ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួនមនុស្សស្លាប់ដោយសារមេរោគកូរ៉ូណានៅសហរដ្ឋអាមេរិកមានជាង១សែននាក់


រូបឯកសារ៖ បុគ្គលិកម្នាក់ពាក់សម្លៀកបំពាក់ការពារខ្លួនពីមេរោគជួយសម្រួលដល់អតិថិជនមកទិញម្ហូបអាហារ នៅតំបន់រស់នៅមួយ នៅក្រុងញូវយ៉ក កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ បុគ្គលិកម្នាក់ពាក់សម្លៀកបំពាក់ការពារខ្លួនពីមេរោគជួយសម្រួលដល់អតិថិជនមកទិញម្ហូបអាហារ នៅតំបន់រស់នៅមួយ នៅក្រុងញូវយ៉ក កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

សហរដ្ឋអាមេរិកឥឡូវនេះមានមនុស្សស្លាប់ជាង១សែននាក់ដោយសារជំងឺកូវីដ១៩ ដែលចំនួននេះច្រើនជាងចំនួនស្លាប់របស់ពលរដ្ឋអាមេរិកនៅក្នុងសង្គ្រាមវៀតណាមនិងកូរ៉េរួមគ្នា។

នៅពេលដែលសហរដ្ឋអាមេរិកបានឡើងកម្រិតខ្ពស់បំផុត សមាជិកព្រឹទ្ធសភារបស់គណបក្សទាំង២ មួយក្រុមបានបន្តការអំពាវនាវឲ្យធ្វើការស្មឹងស្មាធនៅថ្ងៃចន្ទ ដើម្បីគោរពវិញ្ញាណខណ្ឌអ្នកដែលបានស្លាប់។

លោក Brian Schatz សមាជិកព្រឹទ្ធសភា បាននិយាយថា «ប្រទេសជាតិរបស់យើងត្រូវតែចងចាំនូវព្រឹត្តិការណ៍ដ៏ខ្មៅងងឹតនេះដោយការសាមគ្គីភាពនិងភាពច្បាស់លាស់។ នៅពេលនេះ មានការឈឺចាប់ស្ទើរតែមិននឹកស្រមៃដល់ វាជាការចាំបាច់ដែលយើងកាន់ទុក្ខជាមួយគ្នា»។

លោកស្រី Lisa Murkowski សមាជិកព្រឹទ្ធសភា បាននិយាយថា «ការរាតត្បាតនៃជំងឺកូវីដ១៩ បានបំផ្លាញប្រទេសជាតិរបស់យើង។ ក្រុមគ្រួសារជាច្រើនបានឃើញអ្នកដែលជាទីស្រឡាញ់របស់ខ្លួនឈឺចាប់។ បណ្តាលមកពីវិធានការឲ្យនៅដាច់ដោយឡែកពីគ្នាដ៏តឹងរ៉ឹង មនុស្សភាគច្រើនដែលបានបាត់បង់សាច់ញាតិដោយសារជំងឺនេះ មិនអាចធ្វើការលាគ្នាចុងក្រោយនៅឯមន្ទីរពេទ្យ។ មនុស្សជាច្រើនមិនអាចធ្វើពិធីឲ្យបានត្រឹមត្រូវដើម្បីគោរពមនុស្សដែលពួកគេបានបាត់បង់»។

សំណើរដាច់ដោយឡែកមួយទៀតនៅក្នុងសភាតំណាងរាស្រ្ត អំពាវនាវឲ្យមានការគោរពស្មឹងស្មាធជារៀងរាល់ថ្ងៃ នៅពេលដែលសភាតំណាងរាស្រ្តបើកសម័យប្រជុំរបស់ខ្លួន និងថ្ងៃកាន់ទុកជាតិ បន្ទាប់ពីការរាតត្បាតជំងឺកូវីដ១៩ចប់និងការបង្កើតវិមានរំឭកវិញ្ញាណក្ខន្ធជាតិសម្រាប់ជនរងគ្រោះ។

សហរដ្ឋអាមេរិកបានឃើញភាពប្រសើរឡើងខ្លះក្នុងចំនួនមនុស្សស្លាប់ប្រចាំថ្ងៃ ក៏ប៉ុន្តែ ការជឿនលឿននេះបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃពុធដោយមានសេចក្តីរាយការណ៍ថា មានមនុស្សស្លាប់១ពាន់៤រយនាក់។

តាមសាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក ប្រាប់ឲ្យដឹងថា នៅទូទាំងពិភពលោក មនុស្ស៣សែន៥ម៉ឺន៥ពាន់នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩។ មានការឆ្លង៥លាន៧សែនករណី ដោយមានជិត៣០ភាគរយនៅក្នុងសហរដ្ឋអាមេរិក៕

XS
SM
MD
LG