ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គ.ជ.ប.​ចេញ​លទ្ធផល​បណ្តោះ​អាសន្ន​ថា​ គណបក្ស​កាន់​អំណាច​ឈ្នះឆ្នោត

  • គង់ សុឋានរិទ្ធ

សមាជិក​គណបក្ស​សង្គ្រោះជាតិ​​ជួបជុំគ្នា​ស្តាប់​លោក​សម រង្ស៊ី ដែល​ប្រកាស​បដិសេធ​លទ្ធផល​បោះឆ្នោត។​
លទ្ធផល​បោះឆ្នោត​ផ្លូវការ​បណ្តោះ​អាសន្ន​ដែល​ប្រកាស​ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​បង្ហាញថា​ ​ក្នុង​ខេត្តចំនួន​១៩ ​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ឈ្នះនាំ​មុខ​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ជា​គណបក្សប្រជែង ​ក៏ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្រូប​យក​បាន​កម្លាំង​គាំទ្រ​បាន​យ៉ាង​ច្រើន​ក្នុង​ខេត្ត​ និង​រាជធានី​ដែល​មាន​សក្តានុពល​ចំនួន​ប្រាំ។​

​ទោះជា​យ៉ាងណា​ គណបក្ស​ជំទាស់បាន​រក្សា​ជំហរ​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត​នេះ​ ដោយសារ​ភាព​មិន​ប្រក្រតី​ជាច្រើន​ដែល​ខ្លួន​បាន​តវ៉ា​នៅ​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ។​

លទ្ធផល​បណ្តោះ​អាសន្ន​នេះ​បង្ហាញ​បន្ថែម​ថា​ អ្នក​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចំនួន​ជាង​៣លាន២សែន​នាក់​ក្នុង​ចំណោម​ប្រជាពល​រដ្ឋ​ចេញ​ទៅ​បោះឆ្នោត​សរុប​ជាង​៦លាន៦​សែន​នាក់។​ រីឯ​អ្នក​បោះឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិមាន​ចំនួន​ជិត​៣លាន​នាក់។

គណបក្ស​កាន់​អំណាច​បាន​ប្រមូល​យក​ជ័យ​ជម្នះក្នុង​ខេត្ត​ដែល​មាន​អាសនៈ​ចំនួន​មួយ​ក្នុង​ខេត្ត​ទាំង​ប្រាំបួន​ ដូច​ជា​ខេត្ត​កោះកុង ​មណ្ឌលគីរី​ ព្រះ​វិហារ​ ខេត្ត​រតន​គីរី ​ខេត្ត​ព្រះ​សីហនុ​ ស្ទឹងត្រែង​ កែប​ ខេត្ត​ប៉ៃលិន​ និង​ឧត្តរ​មានជ័យ។ ​ក្រៅ​ពី​នោះ​គណបក្ស​កាន់​អំណាច​ឈ្នះ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ខេត្ត​១០​ផ្សេង​ទៀត​ដែល​មាន​អាសនៈ​ចំនួន​បី ​បួន​ ប្រាំមួយ​និង​ប្រាំបី។ ​ដូចជា​ខេត្ត​បាត់ដំបង​ បន្ទាយ​មានជ័យ ​កំពង់ឆ្នាំង​ កំពង់ធំ ​ខេត្ត​កំពត​ ខេត្ត​ក្រចេះ​ ពោធិសាត់ ​សៀមរាប ​ខេត្ត​ស្វាយរៀង ​និង​ខេត្តតាកែវ។​

ដោយឡែក​លទ្ធផល​បោះឆ្នោត​នោះ​សម្តែងឲ្យ​ឃើញ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឈ្នះគណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ខេត្ត​ និង​រាជធានី​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ និងប្រជាជន។ ​ខេត្ត​និង​រាជធានី​ទាំង​នោះ​ដែល​មាន​៦​អាសនៈ​ ១១​អាសនៈ ​១២​អាសនៈ ​និង​១៨​អាសនៈ ​ដូចជា​ខេត្ត​កំពង់ចាម ​ខេត្ត​កំពង់ស្ពឺ ​ព្រៃវែង​ ខេត្ត​កណ្តាល​ដែល​ជា​មណ្ឌល​ឈរ​ឈ្មោះ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​ និង​រាជធានី​ភ្នំពេញ។​

ដំណាល​គ្នា​នេះ ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ភ្លាមៗដែរ​ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទនេះដោយ​សម្តែងកា​រខក​ចិត្ត​និង​ប្រឆាំង​ចំពោះ​លទ្ធផល​ឆ្នោត​ដែល​ប្រកាស​ដោយ​គណៈ​កម្មាធិការ​ជាតិរៀបចំ​ការ​បោះ​ឆ្នោត​គ.ជ.ប. ​នេះ។

សេចក្តី​ថ្លែងការណ៍​ដែល​អាន​ដោយ​លោក​កឹម ​សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​សន្និសីទកាសែត​ក្នុង​ទី​ក្រុង​ភ្នំពេញ​លើក​ឡើង​ថា​ គ.ជ.ប.​មិន​ទាន់​បាន​ស៊ើប​អង្កេត​ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ដែល​ខ្លួន​ចាត់ទុក​ថា​ មាន​សភាព​ធ្ងន់ធ្ងរ​ដែល​កើត​ឡើង​ក្នុង​អំឡុង​ពេល​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​នៅ​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​នៅ​ឡើយ។​

លោក​កឹម​ សុខា ​បាន​ព្រមាន​ថា​ នេះ​ជា​កំហុស​ឆ្គង​របស់​គ.ជ.ប. ​ ហើយ​ការណ៍​នេះ​អាច​«នឹង​នាំ​ឲ្យ​មាន​ការ​បះបោរ​ ​តវ៉ា​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ដើម្បី​យុត្តិធម៌»​ក្នុង​ការ​បោះឆ្នោត។​

លោក​ថ្លែងថា៖​ «ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិបាន​សម្តែង​នូវ​ការ​សោកស្តាយ​យ៉ាងខ្លាំង​និង​សម្រេច​ជំទាស់​លទ្ធផល​បណ្តោះ​អាសន្ន​ ដែល​ប្រកាស​ដោយ​គណៈ​កម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នៅ​ពេល​នេះ»។​

លោក​ទេព​ នីថា ​អគ្គ​លេខាធិការ​គ.ជ.ប.​ មាន​ប្រសាសន៍​ថា​ ដោយសារ​តែ​គណៈ​កម្មការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​មិន​អាច​ទៅ​រួច​ ដូច្នេះ​គ.ជ.ប.​មិន​អាច​ចាំ​បាន​នោះ​ឡើយ។​

លោក​ថ្លែងថា៖​ «ព្រោះ​ថា​ យើង​បាន​ខកខាន​មិន​បាន​ប្រកាស​លទ្ធផល​នៃ​ការ​បោះឆ្នោត​ពីរ​ថ្ងៃ​ហើយ ​ព្រោះការ​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​ត្រូវ​ធ្វើ​នៅ​ថ្ងៃទី​១០​ខែ​សីហា ​ហើយ​យើង​ពន្យារ​ពេល​ដើម្បី​ជំរុញ​ការ​បង្កើត​គណៈ​កម្មការ​ពិសេស​ដើម្បី​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ដែល​ត្រូវ​បាន​លើក​ឡើង។​ ប៉ុន្តែ​នៅ​ទី​បំផុត​យើង​មិន​អាច​ធ្វើ​ទៅ​រួច​ ហើយ​គ.ជ.ប.​ក៏​សម្រេច​ប្រកាស​លទ្ធផលប​ណ្តោះ​អាសន្ន​នៃ​ការបោះ​ឆ្នោត​នេះ»។​

គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត​មិន​ទាន់ធ្វើ​ការ​បែងចែក​ចំនួន​អាសនៈ​ដែល​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ​ទទួល​បាន​នៅ​ឡើយ​ទេ។​

ដំណាលគ្នា​នេះ ​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា​ ខ្លួន​ឈ្នះ​បាន​៦៨​អាសនៈ ​រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា ​ខ្លួន​ទទួល​បាន​អាសនៈ​ចំនួន​៦៣​ក្នុង​រដ្ឋ​សភា​ដែល​មាន​១២៣​អាសនៈ។​

គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​បង្កើត​គណៈ​កម្មការ​មួយ​ដើម្បី​ដោះស្រាយ​ភាព​មិន​ប្រក្រតី ​ដែល​លើក​ឡើង​ដោយ​គណបក្ស​ជំទាស់​ ដែល​ជឿថា​ ភាព​មិន​ប្រក្រតី​នេះ​បាន​ធ្វើ​ឲ្យ​ខ្លួន​បាត់បង់​អាសនៈ។ ប៉ុន្តែ​ចាប់​តាំងពី​ដើម​ខែ​សីហា​នេះ​មក​ គណៈកម្មការ​នេះ​នៅតែ​មិន​ទាន់​បង្កើត​ចេញ​រួច​នៅ​ឡើយ។​

នៅ​ថ្ងៃ​នេះ​ដែរ​ គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការ​បោះឆ្នោត​របស់​រដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​រក្សា​ភាព​ស្ងប់ស្ងៀម​ និង​ព្រមាន​កុំ​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ដោយ​ហិង្សា​និង​ខុស​ច្បាប់៕
XS
SM
MD
LG