ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Vladimir Putin ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​រុស្ស៊ី​នៅ​អាណត្តិ​ទី ៤


លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ស្បថ​ចូល​កាន់​តំណែង​នៅ​វិមាន​ក្រឹមឡាំង នៅ​ក្នុង​ក្រុង​មូស្គូ កាលពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ស្បថ​ចូល​កាន់​តំណែង​នៅ​វិមាន​ក្រឹមឡាំង នៅ​ក្នុង​ក្រុង​មូស្គូ កាលពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨។

លោក Vladimir Putin ដែល​ធ្លាប់​ធ្វើ​ជា​ប្រធានាធិបតី​ផង និង​ជា​នាយក​រដ្ឋមន្ត្រី​ផង​នៃ​ប្រទេស​រុស្ស៊ី​តាំង​ពី​ឆ្នាំ ១៩៩៩ មក បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ក្នុង​អាណត្តិ​ទី ៤ របស់​លោក​នៅ​ថ្ងៃ​ច័ន្ទ​នេះ នៅ​ឯ​សាល Andreyevsky នៃ​វិមាន​ក្រឹមឡាំង។

ដោយ​កាន់​ច្បាប់​រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​ដៃ លោក Putin បាន​និយាយ​ថា៖ «ខ្ញុំ​ចាត់ទុក​នេះ​ថា​ជា​កាតព្វកិច្ច​របស់​ខ្ញុំ និង​ជា​គោល​បំណង​នៃ​ជីវិត​របស់​ខ្ញុំ ដើម្បី​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ទាំង​អស់​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ដើម្បី​ប្រទេស​រុស្ស៊ី​ទាំង​នៅ​ពេល​បច្ចុប្បន្ន​នេះ ក៏​ដូចជា​ពេល​អនាគត​ផង​ដែរ»។

លោក Putin នឹង​មិន​អាច​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​នៅ​អាណត្តិ​ទី ៥ បាន​ទេ ដរាបណា​មាន​ការ​កែប្រែ​ចំពោះ​រដ្ឋធម្មនុញ្ញ​ប្រទេស​រុស្ស៊ី ដែល​នា​ពេល​បច្ចុប្បន្ន​នេះ រដ្ឋធម្មនុញ្ញ​រុស្ស៊ី​បាន​ហាម​ប្រាម​មិន​ឲ្យ​ប្រធានាធិបតី​កាន់​តំណែង​លើស​ពី​ពីរ​អាណត្តិ​ជាប់ៗ​គ្នា​នោះ​ទេ។

លោក Putin បាន​ភ្ជាប់​តំបន់ Crimea ពី​ប្រទេស​អ៊ុយក្រែន កាល​ពី​ឆ្នាំ ២០១៤ និង​បាន​សហការ​ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​ស៊ីរី លោក Bashar al-Assad ដើម្បី​ធ្វើ​យុទ្ធនាការ​យោធា​នៅ​ក្នុង​ប្រទេស​ស៊ីរី។

ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Putin នេះ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល ២ ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​មាន​ការ​តវ៉ា​ជា​ច្រើន​បាន​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី​ដើម្បី​ប្រឆាំង​នឹង​ពិធី​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​រយៈពេល ៦ ឆ្នាំ​ជា​បន្ត​ទៀត​របស់​លោក Putin។

កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ មេដឹកនាំ​គណបក្ស​ប្រឆាំង​ដ៏​ល្បី​ឈ្មោះ​របស់​ប្រទេស​រុស្ស៊ី លោក Alexei Navalny ត្រូវ​បាន​ចាប់​ខ្លួន នៅ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​មក​ដល់​ភ្លាមៗ​នៅ​កន្លែង​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ក្នុង​ទីក្រុង​មូស្គូ។ ប៉ុន្តែ លោក​ត្រូវ​បាន​គេ​ដោះលែង​វិញ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ៕

XS
SM
MD
LG