ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប.​បើក​យុទ្ធនាការ​ពន្យល់​ពី​ការ​បោះឆ្នោត​នៅ​តាម​ខេត្ត​និង​ភូមិភាគ​​នា​នា​ ក្រោយ​រង​ការ​រិះគន់​ធ្ងន់ៗ​ពី​អ.ស.ប


រូបឯកសារ៖ លោក​ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប.)​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ភាគី​ពាក់ព័ន្ធអំពី​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាល​​ទី​៤​កាលពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៨​ នៅ​ទីស្នាក់ការកណ្តាល​របស់​គ.ជ.ប. រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។(ទុំ ម្លិះ/VOA)
រូបឯកសារ៖ លោក​ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប.)​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ភាគី​ពាក់ព័ន្ធអំពី​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាល​​ទី​៤​កាលពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៨​ នៅ​ទីស្នាក់ការកណ្តាល​របស់​គ.ជ.ប. រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។(ទុំ ម្លិះ/VOA)

លោក​ ហង្ស ពុទ្ធា​ អ្នក​នាំពាក្យ​គ.ជ.ប​បាន​ប្រាប់​ VOA ​នៅថ្ងៃ​ពុធនេះ​ថា​ ព្រឹត្តិការណ៍​នៅ​ខេត្តតាកែវ​នេះ​ គឺជា​​​ផ្នែក​មួយ​នៃ​ការ​បណ្តុះបណ្តាល​និង​ការ​ពន្យល់​អំពី​នីតិវិធី​បោះឆ្នោត​តាម​តំបន់​ភូមិភាគ​និមួយៗ​និង​ខេត្ត​ទូទាំង​ប្រទេស។

គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ហៅ​កាត់​ថា​(គ.ជ.ប)​ ត្រៀម​បើក​សក្ខាសិលា​ពន្យល់​ពី​នីតិវិធី​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៦នៅ​ខេត្តតាកែវ​នៅ​ថ្ងៃ​សុក្រ​នេះ។ អ្នក​នាំពាក្យ​គ.ជ.ប​ថា​ សិក្ខា​សាលា​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​ការ​បោះ​ឆ្នោត​របស់​ គ.ជ.បទូទាំង​ប្រទេស​កម្ពុជា។​ ព្រឹត្តិ​ការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពីការ​រិះគន់​ធ្ងន់​ៗ​ពី​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ថា ការ​បោះឆ្នោត​សភា​លើក​នេះ​នឹង​មិន​ពិត​នោះ​ឡើយ ប្រសិន​បើ​បក្ស​ប្រឆាំង​គឺ​គណបក្ស​សង្គ្រោះជាតិ​មិនត្រូវ​បាន​រាប់​បញ្ចូល​ក្នុងការ​បោះឆ្នោត។

​លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត ហៅកាត់​ថា​ គ.ជ.ប​ មក​ពី​បក្សកាន់​អំណាច​គ្រោង​នឹង​ទៅ​បញ្ជ្រាប​ការ​យល់ដឹង​ស្តីពី​ដំណើរ​ការ​បោះឆ្នោត​សម្រាប់​នីតិ​កាល​ទី៦​នៅឯ​ខេត្តតាកែវ។ លោក​ក៏​និង​ពន្យល់​ពី​សារៈសំខាន់​នៃ​ការ​បោះឆ្នោត​សភា និងស្វែង​យល់​ពី​ចម្ងល់​នានា​ទាក់ទិន​នីតិវិធី​បោះ​ឆ្នោត។​ នេះ​បើ​យោង​តាម​សេចក្តីប្រកាស​និង​អ្នក​នាំពាក្យ​របស់​គ.ជ.ប។

ផែនការ​បញ្រ្ជាប​ការ​យល់ដឹង​អំពីដំណើរ​ការ​បោះឆ្នោត​របស់​ប្រធាន​គ.ជ.ប​.​ កើត​មានឡើង​ ​ក្នុង​ស្ថាន​ភាព​ដែល​ប្រទេស​កម្ពុជា​ត្រូវ​ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​មើល​ឃើញ​ថាកំពុង​ប្រឈម​នឹង​ភាពតានតឹង​ខាង​នយោបាយ​នៅ​មុនការ​បោះឆ្នោត​ឆ្នាំ២០១៨​ដ៏​ចម្រូង​ចម្រាស​នេះ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ គ.ជ.ប​ ចុះថ្ងៃ​ទី២ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ដោយ​មាន​សំណូមពរ​ពី​សិស្ស​ និស្សិត​ គរុសិស្ស គរុនិស្សិត​ និង​គ្រូបង្រៀន ការ​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ នីតិកាល​ទី​៦​ ឆ្នាំ​ ២០១៨​ នឹងរៀបចំ​ផ្សព្វផ្សាយ​ នៅ​សាលា​គរុកោសល្យ​ខេត្ត​តាកែវ​ នាថ្ងៃ​ទី៤​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ៨ព្រឹក។

សេចក្តី​ប្រកាស​បាន​សរសេរ​តាម​ន័យ​ដើម​ថា៖ «ក្រៅ​ពី​គ្រូ​ឧទ្ទេសនាម​របស់​គ.ជ.ប ឯកឧត្តម​ ប្រធាន​នឹង​ធ្វើ​បឋកថា​ ជូន​ដល់​សិស្ស​ និស្សិត​ គរុសិស្ស​ គរុនិស្សិត​ និង​គ្រូបង្រៀន​ ប្រមាណ​៨០០នាក់​ អំពី​សារៈសំខាន់​នៃការ​បោះឆ្នោត​ ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិកាលទី៦​ ឆ្នាំ​២០១៨​ ដែល​រៀបចំ​ឡើងដោយ​គ.ជ.ប​ និង​កឹ្រត្យក្រម​នៃ​ការ​បោះឆ្នោត​ដែល​ធ្វើ​ឡើង​នៅប្រទេស​ជឿន​លឿន​ក្នុង​ពិភពលោក»។

សេចក្តីជូន​ដំណឹង​របស់​គ.ជ.ប​ស្តីពី​ការ​ធ្វើបឋកឋា​ របស់​លោក ស៊ិក ប៊ុនហុក អំពី​ការ​ប្រព្រឹត្ត​ទៅ​នៃ​ដំណើរ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​ ដែលនឹង​នាំដល់​ការបង្កើត​រដ្ឋាភិបាល​ថ្មីមួយ​នេះ​ បាន​ធ្វើ​ឡើង​តែ​ពីរ​ថ្ងៃ​ ក្រោយ​ការ​អំពាវនាវ​របស់​ប្រេសិត​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឲ្យ​រដ្ឋាភិបាល​ធានាឲ្យបាន​ការ​បោះឆ្នោត​ពិតប្រាកដមួយ​ ពោល​គឺ​ការ​បោះឆ្នោត​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ ត្រូវតែ​មានការ​ចូលរួមរបស់​គណបក្ស​សង្រ្គោះជាតិ​ដែល​ត្រូវបាន​រំលាយ​ដោយ​រដ្ឋា​ភិបាល​លោក ​ហ៊ុន សែន។

ការ​ត្រៀម​ធ្វើបឋកឋា​របស់​លោក​ស៊ិក ប៊ុនហុក​ អំពី​ការ​បោះឆ្នោត​នៅ​ខេត្ត​តាកែវ​ដដែល​នេះ​ ក៏​បាន​កើតឡើង​ ក្រោយ​ការ​ប្រកូកប្រកាស​តាម​បណ្តាញ​សង្គម​ជាបន្តបន្ទាប់​របស់​លោក​ សម រង្ស៊ី​ ឲ្យ​ប្រជាពល​រដ្ឋ​ខ្មែរ​ពហិការ​ការ​បោះឆ្នោត​ខាង​មុខ​ បើ​សិន​មិនមាន​វត្តមាន​គណ​បក្ស​សង្គ្រោះជាតិ​នៅ​លើ​សន្លឹក​ឆ្នោត​នោះ។

លោក​ ហង្ស ពុទ្ធា​ អ្នក​នាំពាក្យ​គ.ជ.ប​ បាន​ប្រាប់​ VOA ​នៅថ្ងៃ​ពុធនេះ​ថា​ ព្រឹត្តិការណ៍​នៅ​ខេត្តតាកែវ​នេះ​ គឺជា​ផ្នែក​មួយ​នៃ​ការ​បណ្តុះបណ្តាល​និង​ការ​ពន្យល់​អំពីនីតិវិធី​បោះឆ្នោត​តាម​តំបន់​ភូមិភាគ​នីមួយៗ​និង​ខេត្ត​ទូទាំង​ប្រទេស​។

«អីចេះ​ ជា​ការ​ងារ​អប់រំ​ គ.ជ.ប ​ត្រូវ​បើក​វគ្គ​បណ្តុះបណ្តាល​ ​នៅ​គ្រប់​ខេត្ត គ្រប់​ភូមិភាគ​តែ​ម្តង​ណា​បាទ។ ហើយ​ក្នុង​នោះ​ ឯកឧត្តម​ប្រធាន​លោក​ហ្នឹង​ អញ្ជើញ​ទៅ​ជា​អធិបតី ​ហើយលោក​នឹង​ធ្វើការ​ប្រកាស​បិទ​ផងដែរ។ អីចឹង​ជាមួយ​ប្រកាស​បិទ​នេះ​ លោក​នឹង​ឆ្លៀត​ជម្រាបបន្ថែម​ពាក់​ព័ន្ធ​នឹង​ សំណួរ​ទាំង​ឡាយ​ ដែល​កន្លង​មក​ មានសំណួរ​ទៅតាម​ភូមិភាគ​ខុសគ្នា​ សំណួរ​ខុសគ្នា​ដែរ​បាទ»។

នៅពេល​ VOA​ សួរ​លោក​អំពីការ​បណ្តុះបណ្តាល​នេះ​ អាច​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវ​នាវ​របស់​លោក សម រង្ស៊ី​ អតីតមេបក្ស​សង្គ្រោះ​ជាតិ​មិន​ឲ្យពលរដ្ឋ​ទៅ​បោះឆ្នោត​នោះ​ អ្នកនាំពាក្យ​ គ.ជ.បរូប​នេះ​បាន​ថ្លែងថា​ គ.ជ.ប​ ត្រូវធ្វើការ​ស្ទង់​មតិ​ជា​មុន​ ទៅតាមការ​ប្រមូល​សំនួរ​ផ្សេងៗ​ ពាក់​ព័ន្ធ​នឹងបរិយាកាស​បោះឆ្នោត​ជា​មុន​សិន។

«ខ្ញុំ​អាច​និយាយ​បាន​ថា​ រាល់​បញ្ហា​ទាំង​អស់​ គ.ជ.ប ​មាន​ការ​ប្រមូល​សំនួរ​មុន​នោះ​បាទ​ បាន​ន័យថា​ ធ្វើ​ Survey​ ​[ស្ទាបស្ទង់មតិ]​តំបន់​ណា​ មាន​មន្ទិល​សង្ស័យ​ពីរឿង​អ្វី?​ មិន​ច្បាស់​រឿង​អី? រឿង​បច្ចេកទេស? ឬ​ក៏​រឿង​នីតិវិធី​បោះឆ្នោត​បាទ។ អីចឹង​គ.ជ.ប​ នឹង​ក្រៅតែ​ពីទៅ​បណ្តុះបណ្តាល​អំពី​ការងារ​បច្ចេក​ទេស​ក៏​នឹង​ដោះស្រាយ​នូវ​បញ្ហា​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ការ​មន្ទិល​សង្ស័យ​របស់​ប្រជាពល​រដ្ឋ​ផង​ដែរ​បាទ»។

កាលពី​ថ្ងៃ៣០ ខែមេសា ឆ្នាំ​២០១៨ អ្នកស្រី រ៉ូណា ស្មីត​ អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប.នៅ​កម្ពុជា​ បានចេញ​សេចក្តី​ប្រកាសមួយ​ ដោយបាន​និយាយចំៗ​ថា​ ការ​បោះឆ្នោត​ខែ​កក្កដា​ ដែលបាន​គ្រោង​ទុក​នោះ​ គឺ​ជាការបោក​បញ្ជោត​ឆន្ទៈ​ ប្រជាពលរដ្ឋខ្មែរ​ដែរ​ជា​ម្ចាស់​ឆ្នោត​ ប្រសិន​បើ​រដ្ឋាភិបាល​មិន​អនុញ្ញត​ឲ្យគណបក្ស​សង្គ្រោះជាតិ​ចូលរួមក្នុងការ​បោះឆ្នោត​នោះទេ​។

អ្នកស្រី​ត្រូវ​បាន​ស្រង់​ប្រសាសន៍​ក្នុង​សេចក្តី​ប្រកាស​ដែល​ចេញ​ដោយ​ការិយាល័យ​ឧត្តម​ស្នង​ការអ.ស.ប.​ ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​តាម​ន័យដើមថា​៖

«ការ​បោះឆ្នោត​មួយ​មិនអាច​ក្លាយ​ជាការ​បោះឆ្នោត​ពិតប្រាកដ​បាន​ទេ​ ​ប្រសិន​បើ​គណបក្ស​ប្រឆាំង​ដ៏ធំ​មួយ​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូលរួម»។

អ្នក​ស្រី ស្មីត ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​តែ​ដោះលែង​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ជា​បន្ទាន់​និង​លុបចោល​ការ​ហាម​ឃាត់​សមាជិក​គណបក្ស​ប្រឆាំង​ក្នុង​ការ​ចូលរួម​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៨។

កាលពីថ្ងៃ​សៅរ៍​ លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​ជា​មេដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ​ បាន​អំពាវ​តាមទំព័រ​ហ្វេសប៊ុក​របស់​លោក​ ដោយ​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ ពហិការ​ការបោះឆ្នោត​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ លោក​អះអាង​ថា បើ​ប្រជាពល​រដ្ឋ​ខ្មែរ​ ច្រើន​លើស​លប់ ធ្វើ​ពហិការ​មិន​ទៅ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា​ទាំងអស់ បើ​មិន​មាន​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​លើ​សន្លឹក​ឆ្នោត​នោះ​ទេ​ ការណ៍​នេះនឹង​រួម​ចំណែក​ទាំង​អស់​គ្នា​ ដើម្បី​ដក​ភាព​ស្រប​ច្បាប់​ពី​ការបោះឆ្នោត​ក្លែង​ក្លាយ​ខាង​មុខ​ និង​ដក​ភាព​ស្រប​ច្បាប់​ពី​របប​ផ្ដាច់​ការ។

ជាង​នេះទៅទៀត​ កាល​ពីថ្ងៃ​អង្គារ​ លោក​សម រង្ស៊ី​ ក៏​បាន​ប្រកាស​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ដោយ​បាន​ស្នើ​ឲ្យ​អ្នក​បោះឆ្នោត​ជ្រើស​យក​ជម្រើសពីរ​ គឺ​ទីមួយ​ មិន​ទៅ​បោះឆ្នោត​ គឺ​គាំទ្រ​ គណបក្ស​សង្គ្រោះជាតិ​ក្នុង​ចិត្ត​ ហើយ​ចង់​ឲ្យ​គណបក្ស​នេះ​ មកដឹកនាំ​ប្រទេស​ ដើម្បីមានការ​ផ្លាស់​ប្តូរ​ជាវិជ្ជមាន​ និង​ទីពីរ​ ទៅបោះឆ្នោត​ (ទោះ​ជាបោះឆ្នោត​ឲ្យ​គណបក្ស​ណាក៏ដោយ) គឺគាំទ្រ​ គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​ចង់​ឲ្យ​គណបក្ស​នេះ​ ដឹកនាំ​ប្រទេស​ត​ទៅ​ទៀត​ ដូច​សព្វ​ថ្ងៃ។

លោក​ សម រង្ស៊ី ក៏​បាន​អំពាវនាវ​ដល់​ក្រុម​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ជាតិ​និង​អន្តរជាតិ​ឲ្យ​បោះបង់​ការ​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​ខែ​កក្កដាខាងមុខនេះ​ផងដែរ​ ប្រសិន​បើ​គណបក្ស​ដែល​លោក​ និង​លោក​ កឹម សុខា​ ជាអ្នកបង្កើត​គឺគណបក្ស​សង្គ្រោះជាតិ​មិនត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ចួលរួមការ​ប្រកួត​ប្រជែង។

យ៉ាង​ណា​ក៏​ដោយ​ ក្រុម​អ្នកសង្កេតការណ៍បោះឆ្នោត​ក្នុង​ស្រុក​ធំៗ​ពីរ​គឺ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ Comfrel ​របស់​គល់​ បញ្ញា​ និង​ Nicfec របស់​លោក​សំ គន្ធាមី​ បាន​បញ្ជាក់​នាពេល​កន្លងមកថា​ ការ​ចូល​រួម​សង្កេតការណ៍​បោះឆ្នោត​ខែកក្កដា​ អាច​នឹង​ត្រូវ​សម្រេច​ ក្រោយ​ការ​បញ្ចប់​នៃការចុះបញ្ជី​ឈ្មោះ​គណ​បក្ស​នយោបាយ​ ដែល​នឹង​ផុត​កំណត់​នៅ​ថ្ងៃ​ទី១៤​ ខែ​ឧសភា​នេះ៕

XS
SM
MD
LG