ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​​ដែល​​មិនបាន​អាសនៈ​ខកចិត្ត​នឹង​ភាព​មិន​ប្រក្រតី​​ក្នុងការបោះឆ្នោត

  • ធីតា វីន

ទិដ្ឋភាព​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ។​
គណបក្ស​ចំនួន៤​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន​៦​ដែល​មិន​បាន​ទទួល​អាសនៈ​ក្នុង​សភា​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​អាណត្តិ​ទី៥​នេះ ​បាន​សម្តែងការ​មិន​ពេញ​ជា​ខ្លាំង​ចំពោះ​ ដំណើរ​ការ​បោះឆ្នោត​នេះ។​ គណបក្ស​នយោបាយ​ទាំង​នោះ​បាន​ចាត់​ទុក​ថា​ ការ​បោះឆ្នោត​នេះ​មាន​ភាព​អយុត្តិធម៌ ​និង​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​ ដែលបាន​កើត​ឡើង​ដោយ​មាន​ការ​រៀបចំ​ទុក​ជាមុន។​

ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥​កាលពី​ថ្ងៃ​ទី២៨​កក្កដា​កន្លង​ទៅថ្មីៗ​នេះ​មាន​គណបក្ស​នយោបាយ​ចំនួន​៨​បាន​ចូលរួម​ប្រកួត​ប្រជែង​ ក៏​ប៉ុន្តែ​លទ្ធ​ផល​ក្រៅ​ផ្លូវ​ការ​បង្ហាញ​ថា​ មាន​គណបក្ស​ចំនួន​តែ​២​ប៉ុណ្ណោះ​ដែល​មាន​អាសនៈក្នុង​រដ្ឋ​សភា​គឺ​គណ​បក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ។​

លោកញ៉ឹក ប៊ុនឆៃ​ អគ្គ​លេខា​ធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ បាន​ឲ្យ​ដឹង​ថា​ បើ​តាម​ការ​បូក​សរុប​លទ្ធផល​សំឡេង​ឆ្នោត​ពី​សកម្មជន​របស់​គណ​បក្ស​ បាន​ឲ្យ​ដឹង​ថា​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទទួល​បាន​ប្រហែល​ជា​២៤១​៨៦៦​សំឡេងទូទាំង​ប្រទេស​ដែល​ចំនួន​នេះ​គឺជា​ចំនួន​មួយ​ដែល​មិន​អាច​ទទួល​យក​បាន​នោះ​ទេ​ ពីព្រោះ​ភាព​មិន​ប្រក្រតី​ជាច្រើន​បាន​កើត​មាន​នៅ​មុន ​ក្រោយ​ និង​ពេល​បោះ​ឆ្នោត ​ដែល​ជា​ចេតនា​មួយ​បង្កើត​ឡើង​ដោយ​មាន​ផែន​ការ​ច្បាស់លាស់។​

លោក​បាន​បញ្ជាក់​ថា ​បើ​សិន​ជា​ភាព​មិន​ប្រក្រតី​ទាំង​នោះ​ត្រូវ​បាន​ដោះ​ស្រាយ​ឲ្យ​បាន​ត្រឹម​ត្រូវ​ គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច ​យ៉ាង​ហោច​ណាស់​ ក៏​ទទួល​បាន​អាសនៈចំនួន​៣​ដែរ​ ក្នុង​រដ្ឋ​សភា។​

ហើយ​បើសិន​ជា​ភាព​មិនប្រក្រតី​មិនត្រូវ​បាន​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិន​ទទួល​យក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​ដាច់ខាត។​

លោក​និយាយ​ថា៖ ​«ទៅ​បោះឆ្នោត​ស្រាប់​តែ​ឈ្មោះ​នោះ​គេ​បោះ​រួច​ហើយ។ មាន​មេភូមិ​នោះ​ មាន​ទឹកខ្មៅ​យក​ទៅឲ្យ​សមាជិក​ខាង​ខ្ញុំ​ជ្រលក់​ដៃ​ បាន​សេចក្តីថា​ គេ​ទិញ​ ឲ្យ​លុយ​ទៅ​ គេ​ឲ្យ​ជ្រលក់​ដៃ។ ​ហើយ​អ្នកនោះ​អត់​បាន​ទៅ​បោះឆ្នោត​ទេ ​ពី​ព្រោះ​ជ្រលក់​ដៃ​រួច​ហើយ​ ​ចាប់បាន​ទឹកខ្មៅ​ទាំង​ដប​យក​មកទៀត។​ លទ្ធផល​រាប់​សន្លឹក​ឆ្នោត​ ពេល​មកដល់​ SEC​វា​ខុសគ្នា​ពី​ CEC​ មក​PEC។ ​ហើយ​ NEC​ វា​មាន​ខុសគ្នា​ថែមទៀត។​ ហើយ​សរសេរ​រលុបៗ​ កុំឲ្យ​សរសេ​ច្បាស់។​ តួលេខ​កាន់តែ​ខុស​ទៅ»។​

ជា​មួយ​គ្នា​នោះដែរ ​លោក​ខឹម វាសនា ​ប្រធាន​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ ​បាន​ឲ្យ​ដឹង​ដែរ​ថា​ គណបក្ស​របស់​លោក​ទូទាំង​ប្រទេស​បាន​ទទួល​សំឡេងឆ្នោត​ជិត​៧ម៉ឺន​សំឡេង ក៏​ប៉ុន្តែ​សំឡេង​ឆ្នោត​នេះ​លោក​មិនអាច​ទទួល​យក​បាន​នោះ​ទេ​ ពីព្រោះ​មាន​ភាព​អយុត្តិធម៌​ជា​ច្រើន​បាន​កើត​ឡើង​នៅ​ពេល​បោះឆ្នោត។​

លោក​មានប្រសាសន៍​ថា៖ ​«ភាព​មិនប្រក្រតី​នោះ​មិន​បាច់​និយាយ​នោះ​ទេ។ ​វា​មាន​រាប់​មិនអស់​ទៅ​ហើយ។​ ក៏ប៉ុន្តែ​នៅ​ក្រោយ​ភាព​មិនប្រក្រតី​នោះ​សន្លឹកឆ្នោត​របស់​យើង​ក៏​មិនគួរ​ធ្លាក់​ដល់​តិច​ជាង​គណបក្ស​តូចៗ។​ ​ក៏ប៉ុន្តែ​ឲ្យ​យើង​ដឹង​ ថា​តើ​វា​មាន​បញ្ហា​អី​ បានជា​ធ្លាក់​ទៅ​ជា​អញ្ចឹង?​ យើ​អត់​ដឹង​ទេ។​ យើង​រក​មិន​ឃើញ​ទេ។​ រឿង​តវ៉ា​ យើង​អត់​តវ៉ា​ទេ។ ​ក៏ប៉ុន្តែ​តែ​ឲ្យ​ទទួល​ យើង​មិន​ទទួល​ទេ​ ពីព្រោះ​ការ​តវ៉ា​យើង​យល់​ថា​ សម្ពាធ​របស់​យើង​ទៅ​លើ​គណបក្ស​កាន់អំណាច​នោះ​វា​សម្ពាធតូច»។​

ដំណើរ​ការ​បោះឆ្នោត ​និង​លទ្ធ​ផល​សន្លឹក​ឆ្នោត​ក្នុង​អាណត្តិ​នេះ​ធ្វើ​ឲ្យ​គណបក្ស​នយោបាយភាគ​ច្រើន​ ដែល​បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ​ កំពុង​មាន​ការ​មន្ទិល​សង្ស័យ​ និង​រិះគន់​យ៉ាង​ធ្ងន់ៗ​ទៅ​លើ​គណបក្ស​កាន់​អំណាច​ និង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។​

លោក​ក្រវ៉ាញ ដារ៉ន ​ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ​ បាន​ឲ្យ​ដឹង​ថា​ ​គណបក្ស​របស់​លោក​ទូ​ទាំង​ប្រទេស​ទទួល​សំឡេង​ឆ្នោត​ប្រហែល​ជា​៤ម៉ឺន​សំឡេងគឺ​ជា​សំឡេង​ឆ្នោត​ដែល​លោក​ចាត់​ទុក​ថា​ មិន​មែន​ជា​តួលេខពិត​ប្រាកដ ​ដែល​ប្រជា​ពលរដ្ឋ​បាន​បោះ​ឆ្នោត​ជូន​គណ​បក្ស​របស់​លោក​នោះ​ទេ។​

លោក​បាន​បញ្ជាក់​ថា ​នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​នេះ​ លោក​នឹង​ធ្វើ​កូដកម្ម​១​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ដើម្បី​បង្ហាញ​ប្រាប់​សា​ធារណៈ​ជនជាតិ​ និង​អន្តរជាតិ​ទាំង​អស់​អំពី​ភស្តុតាង​ជា​ច្រើន​ដែល​កើតមាន​ក្នុង​ដំណើរ​ការ​បោះឆ្នោត​នេះ។​ ​

លោក​ថ្លែងថា៖​ «តាម​ខ្ញុំ​សង្កេត​មើល​ លទ្ធផល​ដែល​គេ​ផ្សា​យ​មក​គឺ​ការរៀបចំ​របស់​គេ​ហើយ​មក​ស្រេច​តែម្តង។​ សន្លឹកឆ្នោត​គឺ​គេ​ឲ្យ​ចំនួន​នេះ​ ចំនួន​នោះ​តែម្តង។​ ហើយ​ខ្ញុំ​មាន​ភស្តុតាង​ទាំងអស់​ គឺជា​រឿង​អយុត្តិធម៌​ណាស់ ​ដែល​មិនអាច​ទទួល​យក ​ថា​មាន​ការ​បោះឆ្នោត​ដោយ​សេរី យុត្តិធម៌​បាន​នោះ​ទេ។​ ខ្ញុំ​គាំទ្រ​នូវ​គំនិត​របស់​លោក​សមរ​ង្ស៊ី​រក​អង្គការ​សហ​ប្រជាជាតិ​នោះ​មក​ត្រួតពិនិត្យ​ ស្រាវជ្រាវ​រក សន្លឹក​ឆ្នោត​ដើម្បី​រក​យុត្តិធម៌​និង​រក​ភាព​ត្រឹមត្រូវ​ឲ្យ​គណបក្ស​ទាំង​៨ មិនមែន​តែ​គណបក្ស​តែ២​របស់​លោក​ទេ»។​

លោក​ចាន់ យ៉េត ​អនុប្រធាន​គណបក្ស​សាធារណ​រដ្ឋ​ប្រជាធិប​តេយ្យ​ក៏បាន​ឲ្យ​ដឹង​ស្រដៀង​ទៅ​នឹង​គណ​បក្ស​ខាង​លើ​ដែរ។ ​លោកថ្លែង​ថា ​សំឡេង​ឆ្នោត​គណបក្ស​រប​ស់​លោក​ទទួល​បាន​ជាង​៣​ម៉ឺន​សំឡេងទូទាំង​ប្រទេស​ ហើយ​សំឡេងឆ្នោត​នេះ​លោក​មិន​អាច​ទទួល​យក​បាន​នោះទេ។ ​ក៏ប៉ុន្តែ​លោក​ក៏​មិន​មាន​ការ​ជំទាស់នឹង​គណៈ​កម្មាធិការ​ជាតិ​រៀច​ចំការ​បោះ​ឆ្នោត​ដែរ។​

លោក​និយាយថា៖​ «តាម​ការណ៍​ពិត ​យើង​ពិបាក​នឹង​ទទួល​យក​ដែរ។​ យើង​មិន​អាច​ប្រកែក​បាន​ទេ​ ​ទោះបីជា​យើង​ដាក់​ពាក្យ​បណ្តឹង​អំពី​ភាព​មិនប្រក្រតី។ ​ទោះបី​ជា​យើង​ដាក់​យ៉ាងណា​ ក៏​គេ​មិន​ព្រម​ទទួល​ស្គាល់​យើង​ដែរ ​ពីព្រោះ​យើង​បាន​ចុះ​ហត្ថ​លេខា​និង​ប្រថាប់ត្រា​រួចហើយ ​នៅលើ​លិខិត​ដែល​យើង​បាន​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ​ មុនពេល​ដែល​យើង​បោះឆ្នោត»។​

ទោះ​បីជា​គណបក្សនយោ​បាយ​ចំនួន​៤​ខាង​លើ​បាន​បដិសេធ​មិន​ព្រម​ទទួល​យក​លទ្ធផល​សំឡេងឆ្នោត​របស់​ខ្លួន​យ៉ាងណា​ក៏​ដោយ ​ក៏​គណបក្ស​សញ្ជាតិ​កម្ពុជា​ដែល​ទទួល​បាន​សំឡេងសរុប​ទូទាំង​ប្រទេស​ប្រហែល​ជាង​៣ម៉ឺន​សំឡេងមិន​មាន​ការ​តវ៉ា​លទ្ធផល​សំឡេង​ឆ្នោតនោះ​ទេ។​

លោកសេង សុ​ខេង​ ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា​ ទោះបីជា​សំឡេង​ឆ្នោត​របស់​គណបក្ស​របស់​លោក​ទទួល​បាន​តិច​ជាង​ការ​រំពឹង​ទុក​ឆ្ងាយ​ក៏ដោយ​ ក៏​លោក​មិនមាន​តវ៉ាអ្វី​ដែរ​ ​ពោល​គឺ​គោរព​ទៅ​តាម​ឆន្ទៈ​រាស្ត្រ។​

លោក​ឲ្យដឹងថា៖​ «បើតាម​សកម្មភាព​ខ្ញុំ​ស​ង្ឈឹ​ម​ច្រើន។​ ប៉ុន្តែ​គ្រាន់តែ​ថា ​យើង​បាន​ប៉ុណ្ណេះក៏ដោយ ​ គណបក្ស​សញ្ជាតិ​កម្ពុជា​គោរព​ទៅតាម​ឆន្ទៈ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ ហើយ​យើង​គោរព​ទៅ​តាម​ច្បាប់​បោះឆ្នោត​និតិ​វិធី​នៃ​ការ​បោះឆ្នោត​ដែល​មាន​ស្ថាប័ន​គ.ជ.ប.​ជា​អ្នក​អនុវត្ត»។​

VOA​ សំឡេងសហ​រដ្ឋ​អាមេរិក​បានព្យាយាម​ទាក់ទង​សុំ​ការ​អត្ថា​ធិប្បាយពី​តំណាង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​តែ​មិន​អាច​ទាក់ទង​បាន​នោះ​ទេ។​

លោក​ ទេព ​នីថា ​អគ្គលេខា​ធិការ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ បាន​មាន​ប្រសាសន៍​ថា​ លោក​មិន​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​ការ​យល់​ឃើញ​របស់​គណ​បក្ស​នយោបាយ​នោះ​ទេ។​

លោក​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ គ​ណ​បក្ស​នយោបាយ​នីមួយៗ​មាន​សិទ្ធិប្តឹង​ទៅ​តាម​និតិ​វិធី​ច្បាប់ ​បើសិន​ជា​មាន​បញ្ហា​មែន​នោះ។​

លោក​បកស្រាយ​ថា៖ ​«ការតវ៉ា​ផ្សេងៗ​ទាក់ទង​នឹង​ការ​បោះឆ្នោត​នោះ​គឺ​យើង​ប្តឹង​នៅ​ការិយាល័យ​បោះឆ្នោត​រាប់​សន្លឹកឆ្នោត ​ មក​គណៈ​កម្មាធិការ​ឃុំ សង្កាត់​រៀបចំ​ការ​បោះឆ្នោត ​ គណៈកម្មាធិការ​ខេត្ត​ មកដល់​គ.ជ.ប.។​ អ​ញ្ជឹ​ង​ទេ​ ការប្រកាស​ជា​ទូទៅ​របៀប​ដូច​ជា​សេចក្តី​ថ្លែង​ការណ៍​ពុំមាន​ទម្ងន់​តាម​ច្បាប់​ដើម្បី​ឲ្យ​យើង​ដោះស្រាយ​បញ្ហា​ទាំងអស់​នោះ​ទេ។​ ការប្តឹង ​យើង​កំណត់​ពេល​វេលាប្តឹង​ កំណត់​ពេល​វេលាដោះស្រាយ​ច្បាស់​លាស់ណាស់។​ តាមច្បាប់​រយៈ​ពេល​ប្តឹង​តាមផ្លូវ​ការ​វា​អស់​ហើយ។​ ខ្ញុំ​អត់​ធ្វើការ​អត្ថាធិប្បាយលើ​ការ​យល់​ឃើញ​របស់​គាត់​ទេ។ ​ខ្ញុំ​គ្រាន់តែ​និយាយ​អ្វី​ទៅ​តាម​ផ្លូវ​ច្បាប់​ដែល​គាត់​អាច​ធ្វើ​បាន»។​

គណបក្ស​ ដែល​មិន​បាន​ទទួល​អាសនៈ​ទាំង​នេះ​ បាន​ធ្វើ​ការ​ប្រកាស​ច្រាន​ចោល​លទ្ធផល​បោះ​ឆ្នោតនេះ​ ​ស្រប​ពេល​ដែល​គណបក្ស​ជាប់ឆ្នោត​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ព្យាយាម​សម្រុះ​សម្រួល​គ្នា​បង្កើត​គណៈ​កម្មការ​ចម្រុះ​មួយ​សម្រាប់​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ដែល​កំពុង​ទទួល​រង​ការ​រិះ​គន់​និង​ការ​ចោទ​ប្រកាន់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG