ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក អ៊ូ វីរៈ៖ អ្នកបោះឆ្នោត​នៅក្រុង​និង​ជនបទ​គួរ​មាន​តុល្យភាព​ដូចគ្នា

  • ម៉ែន គឹមសេង

រូបឯកសារ៖ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត នៅក្នុងបន្ទប់ផ្សាយ​របស់ VOA ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ (ផន បុប្ផា/VOA)

ដូចជា​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ​១៩៩៨​មាន​ពលរដ្ឋ​ជិត​មួយ​លាន​នាក់​ប៉ុន្តែ​នៅឆ្នាំ​២០១៥​បាន​កើនឡើង​ដល់​១.៨៣៥.០៩០ប៉ុន្តែ​ចំនួន​អាសនៈ​អ្នក​តំណាងរាស្ត្រ​នៅតែ​១២​ដដែល។

អ្នកវិភាគយល់​ថាការ​បែងចែក​អាសនៈសភា​មិន​មាន​តុល្យភាព​នឹង​ចំនួនពលរដ្ឋ​ពិតប្រាកដ​នៅ​តាម​ខេត្ត​នីមួយៗដែល​មាន​ការ​ប្រែប្រួល​ដោយ​សារតែ​ការធ្វើ​ចំណាកស្រុក​និង​កំណើន​ពលរដ្ឋទេ​ហើយ​ស្នើ​ឱ្យ​មាន​តម្លាភាព​ក្នុង​ការបែងចែក។


លោក​អ៊ូ វីរៈ​ប្រធាន​វេទិការ​អនាគត​ដែល​ជា​វេទិការ​ស្រាវជ្រាវ​គោល​នយោបាយ​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ខេត្ត​និង​ក្រុង​ខ្លះ​មានចំនួន​ពលរដ្ឋ​កើនឡើង​ស្ទើរតែ​ទ្វេដង​ក្នុង​រយៈ​ពេល​ជិត១០ឆ្នាំ​ចុងក្រោយ​នេះ​ប៉ុន្តែ​ចំនួន​អាសនៈ​នៅដដែល។ ដូចជា​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ​១៩៩៨​មាន​ពលរដ្ឋ​ជិត​មួយ​លាន​នាក់​ប៉ុន្តែ​នៅឆ្នាំ​២០១៥​បាន​កើនឡើង​ដល់​១.៨៣៥.០៩០ប៉ុន្តែ​ចំនួន​អាសនៈ​អ្នក​តំណាងរាស្ត្រ​នៅតែ​១២​ដដែល។ ​

រីឯខេត្ត​មួយ​ចំនួន​ទៀត​គួរ​តែ​បន្ថយ​អាសនៈ​ដើម្បីរក្សា​តុល្យភាព​នៃ​សំឡេង​សន្លឹកឆ្នោត។ លោកអ៊ូ វីរៈបាន​លើក​ឧទាហរណ៍​ថា​ខេត្តព្រៃវែងមាន​ប្រជាពលរដ្ឋ​ចុះមកនៅសល់​តែប៉ុន្មាន​សែន​នាក់​ប៉ុន្តែ​អាសនៈ​មាន​ចំនួន​១១ គឺ​ជិត​ស្មើ​ទីក្រុង​ភ្នំពេញ។

លោក​អ៊ូ វីរៈ​បាន​បន្ថែម​ថា៖

«អីចឹង​បាន​ន័យ​ថា​សំឡេង​អ្នកបោះឆ្នោត​នៅទីក្រុង​ភ្នំពេញ​ប្រហែល​ជាបាន​មិន​ដល់​ពាក់​កណ្តាលនៃ​សំឡេង​អ្នកបោះឆ្នោតនៅព្រៃ​វែង​ទេ។ អីចឹង​បាន​ន័យ​ថា​អ្នក​បោះឆ្នោត​នៅព្រៃវែង​មានទម្ងន់​ទៅលើ​អាសនៈ​ជាតិ​នៅក្នុង​សភាជាង​ទម្ងន់​នៃ​អ្នក​បោះឆ្នោត​នៅទីក្រុង​ភ្នំពេញ។ នេះ​គឺ​ជា​រឿងមួយ​ដែល​បង្ហាញ​ពី​ភាព​អតុល្យភាព​មែនទែន​និង​អយុត្តិធម៌​មែន​ទែន​សម្រាប់​ប្រជាពលរដ្ឋ​ដែល​នៅ​ទីក្រុង​ភ្នំពេញ‍»។

ក្រុមអ្នកស្រាវជ្រាវ​នៃ​វេទិការ​អនាគតបានចេញផ្សាយ​អត្ថបទស្រាវជ្រាវ​ខ្លីមួយ​កាលពីខែ​មករា​ដោយ​ផ្តល់​ការវាយតម្លៃ​ថា​អាសនៈនៅទីក្រុងភ្នំពេញ​គួរតែ​ឡើង​ដល់​១៥​ហើយ​ ខេត្ត​ព្រៃវែង​គួរតែ​ចុះ​មក​៨​អាសនៈ​ រីឯ​ខេត្ត​បាត់​ដំបង​និង​សៀមរាប​ដែល​មាន​ពលរដ្ឋ​កើនឡើង​ដែរ​គួរ​តែ​ឡើង​ដល់​១០​និង​៩​អាសនៈ​តាម​លំដាប់​រៀងៗ​ខ្លួន។ ​នេះ​បើផ្អែក​តាម​រូបមន្ត​បែងចែក​អាសនៈ​ដែល​មាន​ចែង​នៅក្នុង​ច្បាប់​បោះឆ្នោត​ដែល​សភាជាតិ​បានអនុម័ត​ក្នុង​ឆ្នាំ​១៩៩៧។

ប៉ុន្តែ​ការចរចា​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​បែរ​ជាបន្ថែម​អាសនៈ​ទៅ​ខេត្ត​ព្រះសីហនុ​ដែល​ខុសពី​រូបមន្ត​បែងចែក​ទៅវិញ។នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​អ៊ូ វីរៈ។​

លោក​អ៊ូ វីរៈ​បាន​បន្ថែម​ថា៖

«កំពង់សោម​គួរ​តែ​មាន​ពីរ​ទេ​មិនគួរ​មាន​បី​ទេ​។ កិច្ចព្រមព្រៀង​រវាង​គណបក្ស​ទាំងពីរ​បាន​ដាក់​កំពង់សោម​ថែម​ពីរ​ប៉ុន្តែ​អត់មាន​មូលហេតុ​ឬ​រូបមន្ត​អ្វី​ដែល​ជាក់លាក់​ឬ​ក៏​សមហេតុផល​ទេ។ អីចឹង​គាត់ចេះ​តែ​នឹកឃើញ​គាត់​ចេះ​តែ​ស្នើគ្នាទៅ​ហើយ​គាត់​ចរចា​គ្នា​គាត់​ថែមពីរ។ ការពិត​គួរតែ​ថែម​មួយ​ទេ‍»។

កម្ពុជា​មិន​បាន​បែងចែកហើយ​ដំឡើង​អាសនៈតាម​ច្បាប់​បោះឆ្នោត​ដែល​រដ្ឋ​សភា​បាន​អនុម័ត​ក្នុង​ឆ្នាំ​១៩៩៧ទេ ហើយ​ច្បាប់​បោះឆ្នោត​ថ្មី​ក៏​មិន​បាន​ចែង​ពីការ​បែងចែក​អាសនៈដែរ។ លោកអ៊ូវីរៈបានលើកឡើងថា​បើ​ប្រើប្រាស់រូបមន្តកន្លងមក​នេះគឺ​សភា​គួរតែ​មាន​អាសនៈ​រហូត​ដល់១៣៩​ឯណោះ។

បើទោះបីជា​ជំហរ​ផ្ទាល់​ខ្លួន​របស់​លោក​មិន​គាំទ្រ​ឱ្យ​មាន​ការកើនឡើង​អាសនៈ​ច្រើន​ប៉ុន្តែលោក​អ៊ូវីរៈ​យល់​ថា​ការកើនឡើង​អាសនៈ​នឹង​មិន​ប៉ះពាល់​ថវិការ​ជាតិ​ច្រើន​ទេ​បើប្រៀបធៀប​នឹង​ផលប្រយោជន៍​ដែល​ទទួលបាន​មក​វិញ ​ក្នុង​នោះមាន​ដូច​ជា​ការមាន​គណបក្ស​នយោបាយ​ច្រើន​នៅ​ក្នុង​រដ្ឋ​សភា។

«អ្វីមួយ​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ប្រសិន​បើ​ជាឡើងអាសនៈ​ដល់​១៣៩គឺ​ខ្ញុំ​មើល​ទៅ​គណបក្ស​តូច​ប្រហែល​ជាអាច​មាន​អាសនៈ​នៅក្នុង​សភាជាតិ​ច្រើន​ជាង​។ នេះ​គឺជា​រូបមន្ត​មួយ​ដែល​អាច​ធ្វើ​ឱ្យ​មាន​ពហុបក្ស​នៅក្នុងសភា​។ ជារូបមន្ត​មួយ​ដែល​អាច​ល្អដែរ​សម្រាប់​គណបក្ស​តូចៗ​‍»។

លោក​បន្ថែម​ថា​៖ «អ្វីមួយដែលយើងសោកស្តាយ​មែនទែនគឺ​អត់មាន​ពហុសំឡេង​នៅក្នុង​សភា‍»។

ក្នុង​បរិបទប្រទេស​កម្ពុជា​គឺ​អ្នក​តំណាងរាស្ត្រកម្រ​ដើរ​ខុស​ពី​បន្ទាត់​នយោបាយរបស់​គណបក្ស​លើ​បញ្ហា​ជាច្រើន​ដែលនាំ​ឱ្យ​លោក​វីរៈ​យល់​ថា​បើ​មាន​គណបក្ស​នយោបាយ​ច្រើន​នឹង​ធានា​បាន​ពហុសំឡេង​នៅក្នុង​រដ្ឋ​សភាជាតិ៕

XS
SM
MD
LG