ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមគ្រួសារលោក Navalny ធ្វើពិធីបញ្ចុះសពមេដឹកនាំបក្សប្រឆាំងក្រោយស្លាប់ក្នុងពន្ធនាគារ


មឈូស​របស់​លោក Alexei Navalny ត្រូវបាន​លី​ចូល​ព្រះវិហារ​ Icon of the Mother of God Soothe My Sorrows នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។
មឈូស​របស់​លោក Alexei Navalny ត្រូវបាន​លី​ចូល​ព្រះវិហារ​ Icon of the Mother of God Soothe My Sorrows នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។

សាច់ញាតិ​និង​ក្រុម​អ្នក​គាំទ្រ​អតីត​មេ​បក្ស​ប្រឆាំង​រុស្ស៊ី​លោក​ Alexei Navalny គោរព​លា​សព​លោកនៅ​ក្នុង​ពិធី​បុណ្យសពមួយ​នៅ​ភាគអាគ្នេយ៍​ទីក្រុង​មូស្គូ​ នៅ​ថ្ងៃ​សុក្រ​នេះ​ ក្រោយ​តវ៉ា​ជាមួយ​ក្រុម​អាជ្ញាធរ​ ដើម្បី​យក​សព​លោកមកធ្វើ​បុណ្យ​ បន្ទាប់​ពី​មរណភាពរបស់​លោកដោយ​គ្មាន​ការពន្យល់​នៅ​ក្នុង​ពន្ធនាគារក្នុង​តំបន់អាកទិក​រួច​មក។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន ​AP។

ក្រុម​អ្នក​គាំទ្រមេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះនិយាយ​ថា​ ព្រះវិហា​សាសនាគ្រឹស្ទមួយ​ចំនួន​ក្នុង​រដ្ឋធានី​មូស្គូ បាន​បដិសេធមិន​ទទួល​សាកសព​ដើម្បីធ្វើ​ពិធី​បុណ្យ​ឡើយ​ មុន​ពេល​ដែល​ក្រុម​របស់​លោក​បាន​ទទួល​ការអនុញ្ញាត​ពីព្រះវិហារ​មួយ​ក្នុង​សង្កាត់ ​Maryino នៃ​ទីក្រុង​មូស្គូ​ ដែល​លោក Alexei Navalny ធ្លាប់​រស់នៅ​ទីនោះ​ម្តង​មុន​ត្រូវ​ថ្នាំ​បំពុល​កាលពី​ឆ្នាំ ​២០២០ ​និង​មុន​ទៅ​ព្យាបាល​ក្នុង​ប្រទេស​អាល្លឺម៉ង់​ ហើយត្រូវ​បាន​ចាប់​ខ្លួន ​បន្ទាប់​ពី​ត្រឡប់​មក​កាន់​រុស្ស៊ី​វិញ។​

ព្រះ​វិហារសាសនា​គ្រឹស្ទ​ Mother of God Soothe My Sorrows ដែល​បានយល់ព្រមធ្វើ​ពិធី​បុណ្យសព​លោក Navalny មិនធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ​លើ​បណ្តាញ​សង្គម​របស់ខ្លួន។​ ​ក្រុម​អាជ្ញាធរ​រុស្ស៊ីបាន​ឈរ​នៅ​តាម​ដង​ផ្លូវ​មួយ​កន្លែង​នៅជិត​ស្ថានីយរថភ្លើង​ក្រោមដី ដែល​ស្ថិត​នៅ​ជិត​ព្រះវិហារ​នោះ ​និង​មាន​ដាក់​រនាំង​បាំងផ្លូវ​ និង​មាន​ក្រុម​ប៉ូលិស​បង្ក្រាប​កុប្បកម្ម​ជា​ច្រើន​នាក់ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទីនោះ​ផង​ដែរ​ នៅ​ព្រលឹម​ថ្ងៃ​សុក្រ​នេះ។​

ពិធី​បញ្ចុះសព​មេបក្ស​ប្រឆាំងរុស្ស៊ី​រូប​នេះ​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ផង​ដែរ​នៅ​កន្លែង​បញ្ចុះសព​ Borisovskoye ​ដែល​គេ​ឃើញ​មាន​ក្រុម​ប៉ូលិសស្ថិត​នៅ​ទី​នោះ​ផង​ដែរ។

ម្តាយ​លោក Navalny អ្នក​ស្រី Lyudmila Navalnaya បាន​ចំណាយ​ពេល ​៨ ​ថ្ងៃ​ ដើម្បីសុំ​អាជ្ញាធរ​ឱ្យ​ផ្តល់​សាកសព​កូនប្រុស​អ្នក​ស្រី​មក​ធ្វើ​បុណ្យ​ ​ក្រោយ​ពី​លោក Navalny បាន​ស្លាប់​ក្នុង​ពន្ធនាគារ​ក្នុង​ទីក្រុង Kharp ដែល​មាន​ចម្ងាយ​ប្រមាណ​១៩០០​គីឡូម៉ែត្រនៅ​ភាគ​ឦសាន​ក្រុង​មូស្គូ។

ក្រុម​អាជ្ញាធរមុន​ដំបូង​ឡើយ​ថា​ គេ​មិនអាចផ្តល់​សាកសពលោក Navalny ឱ្យ​ក្រុម​គ្រួសារ​ឡើយ ​ពី​ព្រោះគេ​ត្រូវការ​ធ្វើ​តេស្ត​ត្រួត​ពិនិត្យ​សាកសព​ ​ប៉ុន្តែ​ម្តាយ​របស់​លោកដែល​មាន​វ័យ​ ៦៩ ​ឆ្នាំ​ បាន​អង្វរ​សុំ​តាម​រយៈ​វីដេអូ​មួយ​ទៅ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ដើម្បី​សុំ​យក​សាកសព​កូន​ប្រុសមក​ធ្វើ​បុណ្យនិង​បញ្ចុះសពដោយ​សេចក្តី​ថ្លៃថ្នូរ។

មេដឹកនាំ​ប្រទេស​លោក​ខាង​លិច​ជា​ច្រើន​បាន​បន្ទោសមេដឹកនាំ​រុស្ស៊ី ​លើ​ការ​ស្លាប់របស់​មេដឹកនាំ​បក្ស​ប្រឆាំង​រូបនេះ​ ប៉ុន្តែ​វិមាន​ក្រឹមឡាំង​បាន​បដិសេធ​ដោយ​ក្តីខឹង​សម្បារ៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG