ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លោក ញឹក ប៊ុនឆៃ​នឹង​គ្រង​តំណែង​ប្រធាន​បក្ស​ខ្មែរ​រួបរួម​ជាតិ​ឡើងវិញ ក្រោយ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ


A mother and child holding flowers are stopped by police as they try to pay tribute to a man, who stabbed a policeman then stabbed himself and died on the anniversary of the city's return to Chinese rule, at Causeway Bay in Hong Kong, China.
A mother and child holding flowers are stopped by police as they try to pay tribute to a man, who stabbed a policeman then stabbed himself and died on the anniversary of the city's return to Chinese rule, at Causeway Bay in Hong Kong, China.

លោក ញឹក ប៊ុនឆៃ អតីត​ប្រធាន​គណ​បក្ស​​ខ្មែរ​រួប​រួម​ជាតិ​និង​ជា​អតីត​មេ​បញ្ជាការ​យោធា​ខាង​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​នឹង​វិល​ចូល​ឆាក​នយោបាយ​ឡើងវិញ​ ​បន្ទាប់​ពី​តុលា​ការ​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​​នឹង​បទ​ល្មើស​​គ្រឿង​ញៀន។ ប្រធាន​បច្ចុប្បន្ន​នៃ​គណ​បក្ស​​ខ្មែរ​រួប​រួម​ជាតិ​ប្រកាស​ថា​ ​សមាជិក​សមាជិកា​គណ​បក្ស​​នេះ ​នឹង​ធ្វើ​សមាជ​បក្ស​នា​ពេល​ឆាប់ៗ​ខាងមុខ ​ដើម្បី​បោះឆ្នោត​គាំទ្រ​ឲ្យ​លោក ញឹក ប៊ុនឆៃ​ ឡើង​ធ្វើ​ជា​ប្រធាន​គណ​បក្ស​​វិញ ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​ក្នុង​ខែ​កក្កដា ​ឆ្នាំ​២០១៨ ខាង​មុខ។

លោក ញឹក ប៊ុនឆៃ អតីត​ប្រធាន​គណបក្សខ្មែរ​រួប​រួម​ជាតិ​និង​ជា​អតីត​មេបញ្ជាការ​យោធា​របស់​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច នឹង​គ្រង​តំណែង​ប្រធាន​គណ​បក្សឡើង​វិញ​ ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ ក្រោយតុលាការ​សម្រេច​ដោះលែង​លោក​ឲ្យ​នៅ​ក្រៅ​ឃុំ។ នេះ​បើ​តាម​ការ​បញ្ជាក់របស់​មន្ត្រី​ជាន់ខ្ពស់​គណ​បក្សខ្មែរ​រួប​រួម​ជាតិ។

លោក​ សឹង្ហ គិរី​ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណ​បក្សខ្មែរ​រួប​រួម​ជាតិ​ប្រាប់​VOA​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា សមាជិក​និង​សមាជិកា​គណបក្សខ្មែរ​រួប​រួម​ជាតិ​គ្រោង​នឹង​ធ្វើ​សមាជ​គាំទ្រ​ឲ្យ​លោក ញឹក ប៊ុនឆៃ​ ឡើង​ធ្វើ​ជា​ប្រធាន​គណ​បក្សវិញ ​បន្ទាប់ពី​លោក​ត្រូវ​បានតុលា​ការ​ដោះលែង​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ។​

​លោក​បន្ថែម​ថា​ គណ​បក្សខ្មែរ​រួប​រួម​ជាតិ​នឹង​ទៅ​ចុះ​បញ្ជី​គណ​បក្សនយោបាយ​ក្នុង​ពេល​ឆាប់ៗ ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​នា​ចុង​ខែ​កក្កដា​ ឆ្នាំ​២០១៨​នេះ​ ប៉ុន្តែ​លោក​ថា​ ​សម្រាប់​សមាជ​គណបក្សសម្រាប់​សម្រេច​ផ្លូវ​ការ​ មិន​ទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយ។

លោក សឹង្ហ គិរី​ មាន​ប្រសាសន៍​ថា៖​

«ខាង​សមាជិក​ហើយ​និង​អ្នក​ដឹក​នាំ​ខ្មែរ​រួប​រួម​ជាតិ​បាន​ត្រៀម​គំនិត​ថា​នឹង​ប្រគល់​តំណែង​ជូន​គាត់​ហើយ​ តែ​ដោយ​សារ​សុខភាព​គាត់​មិន​ទាន់​ស្រួលបួល​ទៅ​ក៏​គាត់​សុំ​ផ្អាក​សិន​ ចាំ​មើល​ពេល​ខាង​មុខ​ទៀត​ចាំ​ពេល​ណា​ដែល​គាត់​ស្រួល​ខ្លួន​សុខភាព​អី​គាត់​មក​ដូច​ដើម​វិញ​គាត់​នឹង​ទទួល​យក​ហើយ»។​

