ការឃោសនារកសំឡេងឆ្នោតរយៈពេល៣ថ្ងៃរបស់គណបក្សចំនួន៦ មានភាពរលូនជាងអាណត្តិមុននិងមានអ្នកចូលរួមឃោសនាចំនួន១សែន ២ម៉ឺននាក់នៅទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦នេះនឹងមានគណបក្សនយោបាយចំនួន២០ចូលរួមប្រកួតប្រជែង។ គណបក្សចំនួន១០នៃគណបក្សចំនួន២០ បានជូនដំណឹងទៅ គ.ជ.ប. ពីការបើកយុទ្ធនាការឃោសនារកសំឡេងគាំទ្រពីអ្នកបោះឆ្នោតដោយបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨នេះ។
លោក ហង្ស ពុទ្ធា ប្រាប់ VOA នៅថ្ងៃចន្ទនេះថា ក្នុងរយៈពេលបីថ្ងៃនៃការចាប់ផ្តើមយុទ្ធនាការបោះឆ្នោតមានគណបក្សចំនួន៦ ក្នុងចំណោមគណបក្សចំនួន១០ដែលបានជូនដំណឹងពីយុទ្ធនាការរបស់ខ្លួនដល់គ.ជ.ប បានដង្ហែក្បួនឃោសនារកសំឡេងគាំទ្រដោយមិនមានភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។
លោកបន្ថែមថាការឃោសនាបោះឆ្នោតអាណត្តិនេះមានរបៀបរៀបរយជាងការឃោសនាបោះឆ្នោតអាណត្តិមុននិងថា អ្នកគាំទ្រគណបក្សនយោបាយទាំង៦ដែលបានចូលរួមឃោសនាមានចំនួន១សែន២ម៉ឺននាក់ក្នុងនោះគណបក្សប្រជាជនកម្ពុជាមានចំនួនប្រមាណ៦ម៉ឺននាក់។
លោកមានប្រសាសន៍ថា៖
«នៅក្នុងអាណត្តិមុនយើងឃើញថា តម្រាយផ្លូវដែលផ្តល់ដោយអាជ្ញាធរនិងមានការ សម្របសម្រួលដោយគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោតហើយ ប៉ុន្តែអ្នកចូលរួមដង្ហែនេះច្រើនតែធ្វើអ្វីហួស ដែលបណ្តាលឲ្យកើតនូវរឿងរ៉ាវប្រជែងគ្នា ប៉ះសម្តីគ្នា។ ប៉ុន្តែលើកនេះយើងឃើញថា អ្នកហែ អ្នកចូលរួមសុទ្ធតែមានការស្តាប់មេស្តាប់កើយរបស់ខ្លួន ពិសេសគឺអ្នកទទួលខុសត្រូវគណបក្សហ្នឹងឯងតែម្តង»។
លោក ហង្ស ពុទ្ធា បានបន្ថែមដោយអំពាវនាវឲ្យគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវសហការជាមួយសមត្ថកិច្ច ប្រកាន់យកភាពអហិង្សានិងដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយភាពត្រឹមត្រូវនិងមានរបៀបរៀបរយ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃសៅរ៍ដែលជាថ្ងៃចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតដំបូង គេឃើញមានការឃាត់ខ្លួនបុរសម្នាក់ដែលជាយោធាធ្វើការនៅក្រសួងការពារជាតិ បន្ទាប់ពីបុរសម្នាក់នោះបានវាយបំផ្លាញឧបករណ៍ឃោសនារបស់គណបក្សប្រជាជនកម្ពុជា។
VOA បានព្យាយាមទាក់ទងសុំការបញ្ជាក់ពីលោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ តែរហូតដល់ល្ងាចថ្ងៃចន្ទនេះ មិនទាន់មានការឆ្លើយតបនៅឡើយ។
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦មានរយៈពេល២១ថ្ងៃគឺចាប់ផ្ដើមពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ដោយគណបក្សនយោបាយនីមួយៗអាចឃោសនាគណបក្សរបស់ខ្លួនក្នុងទ្រង់ទ្រាយធំចំនួន៤ដង។
ក្នុងចំណោមគណបក្សនយោបាយចំនួន៦ ដែលបានចាប់ផ្តើមបើកយុទ្ធនាការទ្រង់ទ្រាយធំដំបូងគេ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សឆន្ទៈខ្មែរ និងគណបក្សយុវជនកម្ពុជា។ ក្នុងចំណោមយុទ្ធនាការរកសំឡេងឆ្នោតរបស់គណបក្សនយោបាយទាំងនោះ គេឃើញក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជាមានទំហំធំនិងអ្នកចូលរួមច្រើនជាងគេ ដោយមិនអាចមានក្បួនរបស់គណបក្សណាមួយប្រៀបធៀបបានឡើយ។
បើទោះជាបរិយាកាសនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦នេះប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់និងសន្តិវិធីក្តី ប៉ុន្តែការបោះឆ្នោតដែលមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ កំពុងធ្វើឲ្យមានការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិមួយចំនួនថា ការបោះឆ្នោតនាពេលខាងមុខជាការបោះឆ្នោតដែលមិនមានភាពសេរីនិងមិនយុត្តិធម៌និងថាជាការបោះឆ្នោតដែលផ្ទុយនឹងច្បាប់។
គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយកាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៧ ទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃដោយចោទថា គណបក្សនេះបានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
មន្រ្តីជាន់ខ្ពស់គណបក្សនេះចំនួន១១៨រូប ត្រូវបានព្យួរសិទ្ធិធ្វើនយោបាយម្នាក់ៗរយៈពេល៥ឆ្នាំ ខណៈដែលប្រធានគណបក្សនេះគឺលោក កឹម សុខា ត្រូវបានចាប់ខ្លួនយកទៅឃុំក្នុងពន្ធនាគារ ស្របពេលអតីតប្រធានគណបក្សនេះ គឺលោក សម រង្ស៊ី និរទេសខ្លួនទៅរស់នៅឯបរទេស ទាំងកំពុងរងការចោទប្រកាន់និងកាត់ទោសជាច្រើនករណី ដែលប្តឹងដោយលោក ហ៊ុន សែន។
ក្រោយហេតុការណ៍ទាំងនេះកើតឡើង សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានប្រកាសដកខ្លួន ឈប់គាំទ្រការបោះឆ្នោតនៅកម្ពុជាដោយថា ការបោះឆ្នោតខាងមុខនេះជាការបោះឆ្នោតដែលមិនមានភាពស្របច្បាប់។
ក្រុមសភាសហភាពអឺរ៉ុបកាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៧ បានបោះឆ្នោតទទួលយកការពិចារណាលើការព្យួរកម្មវិធីអនុគ្រោះពន្ធ ដែលមានឈ្មោះថា Everything but Arms មានន័យថា«អនុគ្រោះពន្ធលើទំនិញទាំងអស់លើកលែងតែអាវុធ» ហៅកាត់ថា EBA ដោយថា ដើម្បីឆ្លើយតបទៅនឹង«ការប្រព្រឹត្តអាក្រក់ឡើងវិញនៃរបបផ្តាច់ការនៅកម្ពុជា»។
ក្នុងការអនុម័តសេចក្តីសម្រេចចិត្តនេះ សភាសហភាពអឺរ៉ុបបានលើកឡើងពីក្តីបារម្ភយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នយោបាយដែលបានកើតឡើងក្នុងប្រទេសកម្ពុជា។ សភាសហភាពអឺរ៉ុបបានទាមទារឲ្យរដ្ឋាភិបាលនៃប្រទេសដែលកំពុងរងឥទ្ធិពលពីប្រទេសចិននេះ កែលម្អជាបន្ទាន់នូវស្ថានការណ៍អាក្រក់ៗកន្លងមក ឲ្យដូចដើមវិញ ដើម្បីទទួលបានអត្ថប្រយោជន៍ពាណិជ្ជកម្មបន្តទៀត។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្រ្តីរបស់លោកតែងអះអាងថា ការរំលាយគណបក្សសង្គ្រោះជាតិនិងការបង្រ្កាបផ្សេងៗទៀតគឺធ្វើឡើងទៅតាមច្បាប់រីឯគ.ជ.ប ដែលលែងមានសមាជិកមកពីគណបក្សប្រឆាំង បានអះអាងថា ខ្លួនរៀបចំការបោះឆ្នោតទៅតាមច្បាប់កម្ពុជា ដែលមានចែងជាធរមាន៕