ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប.​​​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​


រូបឯកសារ៖ គ.ជ.ប. បិទផ្សាយ បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះស្ទួនដែលលុបចេញពីបញ្ជី ដើម្បីអោយប្រជាពលរដ្ឋកម្ពុជា មកផ្ទៀងផ្ទាត់ឈ្មោះ និងកំណត់ត្រាក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/ VOA)
រូបឯកសារ៖ គ.ជ.ប. បិទផ្សាយ បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះស្ទួនដែលលុបចេញពីបញ្ជី ដើម្បីអោយប្រជាពលរដ្ឋកម្ពុជា មកផ្ទៀងផ្ទាត់ឈ្មោះ និងកំណត់ត្រាក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/ VOA)

លោក​ ​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​ គ.ជ.ប.​បាន​បញ្ជាក់​ថា​ បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផ្លូវ​ការ​នេះ​នឹង​បិទ​ផ្សាយ​ជា​សាធារណៈ មួយ​ខែ​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ ដែល​នឹង​ធ្វើឡើង​នៅ​ក្នុង​រយៈពេល​ប្រមាណ​៤​ខែ​ទៀត។

ក្រុម​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា​បាន​ផ្តល់​ការ​គាំទ្រ​ជា​វិជ្ជមាន​ចំពោះបញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត​ផ្លូវការ​ និង​ចុងក្រោយ​ ដែល​ត្រូវ​បាន​ធ្វើឡើង​នៅ​ឆ្នាំ​២០១៦​ ទោះ​បី​ជាមាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​១​លាន​នាក់​ទៀត​មិន​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះបោះ​ឆ្នោត​ថ្មី​នេះ​ក៏ដោយ។​

ចំនួន​ឈ្មោះ​អ្នក​បោះឆ្នោត​ ដែល​ត្រូវ​បាន​បង្ហាញ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវការ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា​ គ.ជ.ប.​ នេះ​ស្រដៀង​គ្នា​ទៅ​នឹងរបាយ​ការណ៍​សិក្សា​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​របស់​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​កាត់​ថា​ ខុមហ្វ្រែល​ (Comfrel)​ រួម​ជាមួយ​នឹងសម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា​ (ERA)។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

របាយ​ការណ៍​របស់​អង្គការ​ Comfrel​ និង​ ERA ​បាន​ឲ្យ​ដឹង​ថា​ មាន​អ្នក​ចុះ​ឈ្មោះ​ប្រមាណ​ជាង​៧,៨​លាន​នាក់​គឺ​ស្មើ​នឹង​៨១,៤៧%​នៃ​ប្រជា​ពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត​ចំនួន៩,៦​លាន​នាក់។

ក្រោយ​ការ​ចេញ​លទ្ធផល​ផ្លូវការ​នៃ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ដោយ​គ.ជ.ប.​ ក្រុម​មន្ត្រី​របស់​អង្គការ​ទាំង​ពីរ​និយាយ​ថា​ ចំនួន​នេះ​ជា​តួលេខ​ដែល​អាច​ទទួល​យក​បាន។​

លោក​កន សាវាង្ស​ មន្ត្រី​កម្មវិធី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​របស់​អង្គការ​ Comfrel ​បាន​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​អាទិត្យ​ថា​ ដំណើរការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​បាន​ប្រព្រឹត្ត​ ដោយ​ជួប​ប្រទះ​បញ្ហា​ ​ដូច​ជា​ឈ្មោះ​ស្ទួន​ និង​បញ្ហា​ចម្រូង​ចម្រាស​ទាក់​ទិនសញ្ជាតិ​របស់​អ្នក​បោះឆ្នោត​ជាដើម។

«ទោះបី​ថា​ មាន​បញ្ហា​ទាំងអស់​នេះ​កើត​ឡើង​ក៏ដោយ​ ប៉ុន្តែ​ក្នុង​កម្រិត​តិច​តួច​ទេ។ អីចឹង​លទ្ធផល​នេះ​ យើង​ឃើញ​ថា​ យើង​អាច​ទទួល​យក​បាន​ ព្រោះ​ដោយ​សារ​តែ​ការ​សិក្សា​យើង​ប្រៀប​ធៀប​គ្នា​រវាង​ អ្វី​ជា​ការ​សិក្សា​របស់​សង្គម​ស៊ីវិល​ ដែល​ថ្មីៗ​នេះ​ យើង​បាន​សិក្សា​ដែរ​ ហើយ​យើង​នឹង​ធ្វើការ​បញ្ចេញ​នូវ​ឯកសារ​ធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​នេះ​ ប្រហែល​ជា​អាច​ខែ​ក្រោយ​ យើង​នឹង​ធ្វើ​របាយ​ការណ៍»។​

លោក​កន សាវាង្ស​ មាន​ប្រសាសន៍​បន្ត​ថា​ ចំនួន​ឈ្មោះ​ប្រជាជន​ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នេះ​ នៅ​មិន​ទាន់​គ្រប់​ចំនួន​ពេញ​លេញ​នៅ​ឡើយ​ទេ​ ដោយហេតុ​ប្រជា​រាស្ត្រ​ខ្មែរ​ជាច្រើន​បាន​ចាកចេញ​ពី​ភូមិ​កំណើត​របស់​ពួក​គេ​ដើម្បី​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ផ្សេង​ រួម​មាន​ប្រទេស​ថៃ​ និង​កូរ៉េ​ខាង​ត្បូង​ជា​ដើម។​

លោក​ទទូច​ឲ្យ​គ.ជ.ប.​ពិចារ​ណា​ស្នើ​ការ​ធ្វើ​វិសោធន​កម្ម​លើ​ច្បាប់​បោះ​ឆ្នោត​ជាតិ​ដើម្បី​ឲ្យ​ពល​រដ្ឋ​ខ្មែរ​ទាំង​អស់​នោះ​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​របស់​កម្ពុជា​ ប្រចាំ​នៅ​ក្រៅ​ប្រទេស។ លោក​អះ​អាង​ថា​ គ.ជ.ប.​មិន​អាច​រង់ចាំ​ទាល់​តែ​សភា​ បើក​ការ​ពិភាក្សា​លើ​បញ្ហា​នេះ​ទេ។​

«រឿង​អស់​នេះ​ វា​ជា​ភារកិច្ច​មួយ​របស់​ គ.​ជ.ប.​ ដែល​មាន​ចែង​ក្នុង​ច្បាប់​ ដែល​ធានា​ក្នុង​ការ​ចុះឈ្មោះ​បោះ​ឆ្នោត​ជូន​ដល់​ប្រជា​ពលរដ្ឋ។ អីចឹង​ករណី​នេះ​ បើ​ថា ​លើក​ទីមួយ​ វា​មាន​បញ្ហា​សម្រាប់​ចុះ​ឈ្មោះ​ប្រជា​ពលរដ្ឋ​នៅក្រៅ​ប្រទេស​រួច​ទៅ​ហើយ​ ​វា​អត់​បាន​ចុះ​ឈ្មោះ​ទេ។ អីចឹង​គ.ជ.ប.​ ទោះ​បី​មិន​មាន​ច្បាប់​ ប៉ុន្តែ​ គ.ជ.ប.​អាច​មាន​សិទ្ធិ​ដាក់​ស្នើ​ មិនមែន​គ.ជ.ប.​សម្រេច​តែ​ទៅ​លើ​ច្បាប់​មួយ​មុខ​ ដែល​លោក​មើល​ឃើញ​ ​គេកំណត់​មក​ លោក​បិទ​ការ​ពិភាក្សា​ត្រឹម​ហ្នឹង​ទេ»។

លោក​សំ គន្ធាមី​ នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ហៅ​កាត់​ថា​ Nicfec​ យល់​ស្រប​ទៅ​នឹង​តួលេខ​អ្នក​បោះ​ឆ្នោត​ ​ដែល​បាន​ចេញ​ជា​ផ្លូវ​ការ​ដោយ​គ.ជ.ប.។ តែទោះ​ជាយ៉ាងណា​ក៏ដោយ​ លោក​ថា​ ក្រុម​អ្នក​សង្កេត​ការណ៍​នឹង​ស្នើ​ឲ្យ​មាន​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ដើម្បី​ឲ្យ​ពលករ​កម្ពុជា​ ដែល​កំពុង​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស​ អាច​ចុះ​ឈ្មោះ​បាន។​

«នៅ​ច្បាប់​បោះឆ្នោត​យើង​ អ្នក​ដែល​ចេញ​ទៅ​ក្រៅ​អត់​មាន​សិទ្ធិ​ចុះ។​ គាត់​បាត់​បង់​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជាង​១​លាននាក់​ ដោយ​សារ​គាត់​អត់​បាន​ចុះ​ក្នុង​ប្រទេស​យើង។ យើង​ចង់​ឲ្យ​មាន។​ ​លើក​ក្រោយ​ ​យើង​ស្នើ​ឲ្យ​មាន​ការិយាល័យ​ចុះ​ឈ្មោះ​នៅ​ក្រៅ​ប្រទេស។​ ធ្វើម៉េចក៏​ដោយ​ ​គ.ជ.ប.​ហ្នឹង​ចង់​ឲ្យ​មាន​ប្រព័ន្ធ​ចុះ​ឈ្មោះ​ទៅ​ ​គាត់​អាច​ ពលករ​នៅ​ក្រៅ​ប្រទេស​គាត់​មាន​សិទ្ធិ​ ចូលរួម​បោះឆ្នោត​បាន​ដូចគេ​ ហើយ​ចង់​បានឲ្យ​គាត់​អី​ចឹង​ កុំ​ឲ្យ​វាបាត់​អា​ចំនួន​រួម​ វា​ប្រាំ​បួន​លាន​នាក់​ជាង​ហ្នឹង»។​

លោក​សំ គន្ធាមី​ថ្លែង​ថា​ ​ក្រុម​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​នឹង​ស្នើ​ឲ្យ​មាន​ការិយាល័យ​ចុះឈ្មោះ​បោះ​ឆ្នោត​នៅ​ក្រៅ​ប្រទេស​ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់។​

លោក​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​ គ.ជ.ប.​ មិន​ផ្តល់​ការ​អធិប្បាយ​ច្រើន​ទាក់​ទិន​ការ​បញ្ចេញ​លទ្ធផល​ផ្លូវ​ការ​នៃ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​កំព្យូទ័រ​ជា​លើក​ដំបូង​នោះ​ទេ។ លោក​បាន​ត្រឹមតែ​បញ្ជាក់​ថា​ បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផ្លូវ​ការ​នេះ​នឹង​បិទ​ផ្សាយ​ជា​សាធារណៈ មួយ​ខែ​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ ដែល​នឹង​ធ្វើឡើង​នៅ​ក្នុង​រយៈពេល​ប្រមាណ​៤​ខែ​ទៀត។​

លោក​ហង្ស ពុទ្ធា ​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ VOA​ ​កាល​ពី​កន្លង​មក​ថា​ គ.ជ.ប.​ពុំ​មាន​សិទ្ធិ​ក្នុង​ការ​ស្នើ​ឲ្យមាន​ការ​ធ្វើ​វិសោធន​កម្ម​លើ​ច្បាប់​បោះ​ឆ្នោត​នោះ​ទេ។ លោក​ថា មាន​តែ​អ្នក​នយោបាយ​ប៉ុណ្ណោះ​ ដែល​អាច​សម្រេច​កិច្ចការ​នេះ​បាន។ លោក​អះអាង​ថា​ គ.ជ.ប.​គឺ​ជា​ស្ថាប័ន​ ដែល​ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់​ដែលបាន​ចែង​ដោយ​សភា​ជាតិ។​

របាយ​ការណ៍​របស់​អង្គការ Comfrel ​និង​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ ERA ដែល​ត្រូវ​បាន​ចង​ក្រង​ចាប់​ពី​ថ្ងៃ​ទី​១​ ខែ​កញ្ញា​មក​ដល់​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​នោះ​ បាន​ឲ្យ​ដឹង​ថា ​បញ្ជី​ឈ្មោះបោះ​ឆ្នោត​ដែល​ពេញ​លេញ​ត្រូវ​ការ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​យ៉ាង​តិច​ណាស់​ក៏​៩៥​ភាគ​រយ​នៃ​ចំនួន​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ដែរ។ របាយ​ការណ៍​នេះ​បន្ត​ថា​ អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ ដែល​នៅ​សល់​មួយ​ចំនួន​ក៏​ចង់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែរ​ បន្ទាប់​ពី​ការ​បិទ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦។

ខណៈ​ដែល​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នោះ ក្រុម​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​សម្តែង​ក្តី​បារម្ភ​ចំពោះ​ការ​ឃោសនា​បោះ​ឆ្នោត​ទ្រង់​ទ្រាយ​ធំ​ដែល​ត្រូវ​បាន​កំណត់​ឲ្យ​ធ្វើ​តែ​ពីរ​លើក​ក្នុង​រយៈពេល​នៃ​ការ​ឃោសនា​ ដែល​មាន​រយៈពេល​តែ​១៤​ថ្ងៃប៉ុណ្ណោះ។​ ពួក​គេ​និយាយ​ថា លក្ខខណ្ឌ​នេះ​មាន​លក្ខណៈ​មិន​ប្រក្រតី​ បើ​ធៀប​ទៅ​នឹង​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ផ្សេងៗ​ទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG