ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​គ.ជ.ប.​​ជំរុញ​ឱ្យ​ពលរដ្ឋ​ចូល​រួម​បោះឆ្នោត​ដើម្បី​ឱ្យ​ការ​បោះឆ្នោត​ខាងមុខ​ប្រកប​ដោយ​សេរី​ ត្រឹម​ត្រូវ​និង​យុត្តិធម៌


រូបឯកសារ៖ ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​លោក ​ស៊ិក ​ប៊ុនហុក ​បង្ហាញ​ហិប​ឆ្នោត​ដែល​ជា​ជំនួយ​របស់​រដ្ឋា​ភិបាល​​ជប៉ុន​ដល់​ក្រុម​អ្នក​សារ​ព័ត៌មាន ​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​មួយ​នៅ​ភ្នំពេញ ​កាល​ពី​ថ្ងៃទី២៥ ​ខែកុម្ភៈ ​ឆ្នាំ២០១៨។ ​(អូន ឆេងប៉រ/VOA)
រូបឯកសារ៖ ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​លោក ​ស៊ិក ​ប៊ុនហុក ​បង្ហាញ​ហិប​ឆ្នោត​ដែល​ជា​ជំនួយ​របស់​រដ្ឋា​ភិបាល​​ជប៉ុន​ដល់​ក្រុម​អ្នក​សារ​ព័ត៌មាន ​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​មួយ​នៅ​ភ្នំពេញ ​កាល​ពី​ថ្ងៃទី២៥ ​ខែកុម្ភៈ ​ឆ្នាំ២០១៨។ ​(អូន ឆេងប៉រ/VOA)

គ.ជ.ប.​ប្រកាស​ថា​ ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​នេះ​និង​ម្ចាស់​​ឆ្នោត​ត្រូវ​ចូល​រួម​ដំណើរ​ការ​បោះ​ឆ្នោត​នេះ​ទន្ទឹម​គ្នា​ ដើម្បី​​ឲ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ត្រឹម​ត្រូវ​ និង​យុត្តិធម៌។​ អ្នកឃ្លាំ​មើល​លើក​ឡើង​ថា​ ប្រជា​ពលរដ្ឋ​អាច​ដើរ​ទន្ទឹម​ គ.ជ.ប.​​ដោយ​ភាព​រលូន​បាន ​លុះត្រាតែ​មាន​គណបក្ស​នយោបាយ​ដែល​ពួកគេ​ពេញ​ចិត្ត​ចូលរួម​ការបោះឆ្នោត។

ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ​(គ.ជ.ប.) ​លោក​ ​ស៊ិក ប៊ុនហុក​ ​បញ្ជា​ក់​ថា​ ប្រជា​ពលរដ្ឋដែល​ជា​ម្ចាស់​ឆ្នោត​ ​និង​ ​គ.ជ.ប.ត្រូវ​ដើរ​ទន្ទឹម​គ្នា​ ​ដើម្បីឲ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ​ត្រឹម​ត្រូវ​ ​និង​យុត្តិធម៌។​ ​នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គ.ជ.ប.។​

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គ.ជ.ប. ​ចេញ​កាលពី​ថ្ងៃ​ច័ន្ទ​ ​បាន​ស្រង់​សម្តី​របស់​លោក​ ​ស៊ិក ប៊ុនហុក​ ​ប្រធាន​ ​គ.ជ.ប. ​ខណៈ​លោក​ថ្លែង​ក្នុង​កម្មវិធី​បញ្ជ្រៀប​ការ​យល់​ដឹង​អំពី​ច្បាប់​ស្ដីពី​ការ​រៀបចំ​ ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ ​គ.ជ.ប. ​និង​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ ​ជូន​ដល់​សិស្ស​ ​និស្សិត ​គរុ​សិស្ស​ ​គរុ​និស្សិត​ ​និង​សាស្ត្រា​ចារ្យ​ចំនួន​១១៣៥​នាក់​ ​នៅ​មន្ទីរ​អប់រំ​ ​យុវជន​ ​និង​កីឡា​ខេត្ត​ព្រៃ​វែង នា​ថ្ងៃ​ទី៤​ ​ខែមិថុនា​ ​ឆ្នាំ​២០១៨។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែលនោះបញ្ជាក់​ថា​ ​លោក​ ​ស៊ិក ប៊ុនហុក​ ​ក្នុង​ពិធី​នោះ​ ​បាន​ឆ្លើយ​សំណួរ​ចំនួន​៨ ​អំពី​ភាពស្រប​គ្នា​រវាង​តួអង្គ​ម្ចាស់ឆ្នោត​ ​និង​គ.ជ.ប. ​ពាក់​ព័ន្ធ​នឹង​សារៈ​សំខាន់​នៃ​ការ​ទៅ​បោះ​ឆ្នោត​ និង​សិទ្ធិ​ចូល​រួម​ការ​បោះ​ឆ្នោត​របស់​ប្រជា​ពលរដ្ឋ។​

សេចក្តី​ប្រកាស​នោះ​បាន​ស្រង់​សម្តី​របស់​លោក​ស៊ិក ប៊ុនហុក​ ​តាម​ន័យ​ដើម​ថា៖​

«ដើម្បីឲ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ​ត្រឹម​ត្រូវ​ ​និង​យុត្តិធម៌​ ​មាន​តួអង្គ​សំខាន់​២​ ​ដែល​ត្រូវ​ដើរ​ទន្ទឹម​គ្នា​សម្រាប់​ការ​បោះ​ឆ្នោត​ ​គឺ​ប្រជា​ពលរដ្ឋម្ចាស់ឆ្នោត​ ​និង​ស្ថាប័ន​ ​គ.ជ.ប. ​នេះ​ឯង។​ ​ការ​បោះ​ឆ្នោត​នឹង​ស្ថិត​នៅ​ក្នុង​ដៃ​ម្ចាស់ឆ្នោត»។​

​នៅព្រឹក​ថ្ងៃ​អង្គារ​នេះ​ លោក​ ​ហង្ស ពុទ្ធា​ ​អ្នក​នាំ​ពាក្យ​ ​គ.ជ.ប.បាន​ពន្យល់​ប្រាប់​ ​VOA​ ​បន្ថែម​ពាក់​ព័ន្ធ​នឹង​ការ​ដើរ​ទន្ទឹម​គ្នា​របស់​ពលរដ្ឋ​ ​និងគ.ជ.ប. ​ថា​ ​ប្រជា​ពលរដ្ឋមាន​សារៈ​សំខាន់​ខ្លាំង​ក្នុង​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ ​ដើម្បីឲ្យ​ដំណើរ​ការ​បោះ​ឆ្នោត​នោះ​មាន​ភាព​ត្រឹម​ត្រូវ​ទៅ​តាម​ការ​រៀបចំ​របស់​ គ.ជ.ប.។

លោកបញ្ជា​ក់​ថា៖​

«បើ​មាន​តែ​អ្នក​រៀបចំ​ ​ហើយ​អ្នក​ចូល​រួម​អត់មក​បោះ​ឆ្នោត​ ​អា ហ្នឹង​ក៏​មិន​មាន​ន័យថា ​ជាការ​ដើរ​ទន្ទឹម​គ្នា​ដែរ។​ ប្រសិន​បើ​ម្ចាស់ឆ្នោត​លោក​អត់​ចូល​រួម​ ​មាន​ន័យថា​ ​ការ​បោះ​ឆ្នោត​ហ្នឹង​មិន​ដើរ​ទន្ទឹម​គ្នា​ហ្នឹង​អ្វី​ដែល​គ.ជ.ប.បាន​រៀបចំ​នោះ​ទេ។​ ​មាន​ន័យថា​ ជាការ​បោះ​ឆ្នោត​មួយ​ដែល​គ្មាន​ការ​ចូល​រួម​ពី​ប្រជា​ពលរដ្ឋ។​ ​អាហ្នឹង​ខ្ញុំ​មិន​និយាយ​ថា​ ម៉េច​ទេ។​ វា​បាត់​បង់​ភាគី​ណាមួយ​គឺការ​បោះ​ឆ្នោត​មិន​មាន​តម្លៃ​ក្នុង​ការ​ដំណើរ​ការ​ទេ»។

ថ្មីៗ​នេះ​ ​វោហារ​សាស្រ្ត​របស់​អ្នក​នយោបាយ ​ទាំង​អ្នក​នយោបាយ​គណ​បក្សកាន់​អំណាច​ និង​អ្នក​នយោបាយ​គណ​បក្សប្រឆាំង​ ​ដែល​ថ្លែង​ពីការ​ទៅឬ​មិនទៅ​ចូល​រួម​បោះ​ឆ្នោត ​បាន​ និង​កំពុង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋមួយ​ចំនួន​មាន​ភាព​ស្ទាក់​ស្ទើរ​ក្នុង​ការ​សម្រេច​ចិត្ត​ថា ​ទៅ​បោះ​ឆ្នោត​ ឬ​អត់។​

លោក​ ​សម រង្ស៊ី ​អតីត​ប្រធាន​គណ​បក្សប្រឆាំង​ដែល​កំពុង​ស្ថិត​នៅ​បរទេស​ ​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​កុំ​ទៅ​បោះ​ឆ្នោត​ ប្រសិន​បើ​មិន​មាន​ការ​ចូល​រួម​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ ​ដោយ​លោក​ថា ​ការ​បោះ​ឆ្នោត​ខាង​មុខ​ជាការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​សម្រាប់​បង្គ្រប់​កិច្ច​ឲ្យ​គណ​បក្សកាន់​អំណាចដឹក​នាំប្រទេស​តាម​របៀប​ផ្តាច់​ការ។

ចំណែក​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​ ​និង​ទើប​ប្រកាស​ថា​ ​នឹង​បន្ត​កាន់​អំណាច​ត្រឹម​រយៈ​ពេល​១០​ឆ្នាំ​ទៀត​នោះ​ ​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋទៅ​បោះ​ឆ្នោត​ ​ដោយ​ភ្ជាប់នឹង​ការព្រមាន​ជា​បន្ត​បន្ទាប់​ថា ​ប្រសិន​បើ​អ្នក​មិន​ទៅ​បោះ​ឆ្នោត​ហើយ​បែរ​យក​ទឹក​ខ្មៅ​ ​ឬ​ថ្នាំ​លាប​សក់​មក​លាប​លើ​ម្រាម​ដៃ​បន្លំ​ថា​ បាន​ទៅ​បោះ​ឆ្នោត ​នោះ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​មាន​ទោស។

យ៉ាង​ណា​ក៏​ដោយ​ ​ក្រុម​សង្គម​ស៊ី​វិល​ដែល​ជា​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ ​និង​អ្នក​ជំនាញ​ខាង​ច្បាប់ ​បានបញ្ជា​ក់​ថា​ ​ប្រជា​ពលរដ្ឋមាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​សម្រច​ថា​ ទៅ​បោះ​ឆ្នោត ​ឬ​អត់​ ​ដោយ​មិន​ត្រូវ​មាន​ការ​ចាប់​បង្ខំ ​មិន​ត្រូវ​មាន​សម្ពាធ ​និង​មិន​ត្រូវ​មាន​ការ​គំរាម​កំហែង​ណាមួយ​នោះ​ទេ។​

លោក​ ​កន សាវាង្ស​ ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ហៅ​កាត់​ថា ​ខុមហ្វ្រែល ​ប្រាប់ ​VOA ​ថា ​លោក​គាំទ្រការ​លើក​ឡើង​ដែល​ថា ​ប្រជាពលរដ្ឋ​ជា​តួអង្គ​សំខាន់​ក្នុង​ការ​ចូលរួម​ការ​បោះ​ឆ្នោត​ឲ្យ​មានភាព​សេរី ​និង​យុត្តិធម៌។​ ប៉ុន្តែ​លោក​ថា ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​នឹង​មិន​អាច​ដើរ​ទន្ទឹម គ.ជ.ប.​ដើម្បី​ចូលរួម​បោះឆ្នោត​បាន​ទេ ​ប្រសិនបើ​គ្មាន​គណបក្ស​ដែល​ពួកគាត់​ចូល​ចិត្ត។​

លោក​មាន​ប្រសាសន៍​ថា៖​

«តួអង្គ​រៀបចំ​ការ​បោះឆ្នោត​បាន​ល្អ​ ​ហើយ​ប្រជា​ពលរដ្ឋ​មិនមាន​ការ​គំរាម​កំហែង​ ​ក៏​ប៉ុន្តែ​ជម្រើស​សម្រាប់គាត់​អត់​មាន។ ​អិចឹងវា​ជា​ចំណុច​មួយ​ដែល​យើង​គិត​ថា វា​អត់​ទាន់​គ្រប់​គ្រាន់។​ ​ឧទាហរណ៍​ថា​ ក្នុង​ចំណោម​ហ្នឹង​មាន​គណបក្ស​ A ​B ​C​ D ហើយ​គាត់​អត់​ស្រឡាញ់​ទេ ​A ​B ​C​ ​ហ្នឹង។​ ​គាត់​ស្រឡាញ់​មនុស្ស​ដែល​ធ្លាប់​ធ្វើ​កិច្ចការ​ជាមួយ​គាត់​ ដែល​នៅ​មូលដ្ឋាន​គាត់ ​ដែល​បម្រើ​គាត់​ ​ដែល​ជា​គណបក្ស​ D ​អីចឹងទៅ ​ប៉ុន្តែ​គណបក្ស​ D ​ហ្នឹង​វា​អត់​មាន។ ​យើង​ចង់​និយាយ​អីចឹង។​ ​កាលណា​វា​អត់​មាន​ សិទ្ធិ​សេរីភាព​ដែល​ជា​ជម្រើស​របស់​គាត់​ត្រូវ​បាត់​បង់»។​

កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦​ ​នៅ​ថ្ងៃ​ទី​២៩​ ​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ ​ដោយ​មិន​មាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​បន្ទាប់​ពី​គណ​បក្សនេះ​ត្រូវ​បាន​តុលា​ការ​កំពូល​រំលាយ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​ដោយ​ចោទ​ថា​ ​បាន​ឃុបឃិតជា​មួយ​បរទេស ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែលដឹក​នាំដោយ​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន។​

ក្រោយ​ការ​រំលាយ​គណ​បក្សប្រឆាំង​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំងប្រទេស​នេះ​ ​គេ​ឃើញ​អង្គការ​ ​និង​ស្ថាប័ន​ជាតិ​ ​អន្តរជាតិមួយ​ចំនួន​បង្ហាញ​ការ​បារម្ភ​ថា​ ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​មិន​មាន​តម្លាភាព​ ​និង​មិន​យុត្តិធម៌។​

យ៉ាង​ណា​ក៏​ដោយ​ទាំង​ ​គ.ជ.ប. ​និង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​សុទ្ធ​តែ​បាន​លើក​ឡើង​ថា ​ការ​បោះ​ឆ្នោត​នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក​ ​បើ​ទោះ​ជា​មិន​មាន​វត្តមាន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​មិន​មាន​ការ​ចូល​រួម​សង្កេត​ការណ៍​របស់​ក្រុម​សង្គម​ស៊ី​វិល​ ​និង​មិន​មាន​ការ​ទទួល​ស្គាល់​លទ្ធផល​ឆ្នោតពីបណ្តា​ប្រទេស​កាន់លទ្ធិ​ប្រជាធិបតេយ្យ​ធំៗ​មួយ​ចំនួន​ក៏​ដោយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG