ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​ហ៊ុន ម៉ាណែត បញ្ចប់​ទស្សនកិច្ច​នៅ​ជប៉ុន​ជាមួយ​ព័ត៌មាន​តិច​តួច​អំពី​ការ​ចរចា​នយោបាយ


រូបឯកសារ៖ លោក​ ​ហ៊ុន ម៉ាណែត​ ​មេបញ្ជាការ​នៃ​អង្គភាព​ប្រឆាំង​អំពើ​ភេរវកម្ម​ ​និង​ជា​អគ្គ​មេ​បញ្ជាការ​រង​កង​យុទ្ធ​ពល​ខេមរភូមិន្ទ ថ្លែងទៅកាន់​អ្នកសារព័ត៌មាន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។
រូបឯកសារ៖ លោក​ ​ហ៊ុន ម៉ាណែត​ ​មេបញ្ជាការ​នៃ​អង្គភាព​ប្រឆាំង​អំពើ​ភេរវកម្ម​ ​និង​ជា​អគ្គ​មេ​បញ្ជាការ​រង​កង​យុទ្ធ​ពល​ខេមរភូមិន្ទ ថ្លែងទៅកាន់​អ្នកសារព័ត៌មាន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ កូនប្រុស​ច្បង​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​គឺ​លោក​ ​ហ៊ុន ម៉ាណែត​ ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ ពី​ប្រទេស​ជប៉ុន​​ បន្ទាប់​ពី​លោក​បាន​បញ្ចប់​ទស្សនកិច្ច​រយៈពេល​ប្រាំ​ថ្ងៃ​នៅ​ទី​នោះ។

ឧត្ដម​សេនីយ៍​ ​ហ៊ុន ម៉ាណែត​ ​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ​ប្រទេស​ជប៉ុន​នឹង​បន្ត​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ និង​បាន​ផ្ដល់​ការ​គាំទ្រ​ដល់​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​សភា​នៅ​កម្ពុជា​នា​ខែ​កក្កដា​ខាង​មុខ។​ ​នេះ​បើ​យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន​ក្នុងស្រុក​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​ ​ហ៊ុន ម៉ាណែត​ ​មេបញ្ជាការ​នៃ​អង្គភាព​ប្រឆាំង​អំពើ​ភេរវកម្ម​ ​និង​ជា​អគ្គ​មេ​បញ្ជាការ​រង​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​ ​បាន​បញ្ចប់​ទស្សនកិច្ច​រយៈពេល​ប្រាំ​ថ្ងៃ​នៅ​ប្រទេស​ជប៉ុន​ ​តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​ តាម​កម្មវិធី​ផ្លាស់ប្ដូរ​យុទ្ធ​សាស្ត្រ​កម្រិត​អ្នក​អនុវត្តន៍​ (Program for Strategic Exchanges on Practical Level-STEP)​។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​អង្គភាព​ Freshnews​ ដែល​បាន​ផ្សាយ​ជា​វីដេអូ​កាល​ពី​ថ្ងៃ​អាទិត្យ។​

នៅ​ពេល​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ លោក ​ហ៊ុន ម៉ាណែត​ ​ត្រូវ​គេ​ឃើញ​ថ្លែង​ក្នុង​ឃ្លីប​វីដេអូ​ខ្លី​មួយ​ថា​ ​នៅ​ឆ្នាំ​នេះ​ ជា​ឆ្នាំ​ខួប​ទី​៦៥នៃ​ការ​សហការ​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​នៅ​ក្នុង​កិច្ច​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ និង​ការ​បោះ​ទុន​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា។

លោក​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ ជប៉ុន​បាន​ប្ដេជ្ញា​ចិត្ត​ផ្ដល់​ការ​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍ​នានា​បន្ថែម​នៅ​កម្ពុជា។

«​ជប៉ុន​ ក៏បាន​ប្ដេជ្ញា​ចិត្ត​នឹង​បន្ត​ជួយ​កម្ពុជា​នៅ​ក្នុង​ការ​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាពិសេស​ផ្ដោត​ទៅលើ​វិស័យ​មួយ​ចំនួន​ ដូចជា​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ កសាង​ធន​ធាន​មនុស្ស​ ទៅ​លើ​ស្ថាប័ន​ការ​ពង្រឹង​ស្ថាប័ន​ ក៏​ដូច​ជា​ជួយ​ជំរុញ​វិនិយោគ​ជប៉ុន​ ឲ្យ​មក​វិនិយោគ​កម្ពុជា​ កាន់​តែ​ច្រើន»។

លោក ​ហ៊ុន ម៉ាណែត ​បាន​ថ្លែង​បន្ថែម​ថា​ ប្រទេស​ជប៉ុន​បាន​រួម​ចំណែក​ដល់​ដំណើរ​ការ​បោះឆ្នោត​មួយ​ដែល​មាន​ភាព​សេរី ត្រឹមត្រូវ​ និង​យុត្តិធម៌​ និង​លទ្ធផល​ឆ្លុះបញ្ចាំង​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ។

«បន្ថែម​ទាំងនោះ​ទៀត​ ជប៉ុន​នឹង​បន្ត​ជួយ​កម្ពុជា​ នៅ​ក្នុង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​របស់​ខ្លួន​ តាម​រយៈ​ការ​គាំទ្រ​ទៅដល់​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ដែល​កន្លងមក​ជប៉ុន​បាន​ធ្វើ​ហើយ»។

លោក​បាន​អះអាង​ថា​ ជប៉ុន​បាន​ផ្ដល់​ហិប​ឆ្នោត​ជាង​ ១ម៉ឺនហិបឆ្នោត​ដល់​កម្ពុជា​សម្រាប់​ដំណើរការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ ឆ្នាំ២០១៨​ខាង​មុខ​នេះ។

​ដំណើរ​ទស្សនកិច្ច​របស់​កូន​ប្រុស​ច្បង​លោក​ នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ​ទៅកាន់​ប្រទេស​ជប៉ុន​ ​គឺ​ធ្វើ​ឡើង​ ​បន្ទាប់​ពី​ដំណើរ​ទស្សន​កិច្ច​របស់​ ​លោក​ ​សម រង្ស៊ី​ ​ដើម្បី​ស្វះស្វែង​ឱ្យ​មាន​ការ​គាំទ្រ​ពី​ប្រទេស​ជប៉ុន​ ក្នុង​ការ​រក​ដំណោះ​ស្រាយ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។

យ៉ាង​ណា​ក៏​ដោយ​ ​មិនទាន់​មាន​ព័ត៌មាន​ច្បាស់​ការណ៍​ ​ណា​មួយ​បញ្ជាក់​ពី​ការ​ឯកភាព​ ឬ​ដំណោះ​ស្រាយ​នយោបាយ​នៅ​កម្ពុជា​ណា​មួយ​នៅ​ឡើយនោះ​ទេ ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​របស់​ថ្នាក់​ដឹក​នាំ​បក្ស​ជំទាស់​និង​កូនប្រុស​ច្បង​របស់​ ​លោក​ ​ហ៊ុន សែន។

​សេចក្ដី​រាយការណ៍​របស់​អង្គភាព​ ​Freshnews​ ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ ​បាន​ឲ្យ​ដឹង​ថា​ ក្នុងរយៈ​ពេល​ប្រាំ​ថ្ងៃ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេសជប៉ុន លោក ហ៊ុន ម៉ាណែត​ បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​រយ​នាក់​ ក្រុម​មន្ត្រី​រដ្ឋាភិបាល និង​សភា​ជប៉ុន។

លោ​ក​ក៏បាន​ជួប​ពិភាក្សា​ ​យ៉ាស៊ូស៊ី អាកាស៊ី​ ​(Yasushi Akashi)​ ​អតីតតំណាង​ពិសេស​អគ្គ​លេខាធិការ​ អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជា​ប្រធាន​បេសកកម្ម​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា។

គ្រា​ដែល​លោក​ ​ហ៊ុន ម៉ាណែត ​អះអាង​ពី​ការ​ផ្ដល់​ការ​គាំទ្រ​របស់​ជប៉ុន​ដល់​កម្ពុជា​ ដោយ​លោក​មិន​បានលើក​ឡើង​ពី​វិបត្តិ​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​នោះ​ លោក​ សុន​ ឆ័យ អ្នក​នយោបាយ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​តាម​បណ្តឹង​រដ្ឋាភិបាល​ថ្លែង​ប្រាប់​ VOA កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ប្រទេស​ជប៉ុន​ចង់​ឃើញ​ការ​ជជែក​គ្នា​រវាង​អ្នកនយោបាយ​ខ្មែរ​ ក្នុង​ពេល​ដែល​ការ​ចុះបញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​បាន​ចាប់​ផ្ដើម​ តែ​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ចំនួន​១១៨​ នាក់​ នៅ​បន្ត​ស្ថិត​ក្រោម​បម្រាម​ មិន​ឲ្យ​ធ្វើ​នយោបាយ​នៅឡើយ។

លោក​មាន​ប្រសាសន៍​ថា៖

«យើង​តែងតែ​រង់​ចាំ​នែ៎!​ រង់ចាំ​ឲ្យ​មាន​ការ​ជជែក​គ្នា​ តំណាង​របស់​យើង​នៅ​ក្នុង​ប្រទេស​នេះ​ ក៏​អាច​ជជែក​គ្នា​បាន​ដែរ​ ប្រទេស​ជា​មិត្ត​ ដូចជា​ប្រទេស​ជប៉ុន​អី​ជាដើម​ហ្នឹង​ ចេះតែ​ចង់​ឃើញ​ឲ្យ​យើង​ជជែក​គ្នា​ទៅ​ ហើយ​រក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់​ តែ​ឥឡូវ​នេះ​ វា​កាន់​តែ​ខើច​ពេល​វេលា​ហើយ​ គួរតែ​មាន​ការ​ជជែក​ ឬ​ក៏​ការ​បង្ហាញ​ឆន្ទៈ​ ពី​ខាង​គណបក្ស​កាន់​អំណាច​ហ្នឹង​ ក្នុង​ការ​ធានា​ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​ ទាំង​១១៨ហ្នឹង​បាន​បំពេញ​ការងារ​នយោបាយ​គេ​វិញ​នែ៎!​ នៅ​ប៉ុន្មាន​ថ្ងៃ​នេះ។ បើ​ពុំ​នោះ​ទេ​ យើង​មិន​សង្ឃឹម​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ អាច​នឹង​មានលទ្ធភាព​ ចូលរួម​ឲ្យ​ប្រ​ជា​ពលរដ្ឋ​លោក​ ជ្រើស​រើស​នោះ​បាន​ទេ​បាទ​»។

ដោយ​មិន​បាន​ភ្ជាប់​ពី​ស្ថានភាព​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​នេះ​ លោក ឯម សុវណ្ណារ៉ា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ ថ្លែង​ថា​ការ​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស​របស់​លោក​ ហ៊ុន ម៉ាណែត​ បាន​បញ្ជាក់​ថា​ លោក​អាច​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បន្តវេន​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។ប៉ុន្តែ​ការ​សម្រេច​មិន​អាច​ស្ថិត​នៅ​លើ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​តែ​ឯកឯង​នោះ​ឡើយ។

«បាទ​ខ្ញុំ​គិត​ថា​ រឿង​ក្រុម​គ្រួសារ​ដូចជា​មិន​អី​ទេ​ ប៉ុន្តែ​នៅ​ក្នុង​គោលការណ៍​នៃ​ការ​ស្នង​ វា​ពាក់​ពន្ធ​នឹង​ការ​បោះឆ្នោត​ទៅ​លើ​គណៈកម្មាធិការ​កណ្ដាល​ របស់​សមាជិក​គណបក្ស​កាន់​អំណាច។ ហើយ​នៅ​ក្នុង​គោលការណ៍ ហ្នឹង​ យើង​ឃើញ​ថា​ សមាសភាព​ដែល​គាំទ្រ​ដោយ​ ដែល​ខ្លះ​ចូល​ថ្មី​ៗ​ច្រើន​ហ្នឹង​ យើង​គិត​ថា​វា​គាំទ្រ គេ​មាន​ការ​គាំទ្រ​ច្រើន​ទៅលើ​គណបក្ស​កាន់​អំណាច​ហ្នឹង​ ទៅ​លើ​បេក្ខជន​ នាយក​រដ្ឋ​មន្ត្រី​ហ្នឹង​ច្រើន​ អីចឹង​គាត់​អាច​មាន​ឱកាស​ដែរ។ ប៉ុន្តែ​មិនថា​ទាំង​ស្រុង​ពីព្រោះ​នៅ​ក្នុង​ក៏​មាន​អ្នក​គាំ​ទ្រ​ខាង​ឧប​នាយក​រដ្ឋ​មន្ត្រី​ ឬ​ក៏​សកម្មជន​ចាស់ៗ​ដែរ​ ហើយ​គាត់​នៅ គេ​ហៅ​ថាភាព​ក្មេង​វ័យ​នៅ​ក្នុង​នយោបាយ​ វា​មិន​ទាន់​ចាប់​បេះដូង​ចាស់ៗ​បាន​ទេ​បាទ»។

លោក​សាស្ត្រាចារ្យ​បាន​បន្ថែម​ថា​ បើ​មើល​ទៅ​លើ​សមត្ថភាព​លោក​ ​ហ៊ុន ម៉ាណែត​ ​លោក​អាច​ដឹក​នាំ​ប្រទេស​កម្ពុជា​បាន។​ ​យ៉ាងណា​ក្ដី​ លោក​ថា​ លោក​ ​ហ៊ុន ម៉ាណែត​ មិន​អាច​ឈរ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ នា​ពេល​អនាគត​ដ៏​ខ្លី​នោះ​បាន​នោះ​ទេ​ ព្រោះ​មាន​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា​ជា​ច្រើន​នាក់​ រួម​ទាំង​ឧបនាយក​រដ្ឋមន្ត្រី​ផង​នោះ​ នឹង​ប្រជែង​យក​តំណែង​នេះ។

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ នៅ​ថ្ងៃ​ទី២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ដឹក​នាំ​ប្រទេស​សម្រាប់​អាណត្តិ​ទី៦​រយៈពេល​៥​ឆ្នាំ​ទៅ​មុខ​ទៀត។​

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ប្រជារាស្ត្រ​ខ្មែរ​មួយ​ចំនួន​បាន​ប្រាប់​ ​VOA​ ​កាល​ពី​កន្លង​មក​ថា​ ពួកគាត់​គ្មាន​ជំនឿ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នោះ​ឡើយ​ បើ​សិន​មិន​មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ទៅតាម​បណ្ដឹង​របស់​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១៧។

សម្រាប់​លោក​ ហ៊ុន សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គ្រប់គ្រង​ប្រទេស​ជាង​៤០ឆ្នាំ​មក​នោះ​ ​បាន​ប្រកាស​ជា​ញឹក​ញាប់​នា​ពេល​កន្លង​មក​ថា​ ​ការ​បោះឆ្នោត​នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅជា​ធម្មតា​តាម​ការ​គ្រោង​ទុក​ បើ​ទោះ​មិន​មាន​អ្នក​អង្កេត​ការណ៍​ ​ឬ​គណបក្ស​ប្រឆាំង​ចូលរួម​ ឬ​ក៏​គ្មាន​ការ​ទទួលស្គាល់​ពី​ប្រទេស​នៅ​បស្ចិម​លោក​ក៏ដោយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG