ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​ហ៊ុន សែន​ ​ថា​ប្រជាធិបតេយ្យ​កម្ពុជា​នៅ​តែមាន​ ​ទោះ​ជា​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ


រូបេកសារ៖ លោក​ ហ៊ុន សែន​​ មេ​បក្ស​កាន់​អំណាច​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ ​ដែល​ប្រមូលផ្តុំ​នៅ​ឯ​ផ្លូវ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​មុន​ពេល​ហែក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ថ្ងៃ​ចុង​ក្រោយ​ ​នា​ថ្ងៃទី​០២​មិថុនាឆ្នាំ២០១៧។​ ​(នៅ វណ្ណារិន/VOA)
រូបេកសារ៖ លោក​ ហ៊ុន សែន​​ មេ​បក្ស​កាន់​អំណាច​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ ​ដែល​ប្រមូលផ្តុំ​នៅ​ឯ​ផ្លូវ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​មុន​ពេល​ហែក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ថ្ងៃ​ចុង​ក្រោយ​ ​នា​ថ្ងៃទី​០២​មិថុនាឆ្នាំ២០១៧។​ ​(នៅ វណ្ណារិន/VOA)

ខណៈ​ដែល​សហគមន៍​អន្តរជាតិ​ កំពុង​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ ​និង​បាន​ដាក់​សម្ពាធ​មួយ​ចំនួន ដើម្បី​ឱ្យ​​រដ្ឋាភិបាល​កម្ពុជា​ ធានា​ការ​បោះឆ្នោត​មួយ​ដោយ​សេរី​និង​ត្រឹមត្រូវ​នោះ​ ​មេដឹកនាំ​កម្ពុជា លោក​ ​ហ៊ុន សែន​ ​នៅ​ថ្ងៃ​ពុធ​នេះ​ ​បាន​បន្ត​វោហារសាស្រ្ត​របស់​លោក​ ​ដោយ​អះអាង​ថា​ការ​បោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​ ​ហើយ​លោក​មិន​ខ្វល់​នឹង​គណបក្ស​សង្រ្គោះជាតិ​ ដែល​ត្រូវ​បាន​រំលាយ​ចោល​នោះ​ទេ។

លោក​នាយករដ្ឋ​មន្រ្តី​ ​ហ៊ុន សែន បាន​ថ្លែង​នៅ​ថ្ងៃ​ពុធនេះ​ថា​ ​ប្រទេស​កម្ពុជា ​នៅ​តែ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ ​បើ​ទោះ​ជា​ពុំ​មាន​គណ​បក្ស​ប្រឆាំង​ដ៏​ធំ​ ​គឺ​គណបក្ស​សង្រ្គោះជាតិ​ ​ចូលរួម​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​ក៏​ដោយ។​

លោក​ ​ហ៊ុន សែន​ ​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​កាត់​ដេរ​រាប់ពាន់​នាក់​ ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ។​ ​ការ​ថ្លែង​របស់​លោក​ ​ហ៊ុន សែន​ ​ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ​ចាត់​ទុក​ថា​ជា​ការ​ការ​ពារ​ខ្លួន​ ​ស្រប​ពេល​ដែល​មាន​ការ​ព្រមាន​ដាក់​គំនាបពី​អន្តរជាតិ​ ​និង​ការ​កាត់​បន្ថយ​ជំនួយ​មួយ​ចំនួន​ ​ក្នុង​នោះ​មាន​ការ​កាត់​ជំនួយ​មក​ស្ថាប័នជាតិ​រៀបចំ​ការ​បោះឆ្នោត​ផង​ដែរ។​

លោក​ ​ហ៊ុន សែន​ ​ដែល​បាន​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ​ ​បាន​ថ្លែង​ថា​ ​ការ​មិន​ចូល​រួម​បោះឆ្នោត​ គឺ​ជា​សិទ្ធិ​របស់​គណបក្ស​ប្រឆាំង។​

លោក​មាន​ប្រសាសន៍​ថា៖

«ធ្វើ​មើល​តែ​អត់​ឯង លទ្ធិប្រជាធិបតេយ្យ​នៅ​ខ្មែរ​វា​ងាប់​អ្ហី។ គេ​នៅ​តែ​បោះ។ វា​គ្មាន​អាណា​ គេ​ឲ្យ​មនុស្ស​នៅ​ក្នុង​គុក​មក​បោះ​ទេ។​ ​ឯង​បោះ​ គឺ​ជា​សិទ្ធិ​របស់​ឯង ឯង​មិន​បោះ គឺ​ជា​សិទ្ធិ​របស់​ឯង។​ ​ប៉ុន្តែ​យន្ត​ការ​បោះឆ្នោត​នៅ​តែ​បោះ»។​

​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា​ ឆ្នាំ​២០១៧​ ដោយ​ត្រូវ​ចោទ​ប្រកាន់​ថា​ ​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ។​ ​លោក កឹម សុខា បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។​ ​ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ ​ត្រូវ​បាន​រំលាយ​កាល​ពី​ថ្ងៃ​ទី​១៦​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ២០១៧​ តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល​ ​ទាក់ទង​នឹង​ការ​ចោទប្រកាន់​ថា គណបក្ស​ប្រឆាំង​នេះ មាន​បំណង​ធ្វើ​បដិវត្តន៍​ពណ៌​ ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។​ ​តុលាការ​កំពូល​ ក៏បាន​សម្រេច​កាត់​សិទ្ធិ​នយោបាយ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​មួយ​នេះ ចំនួន​១១៨​រូប​ផង​ដែរ ដោយ​បាន​ហាមប្រាម​មិន​ឱ្យ​ពួកគេ​ ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ។​

​នៅថ្ងៃ​ពុធ​នេះ លោក​ ​ហ៊ុន សែន​ ​ក៏​បាន​ច្រាន​ចោល​ការ​លើក​ឡើង​ថា​ ​លោក​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក ដោយសារ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។

លោក​ ​ហ៊ុន សែន បាន​ថ្លែង​ថា៖

«ហើយខ្ញុំ​មិន​បាច់​ជ្រលក់​មាត់​ជា​មួយ​អ្នក​ណា​ទេ ចាំ​មើល​ទៅ ​សេះ​វា​ដុះ​ស្នែងអត់?​ ​អ្នក​ណា​រស់ អ្នកណា​ងាប់ អ្នក​ណា​ស្អី? ទៅ អប់រំ​ខ្លួន​ឯង​ទៅ ធ្វើ​អី​ខ្លួន​ឯង​ទៅ។ លោក ហ៊ុន សែន​ ​កំពុង​ពិបាក​ខ្លាំង​ណាស់​ ​ទ្រាំ​លែង​រួច​ហើយ ចាំ​ទៅ​អា​ពៅ​អើយ អញ​នៅ​តែ​ហ្នឹង អញ​ចាំ​មើល​មុខ​ពួក​អ្ហែង»។

លោក​ ​ហ៊ុន សែន​ ​បាន​បញ្ជាក់​បន្ថែម​ថា៖​

«ស្រុក​ខ្មែរ​មិន​មែន​អត់​ឯង គេ​ងាប់​ទេ កុំ​ឆ្ងល់ និយាយ​តាម​មួយ​បែប​អញ្ចឹង​តែ​ហ្មង​ទៅ។ គេ​ហៅ​ថា​៨​ជ្រុង​ ​៨​ទិស»។​

កន្លងទៅ​ ​លោក​ ​ហ៊ុន សែន​ ​ក៏​បាន​ផ្ដល់​យោបល់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ​បង្កើត​គណបក្ស​ថ្មី​ ​ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ​ខែ​កក្កដា​ ​ខាងមុខ។​ ​ប៉ុន្តែ ​មន្ត្រី ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ស្ទើរ​តែ​ទាំង​អស់​ ត្រូវ​បាន​កាត់​សិទ្ធិ​នយោបាយ។

លោក​មាន​ប្រសាសន៍​ថា៖​

«សូម​ជូន​ជា​យោបល់​មួយ​ម៉ាត់ ​បង្កើត​គណបក្ស​នយោបាយ​ថ្មី ​ត្រៀម​រៀបចំ​ខ្លួន​ដើម្បី​បោះឆ្នោត​ទៅ ​អា​ហ្នឹង​វា​ល្អ។​ តែ​អា​បក្ស​ចាស់​ហ្នឹង​ វា​មិន​រស់​ឡើង​វិញ​ទេ។​ សូម​ផ្ដាំ​មួយ​ម៉ាត់​ទៅ ​ជួយ​ជា​យោបល់​ទៅ ​ក្រែង​លោក​វា​បាន​ជា​ផល​ប្រយោជន៍​អី​ខ្លះ។​ អា​បក្ស​ចាស់​ហ្នឹង ​វា​មិន​រស់​ឡើង​វិញ​ទេ។​ វា​ងាប់​ហើយ។ ​ងាប់​ដោយ​សាលក្រម​តុលាការ ​បិទ​ផ្លូវ»។​

មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន ​បាន​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​ ​ហើយ​ពួកគេ​បាន​និង​កំពុង​ធ្វើ​យុទ្ធនាការ​ការទូត​ជា​បន្ត​បន្ទាប់​ ​ដើម្បី​ដាក់​គំនាប​មក​លើ​រដ្ឋាភិបាល​កម្ពុជា។​

កញ្ញា ​កឹម មនោវិទ្យា​ ​កូនស្រី​ច្បង​របស់​លោក​ ​កឹម សុខា​ ​និង​ជា​អគ្គ​នាយករង​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​ប្រាប់​ VOA​ ​ថា​ គោល​ជំហរ​របស់​គណបក្ស គឺ​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ​ ​និង​បរិយាកាស​នយោបាយ​ល្អ​ឡើង​វិញ ក្នុង​នោះ​មាន​ការ​ដោះលែង​លោក កឹម សុខា​ ​និង​ការ​អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ​ដំណើរ​ការ​បាន​ធម្មតា​វិញ។​

​កញ្ញា​បន្ត​ថា​ ​សហគមន៍​អន្តរ​ជាតិ​ ​និង​ប្រជាជន​កម្ពុជា​ ​បាន​ដឹង​អំពី​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​

កញ្ញា​បាន​ប្រាប់​ VOA​ តាម​រយៈ​អ៊ីមែល ឬ​ សារ​អេឡិចត្រូនិក​នៅ​ថ្ងៃ​ពុធ​ថា៖​

«អ្វី​ដែល​ជា​បញ្ហា​មិន​មែន​ជា​អ្វី​ដែល​លោក [ហ៊ុន សែន] គិត ឬ​និយាយអំពី​ប្រជាធិបតេយ្យនោះ​ទេ ប៉ុន្តែ​វា​ជា​អ្វី​ដែល​ប្រជាជន​កម្ពុជា​គិត និង​អ្វី​ដែលម្ចាស់​ជំនួយ​អន្តរ​ជាតិ​ដែល​មាន​ចិត្ត​ល្អជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា គិត។ ហើយ​ពួកគេ​គិត​ថា ប្រជាធិបតេយ្យ​របស់​កម្ពុជា​បាន​ស្លាប់​ ​និង​ត្រូវ​ការ​ការ​រស់​ឡើង​វិញ»។​

កញ្ញា​ ​មនោវិទ្យា​ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ ​នឹង​បន្ត​ជំរុញ​ឲ្យ​លម្ហ​នយោបាយ​នៅ​កម្ពុជា​ត្រឡប់​មក​វិញ។​

សហភាព​អឺរ៉ុប ​និង​សហ​រដ្ឋ​អាមេរិក​ ​បាន​កាត់​ជំនួយ​ថវិកា​មក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប.)​ ​ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ ​ត្រូវ​បាន​រំលាយ។ ​សហ​រដ្ឋ​អាមេរិក ​ក៏​បាន​ព្រមាន​ថា​ ​នឹង​មាន​ចំណាត់​ការ​បន្ត​បន្ទាប់​ទៀត ក្នុង​នោះ​មាន​ការ​បញ្ឈប់​ចេញ​ទិដ្ឋាការ​សម្រាប់​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ ​ប្រសិន​បើ​ស្ថានភាព​នយោបាយ​ ​មិន​មាន​ភាព​ល្អ​ប្រសើរ​ឡើង។​

​ចំណែក​សភា​សហភាព​អឺរ៉ុប​កាល​ពី​ខែ​ធ្នូ ឆ្នាំ​មុន​ ​បាន​អនុម័ត​សេចក្ដី​សម្រេច​មួយ ដោយ​អំពាវនាវ​ឲ្យ​គណៈកម្មការ​សហភាព​អឺរ៉ុប​ ​និង​សេវា​កិច្ចការ​បរទេស​របស់​អឺរ៉ុប ​(EEAS)​ ​ដាក់​គំនាប​ទិដ្ឋាការ​ ​និង​បង្កក​ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​កម្ពុជា​ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលាយ​គណបក្ស​ប្រឆាំង​ ​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ សភា​សហភាព​អឺរ៉ុប​ ​ក៏​បាន​ជំរុញ​ឲ្យ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​របស់​កម្ពុជា​ក្រោម​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​‍«អ្វី​ក៏​បាន​វៀរ​លែង​តែ​អាវុធ»​(EBA)។​

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក David Josar បាន​ប្រាប់​ ​VOA​ ​តាម​រយៈ​អ៊ីមែល​នៅ​ថ្ងៃ​ពុធនេះ​ថា​ ​ស្ថាន​ទូត​មិន​មាន​ព័ត៌មាន​ថ្មី​បន្ថែម​លើ​អ្វី​ដែល​ក្រសួង​ការ​បរទេស​អាមេរិក​ ​បាន​លើក​ឡើង​អំពី​ការ​រឹត​បន្តឹង​ទិដ្ឋាការ​ចូល​ទឹក​ដី​សហរដ្ឋអាមេរិក។​

ចំណែក​ឯក​អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅកម្ពុជា លោក​ ​George Edgar​ ​បាន​ថ្លែង​ប្រាប់ VOA​ ​តាម​រយៈ​អ៊ីមែល​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​ពុំ​មាន​វិធាន​ការ​អ្វី​ថ្មី​ក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍​ចុងក្រោយ​នេះ​ទេ។​

លោក​បញ្ជាក់ ដោយ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប​កាល​ពី​កន្លង​ទៅ​ថា ដំណើរ​ការ​បោះឆ្នោត​ដែល​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​ត្រូវបានដក​ចេញ​តាម​អំពើ​ចិត្ត មិន​អាច​ត្រូវ​បាន​មើល​ឃើញ​ថា ស្រប​ច្បាប់​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា លោក កឹម សុខា ដែល​កំពុង​ជាប់​ពន្ធនាគារ បាន​ចេញ​សារ​លិខិត​មួយ​ច្បាប់​សម្រាប់​ឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​សកល​២០១៨ ដោយ​លោក​បាន​លើក​ឡើង​ថា ឆ្នាំ​២០១៧ ត្រូវ​បាន​បញ្ចប់​ដោយបន្សល់​ទុក​នូវ​វិបត្តិ​នយោបាយ​ដ៏​ធ្ងន់ធ្ងរ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​ហើយ​បាន​ធ្វើ​ឲ្យ​លម្ហ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​អនុវត្ត​ប្រជាធិបតេយ្យ​ ដើរ​ថយ​ក្រោយ។​

លោក​បាន​សរសេរ​បន្ត​ថា​ ប្រសិន​បើ​រដ្ឋាភិបាល​មិន​ព្រម​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ​នោះ​ទេ​ ​បញ្ហា​សង្គម​ដូចជា​គម្លាត​រវាង​អ្នក​មាន​ និង​អ្នក​ក្រ បញ្ហា​អយុត្តិធម៌​សង្គម​ ​និង​បញ្ហា​ភាព​ក្រីក្រ​ ​នឹង​ក្លាយ​ជា​គ្រោះ​ថ្នាក់​ដ៏​ធំ​សម្រាប់​កម្ពុជា ដែល​អាច​នឹង​ធ្វើ​ឲ្យ​កាន់​តែ​មាន​ការ​បែក​បាក់​ឯកភាព​ជាតិ​ ​អស្ថិរភាព និង​ការ​ធ្លាក់​ដុន​ដាប​ថែម​ទៀត។​

លោក​ ​កឹម សុខា​ ​បាន​សរសេរ​ទៀត​ថា ខ្មែរ​ត្រូវ​តែ​រួមគ្នា​ដោះស្រាយ​បញ្ហា​ជាតិ បញ្ហា​ប្រជាពលរដ្ឋ និង​បញ្ហា​នយោបាយ «តាមរយៈ​ការ​ផ្សះផ្សា​ជាតិ ដោយ​ប្រកាន់​យក​នូវ​គោល​ការណ៍​អហិង្សា ខ្មែរ​តែ​មួយ មិន​គុំកួន សងសឹក មិន​យក​ខ្មែរ​ណា​ជា​សត្រូវ» និង​ទុក​ឲ្យ​ពលរដ្ឋ​ជា​អ្នក​ជ្រើស​រើស​មេដឹកនាំ តាម​រយៈ​ការ​បោះឆ្នោតដោយ​សេរី និង​យុត្តិធម៌។​

លោក កឹម សុខា មាន​ប្រសាសន៍ថា៖​ ​«ជា​ទី​បញ្ចប់ ខ្ញុំ​សូម​អំពាវនាវ​ជា​ថ្មី​ម្ដង​ទៀត ដល់​អ្នក​នយោបាយ​ខ្មែរ​គ្រប់​និន្នាការ​ ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់ សូម​រួម​គ្នា​ប្រកាន់​យក​គោល​ការណ៍​អហិង្សា និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ផ្សះផ្សា​ជាតិ លើក​ស្ទួយ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា»។​

កញ្ញា​ ​កឹម មនោវិទ្យា ​ដែល​ត្រូវ​បាន​កាត់​សិទ្ធិ​នយោបាយ​៥​ឆ្នាំ​ដែរ​នោះ ​ក៏​បាន​បង្ហាញ​ក្ដី​បារម្ភអំពី​ការ​មិន​មាន​ពេលវេលាគ្រប់គ្រាន់​សម្រាប់​គណបក្ស ​រៀបចំ​ខ្លួន​ចូលរួម​ការ​បោះ​ឆ្នោត។​

លោក​ ​សូ ចន្ថា​ ​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ ​មាន​ប្រសាសន៍​ថា​ ​ដំណោះស្រាយ​នយោបាយ​ណា​មួយ​ អាច​នឹង​កើត​មាន​ឡើង​ ​នៅ​មុន​ការ​បោះឆ្នោត​ខាង​មុខ បើ​ទោះ​ជា​មាន​វោហារ​តានតឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ក៏​ដោយ។​

លោ​ក​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​គិត​ថា វោហារសាស្ត្រ​របស់​អ្នក​នយោបាយ ពេល​ខ្លះ​តឹង ពេល​ខ្លះ​ធូរ​ វា​ជា​រឿង​សាមញ្ញ​ទេ​សម្រាប់​អ្នក​នយោបាយ។ នៅ​ពេល​ដល់​ដំណាក់​កាល​មួយ អាច​នឹង​មាន​ដំណោះស្រាយ​មួយ ប្រជាពលរដ្ឋ​អាច​នឹក​ស្មាន​មិន​ដល់។ ដូច​ជា​កន្លង​មក​យើង​ឃើញ​ហើយ​ ​ភាគី​ផ្សេងៗ​នៅ​កម្ពុជាមាន​ជម្លោះ​ផ្ទៃ​ក្នុង​យ៉ាង​រ៉ាំរ៉ៃ ក៏​ប៉ុន្តែចុង​ក្រោយ​ យើង​ឃើញ​មានដំណោះ​ស្រាយ​នយោបាយ»។​

លោក​ ​សូ ចន្ថា​ ​បន្ត​ថា​ ​ការ​បោះឆ្នោត​មួយ​ដែល​ពុំ​មាន​វត្ត​មាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​ ​គឺជា​ការ​បោះឆ្នោត «គ្មាន​ន័យ​ ​និង​មិន​ស្រប​តាម​ខ្លឹម​សារ​ប្រជាធិបតេយ្យ»​ ​ហើយ​កម្ពុជា​ជា​អ្នក​ខាតបង់​ផល​ប្រយោជន៍​ជាតិ​ជាធំ។​

​អ្នក​វិភាគ​យល់​ថា​ ​ប្រសិន​បើ​ការ​បោះឆ្នោត​ពុំ​មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរ​ជាតិ​ ​នោះ​កម្ពុជា​នឹង​អាច​រង​ការ​ដាក់​សម្ពាធ​ពីអន្តរជាតិ​បន្ថែម​ទៀត​ ​ក្នុង​នោះ​មាន​ការ​កាត់​ជំនួយ​ ​ការ​រឹត​បន្តឹង​លើ​ជំនួញ​រក​ស៊ី និង​ការ​រឹត​បន្តឹង​លើ​ទិដ្ឋាការ​ជាដើម៕ ​

XS
SM
MD
LG