬមិនអត់ន័យ មិនមែនផ្អែកទៅលើ ប៉ុន្មាននាក់ដែលគាត់និយាយនោះទេ បាទ ហើយក្នុងនាម ស្ថាប័នអីក៏ដោយ គឺផ្អែកទៅលើច្បាប់ជាគោល។ អីចឹង បើយើងចោទប្រកាន់ថាច្បាប់ហ្នឹង អត់ន័យ អាហ្នឹង យើងមិនដឹងជារស់នៅក្នុង ប្រទេសណាទេបាទ»។
ក្នុងវេទិកាពិភាក្សានៃកម្មវិធីសំឡេងសង្គមស៊ីវិលរៀបចំដោយ Comfrel កាលពីថ្ងៃទី៣០ខែឧសភាដដែលនោះ លោកឡៅ ម៉ុងហៃ បានថ្លែងថា តួលេខនៃចំនួនអ្នកចេញបោះឆ្នោត អាចបង្កផលវិបាកនៃការទទួលបានការទទួលស្គាល់ពីសហគមន៍អន្តរជាតិដូចអ្វីដែលបានកើតឡើងថ្មីៗនេះ នៅឯប្រទេសវេណេហ្ស៊ុយអេឡាដែលគណបក្សកាន់អំណាចបានរារាំងបេក្ខជនប្រធានាធិបតីបក្សប្រឆាំងដ៏មានសក្តានុពលចំនួនពីរមិនឱ្យចូលរួមបោះឆ្នោតហើយគណបក្សប្រឆាំងបានស្នើសុំឱ្យពលរដ្ឋធ្វើពហិការមិនទៅបោះឆ្នោត។
លោកបានបន្ថែមថា៖«ពេលបោះឆ្នោតឈ្នះមែន នែ៎ៗគណបក្សកាន់អំណាចហ្នឹងបាទ។ ក៏ប៉ុន្តែអ្នកចូលរួមបោះឆ្នោតតិចជាងមុនពាក់កណ្តាល ប្រៀបធៀបនឹងបោះឆ្នោតមុន? បាទ។ ម្ល៉ោះហើយ គេថា គឺអាដែល គេជា ជាដែលខ្ញុំថា ជាសួចនាករមួយបាទ ដែលធ្វើឲ្យប្រទេសខ្លះ គេអត់ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ហើយមិនត្រឹមតែមិនទទួលស្គាល់ទេ គេដាក់ជាទណ្ឌកម្ម គេដកអគ្គរដ្ឋទូតគេចេញ ពីប្រទេសហ្នឹងទៅទៀត»។
ប៉ុន្តែលោក ហង្ស ពុទ្ធា ថ្លែងថា មានតែប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ ជាម្ចាស់វាសនានៃប្រទេសខ្លួន។
«បរិបទរបស់ប្រទេសកម្ពុជា គឺជាការទទួលខុសត្រូវរួមរបស់ ប្រជាពលរដ្ឋកម្ពុជានែ៎! ច្បាប់តម្រូវឲ្យប្រជាពលរដ្ឋ លោកអញ្ជើញទៅបោះឆ្នោតហើយ អីចឹងបើសិនជា យើងមិនគោរពតាមច្បាប់ទេនោះ មិនមានអីអត្ថាធិប្បាយហួសពីហ្នឹងទៀតទេណ៎ាបាទ។ ពីព្រោះថាច្បាប់បានផ្តល់ ច្បាប់បានផ្តល់ឱកាសសម្រាប់ការបោះឆ្នោតហើយនែ៎។ ប៉ុន្តែការលើកឡើង ឬការទទួលស្គាល់ ឬការមិនទទួលស្គាល់ ដោយទិដ្ឋភាពខាងក្រៅបាទ នោះគឺគ្រាន់តែជាការបញ្ចេញមតិខាងក្រៅនែ៎ វាមិនមែនជាជីវិត និងការស្លាប់រស់របស់ ប្រជាពលរដ្ឋកម្ពុជាដែលខ្លួននឹងដើរដោយខ្លួនឯងមិន មិន មិនព្រោះតែការស្រែកពីខាងក្រៅមកធ្វើឲ្យកម្ពុជាហ្នឹងអសកម្មទាំងអស់នោះទេណ៎ា។ កម្ពុជាត្រូវការធ្វើការ និងរួមរស់ដោយខ្លួនឯងបាទ»៕