ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​គណបក្ស​ប្រឆាំង​រុស្ស៊ី​លោក Alexei Navalny ត្រូវ​បាន​គេ​ដោះលែង


ក្រុម​បាតុករ​ប្រឆាំង​នៅ​រុស្ស៊ី​ស្រែក​ពាក្យ​ស្លោក​នៅ​ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ នៅ​ក្នុង​ក្រុង St.Petersburg ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៨ ខែមករា​ ឆ្នាំ២០១៨។
ក្រុម​បាតុករ​ប្រឆាំង​នៅ​រុស្ស៊ី​ស្រែក​ពាក្យ​ស្លោក​នៅ​ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ នៅ​ក្នុង​ក្រុង St.Petersburg ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៨ ខែមករា​ ឆ្នាំ២០១៨។

មេដឹកនាំ​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​រុស្ស៊ី​លោក Alexei Navalny ត្រូវ​បាន​ដោះលែង​ពី​មន្ទីរ​ឃុំ​ឃាំង​របស់​ប៉ូលិស​នៅ​ក្នុង​ទីក្រុង​មូស្គូ ក្រោយ​ពី​អ្នក​តវ៉ា​គាំទ្រ​រូប​លោក​រាប់​ពាន់​នាក់​បាន​ដើរ​ក្បួន​តវ៉ា​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​នឹង​ធ្វើ​ឡើង​នៅ​ខែ​មិនា​ខាង​មុខ​នេះ ដែល​ការ​បោះ​ឆ្នោត​នេះ​ត្រូវ​គេ​រំពឹង​ថា នឹង​ជួយ​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី​បច្ចុប្បន្ន​លោក Vladimir Putin បាន​កាន់​តំណែង​នៅ​ក្នុង​អាណត្តិ​ថ្មី​បន្ត​ទៀត។

លោក Navalny បាន​សរសេរ​នៅ​លើ Twitter កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «ខ្ញុំ​មាន​សេរីភាព​វិញ​ហើយ។ ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ដ៏​សំខាន់​មួយ។ យើង​បាន​បង្ហាញ​ថា មិន​មែន​ប្រជាពលរដ្ឋ​រុស្ស៊ី​ទាំង​អស់​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ទទួល​យក​នូវ​របប​ដឹកនាំ​ដែល​មាន​មេដឹកនាំ​កំពូល​ដូច​ស្ដេច​នោះ​ទេ...។ អរគុណ​អ្នក​ទាំង​អស់​គ្នា​ដែល​មិន​ខ្លាច​ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ខ្លួន»។

ប៉ូលិស​បាន​ចាប់​លោក Navalny នៅ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ការ​ជួបជុំ​មួយ​នៅ​កណ្ដាល​ក្រុង​មូស្គូ។ លោក​បាន​ស្រែក​ថា «ពួក​អា​បោក​ប្រាស់ និង​ពួក​អា​ចោរ» មុន​ពេល​ដែល​ប៉ូលិស​សង្គ្រប់​លើ​លោក និង​រុញ​លោក​ចូល​ទៅ​ក្នុង​រថយន្ត​ក្រុង​មួយ។

លោក Navalny កំពុង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​រុស្ស៊ី​ធ្វើ​ពហិការ​មិន​ចូលរួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ខែ​មិនា​ខាង​មុខ​នេះ ដែល​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នោះ លោក​ប្រធានាធិបតី​អាច​នឹង​ឈ្នះ​នៅ​ក្នុង​អាណត្តិ​ទី ៤ របស់​លោក​បន្ត​ទៀត។

លោក Navalny ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី ដោយសារតែ​ទោស​ជាប់​ពន្ធនាគារ​ដែល​ត្រូវ​ពន្យារពេល​របស់​លោក​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​ថា​បាន​បន្លំ​លួច​ប្រាក់ ដែល​ជា​បទ​ចោទ​ប្រកាន់​មួយ​ដែល​លោក និង​អ្នក​គាំទ្រ​រូប​លោក​និយាយ​ថា ត្រូវ​បាន​គេ​រៀបចំ​ទុក​ជា​មុន និង​មាន​លក្ខណៈ​នយោបាយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG