វេជ្ជបណ្ឌិតផ្ទាល់ខ្លួនសម្រាប់លោក Aleksei Navalny មេដឹកនាំប្រឆាំងនៅរុស្ស៊ីនិយាយថា លោក Navalny អាចត្រូវគេបំពុលដោយជាតិគីមី។
លោកស្រី Anastassia Vassilieva បាននិយាយនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «យើងមិនអាចបដិសេធបានទេថា ស្បែករបស់គាត់ត្រូវបានប៉ះពាល់នឹងជាតិពុល ហើយត្រូវបានបំផ្លាញដោយសារធាតុគីមី»។
លោក Navalny កំពុងជាប់ពន្ធនាគាររយៈពេល៣០ថ្ងៃនៅពេលដែលគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីទទួលរងនូវអ្វីដែលអាជ្ញាធរបាននិយាយថាជា «ប្រតិកម្ម (អាឡាក់ហ្ស៊ី)ធ្ងន់ធ្ងរ»។ លោកស្រី Kira Yarmyush អ្នកនាំពាក្យរបស់ លោក Navalny បាននិយាយថា «ឥស្សរជនប្រឆាំងវិមានក្រឹមឡាំងដែលទៅដល់មន្ទីរពេទ្យ ខ្លះហើមមុខ និងស្បែកឡើងក្រហមខ្លាំង»។ អ្នកស្រីបានបន្ថែមទៀតថា លោក Navalny មិនដែលមានប្រតិកម្មបែបនេះពីមុនមកទេ។
លោក Leonid Volkov ដែលជាជំនួយការកំពូលរបស់លោក Navalny បានសរសេរថា គាត់មានប្រតិកម្មស្រដៀងគ្នានេះដែរ បន្ទាប់ពីគាត់ត្រូវបានឃុំឃាំងនៅក្នុងបន្ទប់តែមួយជាមួយលោក Navalny កាលពីខែមុន។ លោកបានអំពាវនាវឱ្យមាន «ការត្រួតពិនិត្យឱ្យបានហ្មត់ចត់» នៃបទដ្ឋានអនាម័យនៅមណ្ឌលឃុំឃាំង។ កាលពីថ្ងៃច័ន្ទ អ្នកតំណាងមន្ទីរពេទ្យដែលលោក Navalny ត្រូវបានព្យាបាល បានប្រាប់ភ្នាក់ងារសារព័ត៌មានលោកខាងលិចថា គាត់ស្ថិតក្នុងស្ថានភាពគួរឱ្យធូរចិត្ត។ លោក Navalny ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារប្រហែលជា១២ដងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបានជាប់ពន្ធនាគារសរុបជាង២០០ថ្ងៃ៕