មានមនុស្សជាង៥,៨លាននាក់នៅជុំវិញពិភពលោកបានឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ដោយមានអ្នកស្លាប់ពីជំងឺកូវីដ១៩បានកើនឡើងដល់ជាង៣៦០.០០០នាក់ គិតត្រឹមថ្ងៃសុក្រនៅចុងសប្តាហ៍នេះ។
ប្រទេសមួយចំនួនចាប់ផ្តើមបន្ធូរបន្ថយខ្លះនូវវិធានការរឹតត្បិតសកម្មភាពសេដ្ឋកិច្ចនិងសង្គមដែលត្រូវបានដាក់ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺដ៏ប្រល័យនេះ ខណៈដែលចំនួននៃករណីឆ្លងវីរុសនេះបានកើនឡើងយ៉ាងខ្លាំងនៅប្រទេសខ្លះទៀត។
នៅពេលនេះ ទ្វីបអាមេរិកខាងជើងនិងខាងត្បូងបានក្លាយជាតំបន់ការផ្ទុះឆ្លងជំងឺកូវីដ១៩ខ្លាំងជាងគេក្នុងពិភពលោក។ នៅសហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងវីរុសកូវ៉ូណាបានកើនលើស១,៧លាននាក់ ដែលជាចំនួនច្រើនជាងគេក្នុងពិភពលោក។ ប្រទេសប្រេស៊ីលនៅអាមេរិកខាងត្បូងមានចំនួនឆ្លងច្រើនជាងគេទី២ ដែលបានកើនលើស៤៣៨.០០០ករណី។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមានក្នុងសប្តាហ៍នេះថាជំងឺរាតត្បាតជាសាកលនេះអាចបង្កនូវមហន្តរាយដ៏ធ្ងន់ធ្ងរដូចជាគ្រោះអត់ឃ្លាននិងភាពអត់ការងារធ្វើច្រើនលើសលុប ប្រសិនបើរដ្ឋាភិបាលនានាមិនប្រញាប់ប្រញាល់ចាត់វិធានការពីពេលនេះទេ។
លោកថា ប្រទេសអ្នកមានមានលទ្ធភាពប្រកាសពីកញ្ចប់ថវិកាជំនួយពិសេសសម្រាប់ពលរដ្ឋនិងសេដ្ឋកិច្ចរបស់ពួកគេ ប៉ុន្តែលោកថាលោកមិនទាន់ឃើញប្រទេសអ្នកមានស្រុះគ្នាជួយកំពុងអភិវឌ្ឍដើម្បីជួយប្រទេសក្រីក្រដែលកំពុងត្រូវការជំនួយចាំបាច់ដើម្បីដោះស្រាយវិបត្តិធ្ងន់ធ្ងរទាំងនេះ៕