ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ដែល​ទើបតែ​ទទួល​បាន​សញ្ជាតិ​អាមេរិកាំង ចូលរួម​ចុះ​ឈ្មោះ​បោះឆ្នោត


រូបឯកសារ៖ ក្រដាសបិតដែល​មាន​សំណេរ​ថា «I VOTED» ឬ «ខ្ញុំ បានបោះឆ្នោតហើយ» ដែល​គេ​ដាក់​នៅ​លើ​តុ​មួយ​ សម្រាប់​ឲ្យ​អ្នក​ដែល​បាន​បោះឆ្នោត​ហើយ នៅ​ស្ថានីយ៍​បោះឆ្នោត​មួយ​កន្លែង​នៅ​ឯ​ព្រះវិហារ Trinity Lutheran ក្នុង​ទីក្រុង Evanston រដ្ឋ Illinois នៅ​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ ក្រដាសបិតដែល​មាន​សំណេរ​ថា «I VOTED» ឬ «ខ្ញុំ បានបោះឆ្នោតហើយ» ដែល​គេ​ដាក់​នៅ​លើ​តុ​មួយ​ សម្រាប់​ឲ្យ​អ្នក​ដែល​បាន​បោះឆ្នោត​ហើយ នៅ​ស្ថានីយ៍​បោះឆ្នោត​មួយ​កន្លែង​នៅ​ឯ​ព្រះវិហារ Trinity Lutheran ក្នុង​ទីក្រុង Evanston រដ្ឋ Illinois នៅ​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

យោង​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew ក្រុម​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ឡាទីន និង​អាស៊ី មាន​ចំនួន​ជិត​ ២ ភាគ ៣ នៃ​ក្រុម​ចំនួន​ពលរដ្ឋ​ថ្មី​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ក្នុង​ឆ្នាំ​នេះ។

អ្នកស្រី Brenda Cienfuegos ទើប​តែ​ក្លាយ​ជា​ពលរដ្ឋ​អាមេរិកាំង​ ហើយ​អ្នក​ស្រី​ទន្ទឹង​រងចាំ​ប្រើ​សិទ្ធិ​ពលរដ្ឋ​របស់​អ្នកស្រី​ ក្នុង​នាម​ជា​ពលរដ្ឋ​អាមេរិកាំង​ម្នាក់។ អ្នក​ស្រី​និយាយ​ថា ការ​ចូលរួម​បោះឆ្នោត ​គឺជា​ការ​បញ្ចេញ​មតិ​មួយ​ដ៏​សំខាន់ សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ឡាទីន ដូចជា​អ្នកស្រី​ផ្ទាល់។ ​

អ្នកស្រី Cienfuegos ថ្លែង​ថា៖ «ការ​បោះឆ្នោត​ គឺជា​កិច្ចការ​មួយ​ដែលខ្ញុំ​តែងតែ​ធ្វើ​ កាល​ពី​ពេល​ដែល​ខ្ញុំ​រស់នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្ញុំ។ កាលពី​មុន ខ្ញុំ​មិន​មាន​សិទ្ធិ​បោះ​ឆ្នោត​ [នៅ​សហរដ្ឋ​អាមេរិក] ទេ តែ​ឥឡូវ​ខ្ញុំ​មាន​សិទ្ធិ​បោះឆ្នោត​ហើយ»។

កើត​នៅ​ប្រទេស El Salvador អ្នកស្រី Cienfuegos មាន​កូន​ពីរ​នាក់ ដែល​បាន​មក​រស់នៅ​សហរដ្ឋ​អាមេរិក​ដោយ​ស្រប​ច្បាប់​កាលពី​ឆ្នាំ ២០១០។ បន្ទាប់​ពី​អ្នក​ស្រី​បាន​ក្លាយ​ជា​ពលរដ្ឋ​អាមេរិកាំង​ស្រប​ច្បាប់​កាលពី​ដើម​ឆ្នាំ ២០២០ នៅ​ទីក្រុង York រដ្ឋ Pennsylvania អ្នក​ស្រី ​ក៏​បាន​ចុះ​ឈ្មោះ​បោះឆ្នោត។ ​

អ្នកស្រីស្ទាក់​ស្ទើរ​នឹង​ឆ្លើយ ​នៅ​ពេល​សួរ​ថា​ តើ​អ្នក​ស្រី​គ្រោង​បោះឆ្នោត​ឲ្យ​បេក្ខជន​ណា សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

អ្នកស្រី Cienfuegos បាន​ថ្លែង​ថា៖ «តាម​បទពិសោធន៍​ផ្ទាល់​របស់​ខ្ញុំ សន្លឹកឆ្នោត​របស់​ខ្ញុំ​ គឺ​ជា​អាថ៌កំបាំង។ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​អាច​ប្រាប់​អ្នក​បាន​នោះ​គឺ​ថា ខ្ញុំ​គាំទ្រ​បេក្ខជន​ដែល​គាំទ្រ​សហគមន៍​អាឡាទីន»។

អ្នកស្រី Cienfuegos គឺជា​ពលរដ្ឋ​អាមេរិកាំង​ម្នាក់​ក្នុង​ចំណោម​ក្រុម​ពលរដ្ឋ​អាមេរិកាំងកាន់តែ​ច្រើន​ឡើង ដែល​កំពុង​ចូលរួម​ដំណើរការ​បោះឆ្នោត។ ទិន្នន័យ​ជំរឿន​របស់​សហរដ្ឋ​អាមេរិក​ដែល​ត្រូវបាន​ចងក្រង​ឡើង​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew បង្ហាញ​ថា ក្រុម​ពលរដ្ឋ​ដែល​មាន​សញ្ជាតិ​អាមេរិកាំង​ប្រមាណ ២៣លាន​នាក់ ស្មើ​នឹង ១០ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​សរុប​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ នឹង​មាន​សិទ្ធិ​ស្រប​ច្បាប់​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០២០ នេះ។

រូបឯកសារ៖ មន្រ្តី​អន្តោប្រវេសន៍​អាមេរិក​រៀបចំ​ការ​ស្បថ​ក្នុង​ពិធី​ស្បថ​ចូល​សញ្ជាតិ​អាមេរិក សម្រាប់​លោក Omar Abdalla ដែល​មាន​ដើមកំណើត​ប៉ាឡេស្ទីន។ ពិធី​ទទួល​សញ្ជាតិ​ថ្មី​នេះ បាន​ធ្វើ​ឡើង​នៅ​កន្លែង​ចត​រថយន្ត​មួយ​កន្លែង​ក្នុង​អំឡុងពេល​មាន​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង Santa Ana​រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២០។
រូបឯកសារ៖ មន្រ្តី​អន្តោប្រវេសន៍​អាមេរិក​រៀបចំ​ការ​ស្បថ​ក្នុង​ពិធី​ស្បថ​ចូល​សញ្ជាតិ​អាមេរិក សម្រាប់​លោក Omar Abdalla ដែល​មាន​ដើមកំណើត​ប៉ាឡេស្ទីន។ ពិធី​ទទួល​សញ្ជាតិ​ថ្មី​នេះ បាន​ធ្វើ​ឡើង​នៅ​កន្លែង​ចត​រថយន្ត​មួយ​កន្លែង​ក្នុង​អំឡុងពេល​មាន​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង Santa Ana​រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២០។

ការ​ចូលរួម​បោះឆ្នោត​របស់​ក្រុម​ពលរដ្ឋ​នេះ ត្រូវបាន​ទទួល​ស្គាល់​ដោយ​ក្រុម​នយោបាយ​ ដែល​មាន​មនោគមវិជ្ជា​ផ្សេងៗ​គ្នា។

លោក Mike Madrid សហ​ស្ថាបនិក​នៃ​គម្រោង Lincoln ដែល​ជា​គណៈកម្មាធិការ​នយោបាយ​របស់​ក្រុម​ដែល​មិនគាំទ្រ​គណបក្ស​សាធារណរដ្ឋ​ ដែល​ចង់​ឲ្យ​លោក​ប្រធានាធិបតី Donald Trump ចាញ់​ឆ្នោត កត់​សម្គាល់​ថា ក្រុម​ពលរដ្ឋ​ដែល​មាន​សញ្ជាតិ​អាមេរិកាំង​តាមរយៈ​ការ​មក​រស់នៅ​សហរដ្ឋអាមេរិក​ «មាន​ទំនោរចេញ​ទៅ​បោះឆ្នោត ច្រើន​ជាង​ក្រុម​ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​សញ្ជាតិ​ពី​កំណើត ហើយ​ជា «ក្រុម​អ្នក​ដែល​គាំទ្រ​ជន​អន្តោប្រវេសន៍ ដោយសារ​បទពិសោធន៍​ជា​ជន​អន្តោប្រវេសន៍​ផ្ទាល់»។

ក្រុម​អ្នក​គាំទ្រ​លោក Trump ក៏​លើក​ឡើង​ថា ពួក​គេ​កំពុង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ក្រុម​ពលរដ្ឋ​អាមេរិកាំងដែល​មាន​សញ្ជាតិ​ពី​កំណើត​នៅ​តាម​តំបន់នានា​ក្នុង​សហរដ្ឋ​អាមេរិក។​

អ្នកស្រី Yali Nuñez នាយិកា​គ្រប់គ្រង​បណ្តាញ​ទំនាក់​ទំនង​សហគមន៍​ឡាទីន​នៃ​គណៈកម្មាធិការ​ជាតិ​គណបក្ស​សាធារណរដ្ឋ ថ្លែង​ប្រាប់ VOA ថា៖ «យើង​ទទួល​ស្គាល់​អំពី​សារៈសំខាន់​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ពលរដ្ឋ​អាមេរិកាំង​គ្រប់រូប ក្នុង​នាម​ពួកគេ​ជា​អ្នក​បោះឆ្នោត​ រួមទាំង​ក្រុម​ពលរដ្ឋ​អាមេរិកាំង​ដែល​បាន​សញ្ជាតិ​តាមរយៈ​ការ​មក​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក​ផង​ដែរ»។

ការ​ចូលរួម​របស់​ក្រុម​ពលរដ្ឋ​អាមេរិកាំងដើម​កំណើត​បរទេស​

យោង​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew ក្រុម​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ឡាទីន និង​អាស៊ី មាន​ចំនួន​ជិត​ ២ ភាគ ៣ នៃ​ក្រុម​ចំនួន​ពលរដ្ឋ​ថ្មី​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ក្នុង​ឆ្នាំ​នេះ។

មជ្ឈមណ្ឌល​នេះ​បាន​រក​ឃើញ​ថា ៥៣ ភាគរយ​នៃ​ក្រុម​ពលរដ្ឋអាមេរិកាំង​ដើមកំណើត​ឡាទីន​ និង ​៥២ ភាគរយ​នៃ​ក្រុម​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី ដែល​បាន​សញ្ជាតិ​តាមរយៈ​ការ​មក​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក​ បាន​ចូលរួម​បោះឆ្នោត​កាល​ពី​ឆ្នាំ ២០១៦ បើ​ធៀប​នឹង​ពលរដ្ឋអាមេរិកាំង​ដើម​កំណើត​ឡាទីន ៤៦ ភាគរយ​ និង​ពលរដ្ឋអាមេរិកាំង​ដើម​កំណើតអាស៊ី ៤៥ភាគរយ ដែលមាន​សញ្ជាតិ​អាមេរិក​ពី​កំណើត។

ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​ម៉ិកស៊ិក ហ្វីលីពីន ឥណ្ឌា និង​ចិន គឺជា​ក្រុម​ពលរដ្ឋ​ដែល​ចេញ​ទៅ​បោះឆ្នោត​ច្រើន។

អ្នកស្រី Juliana Cabrales នៃ​មូលនិធិ​អប់រំ NALEO នៅ​រដ្ឋ North Carolina បាន​ឲ្យ​ដឹង​ថា គណបក្ស​នយោបាយ​ចាំបាច់​ត្រូវ​រក្សា​ការ​សន្ទនា​ជា​ប្រចាំ​ជាមួយ​ក្រុម​ពលរដ្ឋ​ដែល​ទើប​តែ​បាន​សញ្ជាតិ​អាមេរិកាំងថ្មីៗ មិន​មែនទាក់ទង​តែ​ក្នុង​ឆ្នាំ​បោះឆ្នោត​នោះ​ទេ។ មូលនិធិ NALEO ​នេះ​គឺ​ជា​អង្គការ​ដែល​មិន​ប្រកាន់​គណបក្ស​នយោបាយ​ណា​មួយ​ ដែល​ផ្តោត​លើ​ការ​ចូលរួម​បោះឆ្នោត​របស់​ក្រុម​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ឡាទីន។

អ្នកស្រី​ Cabrales បាន​ថ្លែង​ថា៖ «អ្វី​ដែល​យើង​បាន​ឃើញ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន គឺ​គណបក្ស​នយោបាយ​មិន​សូវមាន​ទំនោរ​យក​ចិត្ត​ដាក់​លើ​ក្រុម​សហគមន៍​អាមេរិក​ឡាទីន​ប៉ុន្មាន​ទេ ទាំង​ក្រុម​អ្នក​ដែល​បាន​ចេញ​ទៅ​បោះឆ្នោត និង​ក្រុម​ដែល​មិន​បាន​ចេញ​ទៅ​បោះ​ឆ្នោត។ សម្រាប់​អង្គការ​យើង យើង​ជំរុញ​ឲ្យ​គណបក្ស​ទាំង​អស់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​សហគមន៍​អាមេរិក​ឡាទីន»។

អ្នកស្រី​បាន​បន្ថែម​ថា យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​បេក្ខជន​ប្រធានាធិបតី សកម្ម​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ក្រុម​ពលរដ្ឋ​ដែល​ទើប​បាន​សញ្ជាតិ​អាមេរិកាំង​ នៅ​ក្នុង​រដ្ឋ​ដែល​ពិបាក​ឈ្នះ​ឆ្នោត​ ប៉ុន្តែ​មិន​សូវ​យក​ចិត្ត​ទុកដាក់​លើ​ពួក​គេ​នៅ​តាម​រដ្ឋ​ដទៃទៀត​ក្នុង​សហរដ្ឋ​អាមេរិក​នោះ​ទេ។

អ្នកស្រី Cabrales បាន​ថ្លែង​ថា៖ «ក្រុម​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ឡាទីន​នៅ​រដ្ឋ California រដ្ឋ New York និង​រដ្ឋ Texas ជារឿយៗ​ត្រូវ​បាន​គេ​បំភ្លេចចោល ហើយ​ក៏​មិន​សូវ​ឃើញ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ណា ជំរុញ​ឲ្យ​ពួកគេ​ចេញ​ទៅ​បោះឆ្នោត ឬ​ចង់​ដឹង​ថា ហេតុអ្វី​បាន​ជា​ពួកគេ​គាំទ្រ​បេក្ខជន​ម្នាក់ ជាង​បេក្ខជន​ម្នាក់​ផ្សេង​ទៀត​នោះ​ដែរ។ ដូច្នេះ វា​ចាំ​បាច់​ណាស់​ដែល​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ធ្វើ​ការជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​គ្រប់​រូប​ចេញ​ទៅ​បោះឆ្នោត ហើយ​ធានា​ថា ការ​យកចិត្ត​ទុក​ដាក់​របស់​ពួកគេ​ មិនមែនកើត​ឡើង​ត្រឹម​តែ​លើ​ក្រុម​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រដ្ឋ​ដែល​ពិបាក​ឈ្នះ​ឆ្នោត​នោះ​ទេ គឺ​នៅ​គ្រប់​រដ្ឋ​ទាំង​អស់»។

ការ​ចូលរួម​ជាមួយ​គណបក្ស

លទ្ធផល​ពី​ការ​ស្ទង់​មតិ និង​ទិន្នន័យ​ពី​ការ​ស្ទង់មតិ​ក្រោយ​ការ​បោះឆ្នោត​ក្នុង​ពេល​ថ្មីៗ​នេះ​បង្ហាញ​ថា ក្រុម​អ្នក​បោះឆ្នោត​ដែល​ធ្លាប់​ជា​ជន​អន្តោប្រវេសន៍​ទូទៅ ហាក់​ដូច​ជាគាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ ហើយ​លទ្ធផល​នេះ​មិន​មែន​ជា​រឿង​អ្វី​ថ្មី​សម្រាប់អ្នក​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​សាធារណរដ្ឋ​ខ្លះ​ទេ។

លោក Brendan Steinhauser អ្នក​ប្រឹក្សា​គណៈកម្មាធិការ​ជាតិ​នៃ​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ Texas បាន​ប្រាប់​ VOA ថា វោហារសាស្ត្រ​របស់​ថ្នាក់​ដឹកនាំជាន់​ខ្ពស់គណបក្ស​ បាន​បង្ក​ឲ្យ​មាន​ការ​យល់​ឃើញ​ថា សមាជិក​គណបក្ស​សាធារណរដ្ឋ​មិន​ស្វាគមន៍​ក្រុម​ជន​អន្តោប្រវេសន៍ ទោះបីជា​ពួកគេ​បាន​មក​រស់នៅ​សហរដ្ឋ​អាមេរិក​ដោយស្រប​ច្បាប់​ក៏​ដោយ។

លោក Steinhauser ដែល​បម្រើ​ការ​ងារ​ឲ្យ​លោក John Cornyn សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ តំណាង​រដ្ឋ​ Texas បាន​លើក​ឡើង​ថា លោក Cornyn បាន​បញ្ជូន​ក្រុម​ការងារ​របស់​លោក ឲ្យ​ទៅ​ចូលរួម​ពិធី​ស្បថ​ចូល​សញ្ជាតិ​អាមេរិក​នៅ​ក្នុង​រដ្ឋ​ជា​ប្រចាំ​។

លោក Steinhauser បាន​ថ្លែង​ថា៖ «លោក [Cornyn] ធ្វើ​ការងារ​បាន​ល្អ​ ដែលបាន​ជួយ​ឲ្យ​លោក​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ពី​ក្រុម​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ឡាទីន​ក្នុង​រដ្ឋ Texas [សម្រាប់​ការ​បោះឆ្នោត​អាណត្តិ​មុន]»។ លោក​ Steinhauserក៏​បាន​បន្ថែម​ថា នា​ពេល​អនាគត ការ​ទាក់ទាញ​សំឡេង​ឆ្នោត​គាំទ្រ​ពី​ក្រុម​ពលរដ្ឋ​ដែល​ទើប​តែ​បាន​សញ្ជាតិ​អាមេរិកាំង នឹង​ក្លាយ​ជាកិច្ចការ​ដ៏​សំខាន់​មួយ សម្រាប់​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ។ ​

លោក Steinhauser ថ្លែង​ថា៖ «ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ ២០២០ មិន​ថា​បេក្ខជន​ណាឈ្នះ​ឆ្នោតទេ គណបក្ស​សាធារណរដ្ឋ​ ដូចគ្នា​នឹង​គណបក្ស​ប្រជាធិបតេយ្យ​ដែរ នឹង​គ្មាន​ជម្រើស​អ្វី​ផ្សេង ក្រៅ​តែ​ពី​ទាក់ទាញ​សំឡេង​គាំទ្រ​ពី​ក្រុម​ពលរដ្ឋ​អាមេរិកាំង​ទាំងអស់​នោះ​ទេ។ គណបក្ស​ដែល​មិន​ធ្វើ​កិច្ចការ​នេះ នឹង​មិន​ទទួល​បាន​ការ​គាំទ្រ​បាន​យូរ​នៅ​ក្នុង​ប្រទេស​នេះ​នោះ​ទេ»។ ​

ផល​ប៉ះពាល់​ជាក់​ស្តែង​ក្នុង​សហគមន៍

ដោយសារ​តែ​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ១៩ សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​របស់​អ្នកស្រី Olivia Quinto ​មិន​បាន​ចូលរួម​ពិធី​ស្បថ​ចូល​សញ្ជាតិ​របស់​អ្នកស្រី​ក្នុង​ពេល​ថ្មីៗ​នេះ​ទេ។

កើត​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន អ្នកស្រី Quinto នឹង​ចេញ​ទៅ​បោះឆ្នោត​ជា​លើក​ដំបូង​នៅរដ្ឋ Texas ​ នៅ​ថ្ងៃទី ៣​ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ជាមួយ​នឹង​ម្តាយ​របស់​អ្នកស្រី​ដែល​ទើប​តែ​បាន​សញ្ជាតិ​អាមេរិកាំង​នៅ​ក្នុង​ឆ្នាំ​ ២០២០​នេះ។ ​

អ្នកស្រី​បាន​ថ្លែង​ប្រាប់ VOA ថា លទ្ធផល​បោះឆ្នោត​ គឺ​ចាំបាច់​ណាស់។

អ្នកស្រី Quinto បាន​ថ្លែងយ៉ាង​ដូច្នេះ​ថា៖ «ការ​បោះឆ្នោត​ឆ្នាំ​នេះ គឺ​ផ្តោត​លើ​ផលប៉ះពាល់​ជាក់​ស្តែង​ដែល​កើត​ឡើង​លើ​មនុស្ស​ជា​ទីស្រឡាញ់​របស់​យើង ហើយ​នេះ​គឺជា​ការ​យកចិត្ត​ទុក​ដាក់​ខ្លាំង​របស់​ខ្ញុំ»៕

ប្រែសម្រួល​ដោយ​អ្នកនាង ទែន សុខស្រីនិត

XS
SM
MD
LG