ចៅ​ក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក​ លី លីបម៉េង​ នៅ​ថ្ងៃ​ទី៣០ ខែ​មេសា​ ឆ្នាំ​២០១៨ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​ភ្នំពេញ​ ​ដោះលែង​លោក​ ញឹក ប៊ុនឆៃ ​អតីត​ប្រធាន​គណបក្សខ្មែរ​រួប​រួម​ជាតិ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​បន្ទាប់​ត្រូវ​តុលាការ ចោទ​និងសម្រេច​ឃុំ​ខ្លួនពី​បទ​គ្រឿងញៀន​ដែល​បាន​កើត​ឡើង​កាល​ពី​ជាង​១០​ឆ្នាំ​មុន។​

ដីកា​បង្គាប់​ឲ្យ​ដោះលែង​នោះ ​ត្រូវ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ត្រូវ​បាន​តុលាការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​បទ​សម​គំនិត​ក្នុង​បទ​ផលិត​គ្រឿង​ញៀន និង​នាំ​ចូល​សារ​ធាតុ​សម្រាប់​ផ្សំ​គ្រឿង​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ទី១​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​ ​កាលពី​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០០៧ [...] ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​ បើសិនជា​ឈ្មោះ​នេះ​មិន​ត្រូវ​បាន​ឃុំ​ខ្លួន​ពី​បទ​ល្មើស​ផ្សេង​ទៀត»។​

ទោះ​យ៉ាង​ណា​ក្នុង​ដីកា​នោះ​មិន​មាន​បញ្ជាក់​ពីមូល​ហេតុ​នៃ​ការ​ដោះលែង​លោក ញឹក ប៊ុនឆៃ ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ​ទេ។​

លោក​ អ៊ី រិន្ទ​ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ មិន​បាន​ឆ្លើយ​សំណួរ​របស់​VOA​ ​ពាក់​ព័ន្ធនឹង​មូល​ហេតុ​នៃ​ការ​ដោះលែង​លោក ញឹក ប៊ុនឆៃ នោះ​ទេ​ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់យ៉ាង​ខ្លី​ថា៖«យើង​មើល​អា​ដីកា​បង្គាប់​របស់​គេ​ហ្នឹង​ទៅ ហើយ​មាន​គេ​ដាក់​ក្រោម​ការ​ត្រួត​ពិនិត្យ​អី​ជំនួស​ការ​ដាក់​ឃុំ ​មើល​ក្នុង​ហ្នឹង​ទៅ​ឃើញ​ហើយ»។​

កាលពី​ដើម​ខែ​សីហា​ឆ្នាំ​២០១៧ ​តុលា​ការ​ភ្នំពេញ​បាន​ចោទ​ប្រកាន់​លោក ញឹក ប៊ុនឆៃ​ អតីត​មេ​បញ្ជាការ​យោធា​របស់​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច ពី​បទ​ «សម​គំនិត​ក្នុង​បទ​ផលិត​គ្រឿង​ញៀន​និង​នាំ​ចូល​សារ​ធាតុ​សម្រាប់​ផ្សំ​គ្រឿង​ញៀន» ​ក្នុង​សំណុំ​រឿង​ជួញដូរ​គ្រឿង​ញៀន​កាលពី​ជាង​១០ឆ្នាំ​មុន និង​បាន​បញ្ជូន​លោក​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ។

ក្រោយ​ការ​ចោទ​ប្រកាន់​ លោក ញឺក ប៊ុនឆៃ ​បាន​សម្រេច​លាលែង​ចេញ​ពី​ប្រធានគណបក្ស ដើម្បី​ការពារ​កុំ​ឲ្យ​គណបក្សរបស់​លោក​ត្រូវ​បាន​រំលាយ​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​បាន​ស្នើ​ធ្វើ​វិសោធនកម្ម​ដោយ​ក្រុម​តំណាង​រាស្ត្រ​គណ​បក្សកាន់​អំណាច ដែល​បាន​កំណត់​ថា ប្រធាន ឬ​អនុ​ប្រធាន​គណ​បក្សនយោបាយ ត្រូវ​តែ​ជា​ជន​គ្មាន​ទោសពៃរ៍។​

នាយ​ឧត្ដមសេនីយ៍ ​ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ប្រាប់​VOA​ថា​ លោក​ ញឹក ប៊ុនឆៃ​ អាច​ត្រឡប់​ធ្វើ​ជា​ប្រធាន​គណបក្សខ្មែរ​រួប​រួម​ជាតិ​វិញ​បាន​ដោយ​លោក​ថា អតីត​ប្រធាន​គណ​បក្ស​រូប​នេះ​មិន​ទាន់​ជា​ជន​មាន​ទោស​នៅ​ឡើយ។​

លោក​មាន​ប្រសាសន៍​ថា៖​

​«ជា​ផ្លូវ​ច្បាប់ នៅ​ពេល​ដែលតុលា​ការ​លោក​មិន​ទាន់​មាន​សាល​ដីកា​ចោទ​ប្រកាន់​ឬ​ក៏​អី​ គាត់​នៅ​ជា​មនុស្ស​ធម្មតា​ទេ អា​ហ្នឹង​បើ​ជា​ផ្លូវ​ច្បាប់។ ដូច្នេះ ​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ ​បាន​សេចក្ដី​ថា​គាត់​មិន​ទាន់​ត្រូវ​បាន​ទទួល​ការ​ចោទ​ប្រកាន់​ជា​អ្នក​ទោស​ពី​តុលា​ការ​នៅ​ឡើយ​ដូច្នេះ​គាត់​នៅ​ជា​ពលរដ្ឋ​ធម្មតា អាច​មាន​សិទ្ធិ​ធ្វើ​ជា​នយោបាយ​បាន»។​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)​នៅ​ថ្ងៃ​ចន្ទ​បាន​ចាប់​ផ្ដើម​ទទួល​ចុះ​បញ្ជី​គណ​បក្សនយោបាយ​រយៈ​ពេល​ពីរ​សប្ដាហ៍​ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ ​ខណៈ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បានតុលា​ការ​រំលាយ​កាលពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ​ឆ្នាំ​កន្លង​ទៅ​ ​មិន​ទាន់​រក​ឃើញ​ច្រក​ចូល​រួម​ការ​បោះ​ឆ្នោត​បាន។​ សកម្មជន​មន្ត្រី​ និង​ប្រធាន​បក្ស​នេះ​ជាង​២០នាក់​ កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំង​នៅ​ឡើយ​ ខណៈ​អ្នក​នយោបាយ​ក្មេងៗ​និង​បក្ស​ទើប​តែ​បង្កើត​ថ្មី​សម្រុក​ទៅ​ចុះ​ឈ្មោះ​បង្កើត​បក្ស​និង​ចុះ​បញ្ជី​បក្ស​ដើម្បី​ចូលរួម​ការបោះឆ្នោត​ខែ​កក្កដា​ឆ្នាំ២០១៨ ខាងមុខ។​

ក្រោយ​ការ​រំលាយ​គណបក្សប្រឆាំង​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូ​ទាំង​ប្រទេស​គេ​ឃើញ​ស្ថាប័ន​ដែល​ជា​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​រិះគន់​ការ​រំលាយ​នោះ​និង​ថា ការ​បោះ​ឆ្នោត​ដែល​មិន​មាន​វត្ត​មាន​របស់​គណ​បក្សប្រឆាំង​នោះ​នឹង​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​នៅ​កម្ពុជា​មិន​ស្រប​ទៅ​តាម​លក្ខខណ្ឌ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស។​

នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ជា​រឿយៗ ​បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​បង្កើត​គណបក្សនយោបាយដើម្បី​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ ជំនួស​ឲ្យ​ការ​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ដង្ហើម​រស់​ឡើង​វិញ។ ក្រោយ​មក​គេ​ឃើញ​គណបក្សថ្មីៗ​ជា​ច្រើន ​បាន​និង​កំពុង​បង្កើត​ឡើង​ដែល​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ​ថា​ គណ​បក្សទាំង​នោះ​ប្រមូល​បាន​ស្នាម​មេ​ដៃ​គ្រប់​ចំនួន​៤​ពាន់ ​ដើម្បី​អាច​ចុះ​ឈ្មោះ​ការ​បោះ​ឆ្នោត​បាន​នៅ​ឡើយ៕​

XS
SM
MD
LG